លោក ហ៊ុន សែន ថា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ជា​និមិត្តរូប​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ

0:00 / 0:00

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា កិច្ច​ប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម លើក​ទី​៩ ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រទេស​ទាំង​បី​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​ជំរុញ​សកម្មភាព​វិនិយោគ​អាជីវកម្ម​របស់​សហគមន៍​ផ្សេងៗ​នៅ​ជុំវិញ​នោះ ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា រយៈពេល ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កំពុង​ក្លាយ​ទៅ​ជា​តំបន់​កសិឧស្សាហកម្ម​ដ៏​ធំ​មួយ តាម​រយៈ​ការ​វិនិយោគទុន​ពី​បរទេស និង​អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បាន​ជួប​ពិភាក្សា​គ្នា​ជា​ទ្វេ​ភាគី និង​ពហុ​ភាគី​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៩ ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​វិច្ឆិកា ឯ​ខេត្ត​សៀមរាប។

ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ មេ​ដឹកនាំ​ប្រទេស​ទាំង​៣ បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង ដើម្បី​ពិភាក្សា​គ្នា​ទៅ​លើ​គម្រោង​ជាច្រើន​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​ជាប់​ព្រំដែន​គ្នា​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នោះ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ទាប់​ពី​ឡើង​ចាប់​ដៃ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​វិច្ឆិកា ថា គម្រោង​អនុវត្តន៍​នៅ​ក្នុង​តំបន់​ត្រីកោណ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​មាន​ការ​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​សកម្មភាព​វិនិយោគ​អាជីវកម្ម​របស់​សហគមន៍​ផ្សេងៗ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ជួញដូរ​មនុស្ស និង​គ្រឿង​ញៀន ការ​រំលោភ​ពាណិជ្ជកម្ម ការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​បី ដែល​រស់នៅ​ជិត​គ្នា ព្រម​ទាំង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ផង​ដែរ។

លោក ហ៊ុន សែន សម្លឹង​មើល​ឃើញ​ថា តំបន់​ត្រីកោណ​អភិវឌ្ឍ​រយៈពេល ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ក្លាយ​ទៅ​ជា​តំបន់​កសិឧស្សាហកម្ម​មួយ​ដ៏​ធំ តាម​រយៈ​ការ​វិនិយោគទុន​របស់​បរទេស និង​អ្នក​វិនិយោគ​ក្នុង​ស្រុក៖ « ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​កំពុង​បន្ត​ចូលរួម​ដើម្បី​អភិវឌ្ឍ​តំបន់​ត្រីកោណ »

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ក្រុម​គណៈកម្មការ​សម្របសម្រួល​ចម្រុះ​កម្ពុជា ឡាវ និង​វៀតណាម បាន​ប្រឹងប្រែង​បញ្ចប់​សេចក្តី​ព្រាង​សំខាន់ៗ​ចំនួន ៦​ចំណុច​រួម​គ្នា។

អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ក្រសួង​ពាណិជ្ជ កញ្ញា សឹង សុផារី មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ចំនួន ៦​ចំណុច​នោះ មាន​ដូចជា កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម។ ចំណុច​ទី​២ ស្ដីពី​ការ​តភ្ជាប់ និង​ពង្រឹង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ត្រីកោណ ព្រម​ទាំង​ការ​រៀបចំ​សេចក្តី​ថ្លែងការណ៍​រួម​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម៖ « ទី​៣ នៅ​ក្នុង​កិច្ច​ប្រជុំ​ហ្នឹង​ស្ដីពី​ការ​រៀបចំ​របាយការណ៍​សិក្សា​អំពី​ការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ​នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ »

ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ដែល​កម្ពុជា ឡាវ និង​វៀតណាម កំពុង​ប្រឹងប្រែង​នោះ គេ​រំពឹង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ចំនួន​៤ ដូចជា​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ក្រចេះ រួម​ជាមួយ​ប្រជាពលរដ្ឋ​ឡាវ ក្នុង​ខេត្ត​ចំនួន​៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និង​សាឡាវ៉ាន (Salavan) ព្រម​ទាំង​ខេត្ត​វៀតណាម ចំនួន ៥​ទៀត​មាន​ខេត្ត​កនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និង​ខេត្ត​ប៊ិញភឿក (Binh Phuoc) ជាដើម នឹង​បាន​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​ជាច្រើន​ដូច​បង្កើត​ឲ្យ​មាន​ការងារ​ធ្វើ និង​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត។

កិច្ច​ប្រជុំ​កំពូល​លើក​ទី​៩ ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នេះ បាន​បញ្ចប់​កាល​ពី​វេលា​ម៉ោង​៥ និង ៤០​នាទី​ល្ងាច​ថ្ងៃ​ពុធ ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ព្រម​ទាំង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។