បក្ស​ប្រឆាំង​ចាត់​តាំង​ក្រុម​ការងារ​ចូលរួម​គណៈកម្មការ​ចម្រុះ​ជាមួយ​បក្ស​ប្រជាជន

ដោយ ឡេង ម៉ាលី
2015.12.22
ស ខេង កឹម សុខា ៦២០ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ស្ដាំ) ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Rann Samnang

នៅ​ពេល​ដែល​ការ​អនុវត្ត​វប្បធម៌​សន្ទនា តាម​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដំណើរ​ការ​ទៅ​ល្អ គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​បង្កើន​កម្រិត​នៃ​វប្បធម៌​សន្ទនា។ នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​តាំង​សមាសភាព​ក្រុម​ការងារ​របស់​ខ្លួន​រួច​ហើយ។

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​សម្រេច​ចាត់​តាំង​សមាសភាព​មន្ត្រី​បក្ស​របស់​ខ្លួន ១០​រូប ឲ្យ​ចូលរួម​បង្កើត​គណៈកម្មការ​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​លើក​កម្ពស់​កិច្ច​សន្ទនា​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​នៅ​ថ្ងៃ​ទី​២២ ធ្នូ ថា ក្រុម​ការងារ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​បង្កើត គឺ​មាន ២​ក្រុម៖ «មួយ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ការងារ​ចំពោះ​កិច្ច ដើម្បី​សិក្សា​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព។ ហើយ​ទី​ពីរ គឺ​ក្រុម​ការងារ នឹង​ពិភាក្សា​ដើម្បី​លើក​តម្កើង​លើក​កម្ពស់​វប្បធម៌​សន្ទនា។ គោល​បំណង​ក្រុម​ការងារ​ពាក់ព័ន្ធ​នឹង​វប្បធម៌​សន្ទនា គឺ​ការ​ជជែក​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់ ក៏ដូចជា​ការ​លើក​កម្ពស់​នៃ​ការ​ជជែក​ពិភាក្សា​នីតិវិធី បែបបទ​នៃ​ការ​ធ្វើ​ការងារ​នៃ​ក្រុម​ភាគ​តិច និង​ក្រុម​ភាគ​ច្រើន»

សមាសភាព​ក្រុម​ការងារ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​តាំង​សម្រាប់​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា មាន ៦​រូប គឺ​លោក ប៉ុល ហំម ជា​ប្រធាន លោក យឹម សុវណ្ណ អនុប្រធាន លោក អ៊ូ ច័ន្ទឫទ្ធិ អនុ​ប្រធាន លោក អេង ឆៃអ៊ាង សមាជិក លោក ម៉ៅ មុនីវណ្ណ សមាជិក និង​លោក ហូរ វ៉ាន់ សមាជិក។

ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាត់​តាំង​សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។ សមាសភាព​ក្រុម​ការងារ​នេះ​មាន ៥​រូប គឺ​លោក សុន ឆ័យ ប្រធាន អ្នកស្រី កែ សុវណ្ណរតន៍ អនុ​ប្រធាន លោក អ៊ូ ច័ន្ទឫទ្ធិ អនុ​ប្រធាន លោក គឹមសួរ ភីរិទ្ធ ជា​សមាជិក និង​លោក កែវ ភីរម្យ ជា​សមាជិក។

លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លិខិត​ចាត់​តាំង​សមាសភាព​ក្រុម​ការងារ ចុះ​ថ្ងៃ​ទី​១៨ ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​វិញ​ក្នុង​ពេល​ឆាប់ៗ។

ស្រប​ពេល​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ ថា ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​លិខិត​ចាត់​តាំង​សមាសភាព​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួច​ហើយ៖ «លិខិត​ហ្នឹង​ដូចជា​សម្ដេច​បាន​ទទួល​ហើយ ប៉ុន្តែ​ចំពោះ​សមាសភាព​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​រៀបចំ។ អាច​ចេញ​ឆាប់ៗ​ហ្នឹង​ហើយ។ បង្កើត​ហើយ គឺ​ក្រុម​ការងារ​ទាំង​ពីរ​ហ្នឹង មក​ជួប​គ្នា​ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ពិនិត្យ​ក្នុង​ហ្នឹង​វា​មាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ច្បាប់​សហជីព ហើយ​មួយ​ទៀត ក្រុម​ការងារ​សម្រាប់​ពិភាក្សា​អំពី​បញ្ហា​លើក​កម្ពស់​វប្បធម៌​សន្ទនា»

អ្នក​នាំ​ពាក្យ​គណបក្ស​ទាំង​ពីរ​បញ្ជាក់​ថា ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ គឺ​ជា​ការ​អនុវត្ត​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​កិច្ច​ប្រជុំ​រវាង លោក ស ខេង និង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

ក៏ប៉ុន្តែ លោក សុខ ឥសាន នៅ​មិន​ទាន់​អាច​បញ្ជាក់​ពេលវេលា​ជួប​គ្នា​ជា​ថ្មី​ទេ ហើយ​ក៏​នៅ​មិន​ទាន់​ដឹង​ថា គណៈកម្មការ​ចម្រុះ​នឹង​កំណត់​លើក​កម្ពស់​វប្បធម៌​សន្ទនា​ដោយ​របៀប​ណា​នៅ​ឡើយ​ដែរ៖ «ព្រោះ​កន្លង​ទៅ វា​មាន​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៤ ម្ដង​ហើយ ហើយ​បន្ទាប់​មក​អនុវត្ត​មិន​បាន​ត្រឹមត្រូវ វា​មក​ឆ្នាំ​២០១៥ ម្ដង​ទៀត។ ឥឡូវ​នេះ​ជា​លើក​ទី​បី​ហើយ បើ​សិន​រៀបចំ​ឡើង​វិញ​ហ្នឹង។ បញ្ហា​សំខាន់​លើ​ទ្រឹស្ដី​មិន​មាន​បញ្ហា​អី​ទេ ងាយ​ទេ ប៉ុន្តែ​បញ្ហា​សំខាន់​ជា​កត្តា​កំណត់​នោះ វា​នៅ​លើ​ការ​អនុវត្ត។ យើង​អនុវត្ត​បាន​ត្រឹមត្រូវ ឬ​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់​ជា​លាយលក្ខណ៍​អក្សរ»

សេចក្ដី​ថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​សេចក្ដី​ថា គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា ៤​ចំណុច គឺ​ទី​១ បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចូលរួម​ដោយ​គណបក្ស​ទាំង​ពីរ ដើម្បី​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។ ទី​២ បង្កើត​ក្រុម​ការងារ​ដែល​ចូលរួម​ដោយ​គណបក្ស​ទាំង​ពីរ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​កិច្ច​សន្ទនា​នយោបាយ ដោយ​ឈរ​លើ​ស្មារតី​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ សំដៅ​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​រវាង​គណបក្ស​នយោបាយ​នៅ​ក្នុង​រដ្ឋសភា ក្នុង​ការ​ផ្សះផ្សា បង្រួប​បង្រួម​ជាតិ​ឲ្យ​ស្ថិតស្ថេរ​យូរ​អង្វែង។ ទី​៣ ពង្រឹង​របៀប​របប​ការងារ និង​ទំនាក់ទំនង​ការងារ ព្រម​ទាំង​ផ្ដល់​មធ្យោបាយ​សម្រាប់​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ នៃ​គណបក្ស​នយោបាយ​ក្នុង​រដ្ឋសភា សំដៅ​រួម​គ្នា​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​រដ្ឋសភា និង​ទី​៤ បន្ត​ដោះស្រាយ​បញ្ហា​នានា​ដែល​នៅ​សេសសល់ ដោយ​ឈរ​លើ​ស្មារតី​បង្រួប​បង្រួម ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុ​បក្ស និង​នីតិរដ្ឋ។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ក៏​ព្រោះ​តែ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ​មាន​ភាព​ចម្រូងចម្រាស និង​ការ​តវ៉ា​ច្រើន​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហជីព​កម្មករ នៅ​ពេល​ដែល​គណៈរដ្ឋមន្ត្រី​បញ្ជូន​ច្បាប់​នេះ​ទៅ​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។