គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល ប្ដឹង​ទាមទារ​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ​ពី​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា
2020.07.02
2.jpg កោះ​ត្រល់។
RFA/Uon Chhin

គណបក្ស​សង្គ្រោះ​ជាតិ ស្នើជាថ្មី​ទៀត​ឱ្យ​រដ្ឋាភិបាលប្ដឹង​ទាមទារ​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ក្រុង​ឡាអេ ផ្អែក​តាម​ច្បាប់​សមុទ្រ (UNCLOS) និង​ឯកសារ​គតិយុត្តិ​នានា។ ការ​ទាម​ទារ​របស់​គណបក្ស​នេះ គឺ​សម្អាង​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៨២ ស្ដីពី​ច្បាប់​សមុទ្រ ដែល​ចែង​ថា រដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​បង្កើត​វិសាលភាព គ្រប់គ្រង​ដែន​សមុទ្រ​របស់​ខ្លួន មិន​លើស​ពី ១២ ម៉ាយល៍ ឬ ២២.២គីឡូ​ម៉ែត្រ។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​ទី២ កក្កដា​ថា បើ​យោង​តាម​ច្បាប់​អន្តរជាតិ កម្ពុជា​នៅ​តែ​អាច​ប្ដឹង​ទាម​ទារ​កោះត្រល់ និង​កោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​មក​វិញ ប្រសិនបើ​រដ្ឋាភិបាល​មាន​សុឆន្ទៈ។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៨២ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) គឺ​ជា​លិខិត​បទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​យ៉ាង​សំខាន់ កំណត់​សិទ្ធិ​ប្រទេស​នីមួយៗ ក្នុង​ការ​គ្រប់គ្រង​ដែន​សមុទ្រ កំណត់​ព្រំដែន​សមុទ្រ នាវាចរណ៍ និង​តំបន់​នេសាទ​ជា​ដើម ដែល​កម្ពុជា​ត្រូវ​យក​ជា​មូលដ្ឋាន​ដោះ​ស្រាយ ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា កម្ពុជា​មាន​ឯកសារ និង​ច្បាប់​អន្តរជាតិ​ជា​ច្រើន អាច​ទាមទារ​យក​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ពី​វៀតណាម​មក​វិញ​បាន។ លោក​បន្ថែម​ថា អគ្គទេសាភិបាល​ឥណ្ឌូចិន លោក ប្រេវីយេ (Jules Brévié) នៅ​ឆ្នាំ១៩៣៩ បាន​ផ្ញើ​លិខិត​ទៅ​កាន់​អភិបាល​តំបន់​កូសាំងស៊ីន​ថា កោះ​ត្រល់ ត្រូវ​ដាក់​ឲ្យ​កូសាំងស៊ីន គ្រប់គ្រង​ខាង​ផ្នែក​រដ្ឋបាល និង​ប៉ូលិស​តែប៉ុណ្ណោះ  ហើយ​កោះ​នេះ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ដដែល។ លោក​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល ស្រង់​ឯកសារ​ពាក់ព័ន្ធ​ទាំង​នេះ ប្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ក្រុង​ឡាអេ នឹង​អាច​ទាមទារ​កោះ​ទាំង​នេះ ពី​វៀតណាម​វិញ​បាន៖ «វៀតណាម បើ​គិត​ពី​កោះត្រល់ ​ដល់​ឆ្នេរ​ ហា ​ទៀង ​វៀតណាម​ រហូត​ដល់ ​៤៥គីឡូ​ម៉ែត្រ ឆ្ងាយជាង​ចម្ងាយ​នៃ​ការ​កំណត់ ​ដោយ​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ហ្នឹង ​ដែល​គេ​កំណត់​ត្រឹម​ ២២.២​គីឡូម៉ែត្រ​ ហើយ​វៀតណាម​ ៤៥​គីឡូម៉ែត្រ​ បើ​តាម​ច្បាប់​សមុទ្រ​គឺ​កោះត្រល់​ជា​របស់​យើង​»។

ឆ្លើយតបនឹង​ការ​ទាមទារ​នេះ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​យល់​ច្បាស់ ពី​ខ្លឹមសារ​ច្បាប់​សមុទ្រ​ទៅ​វិញ។ លោក​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​ពិនិត្យ​ឡើង​វិញ ចំពោះ​ខ្លឹមសារ​ច្បាប់​អន្តរជាតិ​នេះ៖ «ឱ្យ​អ្នក​ធ្វើ​លិខិត​ស្នើ​ចេះ​ចុះ​ឱ្យ​មើល​ច្បាប់​ទម្លាប់​ អនុសញ្ញា​អង្គការ​សហការ​ប្រជាជាតិ​ឆ្នាំ១៩៨២​ ឱ្យ​ច្បាស់​មែនទែន​ កុំ​យើង​មើល​មិន​ច្បាស់​ យើង​មើល​មិន​យល់​ផង​ទេ​ កុំ​ចេះ​តែ​ឱ្យ​អ្នក​ រដ្ឋាភិបាល​ធ្វើ​ចេះ​ធ្វើ​ចុះ​ រដ្ឋាភិបាល​គេ​មិន​ភ្លើ​ដូច​គាត់​ទេ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​នេះ នៅ​បន្ទាប់​ពី​មេ​ដឹក​នាំ​អាស៊ាន​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ផង ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣៦ តាម​រយៈ​វីដេអូ​ខន់ហ្វ្រិន (Video Conference) កាល​ពី​ថ្ងៃ​ទី២៦ មិថុនា ឆ្នាំ២០២០ ដែល​ព្រមព្រៀង​គ្នា ជំរុញ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ខាង​ត្បូង ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ នៃ​អនុសញ្ញា​អង្គការ​សហការ​ឆ្នាំ១៩៨២ ស្តីពី​ច្បាប់​សមុទ្រ ដែល​កំណត់​ដែន​សមុទ្រ អធិបតេយ្យ យុត្តាធិការ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​លើ​សមុទ្រ។

លោក អ៊ុំ សំអាន សង្កត់ធ្ងន់ថា នៅឆ្នាំ ១៩៨២ លោក ហ៊ុន សែន ដែល​កាល​នោះ ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ កាត់​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ​ឱ្យ​វៀតណាម ថែម​ទាំង​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ទំហំ ១.០០០គីឡូ​ម៉ែត្រ​ការ៉េ គ្រប់គ្រង​រួម​ជាមួយ​វៀតណាម។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម ទើប​ចាប់​ផ្ដើម​អភិវឌ្ឍន៍​កោះត្រល់ នៅ​ឆ្នាំ២០០៥ ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ និង​វៀតណាម ចុះ​ហត្ថលេខា​ប្រើប្រាស់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០០៥៖ «យួន​អន់​ចិត្ត​ដែល​ចិន​រំលោភ​ដែនទឹក​យើង​ក៏​អត់​ចិត្ត​ដែរ​ដែល​យួន​រំលោភ​ដែន​ទឹក​របស់​យើង​ ប៉ុន្តែ​ធ្វើ​ខ្លួន​ឯង​ជា​ជនរងគ្រោះ​ចិន​រំលោភ​ តាម​ពិត​ខ្លួនឯង​រំលោភ​គេ​ដែរ​ហ្នឹង​។ ​ចិន​យក​ដែន​សមុទ្រ​គាត់​គាត់​បែរ​ជា​មក​យក​ដែន​សមុទ្រ​របស់​ខ្មែរ​ ហ្នឹង​ជា​បូរណភាព​ទឹក​ដី​របស់​ខ្មែរ​យើង​កោះ​ត្រល់​ជា​រ​បស់​ខ្មែរ ហើយ​កោះ​ត្រល់​យើង​អាច​ប្តឹង​បាន​ព្រោះ​កោះត្រល់​មិនមែន​បាត់​ទេសាភិបាល​ឥណ្ឌូចិនគ្រប់​គ្រង​ទេ។ កោះត្រល់​បាត់​ដោយ​សារ​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ១៩៨២ ឆ្នាំ១៩៨៥ ឆ្នាំ២០០៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩។ កោះត្រល់ និង​កោះ​ក្រចក​សេះ ​យួន​គ្រប់គ្រង ​គឺ​យួន​ឈ្លាន​ពាន​កម្ពុជា​»។

អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។ លោក​យល់ថា កម្ពុជា​មាន​ភស្តុតាង និង​ឯកសារ​ជា​ច្រើន ដែល​បញ្ជាក់​ថា កោះ​ទាំង​នេះ​ជា​របស់​ខ្មែរ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ប្តឹង​រឿង​នេះ ទៅ​តុលាការ​អន្តរជាតិ កម្ពុជា​នឹង​អាច​ទាមទារ​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ​បាន​មក​វិញ ក៏​ប៉ុន្តែ​លោក​គ្មាន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ប្តឹង​រឿង​នេះ​ទេ ព្រោះ​បញ្ហា​នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ៖

កោះ​ត្រល់​មាន​ផ្ទៃ​ដី​សរុប ទំហំ ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ធំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore)។ កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ ពី​កោះ​ក្រចក​សេះ ហើយ​ចម្ងាយ ១៥គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​ ៤៥គីឡូម៉ែត្រ ពី​ទីក្រុងហាទៀង ប្រទេស​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ២០១២ បាន​ប្រកាស​ក្នុង​រដ្ឋ​សភា​ថា ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ទៀតហើយ។ ​លោក​អះអាង​ថា ឯកសារ​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដាក់​តម្កល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៦៤ បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់ ប្រេវីយេ ដែល​បាន​កាត់​កោះ​ត្រល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម។

ទោះ​បី​ជាង​នេះ​ក្ដី កាសែត​រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ បាន​ដក​ស្រង់​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចុះ​ផ្សាយ​ថា ព្រះអង្គ​មិន​ដែល​ទទួល​ស្គាល់​កោះ​ត្រល់ ជា​របស់​វៀតណាម ម្ដង​ណា​នោះ​ឡើយ។

រី​ឯ​ក្នុង​រជ្ជកាល​ព្រះរាជ​បិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សុរាម្រិត អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏​ចេញ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ១៩៥៧ បញ្ជាក់​ថា កោះ​ត្រល់ ឬ​កោះ​ភូកុក ជា​ឈ្មោះ​តែ​មួយ ជា​កោះ​ដែល​នៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា។ ចំណែក​ផែនទី​នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​សេនា​ប្រមុខ លន់ នល់ ក៏​បញ្ជាក់​ថា កោះ​ត្រល់ ជា​របស់​ខ្មែរ​ដែរ៕

ផែនទីកោះត្រល់
ផែនទីកោះត្រល់
Google Map


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។