គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ថវិកា​ដើម្បី​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍

ដោយ អាន ស៊ីថាវ
2014.11.30
Share on WhatsApp
Share on WhatsApp
បាតុករ បក្ស​សង្គ្រោះ​ជាតិ ៦១០ ក្រុម​បាតុករ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Den Ayuthyea

របៀបវារៈ​នៃ​ការចរចា​នយោបាយ​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជោគជ័យ​នោះ គឺ​ការអនុញ្ញាត​របស់​រដ្ឋាភិបាល ឲ្យ​គណបក្សប្រឆាំង​នេះ អាច​បើក​ស្ថានីយ​ផ្សព្វផ្សាយ វិទ្យុ​និង​ទូរទស្សន៍។ ក្នុង​ដំណើរការ​នៃ បើក​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​សហការ និង​ក្រុមហ៊ុន​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ​មួយ​ឈ្មោះ ស៊ី​អាយ​អឹម (Cambodian Independent Media)

ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុ​ជាមួយ កំពុង​រៀបចំ​ឯកសារ ដើម្បី​ដំណើរ​បើក​ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លិខិតអនុញ្ញាត​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ដែល​ហៅ​កាត់​ថា ស៊ីអាយអឹម អ្នកស្រី គុណ លំអង មានប្រសាសន៍​នៅ​ថ្ងៃ​ទី ៣០​វិច្ឆិកា​ថា អ្នកស្រី មាន​ភាព​ជឿជាក់​ថា នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​ស្ថានីយ​ទូរទស្សន៍ ពី​ក្រសួង​ព័ត៌មាន ប៉ុន្តែ​កត្តា​ដែល​អ្នកស្រី​ព្រួយបារម្ភ​នោះ គឺ​បញ្ហា​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់ ដំណើរការ​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ។ អ្នកស្រី​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន កំពុង​ពិភាក្សា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធានា​ឲ្យ​មាន​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ នៅ​ពេល​ដែល​ស្ថានីយ​នេះ​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។

សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នា​ថ្ងៃ​ទី ២៤​វិច្ឆិកា​បាន​បង្ហាញ​ថា តាម​សំណើ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី និង​លិខិត​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា ស៊ីអាយអឹម ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ បើក​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​នេះ ត្រូវ​មក​បំពេញ​បែបបទ​សុំ​អាជ្ញាប័ណ្ណ។

ទោះជា​យ៉ាងណា​ក៏​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខិតខំ​ប្រឹងប្រែង​សហការ​នឹង​ក្រុមហ៊ុន​នេះ លើ​ការ​បំពេញបែបបទ​សុំ​អាជ្ញាប័ណ្ណ​នេះ។

អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅ​ថ្ងៃ​ច័ន្ទ​ទី​១​ធ្នូ ក្រុមហ៊ុន​នឹង​ដាក់​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​នោះ នៅ​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ដំណើរ​ការ​នៃ​គ្រប់គ្រង​និង​ចាត់ចែង​ស្ថានីយ​នេះ កំពុង​ស្ថិតនៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នៅឡើយ។ លោក​បញ្ជាក់​ទៀត​ថា ទោះបីជា​ក្រុមហ៊ុន​ឯកជន​ណាមួយ​ទទួល​សិទ្ធិ​វិនិយោគ​ក៏ដោយ ប៉ុន្តែ​ស្ថានីយ​នោះ​ត្រូវតែ​ឯករាជ្យ និង​ស្របតាម​វិជ្ជាជីវៈ​ព័ត៌មាន។

ទោះជា​យ៉ាងណាក៏ដោយ ការ​ទទួល​អាជ្ញាប័ណ្ណ​ទូរទស្សន៍ គឺជា​ការ​ព្រមព្រៀងគ្នា​នៅ​របៀបវារៈ​ចរចា​នយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចង់​មាន​ប្រព័ន្ធ​ផ្សព្វ​ព័ត៌មាន​ដោយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។