រដ្ឋសភា​និង​រដ្ឋាភិបាល​ព្រមាន​ថា​នឹង​មិន​អត់​ឱន​ឲ្យ​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ

ដោយ វណ្ណ វិចារ
2014-04-05
Share
ប្រជុំ​សភា ថ្ងៃ​ដំបូង ២០១៣ ៦២២ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA

រដ្ឋសភា និង​រដ្ឋាភិបាល ព្រមាន​ថា​នឹង​មិន​អត់​ឱន​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ ការ​ព្រមាន​នេះ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ដោយ​ទូល​ព្រះអង្គ​ថា រដ្ឋសភា​បច្ចុប្បន្ន​ជា​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន មិន​តំណាង​ឲ្យ​ជាតិ និង​រៀប​រាប់​ពី​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រឹត្តិការណ៍​ជាប់​គាំង​នយោបាយ​កាល​ពី​១០​ឆ្នាំ​មុន។

សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​រដ្ឋសភា និង​រដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៉ី ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ ញុះញង់​ជំរុញ​ព្រះមហាក្សត្រ​ឲ្យ​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ប្រមាថ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋសភា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា ដោយ​ចាត់​ទុក​ថា លិខិត​របស់ លោក សម រង្ស៉ី ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ ជា​លិខិត​ពិសពុល ពុត​ត្បុត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​កំពូល​របស់​ជាតិ។ ស្ថាប័ន​ទាំង​ពីរ​នោះ រួម​មាន រាជបល្ល័ង្គ និង​សភា​ជាតិ។

ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ លោក ឈាង វុន មាន​ប្រសាសន៍​ថា រដ្ឋសភា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៉ី ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋសភា​ជាតិ។ ប៉ុន្តែ ក្រៅ​ពី​ចេញ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា រួច​មក រដ្ឋសភា​មិន​ទាន់​មាន​វិធាន​ការ​ណា​មួយ​ផ្សេង​នៅ​ឡើយ៖ «គាត់​បាន​ប្រៀបធៀប​កាល​ពី​ហ្លួង​រតន​កោដ្ឋ កាល​លោក​គ្រង​រាជបល្ល័ង្គ ស្អី​គាត់​និយាយ​ហ្នឹង​អត់​ពិត​សោះ កាល​ហ្នឹង​គាំង​ពិត​មែន ព្រោះ​ថា​បើ​ចង់​បង្កើត​រដ្ឋាភិបាល ទាល់​តែ​មាន​សំឡេង ២​ភាគ​៣ ហើយ លោក សម រង្ស៉ី ហ្នឹង​ជា​អ្នក​ចូល​រួម​កែ​ហ្នឹង។ រដ្ឋសភា​មិន​ទាន់​មាន​វិធាន​ការ​អី​ទេ ចាំ​ដល់​គណៈ​អចិន្ត្រៃយ៍​អី​មក​ជួប​ប្រជុំ​គ្នា​សិន»

ចំណែក​រដ្ឋាភិបាល​វិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ដោយ​មាន​សេចក្តី​ផ្ដើម​ថា រដ្ឋាភិបាល​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​សូម​ធ្វើ​ការ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ លោក សម រង្ស៉ី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ។ រាជ​រដ្ឋាភិបាល​យល់​ឃើញ​ថា លោក សម រង្ស៉ី បាន​រំលោភ​បំពាន​យ៉ាង​កំរោល​លើ​អង្គ​ព្រះមហាក្សត្រ ហើយ​ជាន់​ឈ្លី​នូវ​គោលការណ៍​នីតិរដ្ឋ​ទៀត​ផង។ នៅ​ចុង​បញ្ចប់ សេចក្តី​ថ្លែងការណ៍​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​នឹង​ចាត់​វិធាន​ការ​ចំពោះ​បុគ្គល សម រង្ស៉ី ដើម្បី​រក្សា​ការពារ​តម្លៃ​បាវ​វចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ពន្យល់​ថា លិខិត​របស់​លោក គឺ​ចង់​ទូល​ថ្វាយ​អ្វី​ដែល​ជា​ការ​ពិត​ថ្វាយ​ព្រះមហាក្សត្រ។ លោក​បន្ត​ថា រដ្ឋសភា​សព្វថ្ងៃ​ប្រាកដ​ណាស់​ថា មិន​មែន​តំណាង​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល​ទេ តែ​ជា​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯក​បក្ស​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា លោក​មិន​មាន​ក្តី​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​ប៉ុនប៉ង​ណា​មួយ មក​លើ​រូប​លោក​នោះ ព្រោះ​ថា លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​ទេ៖ «យើង​ស្រឡាញ់​គោរព​អ្នក​ណា យើង​ត្រូវ​និយាយ​ការ​ពិត ហើយ​ការ​ពិត​ហ្នឹង គឺ​សភា​សព្វថ្ងៃ មិន​មែន​ជា​សភា​គ្រប់​ទឹក​ទេ គឺ​សភា​ខុស​ច្បាប់ ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ទូល​ព្រះមហាក្សត្រ  ព្រះ​បិតា​ជាតិ កាល​ពី​ព្រះអង្គ​មាន​ព្រះជន្ម​នៅ​ឡើយ»

លិខិត​របស់ លោក សម រង្ស៉ី ដែល​ថ្វាយ​ព្រះមហាក្សត្រ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​មួយ ក្នុង​ពេល​បើក​បវេសនកាល​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា។ ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ​បាន​លើក​ឡើង​ថា ព្រះអង្គ​សង្ឃឹម​ថា សភា​ជាតិ​ដែល​ជា​តំណាង​ជាតិ​ខ្មែរ​ទាំង​មូល នឹង​ខិត​ខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​សម្រេច​នូវ​ទិសដៅ​រួម​របស់​កម្ពុជា ជា​ជំហានៗ។ល។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​កោះ​ហៅ​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទៅ​ចូល​គាល់​នៅ​ព្រះបរមរាជវាំង។ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​គិត​ថា កាល​នោះ​អង្គ​ព្រះមហាក្សត្រ​នឹង​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត និង​ទំនាស់​នយោបាយ។ ពេល​ទៅ​ដល់​ព្រះបរមរាជវាំង ព្រះមហាក្សត្រ​បាន​យក​លិខិត​អញ្ជើញ​អ្នក​តំណាង​រាស្ត្រ​ចំនួន ៥៥​រូប ជូន​មេ​បក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង។

បើ​ទោះ​ជា​ទទួល​យក​លិខិត​ព្រះមហាក្សត្រ​ក៏ដោយ ក៏​មេ​បក្ស​ប្រឆាំង​មិន​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង​ដែរ ក្រោម​ហេតុផល​ថា ធ្វើ​តាម​ឆន្ទៈ​រាស្ត្រ​ដែល​ចង់​បាន​យុត្តិធម៌​បន្ទាប់​ពី​ការ​បោះ​ឆ្នោត។

លោក សម រង្ស៉ី ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ទៅ​កាន់​តុលាការ​ម្តង​ជា​ពីរ​ដង​រួច​ហើយ។ លោក​ទើប​តែ​ត្រូវ​ព្រះមហាក្សត្រ​លើក​លែង​ទោស​កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត។ កាល​នោះ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ជាង ១០​ឆ្នាំ។

មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ប៉ុន្តែ​មិន​មាន​ច្បាប់​ណា​ដែល​មាន​ចែង​ពី​កម្រិត​ស្ថាន​ទម្ងន់​ទោស​ក្នុង​បទ​ល្មើស​បំពាន​ព្រះមហាក្សត្រ​នេះ​ទេ។

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ខ្លះ​ធ្លាប់​ពន្យល់​ថា ការ​រំលោភ​បំពាន​ដោយ​អំពើ ឬ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​នោះ​មាន​ដូច​ជា វាយ​ព្រះអង្គ ការ​ធ្វើ​ឃាត​ព្រះអង្គ និង​ការ​និយាយ​ស្ដី​ទាំង​ឡាយ​ណា​ដែល​ធ្វើ​អោយ​ព្រះអង្គ​អាប់​កិត្តិយស ជាដើម។ ប៉ុន្តែ ការ​បញ្ចេញ​ទស្សនៈ​របស់​អ្នក​នយោបាយ ឬ​ប្រជារាស្ត្រ​ទូទៅ​ចំពោះ​ព្រះមហាក្សត្រ មាន​ដូច​ជា ការ​ស្នើសុំ​អោយ​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​ឡើង​វិញ ជាដើម វា​គ្រាន់​តែ​ជា​សំឡេង​របស់​ប្រជារាស្ត្រ សុំ​អោយ​ព្រះអង្គ​ពិចារណា​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ប្រសាសន៍​របស់​អ្នក​នយោបាយ ជុំវិញ​តួនាទី​របស់​ព្រះមហាក្សត្រ​វិញ មាន​អ្នក​ខ្លះ​និយាយ​ល្អ អ្នក​ខ្លះ​សំណូមពរ អ្នក​ខ្លះ​ស្នើសុំ ហើយ​ក៏​មាន​អ្នក​ខ្លះ​និយាយ​ពី​ចំណុច​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ដែរ។ ប៉ុន្តែ សម្ដី​ដែល​ល្បី​ជាង​គេ ហើយ​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត យក​ផ្សព្វផ្សាយ​បន្ត​នោះ គឺ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៦ ជុំវិញ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​វៀតណាម៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ ខ្ញុំ​ថា ព្រះអង្គ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល យ៉ាង​ម៉េច? កុល ផេង ម៉េច? អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ដែល​ជួប​តាម​ទូរស័ព្ទ អត់​ផង! បើ​លើក​នេះ​វា​ពិបាក​ស៊ីញេ ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​សាធារណរដ្ឋ?»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​មិន​ទាន់​បញ្ជាក់​ថា នឹង​ចាត់​វិធាន​ការ​បែប​ណា​ចំពោះ​រូប លោក សម រង្ស៉ី ជុំវិញ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នេះ ក្នុង​ពេល​ដែល​ច្បាប់​មិន​ទាន់​មាន​ចែង​ពី​កម្រិត​ទោស​ទណ្ឌ​ពី​ការ​បំពាន​ព្រះមហាក្សត្រ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន ពន្យល់​ថា បច្ចុប្បន្ន​មិន​មាន​ច្បាប់​ណា​សម្រាប់​ដាក់​ទោស​ចំពោះ​អ្នក​ដែល​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ឡើយ ហើយ​ច្បាប់​មាន​ចែង​តែ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដូច​ជា ធ្វើ​គត់​ព្រះមហាក្សត្រ ឬ​វាយ​ដំ​ដោយ​ផ្ទាល់​តែ​ប៉ុណ្ណោះ៖ «នៅ​ក្នុង​ហ្នឹង រដ្ឋធម្មនុញ្ញ​ហាម​ដែរ ថា​មិន​អោយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ តែ​ក្រម​ព្រហ្មទណ្ឌ​មិន​មាន​ចែង​ទេ ពេល​ធ្វើ​ច្បាប់​ហ្នឹង​មាន​ការ​ជជែក​ថា ហេតុ​អ្វី​បាន​ជា​មិន​មាន​ចែង​ពី​ការ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ តំណាង​រដ្ឋាភិបាល​ប្រាប់​ថា មក​ពី​ព្រះមហាក្សត្រ​មិន​យក​ទោសពៃរ៍​លើ​ពាក្យ​ជេរ​តិចតួច​នោះ​ទេ»

លោក សុក សំអឿន បញ្ជាក់​ថា បើ​សិន​ជា​មាន​នរណា​ម្នាក់​សរសេរ​អត្ថបទ​រិះគន់​ព្រះមហាក្សត្រ ឬ​ប៉ះពាល់​ព្រះអង្គ អ្នក​នោះ​អាច​នឹង​មាន​ទោស​លុះ​ណា​តែ​ព្រះមហាក្សត្រ​ដើរ​តួនាទី​ជា​ដើម​បណ្ដឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល