សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស​ស្នើ​ឲ្យ​មាន​ឯកភាព​នយោបាយ

ដោយ ស៊ុន ហេង
2016.11.03
សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ ១១​នាក់ ៨៥៥ ២០១៦ សមត្ថកិច្ច​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ មក​ចូល​រួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo provided

 

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​គុក​ព្រៃ​ស បាន​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​ពួក​គេ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ឲ្យ​ឈប់​គុំកួន​ចង​កំហឹង​នឹង​គ្នា ហើយ​បែរ​មក​ធ្វើ​ការ​ជាមួយ​គ្នា​វិញ ដើម្បី​ប្រយោជន៍​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​រឿងរ៉ាវ​រវាង​គណបក្ស​ទាំង​ពីរ​ជា​រឿង​ផ្សេង ឯ​រឿង​សមាជិក​គណបក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ជា​រឿង​ផ្សេង មិន​អាច​យក​មក​លាយឡំ​គ្នា​ទេ។

ការ​លើក​ឡើង​នូវ​សំណូមពរ​ឲ្យ​មាន​ការ​រួបរួម​គ្នា​បំបាត់​កំហឹង​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ត្រូវ​បាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​ពួក​គេ គឺ​លោក ហូរ វ៉ាន់ នៅ​គុក​ព្រៃ​ស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា។

លោក ហូរ វ៉ាន់ ជាមួយ​នឹង​ក្រុម​ការងារ​របស់​លោក​ចំនួន ៧​រូប​ផ្សេង​ទៀត បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​គណបក្ស​ខ្លួន​ដែល​កំពុង​ជាប់​ឃុំឃាំង ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​រស់នៅ​របស់​ពួក​គេ និង​ពាំនាំ​សារ​ផ្សេងៗ​មក​ចែកចាយ។

ដំណឹង​មួយ​ចំនួន​ដែល​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​រូប​នេះ​ទទួល​បាន គឺ​អ្នក​ជាប់​ឃុំឃាំង​មាន​ស្ថានភាព​គ្រាន់​បើ​ជាង​មុន​ក្នុង​ការ​រស់នៅ ដោយ​គ្មាន​ការ​រឹតត្បិត​ខ្លាំង​ដូច​ពី​មុន​ទេ។ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​មួយ​ចំនួន​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​របស់​គេ​ទៅ​លើ​ក្រុម​គ្រួសារ​ដែល​កំពុង​ឈឺ​ថ្កាត់​នៅ​ខាង​ក្រៅ ហើយ​ពួក​គេ​មិន​អាច​ទៅ​ថែទាំ​បាន។ ពួក​គេ​សំណូមពរ​ឲ្យ​អ្នក​ខាង​ក្រៅ​រឹងមាំ​ឡើង បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ហើយ​ដាក់​ប្រយោជន៍​ជាតិ​ជា​ធំ៖ «គាត់​សំណូមពរ​ឲ្យ​គណបក្ស​ចេះ​សាមគ្គី​គ្នា កុំ​ដុត​កំហឹង​ទៅ​វិញ​ទៅ​មក​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​ឲ្យ​សភាពការណ៍​ធូរស្រាល ព្រោះ​គាត់​គិត​ពី​អនាគត​ជាតិ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​សមាជិក​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​នេះ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ចង់​សើច។ លោក​ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ គឺ​ដោយសារ​ពួក​គេ​ធ្វើ​ខុស​នឹង​ច្បាប់ ហើយ​គ្មាន​ការ​ឯកភាព​រវាង​ភាគី​ណា​អាច​កែប្រែ​រឿង​នេះ​បាន​ទេ៖ «អត់​មាន​អ៊ីចឹង​ទេ។ អត់​មាន​រាជ​រដ្ឋាភិបាល​មិន​ចង​កំហឹង​ជាមួយ​គាត់ ឬ​មួយ​គុំកួន ឬ​គាប​សង្កត់​គាត់​ទេ។ នេះ​កើត​ចេញ​ពី​លទ្ធផល​នៃ​អំពើល្មើស​ច្បាប់របស់​គាត់។ បើ​ចង់​ចប់​រឿង គ្មាន​អ្វី​ពិបាក​ទេ! សុំ​ឲ្យ​លោក​ទាំងអស់​ដែល​នៅ​ក្រោម​នីតិវិធី​តុលាការ​ហ្នឹង កុំ​ប្រព្រឹត្ត​ខុស​ច្បាប់​ទៅ ចប់​ហើយ! អត់​មាន​អី​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​ទេ»

អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន ឲ្យ​ដឹង​ថា ការ​លើក​យក​ច្បាប់​មក​និយាយ​បែប​នេះ​សម្រាប់​ប្រទេស​ដទៃ​អាច​ជា​ការពិត ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា វិញ រាល់​បញ្ហា​ទាក់ទង​នឹង​ការ​ឃុំឃាំង​សកម្មជន​គណបក្ស​ប្រឆាំង សុទ្ធតែ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៖ «យើង​ធ្លាប់​តែ​ឮ​ប្រសាសន៍​ហ្នឹង​ជាច្រើន​ដង ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា យើង អ្នក​ណា​ក៏​ដឹង​ដែរ​ថា​មិន​មែន​ជា​បញ្ហា​ច្បាប់ និង​តុលាការ​ទេ តែ​ជា​បញ្ហា​នយោបាយអ៊ីចឹង​បើ​អ្នក​នយោបាយ​បាន​ជួប បាន​ជជែក​គ្នា​ហើយ អាច​សម្របសម្រួល​ជាមួយ​តុលាការ ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​បាន»

ក្នុង​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំឃាំង​របស់​លោក ហូរ វ៉ាន់ ក្រៅ​ពី​ជួប​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក​ក៏​បាន​ទៅ​ជួប​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​ផង​ដែរ។ ការ​ឃុំឃាំង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី សកម្មជន​ព្រៃ​ឈើ និង​មន្ត្រី​សង្គម​ស៊ីវិល ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដែល​មាន​ចេតនា​នយោបាយ ហើយ​កន្លង​ទៅ​តែង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។