ពលករ​ខ្មែរ​នៅ​​កូរ៉េ​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ សុ ជីវី
2020.02.02
ពលករ កូរ៉េ បាតុកម្ម ២០២០ ៩២២ សកម្មភាព​តវ៉ា​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ទាមទារ​ឱ្យ​លោក ហ៊ុន សែន ឱ្យ​ប្រញាប់​កែខ្លួន​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ​។
Photo courtesy of Yim Sinorn

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​មាន​គ្នា​ជាង​២០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម នៅ​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ប្រាប់​ទៅ​លោក ហ៊ុន សែន ឱ្យ​ប្រញាប់​កែខ្លួន​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ប្រកាន់​ថា ការ​ទាមទារ​នេះ ជា​ឧបាយកល​ពិសពុល​របស់​ក្រុម​ដែល​លោក​ហៅថា​ជា ឧទ្ទាម​ក្រៅច្បាប់។

យើង​ស្អប់​ជន​ផ្ដាច់ការ​ជាង​មេរោគ​កូរ៉ូណា ជា​ពាក្យ​ក្នុង​បដា​មួយ​ក្នុងចំណោម​បដា​ផ្សេងទៀត​របស់​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​សរសេរ​ទាមទារ​ក្នុង​ការ​ធ្វើបាតុកម្ម​នេះ​។ ក្រុម​បាតុករ​បាន​ស្រែក​ជា​ភាសា​ខ្មែរ​លាយឡំ និង​ភាសា​កូរ៉េ​ក្នុង​គោលបំណង​ឱ្យ​ជនជាតិ​កូរ៉េ​នៅ​ទីនេះ​បាន​យល់​ពី​ការ​ទាមទារ​របស់​ពួកគេ។

ក្រុម​បាតុករ​បាន​ដើរ​ហែ​ក្បួន​លើក​បដា​ពី​កន្លែង​ជួបជុំ​នៅ​ទីលាន​ជុងកាក់ (Junghak) ក្នុង​តំបន់​បូស៊ីងកាក់ (Bosinggak) ក្រុង​សេអ៊ូល (Seoul) ឆ្ពោះ​ទៅ​មុខ​សាលាក្រុង​សេអ៊ូល និង​ថ្លែងការណ៍​ពី​គោលបំណង​នៃ​ទាមទារ​នេះ​។ ក្រៅពី​ការ​ទាមទារ​ទាក់ទង​នឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្រុម​បាតុករ​ក៏បាន​ប្រកាស​ប្រឆាំង​និង​គម្រោង​ផ្ដល់​ដី​៤០​ហិកតារ ទៅ​ឱ្យ​ជនជាតិ​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ​។ ក្រុម​បាតុករ​ថែមទាំង​ច្រៀង​រៀបរាប់​ពី​ការបាត់បង់​ទឹកដី​របស់​ខ្មែរ​ទៀត​ផង។

បាតុករ​ជា​ស្ត្រី​ដែល​បាន​បញ្ចេញមតិ​ក្នុង​ពេល​ទាមទារ​នេះ​បាន​ផ្ញើ​សារ​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា សន្តិភាព​ពិតប្រាកដ​មិនមែន​សន្តិភាព​បែប​ផ្ដាច់ការ​ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​ទេ​។ បាតុករ​រូប​នេះ ស្នើ​ទៅ​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ៖ «សន្តិភាព​ពិតប្រាកដ​គេ​មិនមែន​និយាយ​តែ​មាត់​ដូច​គាត់​(​លោក ហ៊ុន សែន​) និយាយ​ទេ សន្តិភាព​ពិតប្រាកដ​គឺ​គេ​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ ក្នុង​ការ​ក្រោកឈរ ក្នុង​ការ​ប្រឆាំង​ទង្វើ​រដ្ឋាភិបាល ធ្វើ​មិន​គប្បី​ចំពោះ​ខ្លួនឯង​ព្រោះ​ពលរដ្ឋ​គ្រប់​គ្រា​ជា​ម្ចាស់​នៃ​នយោបាយ​ទាំងអស់»

ក្រុម​បាតុករ​ឱ្យ​ដឹង​ដែរ​ថា ការ​ទាមទារ​នេះ​ក៏​ជា​ការ​បញ្ជាក់​ថា ពួកគេ​មិន​ស្វាគមន៍​លោក ហ៊ុន សែន ដែល​គ្រោង​ចូលរួម​កិច្ចប្រជុំ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល នៅ​ប្រទេស​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់ ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ។

ប្រធាន​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង លោក យឹម ស៊ីណន ឱ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​ដែល​មាន​ពលករ​ចូលរួម​ជាង​២០០​នាក់ ក្នុង​ស្ថានភាព​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​នេះ​មិនសូវ​ហ៊ាន​ដើរចេញ​ក្រៅ​ដោយ​ខ្លាច​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូរ៉ូណា បែបនេះ​ជា​ការ​បញ្ជាក់​ថា ពលករ​ខ្មែរ​មាន ភាព​ក្លាហាន ស្រលាញ់​ជាតិ​ជាង​ស្រលាញ់​ជីវិត​។ លោក​បន្ត​ថា ខ្លឹមសារ​សំខាន់ៗ​នៃ​បាតុកម្ម នេះ​គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រឆាំង​ការ​ផ្តល់​ដី​ឱ្យ​ជនជាតិ​វៀតណាម​ជាដើម​៖ «ពលរដ្ឋ​កូរ៉េ​កំពុង​ខ្លាច​បញ្ហា​វីរុស​កូរ៉ូណា​មិន​ហ៊ាន​ចេញ​ដើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បែរជា​ពលរដ្ឋ​ខ្មែរ​របស់​យើង​ជាពិសេស​គឺ​យុវជន​ហ្នឹង​ហ៊ាន​មក​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ទីតាំង​សាធារណៈ​ដោយ​មិន​ខ្លាច​ការ​ឆ្លង​មេរោគ​ហើយ​គេ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​យើង​អត់​មាន​រោគ​ជាង​ខ្លាច ហ៊ុន សែន ដឹកនាំ​ផ្ដាច់ការ​ទេ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រតិកម្ម នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរការ​កាត់ទោស​លោក កឹម សុខា ជា​ឧបាយកល​ពិសពុល​របស់​ក្រុម​ដែល​លោក​ហៅថា​ជា ឧទ្ទាម​ក្រៅច្បាប់។

ក្រុម​បាតុករ​រំពឹង​ថា បើ​រដ្ឋាភិបាល​ស្ដាប់​តាម​ការ​ទាមទារ​របស់​ពួកគេ គឺ​កម្ពុជា​នឹង​អាច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។