បក្ស​ប្រឆាំង​ស្នើ​ឲ្យ​តំណាង​មូលនិធិ​ខូហ្វីអាណាន់​អន្តរាគមន៍​បញ្ហា​នយោបាយ​នៅ​កម្ពុជា

0:00 / 0:00

គណបក្ស​សង្គ្រោះជាតិ ស្នើ​ឲ្យ​​តំណាង​មូលនិធិ​ខូហ្វី អាណាន់ (Kofi Annan) អន្តរាគមន៍​ជួយ​ស្វែង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ។ ផ្ទុយ​ពី​នេះ​វិញ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា តំណាង​មូលនិធិ ខូហ្វី អាណាន់ បង្ហាញ​ការ​ភ្ញាក់ផ្អើល​ដែល​កម្ពុជា សម្រេច​បាន​កិច្ចការ​លើស​ពី​ការ​រំពឹង​ទុក​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ កន្លង​ទៅ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ឲ្យ​ដឹង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា តំណាង​មូលនិធិ ខីហ្វី អាណាន់ លោក អាឡាន់ ដូហ្វ (Alan Doss) បញ្ជាក់​នៅ​ក្នុង​ជំនួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នឹង​បន្ត​ស្វែង​រក​លទ្ធភាព​ធ្វើ​យ៉ាង​​ណា​បង្កើត​បរិយាកាស​នយោបាយ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។ កិច្ចការ​ដែល​មូលនិធិ​នេះ​ត្រូវ​ជួយ​កម្ពុជា គឺ​នឹង​ត្រូវ​ចាប់​ដំណើរការ​មុន​ការ​បោះឆ្នោត​មក​ដល់ ជាពិសេស​នឹង​កៀរគរ​បក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ឲ្យ​ខិត​ជិត​គ្នា ដើម្បី​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​ម្ចាស់​ឆ្នោត។

លោក​បន្ត​ថា៖ «គាត់​នឹង​មក​ផ្ដល់​យោបល់​ជួយ​ជា​គំនិត និង​ផ្តល់​នូវ​បទពិសោធន៍​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ធ្វើ​យ៉ាង​ម៉េច​​មាន​ការ​ជឿជាក់​ពី​ម្ចាស់ ក៏​ដូច​ជា​​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោបាយ»

ក្រៅ​ពី​ជួប​ជាមួយ​មន្ត្រី គ.ជ.ប និង​តំណាង​គណបក្ស​នយោបាយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា តំណាង​មូលនិធិ ខូហ្វី អាណាន់ គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ទូត​នានា​ថែម​ទៀត​ផង។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ក្នុង​ជំនួប​ជាមួយ​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល តំណាង​មូលនិធិ ខូហ្វី អាណាន់ បង្ហាញ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ថា​មាន​ភាព​រីក​ចម្រើន និង​ជឿនលឿន។

ចំណែក​គណបក្ស​ប្រឆាំង​បង្ហាញ​កង្វល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន​នេះ មិន​មែន​ល្អ​ប្រសើរ ដូច​ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​ឡើយ។ ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង អ្នក​នយោបាយ និង​ចុង​ក្រោយ​នេះ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប ថែម​ទៀត​ផង។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ស្ថានភាព​នេះ បាន​ជំរុញ​ឲ្យ​បរិយាកាស​នយោបាយ​កាន់​តែ​អាប់អួ​​ទៅៗ ក្នុង​ដំណាក់កាល​នយោបាយ​ចុង​ក្រោយ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​​ដឹង​ក្រោយ​ជំនួប​ថា សន្តិសុខ​នៃ​ការ​បោះឆ្នោត គឺ​ដំណើរការ​បាន​ល្អ។ ម្យ៉ាង​វិញ​ទៀត ការ​បោះឆ្នោត​កន្លង​ទៅ​នេះ កម្ពុជា​ពុំ​ទាន់​មាន​បញ្ហា​អ្វី​កើត​​ឡើង​ជា​ឧបសគ្គ​នូវ​ឡើយ​ទេ។

