អ្នកវិភាគ៖ មេដឹកនាំ​ដែល​ពូកែ​គឺ​ជា​អ្នកដឹកនាំ​ដែល​បង្កើត​មេដឹកនាំ​សម្រាប់​បន្ត​វេន

ដោយ ទីន ហ្សាការីយ៉ា
2016.08.26
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
RFA/San Sel

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា មេដឹកនាំ​ដែល​ពូកែ​ពិតប្រាកដ គឺ​ជា​អ្នកដឹកនាំ​ប្រទេស​ដែល​មិន​ល្មោភ​អំណាច និង​មិន​ចង់​ដឹកនាំ​យូរ គឺ​ជា​អ្នកដឹកនាំ​ដែល​បណ្ដុះ​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ត្រៀម​ដឹកនាំ​បន្ត​ពី​ខ្លួន។ ម្យ៉ាងវិញទៀត អ្នកដឹកនាំ​ប្រទេស​កាន់តែ​យូរ​គឺ​កាន់​តែ​មាន​កំហុស ដែល​ជា​កត្តា​មួយ​រុញច្រាន​ឲ្យ​មេដឹកនាំ​នោះ​មិន​ហ៊ាន​ចុះ​ពី​តំណែង ទោះបីជា​ចាញ់​ការ​បោះឆ្នោត​ក្ដី។ ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​ក៏​ចង់​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដែរ តែ​មក​ពី​គ្មាន​មនុស្ស​ជំនួស​លោក។

ក្រុម​អ្នកវិភាគ​ថ្លែង​ថា មេដឹកនាំ​ខ្មែរ​ត្រូវ​តែ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ដែល​ថា មាន​តែ​ខ្លួន​ទេ​ដែល​អាច​ធ្វើ​បាន ឬ​អាច​ដឹក​នាំ​បាន ព្រោះ​ថា គំនិត​នេះ​គេ​ចាត់​ទុក​ថា ជា​គំនិត​ចាស់​គំរឹល មិន​ឆ្លុះ​បញ្ចាំង​ពី​សង្គម និង​ពិភពលោក​កំពុងតែ​វិល​ទៅ​រក​ការ​ផ្លាស់ប្ដូរ​គ្នា​នៃ​ការ​ដឹកនាំ​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ និង​កិច្ចការ​បរទេស លោក ឡុង គឹមឃន មាន​ប្រសាសន៍​ថា មេដឹកនាំ​ដែល​គិត​ពី​ជាតិ និង​មេដឹកនាំ​ខ្លាំង​ប្រាកដ មាន​ដូចជា​មេដឹកនាំ​ដែល​បណ្ដុះបណ្ដាល​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ត្រៀមខ្លួន​ដឹកនាំ​បន្ត​ពី​ខ្លួន មេដឹកនាំ​ដែល​ចុះ​ពី​តំណែង​ដោយ​សន្តិភាព មេដឹកនាំ​ខ្លាំង​សេដ្ឋកិច្ច ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន ជា​ជាង​ការ​ដឹកនាំ​ពឹង​តែ​លុយ​ជំនួយ​ពី​បរទេស​មេដឹកនាំ​ទប់ទល់ និង​ការ​ឈ្លានពាន​របស់​បរទេស ជា​ជាង​តទល់​នឹង​ចាប់ចង​គ្នា​ឯង​ជាដើម៖ «បណ្ដា​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ក្នុង​ពិភពលោក​ហ្នឹង​គេ​អត់​មាន​គំនិត​បែប​ហ្នឹង​ទេ  ហើយ​អា​ហ្នឹង​ហើយ​គេ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ស្រុក​គេ ដែល​គេ​មាន​ការ​រីកចម្រើន វា​ជា​រឿង​អកុសល​​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង វា​មិន​មាន​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​នៅ​ក្នុង​ការ​គិត និង​ការ​គ្រប់គ្រង​ទាល់តែសោះ ហើយ​វា​មាន​យុវជន​ជា​ច្រើន​ដែល​មាន​សមត្ថភាព​ដែល​អាច​ដឹក​នាំ​ប្រទេស​បាន»

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​ថ្មី​ទៀត​នៅ​ក្នុង​វេទិកា​បរិស្ថាន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ថា ការ​ចុះ​ចេញ​ពី​តំណែង​មិន​មែន​ជា​រឿង​លំបាក​ទេ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​អត់​ពី​រូបលោក​មាន​នរណា​អាច​ដឹក​នាំ​បាន៖ «ករុណា​ខ្ញុំ​ចង់​ចេញ​ស្អែក​ក៏​បាន​ដែរ អត់​បញ្ហា! មិន​បាច់​ស្រែក​ថា ដូរ ឬ​មិន​ដូរ​ទេ? ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​អត់​ពី ហ៊ុន សែន ត្រូវ​មាន​អ្នក​ណា? នេះ​ជា​បញ្ហា​ដែល​ត្រូវ​គិត បើសិនជា​ក្រោយ​ពី ហ៊ុន សែន វា​ស្រួល មិន​បាច់​ទេ ១​ថ្ងៃ​វាយ​កូនគោល ៥​ដង​ក៏​បាន ប៉ុន្តែ​ត្រូវ​គិត​ឲ្យ​ច្បាស់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី បញ្ជាក់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ ជា​ការ​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​លោក​ដែរ ដែល​លោក​បាន​កាន់​អំណាច​ក្នុង​រយៈពេល​យូរ ប៉ុន្តែ​ក៏​ជា​ការ​បង្ហាញ​ពី​អសមត្ថភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែរ ដែល​រក​មនុស្ស​មក​ជំនួស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន៖ «ប្រទេស​ជាតិ​មួយ​ទាំង​មូល ហើយ​ក្នុង​មួយ​ឆ្នាំ​យើង​បាន​ផលិត​ធនធាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់ ប៉ុន្តែ​រក​តែ​មនុស្ស​ម្នាក់​សម្រាប់​ជំនួស​សម្ដេច​នាយក​មិន​បាន ហាក់​ដូចជា​ប្រព័ន្ធ​អប់រំ​យើង​អត់​មាន​ប្រយោជន៍​អី​ដែរ មិន​បាច់​ធ្វើ​កំណែ​ទម្រង់​អី​ទេ រក​មនុស្ស​មិន​បាន​នោះ ហើយ​មាន​តែ​ទុក​ស្រុក​ទេស​យើង​រលាយ​សាបសូន្យ​តែម្ដង​ទៅ បើ​គិត​ដូច្នោះ​មែន​នោះ»

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​រំលឹក​ពី​ការ​ដឹកនាំ​របស់​លោក​ថា គ្មាន​អ្នក​ណា​អាច​បំបែក​ឯតទគ្គកម្ម​ពិភពលោក​បាន​ដូចជា​រូប​លោក​ទេ ពីព្រោះ​ថា កាល​ពី​លោក​មាន​អាយុ ២៥​ឆ្នាំ លោក​បាន​ដឹកនាំ​កងទ័ព​ជាង ១​ម៉ឺន​នាក់​ច្បាំង​ជាមួយ​ខ្មែរ​ក្រហម។ អាយុ ២៧​ឆ្នាំ លោក​បាន​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហើយ​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​អាយុ ៣២​ឆ្នាំ។ លោក​បញ្ជាក់​ថា គ្មាន​មេដឹកនាំ​ណា​កាន់​អំណាច​យូរ​ដូចជា​រូប​លោក​ទេ៖ «ហើយ​ធ្វើ​នាយករដ្ឋមន្ត្រី​ជាង ៣០​ឆ្នាំ ដូច្នេះ​ឯតទគ្គកម្ម​ទាំង​នេះ គ្មាន​អ្នក​ណា​បំបែក​បាន​ទេ អា​ហ្នឹង​ចប់​ហើយ»

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ស្ដីពី​រយៈពេល ៣០​ឆ្នាំ ក្នុង​ពេល​កាន់​តំណែង​របស់​លោក ហ៊ុន សែន។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៦ ក្នុង​ចំណោម​អ្នកដឹកនាំ​កាន់​តំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាបសង្កត់ និង​អំពើ​ពុករលួយ។

របាយការណ៍​ដដែល​បាន​លើក​ឡើង​ចំណុច​ជា​ច្រើន​ពាក់ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៨៥។ លោក ហ៊ុន សែន ត្រូវ​ដាក់​បញ្ចូល​ក្នុង​ចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាម​រយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ គៃបន្លំ​ការ​បោះឆ្នោត ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ និង​មាន​ការ​គាំទ្រ​ពី​បរទេស គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ។ល។

អ្នក​ជំនាញ​នយោបាយ​ការបរទេស លោក ឡុង គឹមឃន ពន្យល់​ថា មេដឹកនាំ​នៅ​ប្រកាន់​ទស្សនៈ​ថា មាន​តែ​ខ្លួន​ទេ ដែល​អាច​ដឹកនាំ​បាន​នោះ គឺ​ជា​ទស្សនៈ​មួយ​ដែល​មិន​នាំ​ឲ្យ​កម្ពុជា រីកចម្រើន​នោះ​ទេ។ ការដឹកនាំ​យូរ ឬ​មិន​យូរ គឺ​អាស្រ័យ​លើ​ម្ចាស់​ប្រទេស គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​ជូន៖ «មាន​តែ​យើង​ទេ ដែល​អាច​ដឹកនាំ​ប្រទេស​បាន ឬ​ក៏​យើង​ដឹកនាំ​ប្រទេស​កាន់​តែ​យូរ​កាន់​តែ​ល្អ ។ល។ អ៊ីចឹង​អា​ហ្នឹង​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​បញ្ចេញមតិ​យោបល់ ប៉ុន្តែ​អ្នក​ណា​អាច​ដឹកនាំ​ប្រទេស​បាន ឬ​មិន​បាន ហើយ​ដឹក​នាំ​យូរ ឬ​ក៏​ឆាប់​នោះ មិន​មែន​អាស្រ័យ​លើ​យើង​ទេ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ អាស្រ័យ​លើ​ម្ចាស់​ឆ្នោត តើ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ប្រកាន់​យក​គោលនយោបាយ ឈ្នះ ឈ្នះ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ សំដៅ​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម។ គោល​នយោបាយ​ឈ្នះ ឈ្នះ នេះ នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ផ្ដោត​លើ​គោលការណ៍​បី​សំខាន់ គឺ​ទី​១ ធានា​អាយុ​ជីវិត ទី​២ រក្សា​តួនាទី ឋានន្តរសក្ដិ និង​ទី​៣ ធានា​ការពារ​ទ្រព្យសម្បត្តិ»

ទោះ​បី​ជា​បែប​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គ្មាន​មេដឹកនាំ​ណា​ម្នាក់​ត្រូវ​ប្រកាស​ថា មាន​តែ​ខ្លួន​តែ​ម្នាក់​ដែល​អាច​ដឹកនាំ​ប្រទេស​បាន​នោះ​ទេ ពីព្រោះ​ថា ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​គឺ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សម្ងាត់។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៥១​ថ្មី ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន អំណាច​ទាំង​អស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋ​សភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលា​ជម្រះ​ក្ដី។ អំណាច​បែងចែក​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទៅ​វិញ គឺ​ដឹកនាំ​បែប​កុម្មុយនិស្ត ដោយសារ​បក្ស​មាន​អំណាច​ធំ ហើយ​រដ្ឋាភិបាល ឬ​ស្ថាប័ន​នីតិប្រតិបត្តិ​គ្រប​ដណ្ដប់​ទៅ​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ៖ «គឺ​បក្ស​ហ្នឹង​គឺ​ត្រួត​តែម្ដង​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​គឺ​អ៊ីចឹង ហើយ​ច្បាប់​ហ្នឹង​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ដើម្បី​បង្ក្រាប​អ្នក​ណា​ដែល​ទិតៀន»

​ម្យ៉ាង​វិញ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹកញយ​លោក​តែងតែ​ប្រកាស​ថា ក្រៅ​ពី​លោក​គ្មាន​អ្នក​ណា​អាច​មក​ដឹកនាំ​ប្រទេស​បាន ហើយ​បើ​អត់​ពី​លោក​ប្រទេស​នឹង​មាន​សង្គ្រាម​ជាដើម។ ទាក់ទង​នឹង​បញ្ហា​នេះ នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ និង​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម។ លោក​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ជំងឺ​ឆ្លង​ពី​សម័យ​មុន​មក​ដែល​មេដឹកនាំ​នីមួយៗ ដឹកនាំ​កាន់​យូរ គឺ​ខ្លាច​ស្រមោល​ខ្លួន​ឯង​មិន​ហ៊ាន​ផ្ទេរ​អំណាច ឬ​ចាញ់​ឆ្នោត​ហើយ ក៏​មិន​ព្រម​ផ្ទេរ​ឲ្យ​អ្នក​ផ្សេង៖ «ទី​២ ជំងឺ​នេះ​ជា​ជំងឺ​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​ខ្លួន​ឯង​ពេល​ដែល​ខ្លួនឯង​ចេញ​ទៅ​មាន​បញ្ហា អ៊ីចឹង​យើង​មិន​អាច​ទុក​ជំងឺ​ហ្នឹង​ឲ្យ​រាលដាល​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ទេ យើង​ត្រូវ​វះកាត់​ជំងឺ​ហ្នឹង។ ជំងឺ​ទី​៣ គឺ​ជំងឺ​ក្រាញ​អំណាច​នេះ​គឺ​ជា​ជំងឺ​អាក្រក់​បំផុត​នៅ​ក្នុង​សង្គម​ខ្មែរ​យើង វា​គួរតែ​ព្យាបាល​ឲ្យ​ជា ហើយ​សុំ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​កុំ​ស្រលាញ់​អំណាច​ពេក ស្រលាញ់​នូវ​គុណភាព​ការងារ ស្រលាញ់​កិត្តិយស ស្រលាញ់​កេរ្តិ៍ឈ្មោះ វា​ប្រសើរ​ជាង​តំណែង​និង​អំណាច។ មួយ​ទៀត​ខ្ញុំ​ឃើញ​ធ្វើ​ការ​ដល់​ចាស​ជរាពាធ ធ្វើការ​ដល់​ស្លាប់​នេះ​ខ្ញុំ​អាណិតអាសូរ​ណាស់ ខ្ញុំ​ឃើញ​ឧបនាយករដ្ឋមន្ត្រី ខ្ញុំ​ឃើញ​រដ្ឋមន្ត្រី អាណិតអាសូរ​បំផុត ហើយ​អាសូរ​ដល់​កូនៗ​គាត់​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ហេតុ​អី​ទុក​ឲ្យ​ឪ​របស់​ពួកគាត់​ធ្វើ​ការ​រហូតដល់​ជរាពាធ?»

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត កែម ឡី ផ្ដល់​អនុសាសន៍​ថា មេដឹកនាំ​កាន់​អំណាច​យូរ​នេះ គឺ​គេ​ត្រូវ​រៀបចំ​ជណ្ដើរ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ពី​តំណែង ឬ​ពេល​ចាញ់​ឆ្នោត ប្រគល់​តំណែង​ឲ្យ​គេ​ដោយ​សន្តិវិធី​បាន​នោះ​គឺ​ត្រូវ​មាន​ដូចជា គណបក្ស​បក្ស​ប្រឆាំង​ត្រូវ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​បក្ស​កាន់​អំណាច​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី ពេល​ធ្លាក់​ពី​អំណាច​ជាដើម៖ «ត្រូវ​បង្កើត​នូវ​ទំនុក​ចិត្ត​រៀបចំ​ក្មេង​ជំនាន់​ក្រោយ​ដែល​មាន​ស្មោះត្រង់​សម្រាប់​ខ្លួន ហើយ​អាច​ដឹកនាំ​បាន​មិន​មែន​តែ​កូន​ខ្លួនឯង​ទេ ហើយ​បង្កើត​ច្បាប់ អា​ហ្នឹង​សុទ្ធ​តែ​ជា​ជណ្ដើរ​ហើយ សុទ្ធ​តែ​ជា​សមាសភាព​ជណ្ដើរ​សម្រាប់​ចុះ​ពី​តំណែង អា​ហ្នឹង​យើង​គួរតែ​ធ្វើ​ហើយ​ខ្ញុំ​គិត​ថា បើសិនជា​យើង​ព្យាបាល​ជំងឺ​នៅ​ជំនាន់​នេះ​ឲ្យ​ជា​សះស្បើយ ជំងឺ​នេះ​អត់​ឆ្លង​ទៅ​ក្មេងៗ​ត​ទៅ​ទៀត បើសិនជា​យើង​ទុក​ជំងឺ​ហ្នឹង​វា​ឆ្លង មនុស្ស​ដែល​ឡើង​មក​ទៀត​នៅ​ក្រាញ​អ៊ីចឹង​ទៀត មនុស្ស​ដែល​ឡើង​មក​គឺ​ចង់​នៅ​ក្នុង​តំណែង​ហ្នឹង​ទៀត​នៅ​ក្នុង​បង្គង​ហ្នឹង​រហូត​ដល់​ស្លាប់ ហើយ​យើង​អាម៉ាស់​ដែរ​ណា​ពេល​ដែល​យើង​ទៅ​ស្រុក​គេ​សួរ​ថា នាយករដ្ឋមន្ត្រី​ហ្នឹង​អ្នក​ណា? ប្រធាន​សភា​ហ្នឹង​អ្នក​ណា​នៅ​តែ​មនុស្ស​ដដែលៗ​ហ្នឹង? មិនមែន​មិន​អាម៉ាស់​ទេ គេ​ថា ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​ដែរ​ហេតុ​អី​គ្មាន​មនុស្ស​ទាល់​តែ​សោះ ហេតុ​អី​មាន​តែ​មនុស្ស​ម្នាក់​ហ្នឹង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។