តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា​ស្ថានការណ៍​នយោបាយ​ធ្លាក់​ដុនដាប

ដោយ សុ ជីវី
2016.04.28
តំណាងរាស្ត្រ សង្គ្រោះ​ជាតិ សភា ៨៥៥ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ថត​រូប​នៅ​រដ្ឋ​សភា​មុន​ចេញ​ដំណើរ​ទៅ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤។ RFA/Sek Bandith
RFA/Sek Bandith

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទូល​ថ្វាយ​ព្រះមហាក្សត្រ​ពី​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស ដែល​គណបក្ស​នេះ​ចាត់​ទុក​ថា​បាន​ធ្លាក់​ដុនដាប។ អ្នក​តំណាង​រាស្ត្រ​លើក​ឡើង​ថា មាន​អង្គ​ព្រះមហាក្សត្រ​ទេ​ទើប​អាច​ជួយ​ឲ្យ​ស្ថានការណ៍​នយោបាយ​អាច​វិល​ទៅ​រក​ភាព​ធម្មតា​វិញ។

ការ​ទូល​ថ្វាយ​ព័ត៌មាន​ដល់​ព្រះមហាក្សត្រ​ដោយ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ថា​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត គឺ​ជា​ការ​បំភ្លៃ​ព័ត៌មាន។

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៣​រូប ស្នើសុំ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​តម្រិះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​ធម្មតា​វិញ ស្រប​តាម​​រដ្ឋធម្មនុញ្ញ ដែល​ព្រះអង្គ គឺ​ជា​អាជ្ញា​កណ្ដាល ដែល​ធានា​ឲ្យ​អំណាច​សាធារណៈ​ប្រព្រឹត្ត​ទៅ​ឲ្យ​មាន​ភាព​ទៀងទាត់។

ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា លើក​ឡើង​ថា ក្នុង​ពេល​ថ្មីៗ​នេះ​មាន​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ សកម្មជន​បរិស្ថាន សមាជិក​ព្រឹទ្ធសភា អ្នក​តំណាង​រាស្ត្រ ហើយ​មាន​ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​តាម​រយៈ​ការ​ធ្វើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្រប​គ្នា​នេះ ក៏​មាន​ការ​គំរាម​កំហែង​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា និង​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នក​វិភាគ​មួយ​ចំនួន​ថែម​ទៀត។ បញ្ហា​ទាំង​នេះ ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​មូលហេតុ​នាំ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ។ លិខិត​ដដែល​បន្ត​ថា បញ្ហា​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ទៀត​ថា ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​ទេ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ដើរ​ថយ​ក្រោយ​ទៅ​រក​អតីតកាល​ដោយ​ស្ថាប័ន​កំពូលៗ ដូចជា​រដ្ឋសភា តុលាការ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត មាន​ដំណើរ​ការ​មិន​ប្រក្រតី និង​បាត់បង់​ឯករាជ​ភាព។

ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​នេះ​ដែរ ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឫទ្ធី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ស្នើសុំ​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​ទូល​ថ្វាយ​ព្រះអង្គ​ពី​ការ​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ ដោយ​ដង្ហែ​តាម​ស្នាព្រះហស្ត​នៃ​ព្រះ​បរម​រតន​កោដ្ឋ។ លោក ហ៊ាង ឫទ្ធី ទូល​ថ្វាយ​ព្រះ​ករុណា​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​មាន​ទំនាស់​ខ្វែង​គំនិត​គ្នា​មិន​ចេះ​ឈប់​ឈរ បាន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព និង​ពុំ​មាន​សន្តិភាព​ក្នុង​សង្គម​ជាតិ។

ចំពោះ​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ថា​កំពុង​បំភ្លៃ​ព័ត៌មាន។ លោក​ថា ការ​ពិត ពលរដ្ឋ​គ្រប់​ទីកន្លែង​កំពុង​រស់នៅ​សុខសាន្ត៖ «គេ​សប្បាយ​ទូទាំង​ប្រទេស​ឆ្នាំ​នេះ គេ​សប្បាយ​លើស​ឆ្នាំ​មុនៗ​ទៀត ហើយ​មូលហេតុ​អី​បាន​នាំ​គ្នា​និយាយ​ចឹង? ហ្នឹង​គឺ​ជា​ចេតនា​ទុច្ចរិត​មួយ​បំផុស​មហាជន​ឲ្យ​ភ័យ​ខ្លាច តែ​មហាជន​គេ​ដឹង​ហើយ គេ​អី​ខ្លាច​អី​គេ បើ​គេ​ទើប​តែ​សប្បាយ​ចូល​ឆ្នាំ​មិន​ទាន់​ចប់​សព្វគ្រប់​ផង។ យើង​មើល​អ៊ីចឹង​ទៅ​ណាស់ គឺ​គាត់​និយាយ​ខុស​ពី​តថភាព​សង្គម​ហើយ។ គាត់​ទូល​ព្រះ​ករុណា​ចឹង​ក៏​បាន​សេចក្ដី​ថា គាត់​ភូត​ព្រះ​ករុណា​ដែរ បើ​ក្នុង​ជំនាន់​ព្រះ​រាជវង្ស គឺ​ត្រូវ​កាត់​ក​ទាំងអស់​ហ្នឹង តែ​សម័យ​ឥឡូវ​សម័យ​ប្រជាធិបតេយ្យ ហើយ​វា​មិន​អី​ទេ។ ឥឡូវ​វា​រួច​ខ្លួន។ យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា ព្រះ​ករុណា​មាន​ព្រះ​តម្រិះ​យ៉ាង​ណា? ប្រសិន​បើ​ព្រះអង្គ​អត់​មាន​បញ្ចេញ​ព្រះរាជ​យោបល់​អី​ទេ គឺ​ពួក​គាត់ (អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ) ហ្នឹង​បរាជ័យ​មួយ​ជំហាន​ទៀត»

នៅ​ក្នុង​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ដែរ​ថា ស្រប​ពេល​ដែល​ស្ថាប័ន​នានា​បាត់បង់​ឯករាជ​ភាព និង​មាន​ដំណើរ​ការ​មិន​ប្រក្រតី​នោះ មាន​តែ​ស្ថាប័ន​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ដែល​ទ្រង់​មាន​ឯករាជ​ភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។