សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករអូស្រ្តាលីជំរុញអោយរដ្ឋាភិបាលចាត់វិធានការជាក់លាក់ចំពោះមន្រ្តីនៃរបបលោក ហ៊ុន សែន ក្នុងនោះ រួមមានការបិទទិដ្ឋការ និងការបង្កកទ្រព្យសម្បត្តិជាដើម។ ស្របគ្នានេះពលរដ្ឋខ្មែររបស់នៅប្រទេសអូស្រ្តាលីជាង១០០នាក់ដាក់លិខិតរួមគ្នាមួយទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីសិប (Julie Bishop) ដើម្បីជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាដែរ។
សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករអូស្រ្តាលី លោក ជូលៀន ហ៊ីល (Julian Hill) នៃរដ្ឋវិកតូរីយ៉ា (Victoria) ជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្រ្តីរបបលោក ហ៊ុន សែន ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំសភាអូស្ត្រាលីកាលពីថ្ងៃទី១៣ សីហា លោក ជូលៀន ហ៊ីល (Julian Hill) លើកឡើងថា ពេលវេលាដល់ហើយ ដែលរដ្ឋាភិបាលអូស្រ្តាលី ត្រូវតែបង្ហាញជំហរដាច់ខាត ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅកម្ពុជា៖ «វាដល់ពេលដែលយើងត្រូវ៖ ទីមួយស្វែងរកវិធីដាក់ទណ្ឌកម្ម ដូចជារឹតបន្ដឹងក្នុងការផ្ដល់វីសា និងបង្កកទ្រព្យសម្បត្តិ លើសមាជិកនៃរបបលោកហ៊ុន សែន និងក្រុមគ្រួសាររបស់ពួកគេ។ ក្នុងករណីនេះ អូស្ត្រាលីមានតួនាទីសំខាន់ណាស់ ព្រោះថាអ្នកទាំងនោះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងប្រទេសអូស្ត្រាលី។ យើងត្រូវតែសហការជាមួយប្រទេសដទៃទៀត ហើយបង្ហាញពីភាពជាអ្នកដឹកនាំរបស់យើងជាថ្មីទៀត»។
លោក ជូលៀន ហ៊ីល ហៅអ្វីដែលកំពុងកើតឡើងនៅកម្ពុជាថា ជាសញ្ញាបង្ហាញពីមរណភាពនៃប្រជាធិបតេយ្យ ដែលអូស្រ្តាលីមិនត្រូវឈរឱបដៃមើល និងត្រូវលៃលករកវិធានការ និងវិធីសាស្រ្ត ដើម្បីដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ លោកក៏បានស្នើឲ្យកោះហៅប្រទេសជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលកាលនោះមានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអូស្រ្តាលីមួយរូបដែរចូលរួម គឺរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៃគណបក្សពលករ លោក ហ្ការ៉េត អ៊ីវែនស៍ (Gareth Evans)។
មិនតែប៉ុណ្ណោះ លោក ជូលៀន ហ៊ីល (Julian Hill) ស្នើឲ្យប៉ូលិសអូស្រ្តាលីចាត់ការមនុស្សរបស់របបលោក ហ៊ុន សែន ដែលកំពុងរកស៊ីខុសច្បាប់នៅទឹកដីអូស្រ្តាលីផងដែរ៖ «យើងត្រូវតែសុំឲ្យប៉ូលិសសហព័ន្ធអូស្ត្រាលី និងទីភ្នាក់ងារស៊ើបការសម្ងាត់ហិរញ្ញវត្ថុ (AFP & AUSTRAC) របស់យើងបើកការស៊ើបអង្កេត តាមច្បាប់ស្ដីពីការលាងលុយកខ្វក់ ទៅលើការចោទប្រកាន់ដែលត្រូវបានផ្សាយដោយទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា (Aljazeera) ។ យើងត្រូវមើលថាតើកម្មវិធីតម្លាភាពឥទ្ធិពលបរទេសរបស់យើងអាចលាតត្រដាងពីក្រុមគាំទ្ររបបលោកហ៊ុន សែនដែលកំពុងប្រតិបត្តិការក្នុងប្រទេសអូស្រ្តាលីបានឬទេ?»។
លោក ជូលៀន ហ៊ីល (Julian Hill) ក៏ស្នើឲ្យរដ្ឋាភិបាល អូស្រ្តាលីពិនិត្យឡើងវិញ នូវរាល់ជំនួយដែលផ្តល់ឲ្យរបបលោក ហ៊ុន សែន៖ «ជំនួយមនុស្សធម៌ និងជំនួយដល់អង្គការសង្គមស៊ីវិល មិនអីទេ ប៉ុន្តែមិនត្រូវផ្ដល់ជំនួយដល់របបលោកហ៊ុន សែនទៀតឡើយ។ យ៉ាងហោចណាស់ រដ្ឋាភិបាលត្រូវតែសុំទោស និងសន្យាថា ឈប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនដ៏កខ្វក់នោះទៀត ឬក៏បញ្ជូនឯកអគ្គរដ្ឋទូតទៅជូនកែវជាមួយលោក ហ៊ុន សែនតទៅទៀត »។
លោក ជូលៀន ហ៊ីល ហៅការបោះឆ្នោត និងជ័យជម្នះរបស់លោក ហ៊ុន សែន ថា ជាជ័យជម្នះក្លែងក្លាយដោយសារតែគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួត មេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា នៅជាប់ឃុំនៅឡើយ ប្រព័ន្ធផ្សព្វផ្សាយនិងក្រុមអង្គការសង្គមស៊ីវិល ត្រូវបានបំបិទសិទ្ធិគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចទុកចិត្តបាន ប្រជាពលរដ្ឋត្រូវបានរំលោភបំពានសិទ្ធិដោយលោក ហ៊ុន សែន បានគំរាមពលរដ្ឋខ្លួនថា នឹងមានសង្គ្រាមស៊ីវិល បើលោកចាញ់ការបោះឆ្នោតជាដើម។
បើទោះជាយ៉ាងណាក្ដី កន្លងមកមន្រ្តីរបបលោក ហ៊ុន សែន តែងតែអះអាងជាប្រចាំថា បញ្ហានយោបាយខ្មែរ គឺជារឿងរបស់ខ្មែរ ដែលគ្មានបរទេសណាមានសិទ្ធិលូកដៃក្នុងរឿងនេះទេ។
ស្របគ្នានេះពលរដ្ឋខ្មែររស់នៅអូស្ត្រាលីជាង ១០០នាក់ដាក់លិខិតរួមគ្នាមួយទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីសិប (Julie Bishop) កាលពីថ្ងៃទី១៣ សីហា ដើម្បីជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសរបបលោកហ៊ុន សែន ដែលបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងលិខិតនោះសរសេរថាពួកគេចង់ឃើញរដ្ឋាភិបាលអូស្ត្រាលីមានវិធានការជាក់លាក់ដូចជា៖ ធ្វើដូចសហរដ្ឋអាមេរិកដោយបង្កកទ្រព្យសម្បត្តិ និងឈប់ផ្ដល់ទិដ្ឋាការដល់សមាជិកជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ពិសេសជនដែលជាប់ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ក្នុងប្រទេសអូស្ត្រាលី ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក ហ៊ុន សែន ដែលមិនគោរពសេរីភាពតាមបែបប្រជាធិបតេយ្យ ព្រមទាំងប្រើយន្តការអាស៊ាន ដើម្បីដាក់សម្ពាធលើរបបលោក ហ៊ុន សែន។
ករណីនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់សារពត៌មានក្នុងស្រុកថា គណបក្សកាន់អំណាចមិនចាប់អារម្មណ៍នឹងលិខិតនោះទេពោលគឺគ្រាន់តែជាការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្ដី លិខិតដដែលបន្តថា ពលរដ្ឋអូស្ត្រាលីដែលខ្វល់ខ្វាយនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានឹងមិនបញ្ឈប់ការទាមទាររបស់ពួកគេត្រឹមការសរសេរលិខិតនេះទេ ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការសមស្របក្នុងការថ្កោលទោសរបបលោក ហ៊ុន សែន។
រដ្ឋាភិបាលអាមេរិកបានឈានមុខគេក្នុងការរៀបចំច្បាប់ដាក់ទណ្ឌកម្មទៅលើមន្រ្តីនៃរបបលោក ហ៊ុន សែន ក្នុងនោះចាប់ផ្តើមដោយការបិទទិដ្ឋការមន្រ្តីជាន់ខ្ពស់មួយចំនួន និងបន្ទាប់មកគឺការបង្កកទ្រព្យសម្បត្តិមន្រ្តីរជាន់ខ្ពស់ និងយោធាដែលជាប់ពាក់ព័ន្ធចូលរួមបំផ្លាញយន្តការប្រជាធិបតេយេ្យនៅកម្ពុជា។ នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមន្ត្រីដំបូងគេ ដែលត្រូវបានហាមចូលសហរដ្ឋអាមេរិក៕
ពលរដ្ឋអូស្ត្រាលីជាង ១០០នាក់ដាក់លិខិតរួមមួយទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជំរុញឲ្យមានវិធានការជាក់លាក់លើជនបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា
កាលពីថ្ងៃទី១៣ សីហា ពលរដ្ឋអូស្ត្រាលីជាង ១០០នាក់ នៅតាមបណ្ដារដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី ដាក់លិខិតរួមគ្នាមួយទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីសិប (Julie Bishop) ដើម្បីជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ការដាក់លិខិតរួមគ្នានេះធ្វើឡើងនៅមុនជំនួបថ្ងៃទី១៥ សីហា រវាងអ្នកស្រី ជូលី ប៊ីសិប (Julie Bishop) និងកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ដែលកំពុងតស៊ូមតិជំរុញឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាលដែលបង្កើតដោយលោក ហ៊ុន សែន។
លិខិតចុះថ្ងៃទី១២ សីហា ដែលមានហត្ថលេខាពលរដ្ឋអូស្ត្រាលីជាង ១០០នាក់ សរសេរថា ការដែលរដ្ឋាភិបាលអូស្ត្រាលីគ្រាន់តែបង្ហាញនូវក្ដីបារម្ភ ចំពោះអ្វីដែលបានកើតឡើងនៅកម្ពុជា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពួកគេចង់ឃើញរដ្ឋាភិបាលអូស្ត្រាលីមានវិធានការជាក់លាក់ដូចជា ធ្វើដូចសហរដ្ឋអាមេរិកដោយបង្កកទ្រព្យសម្បត្តិ និងឈប់ផ្ដល់ទិដ្ឋាការដល់សមាជិកជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ពិសេសជនដែលជាប់ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ក្នុងប្រទេសអូស្ត្រាលី ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក ហ៊ុន សែន ដែលមិនគោរពសេរីភាពតាមបែបប្រជាធិបតេយ្យ ព្រមទាំងប្រើយន្តការអាស៊ានដើម្បីដាក់សម្ពាធលើរបបលោកហ៊ុន សែន។
លិខិតដដែលបន្តថា ពលរដ្ឋអូស្ត្រាលីដែលខ្វល់ខ្វាយនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងមិនបញ្ឈប់ការទាមទាររបស់ពួកគេត្រឹមការសរសេរលិខិតនេះទេ ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការសមស្រប ក្នុងការថ្កោលទោសរបបលោក ហ៊ុន សែន។ ពួកគេលើកឡើងថា នឹងបន្តកៀរគរការគាំទ្រពីពលរដ្ឋអូស្ត្រាលីផ្សេងទៀត ដើម្បីបង្ហាញសាមគ្គីភាពជាមួយសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ហើយនឹងជួបជាមួយតំណាងរាស្ត្រនៃរដ្ឋដែលពួកគេរស់នៅ ដើម្បីធានាថា បញ្ហាប្រជាធិបតេយ្យនៅកម្ពុជានៅតែស្ថិតក្នុងរបៀបវារៈរបស់រដ្ឋាភិបាលអូស្ត្រាលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។