លោក កឹម សុខា បង្ហាញ​គោល​នយោបាយ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​នៅ​ពេល​ឈ្នះ​ឆ្នោត

ដោយ ថា កិត្យា
2016-11-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​គណបក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​គណបក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហាញ​គោល​នយោបាយ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យ​មាន​ភាព​ជឿនលឿន​ដូច​ប្រទេស​ជិត​ខាង នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។ ការ​សន្យា​នេះ បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​សំណេះសំណាល​រវាង​ថ្នាក់​ដឹកនាំ​កំពូល និង​យុវជន​គណបក្ស​មក​ពី​ខេត្ត​កំពត ស្វាយរៀង និង​ខេត្ត​ព្រៃវែង នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

ការ​អភិវឌ្ឍ​ព្រំដែន​យឺតយ៉ាវ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា​ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បើ​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​នោះ នឹង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ព្រំដែន​ឲ្យ​ជឿនលឿន​តាម​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ។

នៅ​ចំពោះ​មុខ​យុវជន​គណបក្ស​ជាច្រើន​នាក់ លោក កឹម សុខា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​អភិវឌ្ឍ​ខេត្ត​នៅ​ជាប់​ព្រំដែន​តាម​រយៈ​ការ​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន រៀបចំ​ឲ្យ​មាន​ទីផ្សារ វត្ត​អារាម និង​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​កសិកម្ម ជាដើម។ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ​បន្ត​ថា ការ​ដែល​គ្រាន់​តែ​ស្រែក​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជួល​ដី​នៅ​តាម​ព្រំដែន​នោះ គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ៖ «យើង​ត្រូវ​ផ្ដល់​អ្នក​បច្ចេកទេស​កសិកម្ម។ ទី​២ ផ្ដល់​ទុន​ដោយ​គ្មាន​ការប្រាក់ ឬ​ផ្ដល់​ទុន​ដោយ​មាន​ការប្រាក់​ទាប។ ទី​៣ ត្រូវ​តែ​ធានា​ថា ស្វែងរក​ទីផ្សារ​សម្រាប់​អ្នក​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន។ ដី​សម្បទាន​នៅ​តាម​ព្រំដែន​ដក​យក​មក​វិញ​មក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ»

ការ​បង្ហាញ​គោល​នយោបាយ​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ព្រំដែន​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ មើល​ឃើញ​ថា ខេត្ត​ជាប់​ព្រំដែន​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ដូច​វៀតណាម ទេ។ ប្រទេស​វៀតណាម មាន​ទាំង​ប្រព័ន្ធ​ធារាសាស្ត្រ ហើយ​រដ្ឋាភិបាល​វៀតណាម មាន​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​ក្នុង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​គេ​ស្ម័គ្រ​ចិត្ត​រស់នៅ​ខេត្ត​ជាប់​ព្រំដែន និង​ផ្ដល់​ដើមទុន​ឲ្យ​ប្រកប​មុខ​របរ​រកស៊ី​ជាដើម។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គោល​នយោបាយ​អភិវឌ្ឍន៍​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ អាច​ធ្វើ​ទៅ​បាន។ លើស​ពី​នេះ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា នៅ​តាម​តំបន់​ព្រំដែន គឺ​មិន​ត្រូវ​គិត​តែ​រឿង​អភិវឌ្ឍ និង​រឿង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ពោល​គឺ​នៅ​ជុំវិញ​ប្រទេស​សព្វថ្ងៃ ក៏​ត្រូវ​មាន​ការ​កែប្រែ​របៀប​គ្រប់គ្រង​នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ ដូចជា​ដាក់​ពង្រាយ​កង​កម្លាំង និង​តែងតាំង​ចៅហ្វាយ​ស្រុក​ជា​យោធា ជាពិសេស​ឃុំ​ណា​ដែល​មាន​ជនជាតិ​បរទេស​រស់នៅ​ច្រើន គួរ​តែ​មាន​ការ​គ្រប់គ្រង​ផ្ទាល់​ពី​ថ្នាក់​ស្រុក​តែ​ម្តង៖ «នៅ​ឃុំ​ខ្លះ​ដែល​ឋិត​នៅ​តាម​ព្រំដែន គឺ​មិន​មែន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ទៅ ប្រសិន​បើ​យើង​អនុវត្ត​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ។ ថ្ងៃ​ណា​មួយ​មេ​ដឹកនាំ​នៅ​តាម​ឃុំ​នោះ នឹង​មិន​មាន​ដើម​កំណើត​ជា​ខ្មែរ​ទេ ហើយ​គេ​ត្រូវ​ផ្អាក​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​តាម​ព្រំប្រទល់​ដែន​នោះ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ការពារ​ព្រំដែន​របស់​កម្ពុជា ដែរ​នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក ហ៊ុន សែន ឲ្យ​ដឹង​ថា លោក​ទើប​តែ​ចុះ​ហត្ថលេខា​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ភាគ​ខាង​កើត។ លោក​បន្ត​ថា ការ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សមរម្យ​តាម​ទល់ដែន គឺ​ជា​យុទ្ធសាស្ត្រ​ការពារ​មួយ ដែល​លោក​ថា​តែងតែ​ប្រាប់​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត«បាន​ណែនាំ​ខេត្ត​តាកែវ ថ្ងៃ​មុន និង​បណ្ដា​ខេត្ត វិធី​ដែល​ល្អ​ជាង​គេ គឺ​វិធី​ពង្រាយ​ប្រជាជន​ទៅ​តាម​ខេត្ត។ ទាំង​ខាង​កើត ទាំង​ខាង​លិច ទាំង​ខាង​ជើង។ ប៉ុន្តែ​មិន​អាច​យក​ប្រជាជន​ទៅ​ចោល​បាន​ទេ ត្រូវ​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​គាត់។ ជម្រើស​ល្អ​ជាង​គេ​ក្នុង​ការ​ការពារ​ទល់ដែន គឺ​ជម្រើស​ដាក់​ប្រជាពលរដ្ឋ​អភិវឌ្ឍ​នៅ​តាម​ទល់ដែន»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​មាន​អភិបាលកិច្ច​ល្អ ប៉ុន្តែ​មិន​សូវ​មាន​ការ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​ព្រំដែន​ឡើយ។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់ ត្រូវ​មាន​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​ព្រំដែន គឺ​មិន​មែន​ចេះ​តែ​និយាយ​នៅ​លើ​បបូរ​មាត់ និង​នៅ​លើ​ក្រដាស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល