បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល ចង់​ឱ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​​ជា​គំរូ​មុន​គេ រឿង​បញ្ឈប់​ការ​លាប​ពណ៌​គ្នា

ដោយ ទីន ហ្សាការីយ៉ា
2019-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង (ឆ្វេង) អនុ​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ និង​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​​រដ្ឋមន្ត្រី​ការពារ​ជាតិ។
លោក អេង ឆៃអ៊ាង (ឆ្វេង) អនុ​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ និង​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​​រដ្ឋមន្ត្រី​ការពារ​ជាតិ។
រូប៖ សន ចាន់រដ្ឋា និង​ហ្វេសប៊ុក General TEA Banh

គណបក្ស សង្គ្រោះ​ជាតិ ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​តែ​​បង្ហាញ​សុឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចង់​លុប​បំបាត់​វប្បធម៌​នៃ​ការ​លាប​ពណ៌​ ដោយ​សារ​របប​នេះ​បាន​លាប​ពណ៌ និង​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ នេះ បាន​ទទួល​ស្គាល់​ថា ការ​លាប​ពណ៌​គ្នា គឺ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ។

អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ នៃ​របប​នេះ​តែ​ម្ដង គឺ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​អ្នក​មិន​គាំទ្រ​ការ​ដឹក​នាំ​របស់​ខ្លួន​ថា ជា​ក្រុម​ប្រឆាំង ហើយ​បាន​លាប​ពណ៌​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ថា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​បដិវត្តន៍​ពណ៌ ជាពិសេស​បាន​ចោទ​លោក កឹម សុខា ថា ក្បត់​ជាតិ ដោយ​គ្មាន​មូលដ្ឋាន​នោះ​ឡើយ។

លោក​ថ្លែង​ទៀត​ថា ផល​វិបាក​ដែល​កើត​ចេញ​ពី​ការ​លាប​ពណ៌​នេះ គឺ​ប្រជាជាតិ​ខ្មែរ​នឹង​នៅ​តែ​បន្ត​រស់​ក្នុង​ភាព​បែក​បាក់​គ្នា ហើយ​​ការ​អភិវឌ្ឍ​ជាតិ​មិន​មាន​ដំណើរ​លឿន​រហ័ស​ទៅ​មុខ​នោះ​ឡើយ។ ដូច្នេះ​លោក​ស្នើ​ឱ្យ​គ្រប់​ភាគី​នយោបាយ ជាពិសេស ក្រុម​អ្នក​កាន់​អំណាច បញ្ឈប់​ការ​លាប​ពណ៌​អ្នក​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ត​ទៅ​ទៀត៖ «បើគាត់​មិន​ចង់​ឱ្យ​មាន​ការ​លាប​ពណ៌ មិន​ចង់​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌​ទេ គឺ​គណបក្ស​គាត់​ដែល​កំពុង​កាន់​អំណាច​ហ្នឹង បញ្ឈប់​ការ​ចោទ​ប្រកាន់ ចាប់​អ្នក​ដែល​មាន​ទស្សនៈផ្ទុយ​ពី​ពួក​គាត់​ទៅ អា​ហ្នឹង​គឺ​វា​សុខ​ទាំង​អស់​គ្នា​ហើយ។ បើ​ពួក​គាត់​នៅ​តែ​បន្ត​លាប​ពណ៌ អា​ហ្នឹង​គឺ​ធ្វើ​ឱ្យ​សង្គម​កាន់​តែ​បែក​បាក់​ហើយ ព្រោះ​គ្រោះ​ថ្នាក់​ជាតិ​ វា​មិន​មែន​អ្នក​អត់​អំណាច​ធ្វើ​ទេ។ គ្រោះថ្នាក់​ជាតិ ការ​បែក​បាក់​ជាតិ គឺ​អ្នក​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​ប្រព្រឹត្ត​លើ​អ្នក​អត់​អំណាច»

ប្រតិកម្ម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​សារ​នយោបាយ​ដ៏​កម្រ​មួយ គឺ​លោក​ទទួល​ស្គាល់​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នៅ​ក្នុង​សង្គម។

ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​របស់​លោក​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​ផ្កាយ៤ លោក ទៀ បាញ់ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៤ មេសា​ថា​ ការ​លាប​ពណ៌​គ្នា​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ រហូត​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​គួរ​តែ​ស្វែង​យល់​អំពី​រូបភាព និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នេះ ហើយ​លោក​ក៏​ស្នើ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​បញ្ហា​នេះ​ផង​ដែរ។

មន្ត្រី​ថ្នាក់​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​រូប​នេះ ​​មិន​បាន​រៀប​រាប់​ឱ្យ​លម្អិត​ថា ក្រុម​ណា​មួយ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​ឲ្យ​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ គឺ​លោក ទៀ បាញ់ ខ្លួន​ឯង​តែ​ម្ដង ​ជា​អ្នក​ដែល​តែង​តែ​ចោទប្រកាន់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ តាម​រយៈ​បដិវត្តន៍​ពណ៌។ លោក​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​ទាំង​អស់​ត្រូវ​ទប់​ស្កាត់​ចលនា​នេះ​ឱ្យ​បាន​ជា​ដាច់ខាត ហើយ​លោក​ថែម​ទាំង​ព្រមាន​វាយ​បំបាក់​ធ្មេញ​ជន​ណា​ក៏​ដោយ​ ដែល​ហ៊ាន​ងើប​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ទៀត​ផង។

លោក អេង ឆៃអ៊ាង យល់​ថា សារ​របស់​លោក ទៀ បាញ់ នេះ គឺ​គ្រាន់​តែ​ដើម្បី​លុប​លាង​ទង្វើ​រំលោភ​បំពាន​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​កន្លងមក​ របប​នេះ​តែង​តែ​លាប​ពណ៌ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​ពួក​គេ។ លោក​បន្ថែម​ថា មក​ទល់​នឹង​ពេល​នេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​តែ​ប្រើ​ភាសា​បែប​ហិង្សា ចោទ​ប្រកាន់ និង​លាប​ពណ៌​គណបក្ស​ប្រឆាំង​ដដែល បើ​ទោះបី​ជា​រឿង​ខ្លះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក៏​ដោយ៖ «ចោទ​ថា យើង​ផ្ដួល​រំលំ យើង​ក្បត់​ជាតិ! តាម​ការ​ពិត​យើង​មាន​អំណាច​អី ដែល​ទៅ​ធ្វើ​ឱ្យ​មាន​ការ​ក្បត់​ជាតិ​ហ្នឹង ហើយ​យើង​ដែល​ទៅ​មាន​គំនិត​ផ្ដួល​រំលំ​ហ្នឹង​ពី​ណា? យើង​គ្រាន់​តែ​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​​នៅ​កម្ពុជា​តាម​រយៈ​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណឹង។ យើង​មិន​ដែល​ស្គាល់​ថា អ្វី​ជា​បដិវត្តន៍​ពណ៌​ផង​ហ្នឹង។ មិន​ដឹង​ជា​ស្អី​បដិវត្តន៍​ពណ៌​ហ្នឹង? មិន​ដឹង​បដិវត្តន៍​បែប​យ៉ាង​ម៉េច ព្រោះ​ធម្មតា​ ទោះបី​គេ​ចង់​និយាយ​ពី​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ខ្លះ​ ក៏​វា​ជា​បដិវត្តន៍​ផ្នត់​គំនិត​ដែរ វា​មិន​មែន​បដិវត្តន៍​ប្រដាប់​អាវុធ​ឯ​ណា»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ទទួល​ស្គាល់​ថា គណបក្ស​ប្រឆាំង​ក៏​មានការ​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​លើ​គណបក្ស​កាន់​អំណាច​ដែរ ក៏​ប៉ុន្តែ​ករណី​ទាំងនោះ​ មិន​បង្ក​គ្រោះ​ថ្នាក់​ឡើយ​ ព្រោះ​គ្រាន់​តែ​ជា​ការ​និយាយ មិន​ដូច​ការ​លាប​ពណ៌​របស់​ក្រុម​អ្នក​កាន់​អំណាច​នោះ​ឡើយ។

ពាក្យ​ចោទ​ប្រកាន់​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​តែង​ឮ​ជា​ញឹក​ញាប់​នោះ មាន​ជាអាទិ៍ លោក ហ៊ុន សែន ​ក្បត់ជាតិ កាត់​ទឹក​ដី​ឱ្យ​បរទេស ឬ​រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​រណប​បរទេស​ជា​ដើម។

ចំណែក​ របប​លោក ហ៊ុន សែន វិញ ក៏​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ជា​ច្រើន​ចំណុច​ផង​ដែរ ក៏​ប៉ុន្តែ​ករណី​សំខាន់​ជាង​គេ​នោះ គឺ​ការ​ចោទ​ថា ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មាន​បំណង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌ បន្ទាប់​ពី​គណបក្ស​នេះ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ ​មន្ត្រី​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន បាន​ទន្ទេញ​ចាំមាត់​គ្រប់ៗ គ្នា អំពី​ពាក្យ​ថា “បដិវត្តន៍​ពណ៌” ហើយ​នៅ​ចុង​អាណត្តិទី៥ ពាក្យ​ បដិវត្តន៍​ពណ៌​ក៏​ត្រូវ​បាន​របប​នេះ ​យក​ទៅ​​ប្រើ​ជា​មូលដ្ឋាន​ក្នុង​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ។

ថ្វីត្បិត​តែ​របប​ក្រុង​ភ្នំពេញ​បាន​ក្ដោប​យក​អំណាច​តែម្នាក់​ឯង​នៅ​អាណត្តិទី៦ នេះ​ក៏​ដោយ ក៏​ពាក្យ​ “បដិវត្តន៍​ពណ៌” មិន​ទាន់​រសាត់​បាត់​ទៅ​ណា​ឡើយ។ ពាក្យ​នេះ​នៅតែ​​ពេញ​និយម​សម្រាប់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ដដែល​ ជាពិសេស​នៅ​​ពេល​ពួក​គេ​និយាយ​ដល់​ចំណាត់​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ការ​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ វ៉េង ស្រេង និង​ក្បែរ​រោង​ចក្រ​យ៉ាកជីង ព្រម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា វប្បធម៌​លាប​ពណ៌​គ្នា​ក្នុង​សង្គម​ខ្មែរ នៅ​តែ​កើត​មាន​ គ្មាន​ការ​ថមថយ​នោះ​ឡើយ​ តាំងតែពី​សម័យ​មុន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ជា​ឧទាហរណ៍​រូប​លោក​ផ្ទាល់ បាន​រង​ការ​ចោទ​ថា ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាង ២០ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ការងារ​របស់​លោក​ គឺ​ដើម្បី​បុព្វហេតុ​នៃ​ផល​ប្រយោជន៍​របស់​កម្មករ គ្រូបង្រៀន និង​ការ​រីក​ដុះដាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្ដី។ លោក​ថា វប្បធម៌​លាប​ពណ៌​គ្នា​នេះ គឺ​ជា​រឿង​អាក្រក់​បំផុត ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រេះឆា​គ្នា​ក្នុង​សង្គម។ លោក​បន្ថែម​ថា ​អ្នក​នយោបាយ​ខ្មែរ​ល្មម​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​តទៅ​ទៀត​ហើយ ទោះបី​ជា​ការ​លាប​ពណ៌​នោះ ជា​រឿង​បុគ្គល​ឯកជន ឬ​ជា​រឿង​ជាតិ​ក្តី ពីព្រោះ​វា​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ​សម្រាប់​កម្ពុជា៖ «ការ​លាប​ពណ៌​រឿង​បុគ្គល​ រឿង​ស្ថាប័ន​ ខ្ញុំ​គិត​ថា គួរ​តែ​បញ្ចប់​ទាំង​អស់។ យើង​មិន​ត្រូវ​ប្រើប្រាស់​ការ​លាប​ពណ៌​គ្នា​នោះ​ទេ។ យើង​ត្រូវ​គិត​បញ្ហា​ជាតិ​ជាធំ។ ​ករណី​ចាប់​មេ​បក្ស​ប្រឆាំង ហើយ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ​ ដែល​អន្តរជាតិ និង​ជាតិ យើង​មើល​ឃើញ​ថា វា​ជា​រឿង​មួយ​អយុត្តិធម៌​បំផុត។ វា​ជា​រឿង​មួយ រំលោភ​ទៅលើ​ឆន្ទៈ​របស់​ពលរដ្ឋ​កន្លះ​នគរ»

អតីត​សមាជិក គ..ប រូប​នេះ ជឿ​ជាក់​ថា វប្បធម៌​នៃ​ការ​លាប​ពណ៌​គ្នា​នេះ អាច​​នឹង​ត្រូវ​លុប​បំបាត់​ចេញ​ពី​សង្គម​ខ្មែរ ប្រសិនបើ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ផ្ដល់​ភាព​ជា​គំរូ​មុន​គេ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល