គណបក្ស​ប្រឆាំង​បង្កើត​គណៈកម្មការ​ស្រមោល​១០​តាមដាន​ការងារ​គណៈកម្មការ​រដ្ឋសភា

ដោយ ហ៊ុំ ចំរើន
2016.08.09
សុន ឆ័យ ២០១៦ ៨៥៥ មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​កណ្ដាល គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​បង្កើត​គណៈកម្មការ​សភា​ស្រមោល ដែល​សមាជិក​គណៈកម្មការ​នេះ​ជា​មនុស្ស​មាន​ជំនាញ ដើម្បី​តាម​ដាន​ការងារ​របស់​គណៈកម្មការ​ជំនាញ​ទាំង​១០ ក្នុង​រដ្ឋសភា។ ការ​បង្កើត​គណៈកម្មការ​ស្រមោល​នេះ ក្នុង​គោល​បំណង​ដើម្បី​បំពេញ​កាតព្វកិច្ច​ធំៗ​ចំនួន​៣ សម្រាប់​បម្រើ​ផល​ប្រយោជន៍​ដល់​ម្ចាស់​ឆ្នោត។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ហៅ​ការ​បង្កើត​គណៈកម្មការ​ស្រមោល​របស់​បក្ស​ប្រឆាំង​នេះ ថា​ជា​ការ​ទើប​ភ្ញាក់​ពី​ដេក​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្លួន​នៅ​សង្កាត់​ចាក់អង្រែលើ ព្រឹក​ថ្ងៃ​ទី​៩ សីហា ថា តួនាទី​សំខាន់​ចំនួន​៣ នៃ​គណៈកម្មការ​ស្រមោល​ក្នុង​រដ្ឋសភា មាន​ដូចជា តួនាទី​ក្នុង​ការ​ធ្វើ​ច្បាប់​ឲ្យ​បាន​ល្អ ធ្វើ​ច្បាប់​ដែល​ធានា​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​ជាតិ និង​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណៈកម្មការ​ស្រមោល​នេះ​ជា​បេក្ខភាព​ដែល​មាន​ស្រាប់​នៃ​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ខ្លួន ដែល​មាន​នៅ​ក្នុង​គណៈកម្មការ​ទាំង​១០ ក្នុង​រដ្ឋសភា​ដែរ។ លោក សុន ឆ័យ បញ្ជាក់​ដោយ​ខ្លី​ថា ការ​បង្កើត​គណៈកម្មការ​ស្រមោល​នេះ គឺ​ជា​ការ​រៀបចំ​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​ការ​គ្រប់គ្រង​ប្រទេស ប្រសិន​បើ​គណបក្ស​ឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ហើយ​គណៈកម្មការ​ទាំង​១០ ដែល​ទាំង​សមាជិក​ខ្លួន​នោះ​ដែល​មាន​ជំនាញ ឧទាហរណ៍​គណៈកម្មការ​វិស័យ​អប់រំ សមាជិក​នៅ​ក្នុង​ជំនាញ​នោះ​គាត់​យល់​អំពី​អប់រំ គាត់​សរសេរ​ពី​គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​គាត់​ធ្វើ​អី​ដឹក​អី និង​កែ​ទម្រង់​អប់រំ​បែប​ណា ជាដើម»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សាទរ​ចំពោះ​ការ​បង្កើត​គណៈកម្មការ​ស្រមោល​នេះ ថា​ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​ជាប់​ឆ្នោត​នៅ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ​លោក​បាន​ចំអក​ទៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ជា​សកម្មភាព​មួយ​ទើប​ភ្ញាក់​ពី​ដេក ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ៖ «នេះ​ជា​សិទ្ធិ​ការ​រៀបចំ​របស់​គណបក្ស​ភាគតិច​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ។ យើង​ដឹង​ហើយ​ថា​ការ​ផ្ដល់​សុពលភាព​តាម​រយៈ​សន្លឹក​ឆ្នោត គណបក្ស​ភាគច្រើន​ទេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​គណបក្ស​ភាគតិច គ្រាន់​តែ​ជា​បំពេញ​បន្ថែម​ផ្ដល់​យោបល់​ប៉ុណ្ណោះ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី មាន​ប្រសាសន៍​ថា ការ​ដាក់​មន្ត្រី​ដែល​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​គណៈកម្មការ​ស្រមោល​នៅ​ក្នុង​រដ្ឋសភា គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ជាតិ បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ឬ​ក៏​មិន​ឈ្នះ​ក៏ដោយ ពីព្រោះ​ជា​ការ​រក្សា​ឲ្យ​មាន​តម្លាភាព ហើយ​ធ្វើ​ឲ្យ​គណៈកម្មការ​នៃ​គណបក្ស​នេះ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​តាមដាន​ការងារ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត និង​ងាយ​ស្រួល​ដល់​ការ​ផ្ទេរ​ភារកិច្ច​នៅ​ក្នុង​ក្រសួង ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស៖ «ហើយ​មិន​ត្រឹម​តែ​បង្កើត​ការ​បង្កើត​គណៈកម្មការ​ទេ គណបក្ស​ប្រឆាំង​ត្រូវ​តែ​មាន​សមត្ថភាព​មួយ​ទៀត​ក្នុង​ការ​ប្រមូល​មនុស្ស​ពី​ប្រភព​ផ្សេងៗ​ដែល​មាន​ចំណេះ​ដឹង ក្រៅ​អំពី​សមាជិក​សភា​របស់​ខ្លួន​នោះ។ ហើយ​មាន​អ្នក​ចេះ​ដឹង​ជា​គេ​ចង់​សហការ ប្រសិន​បើ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ត្រូវ​ការ​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»

គណៈកម្មការ​ស្រមោល​ដែល​មាន​ជំនាញ​នៅ​ក្នុង​រដ្ឋសភា ដែល​គណបក្ស​ប្រឆាំង​បង្កើត​ឡើង​នេះ មាន​ការ​សាកល្បង​ជា​លើក​ដំបូង​អំពី​សមត្ថភាព​នៃ​គណៈកម្មការ​ទាំង​១០ ក្នុង​រដ្ឋសភា ដោយ​មាន​ការ​តាក់តែង​ច្បាប់​ដាក់​ឲ្យ​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​នេះ​ត្រួត​ពិនិត្យ ថា​តើ​អាច​ទទួល​យក​បាន​លទ្ធផល​ល្អ ឬ​យ៉ាង​ណា។

លោក សុន ឆ័យ បញ្ជាក់​ថា ក្រោយ​ពី​សាកល្បង​សមត្ថភាព​ហើយ គឺ​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នោះ នឹង​ប្រកាស​ជា​សាធារណៈ ហើយ​ប្រាប់​លេខ​ទូរស័ព្ទ​ទៅ​អ្នក​សារព័ត៌មាន​សម្រាប់​ទាក់ទង​សួរ​នាំ​អំពី​វិស័យ​នីមួយៗ ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជំនាញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។