លោក ទៀ បាញ់៖ ញត្តិ​មេបញ្ជាការ​ទាហាន​ស្នើ​ទម្លាក់​លោក កឹម សុខា ជា​សិទ្ធិ​បុគ្គល

ដោយ ប្រាជ្ញ ចេវ
2015.10.28
ទៀ បាញ់ ៦២០ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថា ញត្តិ​របស់​លោក គន់ គីម ស្នើ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុ​ប្រធាន​សភា គឺ​ជា​សិទ្ធិ​របស់​បុគ្គល។

លោក ទៀ បាញ់ ថ្លែង​ដូច្នេះ​ប្រាប់​ដល់​អ្នក​កាសែត បន្ទាប់​ពី​ទទួល​ដំណើរ​មក​ដល់​ពី​ប្រទេស​បារាំង របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា។

លោក​ថា យោធា​ជា​មនុស្ស​ដូច​គ្នា​នឹង​មនុស្ស​ទូទៅ​ដែរ ដូច្នេះ​គេ​មាន​អារម្មណ៍​ចេះ​ឈឺ ចេះ​ឃ្លាន និង​មាន​​សិទ្ធិ​គាំទ្រ និង​មិន​ពេញ​ចិត្ត​នឹង​អ្នក​ណា​ម្នាក់​ដែរ៖ «គេ​គាំទ្រ​មាន​កំហុស​អី? សុំ​សួរ​មើល ឥឡូវ​ទាំង​អស់​គ្នា​គាំទ្រ អា​រឿង​ហ្នឹង​អត់​មាន​អី​ខុស​ទេ ដូច្នេះ​ការ​បញ្ចេញ​មតិ​របស់​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​អ្វី​ទាំង​អស់ នេះ​គឺ​ជា​សិទ្ធិ​របស់​គេ។ យោធា​ជា​មនុស្ស​ដូច​គ្នា មាន​អារម្មណ៍​ចេះ​ឈឺ ចេះ​ឃ្លាន​ដូច​តែ​គ្នា។ ទាហាន​អព្យាក្រឹត្យ​ក្នុង​តំណែង​ប៉ុណ្ណោះ តែ​ក៏​មាន​សិទ្ធិ​គាំទ្រ និង​មិន​ពេញ​ចិត្ត​នឹង​អ្នក​ណា​ម្នាក់​ដែរ»

បន្ទាប់​ពី​បាតុកម្ម​ទាមទារ​ឲ្យ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា អនុ​ប្រធាន​ទី​១ គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​ព្រំដែន​កម្ពុជា-​ថៃ នាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ដាក់​ញត្តិ​ស្នើ​ប្រធាន​រដ្ឋសភា​ឲ្យ​ដក​​តំណែង​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​រដ្ឋសភា។

យ៉ាង​ណា​ក៏ដោយ​ចុះ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រង់​មាត្រា​ ៩ ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី​ និង​ក្នុង​សកម្មភាព​ការងារ​ ហើយ​ត្រូវ​បាន​ហាមឃាត់​ការ​ប្រើ​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។