លោក​បន្ត​ថា ហេតុ​នេះ​ការ​ពិនិត្យ និង​ចង់​ដឹង​ពី​តំណាង​មូលនិធិ ខូហ្វី អាណាន់ នេះ អាច​ថា​កម្ពុជា បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​រួច​ទៅ​ហើយ ជាពិសេស​បរិយាកាស​ល្អ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ​សម្រាប់​ដំណើរការ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត៖ «ការងារ​សន្តិសុខ​បោះឆ្នោត​កន្លង​មក​នៅ​ប្រទេស​កម្ពុជា គឺ​មាន​ការ​សហការ​រវាង​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ ហើយ​និង គ.ជ.ប។ កម្ពុជា​ពុំ​ធ្លាប់​មាន​បញ្ហា​ភេរវកម្ម​បោះឆ្នោត​ដូច​ជា​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដូច​ជា​នៅ​ទេស​មួយ​ចំនួន​នោះ​ទេ»

ក្នុង​រយៈពេល ៤​អាណត្តិ​កន្លង​ទៅ​នេះ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត រង​ការ​ចោទ​ប្រកាន់​ថា មិន​មាន​ភាព​ឯករាជ្យ លំអៀង និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ពី​អ្នក​បោះឆ្នោត​ជា​ដើម។

មន្ត្រី​ជាន់​ខ្ពស់​នៃ គ.ជ.ប ជួប​ប្រជុំ​ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ កូហ្វី អាណាន់

ដោយ ទីន ហ្សាការីយ៉ា

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ជួប​ប្រជុំ​ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​នេះ លោក អាឡាំង ដូស (Alan Doss) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា នា​ទីស្ដីការ គ.ជ.ប។

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ជួប​គណៈប្រតិភូ​មូលនិធិ ខូហ្វី អាណាន់ នេះ មាន​របៀបវារៈ​បី​សំខាន់​គឺ​ទី​១ ជជែក​ពី​ការងារ​បោះឆ្នោត ទី​២ ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ទី​៣ ការងារ​សន្តិសុខ​បោះឆ្នោត។

លោក​បញ្ជាក់​ថា គ.ជ.ប ក៏​ស្វែងយល់​ពី​មូលនិធិ ខូហ្វី អាណាន់ នេះ ដើម្បី​យក​ជា​បទពិសោធន៍​ដែល​មូលនិធិ​នេះ​បាន​​ជួយ​កិច្ចការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ដំណើរការ​ទៅ​ល្អ ដោយ​សេរី និង​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

ក្នុង​របៀបវារៈ​ជា​ផ្លូវការ​ក្នុង​ជំនួប​នោះ មិន​បាន​បង្ហាញ​ពី​កិច្ច​ពិភាក្សា​ណា​មួយ​ស្ដីពី​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ថា នឹង​ដាក់​លិខិត​ទៅ​តុលាការ​ដើម្បី​សុំ​ជួប​សួរ​សុខទុក្ខ​សមាជិក​របស់​ខ្លួន គឺ​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង គ.ជ.ប កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ប៉េហ្សី (PJ) រាជធានី​ភ្នំពេញ។

គ.ជ.ប អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ឯកភាព​គ្នា​រួច​ហើយ ថា​នឹង​ទៅ​សួរសុខទុក្ខ​លោក នី ចរិយា ប៉ុន្តែ​មិនទាន់​កំណត់​ថា ថ្ងៃ​ណា​ប្រាកដ​នោះ​ទេ៖ «យើង​បាន​ត្រៀម​រួចហើយ ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​ទេ ដោយសារ​យើង​បាន​ក្រុម​អ្នក​ច្បាប់​ទាក់ទង​ដោយ​ផ្ទាល់​ដើម្បី​រក​ពេល​វេលា​ជាក់​លាក់ ពីព្រោះ​ថា ពេល​ខ្លះ​យើង​ដាក់​ទៅ​អាច​ជាន់​នីតិវិធី​ការងារ​របស់​ចៅក្រម អាច​ខុស​ពី​​បំណង​របស់ គ.ជ.ប បាន​ដាក់​ទៅ...»

លោក គួយ ប៊ុនរឿន បន្ត​ថា គ.ជ.ប នឹង​បន្ត​តាមដាន​មើល​ចំណាត់​ការ​របស់​ព្រះរាជអាជ្ញា​លើ​សំណុំរឿង​លោក នី ចរិយា ជា​បន្តបន្ទាប់​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។