តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើសុំ​តម្កល់​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ខែ សុណង
2016.08.17
Share on WhatsApp
Share on WhatsApp
សព​លោក កែម ឡី ២០១៦ ៨៥៥ ប្រជាពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ សីហា ស្នើសុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី សង់​អំពី​ស្ពាន់​នៅ​ទីលាន​ប្រជាធិបតេយ្យ។ សំណើ​នេះ មាន​បំណង​រំឭក​ដល់​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ផង ចាត់​ទុក​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ​ផង និង​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ផង។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ។

តំណាង​រាស្ត្រ​មណ្ឌល​តាកែវ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​នៅ​ថ្ងៃ​ទី​១៧ សីហា ថា កន្លែង​ដែល​ប្រសើរ​បំផុត​សម្រាប់​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី គឺ​ទីលាន​ប្រជាធិបតេយ្យ។ លោក​ថា ដោយ​ពលរដ្ឋ​ខ្មែរ​មើល​ឃើញ​លោក​បណ្ឌិត កែម ឡី ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ ដូច្នេះ​ទីលាន​ប្រជាធិបតេយ្យ គឺ​ជា​កន្លែង​ស័ក្ដិសម​បំផុត​សម្រាប់​រូប​សំណាក​លោក​បណ្ឌិត ដែល​លោក​គិត​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​មិន​បដិសេធ​នោះ​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​បន្ត​ថា «រូប​នេះ​ធ្វើ​មួយ​ជំហរ​ប៉ិន​រូប​គាត់​តែ​ម្ដង ហើយ​បោះ​ជំហាន​ទៅ​មុខ​មាន​ពាក់​អាវ​ដៃ​ខ្លី មាន​ក្រវាត់​ក មាន​ដាក់​ប៉ិច ដូច​រូប​គាត់​នៅ​រស់​អ៊ីចឹង។ បើ​សិន​ជា​អាច រាជធានី​ភ្នំពេញ​គាត់​អនុញ្ញាត យើង​នឹង​សុំ​កូន​សួន​មួយ​នៅ​ជុំវិញ ប្រហែល​ជា​មួយ ឬ​ពីរ​ម៉ែត្រ​នៅ​ជុំវិញ​ហ្នឹង ដើម្បី​តាក់តែង​ដាក់​ពាក្យ​ស្អី​ដែល​លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​កាល​ពី​នៅ​រស់ ដូចជា​ជូត​ទឹក​ភ្នែក​បន្ត​ដំណើរ​ទៅ​មុខ ត្រូវ​និយាយ​ការ​ពិត កុំ​និយាយ​ការពារ ជុំវិញ​រូប​សំណាក»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន ដើម្បី​បំភ្លឺ​ចំពោះ​ការ​ស្នើសុំ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ សីហា។

តំណាង​រាស្ត្រ​មណ្ឌល​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់​ថា អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី និង​រូប​លោក​ផ្ទាល់ បាន​រៃអង្គាស​ថវិកា​បាន​ជាង ៥​ពាន់​ដុល្លារ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ទិញ​វត្ថុ​ធាតុ ដើម្បី​ស្មូន​រូប​សំណាក​លោក​បណ្ឌិត កែម ឡី អំពី​ស្ពាន់។ លោក​ថា ដោយសារ​ជាង​ស្មូន​នោះ​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ជាង​ស្មូន​នោះ​មិន​យក​កម្រៃ​ឈ្នួល​នោះ​ទេ។ លោក​ថា លោក​ចង់​សាងសង់​រូប​សំណាក​នេះ​ឲ្យ​បាន​រួច​រាល់​នៅ​មុន​ខួប ១០០​ថ្ងៃ​នៃ​ពិធី​បុណ្យ​ខួប​លោក​បណ្ឌិត កែម ឡី។

ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ដែល​ធ្លាប់​ជា​ដៃគូ​ពិភាក្សា និង​វិភាគ​ស្ថានភាព​នយោបាយ និង​សង្គម​ជាមួយ​លោក​បណ្ឌិត កែម ឡី បាន​ស្នើ​ថា ប្រសិន​បើ​ជាតិ​ខ្មែរ​អាច​រក្សា​ការពារ​ពន្លឺ​នៃ​ការ​ពិត ដែល​លោក​បណ្ឌិត កែម ឡី ជា​តំណាង​នោះ ឲ្យ​នៅ​តែ​ភ្លឺ​ចែងចាំង​រហូត​ត​រៀង​ទៅ ជាតិ​ខ្មែរ​គួរ​តែ​សាងសង់​រូប​សំណាក​ធំ​មួយ​របស់​លោក​បណ្ឌិត កែម ឡី ទុក​ជា​ស្តូប​អនុស្សាវរីយ៍​ដែល​ជា​អវតារ​តំណាង​ឲ្យ​ពន្លឺ​នៃ​ការ​ពិត​នេះ និង​ប្រារព្ធ​ដាក់​ឈ្មោះ​ថា “អាទិទេព​នៃ​សច្ចធម៌” ដោយ​មាន​ចំណារ​ចារិក​សុភាសិត​នៅ​ពី​ក្រោម​រូប​សំណាក​នោះ​ថា “យុត្តិធម៌​ត្រូវ​តែ​មាន ទោះ​ជា​មេឃ​ត្រូវ​រលំ ភ្នំ​ត្រូវ​រលាយ​ក៏ដោយ”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។