មន្ត្រីបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន វាយ​ប្រហារ​បក្ស​ប្រឆាំង នៅ​ចំពោះ​មុខ​សិស្ស​ គ្រាន់​តែ​ចង់​កេង​ចំណេញ​នយោបាយ

ដោយ ថន ថារ៉ូ
2018-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេទិកា​ជំនួប​លោក ហ៊ុន សែន និង​សិស្ស​ពូកែ​ជាប់​និទ្ទេសA នៅ​វិមាន​សន្ដិភាព រាជធានីភ្នំពេញ ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
វេទិកា​ជំនួប​លោក ហ៊ុន សែន និង​សិស្ស​ពូកែ​ជាប់​និទ្ទេសA នៅ​វិមាន​សន្ដិភាព រាជធានីភ្នំពេញ ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

មន្ត្រីគណបក្សប្រឆាំង​ចាត់​ទុក​ការ​វាយ​ប្រហារ​របស់​លោក ហ៊ុន សែន ថា បក្ស​ប្រឆាំង មិន​ដែល​ចូលរួម​អបអរ​សាទរ​សិស្ស​ពូកែ កីឡាករ​ឆ្នើម ឬ​កិច្ច​ខិតខំ​ដាក់​បញ្ជូល​ប្រាសាទ​បុរាណ​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​នោះ គ្រាន់​តែ​ជា​ការ​កេង​ចំណេញ​នយោបាយ លើ​ក្រុម​សិស្សា​នុសិស្ស គ្រូ​បង្រៀន និង​កីឡាករ​តែ​ប៉ុណ្ណោះ។ សង្គម​ស៊ីវិល​ឃ្លាំមើល​វិស័យ​អប់រំ​យល់​ថា ក្នុង​ជំនួប​ជាមួយ​សិស្ស​ពូកែ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ផុត​លេខ​នៃ​របប​មួយ គួរ​ផ្ដល់​ដំបូន្មាន ឬ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សា​នុសិស្ស​ឲ្យ​ខិតខំ​រៀន ជា​ជាង​យក​វេទិកា​ជួប​សិស្ស​ពូកែ​ទៅ​ប្រើប្រាស់ ដើម្បី​កេង​ចំណេញ ឬ​ដុត​បញ្ឆេះ​នយោបាយ។

ប្រធានចលនា​យុវជន​គណបក្ស សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ ថ្លែង​ថា លោក ហ៊ុន សែន មិន​បាន​បំពេញ​តួនាទី​ជា​មេ​ដឹក​នាំ​របប​ទេ តែ​បាន​ប្រើប្រាស់​ពេល​វេលា និង​ថវិកា​ជាតិ ថ្លែង​ក្នុង​នាម​មេ​គណបក្ស​នយោបាយ​មួយ​ទៅ​វិញ។ លោក ហ៊ីង សុខសាន្ដ មើល​ឃើញ​ថា ការ​បន្ទោស​បង្អាប់ ឬ វាយ​ប្រហារ​គណបក្ស​ប្រឆាំង នៅ​ចំពោះ​មុខ​សិស្ស​និទ្ទេសA ជា​ការ​ចង់​ទាក់ទាញ​ប្រជាប្រិយភាព​នយោបាយ​ពី​ក្រុម​សិស្ស លោកគ្រូ​អ្នកគ្រូ និង​កីឡាករ​តែ​ប៉ុណ្ណោះ៖ «»

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ប្រើ​ពេល​ជាង ២ម៉ោង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៨ វិច្ឆិកា ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ពូកែ និទ្ទេសA ទូទាំង​ប្រទេស នៅ​វិមាន​សន្ដិភាព នៃ​គណៈរដ្ឋមន្ត្រី​របប​ក្រុង​ភ្នំពេញ។

លោក ហ៊ុន សែន ថា លោក​អន់​ចិត្ត​នឹង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង មិន​ដែល​សរសើរ​ពី​កិច្ច​ខិតខំ​របស់​របប​​លោក ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ ដើម្បី​ធ្វើ​ឲ្យ​កូន​របស់​ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​​ទទួល​បាន​និទ្ទេសA កែ​ទម្រង់​ឲ្យ​កីឡាករ​ឈ្នះ​មេដាយ ការ​ដាក់​បញ្ចូល​ប្រាសាទ​បុរាណ​របស់​ខ្មែរ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ដើម។ លោក ហ៊ុន សែន អះអាង​ថា លោក​តែង​បាន​សរសើរ​​កូនៗ​ របស់​ក្រុម​បក្ស​ប្រឆាំង ពេល​រៀន​សូត្រ​ពូកែ។ ប៉ុន្តែ​ក្រុម​ប្រឆាំង មិន​ដែល​សរសើរ​កូន​របស់​លោក​ទេ ហើយ​ថែម​ទាំង​វាយ​ប្រហារ​កូន​លោក​ទៀត​ផង៖ «»

បើទោះជា​លោក ហ៊ុន សែន អួត​ថា តែង​សរសើរ​កូន​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ក្ដី ប៉ុន្ដែ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ្គ សុទ្ធតែ​ធ្លាប់​ព្រមាន​​ចាប់​ខ្លួន​កូន​ស្រី​លោក កឹម សុខា មេ​បក្ស​ប្រឆាំង។ ចំណែក​ការ​អះអាង​ថា អាណត្តិ​ទី៥ ជា​អាណត្តិ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ជោគជ័យ ត្រូវ​បាន​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ចាត់​ទុក​ថា គ្រាន់​តែ​ជា​ការ​ឃោសនា​នយោបាយ។

លទ្ធផល​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់ឌុប (Bac-II) ឆ្នាំ២០១៨ ត្រូវ​បាន​ប្រកាស​លទ្ធផល ២ដង គឺ​ដោយ​​សារ​ មាន​ការ​តវ៉ា​ពី​ក្រុម​សិស្សានុសិស្ស ហើយ​ក្រសួង​អប់រំ​រក​ឃើញ​ថា មាន​កំហុស​ខាង​បច្ចេក​ទេស​​ មិន​បាន​បញ្ជូល​ពិន្ទុ​គណិត​វិទ្យា។ ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ សិស្ស​ពូកែ​និទ្ទេសA នៅ​ទូទាំង​ប្រទេស មាន​ចំនួន​ ៤០៨នាក់។

ប្រធាន​សមាគមគ្រូប​ង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី សង្កេត​ឃើញ​ថា មិន​មែន​ជា​លើក​ទី​១ ទេ ដែល​លោក ហ៊ុន​ សែន ប្រើប្រាស់​វេទិកា​ជួប​សិស្ស​ពូកែ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់។ គ្រូ​បង្រៀន​រូប​នេះ យល់​ថា ក្រុម​សិស្ស​និទ្ទេសA សុទ្ធតែ​ជា​សិស្ស​ពូកែ ហើយ​ពួក​គេ​សុទ្ធតែ​យល់​ច្បាស់​ពី​រឿង​នយោបាយ​ទាំង​នេះ គ្រាន់តែ​ពួក​គេ​មិន​ចង់​និយាយ។ ដូច្នេះ លោក ហ៊ុន សែន គួរ​តែ​ជំរុញ​ឲ្យ​ពួក​គេ​ខិតខំ​រៀន ជា​ជាង​ការ​យក​វេទិកា​បែប​នេះ ទៅ​វាយ​ប្រហារ​ដៃគូ​ម្ខាង​ទៀត៖ «»

លោក ហ៊ីង សុខសាន្ដ ពន្យល់​ថា ការ​លើក​តម្កើង និង​ផ្ដល់​កិត្តិយស ជូន​សិស្ស​ពូកែ អ្នក​មាន​ស្នាដៃ​ជូន​ជាតិ មិន​មែន​ជា​កាតព្វកិច្ច​របស់​គណបក្ស​នយោបាយ​ទេ ជា​កាតព្វកិច្ច​របស់​ស្ថាប័ន​រដ្ឋ ហើយ​បច្ចុប្បន្ន លោក ហ៊ុន សែន បាន​ច្បាម​ដណ្ដើម​យក​ការងារ​​របស់​រដ្ឋមន្ត្រី ក្នុង​ការ​ជួប​សិស្ស​ពូកែ ឬ ចែក​សញ្ញាប័ត្រ​តែ​ម្នាក់​ឯង គឺ​គ្រាន់​តែ​សង្ឃឹម​ថា នឹង​ទទួល​បាន​​ប្រជាប្រិយភាព​នយោបាយ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល