អ្នកវិភាគថា៖ របប​លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្រ្ត​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដើម្បី​សម្រេច​គោលដៅ​បំបែក​បក្ស​ប្រឆាំង

2018-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្ត​នយោបាយ។
លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្ត​នយោបាយ។
RFA

មន្រ្តីសង្គមស៊ីវិល និង​បក្ស​ប្រឆាំង​ខ្លួន​ឯង​ផង សាទរ​ចំពោះ​របប​លោក ហ៊ុន សែន ដែល​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ចេតនា​បើក​លំហ​លទ្ធិប្រជាធិបតយ្យ​ឡើង​វិញ និង​ស្នើសុំ​ឲ្យ​សភា​ឯកបក្ស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បើក​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ទាំង ១១៨រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​វិញ លើក​ឡើង​ថា របប​លោក ហ៊ុន សែន មិន​មាន​បំណង​បង្រួបបង្រួម​ជាតិ បើក​លំហ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើយ។

អ្នកវិភាគលើក​ឡើង​ថា របបលោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ថ្មី​មួយ​ផ្សេង​ទៀត ដើម្បី​បង្ហាញ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិឮ​មើល​ឃើញ​ថា របប​នេះ បាន​កែប្រែ​ឥរិយាបថ​ដឹក​នាំ​របស់​ខ្លួន ហើយ​ងាក​មក​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើង​វិញ។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ពន្យល់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​របប​ក្រុង​ភ្នំពេញ គឺ​ជា​ទិសដៅ​ចង់​បំបែក​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​បាន​ជោគជ័យ​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ក្រោយ​ពី​រំលាយ​ហើយ តែ​បក្ស​នេះ​នៅ​តែ​មាន​កម្លាំង​រឹងមាំ​ដដែល​នោះ។

អ្នកជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុណ្ណរ៉ា មាន​ប្រសាសន៍​ថា របប​លោក ហ៊ុន សែន ស្នើសុំ​ឲ្យ​សភា​ឯកបក្ស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើក​ផ្លូវ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​វិល​មក​ធ្វើ​នយោបាយ​វិញ​បាន​នោះ គឺ​ជា​ការ​ជំរុញ​ឲ្យ​គណបក្ស​ប្រឆាំង​ឲ្យ​ឆាប់​បែក​គ្នា​រវាង​ក្រុម​គំាទ្រ​លោក កឹម សុខា និង​ក្រុម​គាំទ្រ​របស់​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា នៅ​ពេល​នេះ កម្លាំង​បក្ស​ប្រឆំាង​កំពុង​តែ​រង​ព្យុះ​បក់​បោក រវាង​កម្លំាង​គាំទ្រ​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី កំពុង​តែ​វាយ​ប្រហារ​គ្នា និង​ចោទ​លោក សម រង្ស៊ី ថា បាន​ធ្វើ​បក្ស​ប្រហារ​ផង៖ «»

រដ្ឋសភាឯកបក្សបានចេញសេចក្ដីជូនដំណឹង​ថា តំណាង​រាស្រ្ត​ឯកបក្ស​ចំនួន ៨៧រូប កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ បាន​ធ្វើ​សេចក្ដី​ស្នើសុំ​ច្បាប់​ស្ដីពី​វិសោធនកម្ម មាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ចែង​បន្ថែម​វាក្យ​ខណ្ឌ​មួយ​ថ្មី​នៅ​ក្នុង​មាត្រា ៤៥ថ្មី (ស្ទួន) មួយ ដែល​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​ណា​មួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្ដល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី តាម​សេចក្ដី​ស្នើ​របស់​ក្រសួង​មហាផ្ទៃ។

សេចក្ដីជូនដំណឹងនេះ បញ្ជាក់​ច្បាស់​តាម​ផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ ហើយ​បើក​លទ្ធភាព​ឲ្យ​បុគ្គល​ទាំង​នោះ អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ តាម​ច្បាប់​នេះ។ វិសោនកម្ម​នេះ គឺ​មាន​គោលបំណង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នីតិរដ្ឋ ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ធ្នូ​ថា ការ​ធ្វើ​សន្និសីទ​កាសែត​នេះ គឺ​ដើម្បី​ផ្ដល់​នីតិសម្បទា​ជូន​មន្រ្តី​គណបក្ស​ប្រឆាំង​ណា ដែល​លោក ហ៊ុន សែន ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​មាន​ឱកាស​មក​ធ្វើ​នយោបាយ​ឡើង​វិញ៖ «»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា របប​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​មួយ​ថ្មី​ទៀត ដើម្បី​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​មួយ​ចំនួន វិល​ចូល​នយោបាយ​វិញ ជា​ពិសេស​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ធ្វើ​សង្រា្គម​ក្នុង​បក្ស ដើម្បី​ឈាន​ទៅ​រក​ផ្លូវ​បំបែក​គ្នា​មួយ មិន​មែន​ជា​ការ​លើក​តម្កើង​ប្រជាធិបតេយ្យ​អ្វី​នោះ​ឡើយ៖ «»

ការជូនដំណឹងរបស់អគ្គលេខាធិការសភា​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​បក្ស​ប្រឆាំង​មក​ពី​ប្រទេស​ផ្សេងៗ ដែល​គាំទ្រ​លោក សម រង្ស៊ី បាន​ធ្វើ​សន្និសីទ​ពិភពលោក​នៅ​ទីក្រុង អាត្លង់តា សហរដ្ឋអាមេរិក ហើយ​បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី មក​ធ្វើ​ជា​ប្រធាន​ស្ដីទី​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​បណ្ដោះអាសន្ន នៅ​ខណៈ​លោក កឹម សុខា កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ។ នៅ​ខណៈ​សាខា​គណបក្ស​សង្រ្គោះ​ជាតិ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន មក​ចូលរួម​ក្នុង​សន្និសីទ​នេះ រីឯ​ខាង​សមាជិក​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​លោក កឹម សុខាវិញ ចោទ​ថា ក្រុម​គាំទ្រ​លោក សម រង្ស៊ី បាន​ធ្វើ​បក្ស​ប្រហារ​ជា​ដើម។ ក្រុម​អ្នក​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​នេះ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​បែកបាក់​នៅ​ពេល​ខាង​មុខ។

លោក ឯម សុវណ្ណរ៉ា បន្ថែម​ថា នៅ​ពេល​ចលនា​វាយ​ប្រហារ​គ្នា​ក្នុង​បក្ស​តែ​មួយ ហើយ​បែងចែក​គ្នា​ជា​ពីរ​ក្រុម​នេះ របប​លោក ហ៊ុន សែន ឆក់​យក​ឱកាស​នេះ ដើម្បី​បើក​ឲ្យ​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន ក្នុង​ចំណោម ១១៨រួប​នោះ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដើម្បី​មាន​ឱកាស​ពុះ​បក្ស​នេះ​ជា​ពីរ ដែល​ប្រការ​នេះ គណបក្ស​កាន់​អំណាច​មិន​ចាំបាច់​បំបែក​បំពាក់​កម្លាំង​បក្ស​ប្រឆាំង​ដោយ​ផ្ទាល់៖ «»

ទោះ​បី​ជា​ក្រុម​គាំទ្រ​លោក កឹម​ សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ម្ដង​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើប្រាស់​គណបក្ស​ផង ម្ដង​ធ្វើ​ឡើង​តាម​រយៈ​មេធាវី​លោក កឹម សុខា ផង ដើម្បី​បង្ហាញ​ជំហរ​មិន​គាំទ្រ​សន្និសីទ​ពិភពលោក​នេះ​ក្ដី ប៉ុន្តែ​លោក សម រង្ស៊ី បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា លោក និង​លោក កឹម សុខា នៅ​តែ​ជា​មនុស្ស​តែ​មួយ ដែល​មិន​អាច​អ្នក​ណា​មក​បំបែក​បាន៖ «»

ក្រសួងការបរទេស​ក៏​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ទៀត កាល​ពី​ថ្ងៃ​ទី៣ ធ្នូ​ដដែល ស្ដីពី​ការ​ធានា ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហ​នយោបាយ ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​នយោបាយ លំហ​ប្រជាធិបតេយ្យ ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប និង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ ហើយ​របប​ក្រុង​ភ្នំពេញ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើក​កម្ពស់​ភាព​ជា​ដៃគូ​ពិត​ប្រាកដ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល លើ​គ្រប់​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍន៍​សង្គម។

ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគ​លើក​ឡើង​ថា ការ​បង្ហាញ​ជំហរ​លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​បង្រួបបង្រួម​ជាតិ​របស់​របប​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​របប​លោក ហ៊ុន សែន មាន​ទិសដៅ​ឲ្យ​គណបក្ស​ប្រឆាំង​បែកបាក់​ផង និង​ជា​ការ​បង្ហាញ​សហគមន៍​អន្តរជាតិ​ផង ថា របប​បាន​កែប្រែ​រៀប​ដឹក​នាំ​របស់​ខ្លួន ដោយ​បើក​ចំហ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ​ឡើង​វិញ ដូច​ដែល​សហគមន៍​អឺរ៉ុប​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​អំពី​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​នេះ។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ពន្យល់​ថា របប​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ពិត​ប្រាក​ដឡើយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល