“គោលការណ៍​ថ្មី​របស់​ក្រសួង​មហាផ្ទៃ​បង្ក​ការ​លំបាក​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត"

ដោយ មួង ណារ៉េត
2017-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr
ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​បទបញ្ជា​ថ្មី​របស់​ក្រសួង​មហាផ្ទៃ ដែល​ដក​សិទ្ធិ​មេ​ឃុំ-​ចៅសង្កាត់ មិន​ឲ្យ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ថា នាំ​ឲ្យ​បង្ក​ការ​លំបាក និង​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គ.ជ.ប ថា នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​នីតិវិធី និង​បែបបទ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​សម្រាប់​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​ក្រសួង​មហាផ្ទៃ សម្រេច​កែប្រែ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​ពលករ​ចំណាក​ស្រុក​ដែល​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត ព្រោះ​គេ​ដក​សិទ្ធិ​មេ​ឃុំ ឬ​ចៅសង្កាត់​ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ។

លោក គី វណ្ណដារ៉ា ដែល​ជា​តំណាងរាស្ត្រ​មួយ​រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ ៦​រូប​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សរសេរ​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​បំភ្លឺ​រឿង​នេះ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា លោក​មិន​យល់​ថា  ហេតុអ្វី​បានជា​ការ​ដក​ហូត​សិទ្ធិ​ពី​មេ​ឃុំ ឬ​ចៅសង្កាត់​បែប​នេះ៖ «មុន​បោះ​ឆ្នោត​ឃុំ-​សង្កាត់​ហ្នឹង គឺ​ក្រសួង​មហាផ្ទៃ បាន​ប្រគល់​កិច្ចការ​ហ្នឹង​ឲ្យ​ទៅ​មេ​ឃុំ-ចៅសង្កាត់​ធ្វើ។ ប៉ុន្តែ​ឥឡូវ​នេះ កិច្ច​ការងារ​ដ៏​មាន​សារសំខាន់​ហ្នឹង​ឲ្យ​ទៅ​ប៉ូលិស​ឃុំ-​សង្កាត់​ធ្វើ​ទៅ​វិញ។ អ៊ីចឹង​នេះ​ជា​កិច្ចការ​មួយ​ដែល​វា​បង្ក​លក្ខណៈ​ស្មុគស្មាញ​ទៅ​ដល់​ការ​ធ្វើ​លិខិត​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​វា​អាច​បង្ក​លក្ខណៈ​លំបាក​ទៅ​ដល់​អ្នក​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​គាត់​ហ្នឹង»

ការ​ដក​ហូត​សិទ្ធិ​នេះ ទើប​តែ​កើត​មាន​ក្រោយ​បោះឆ្នោត​ឃុំ-​សង្កាត់ ពោល​គឺ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ជា​មេ​ឃុំ និង​ចៅសង្កាត់​ជាតិ ៥០០​ឃុំ-​សង្កាត់។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី ក៏​បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​ដែល​កើត​ចេញ​ពី​នីតិវិធី និង​បែប​បទ​ថ្មី​នេះ​ដែរ ព្រោះ​តម្រូវ​ឲ្យ​ពលរដ្ឋ​ត្រូវ​រាយការណ៍​អំពី​ការ​ស្នាក់នៅ​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ដើម្បី​បាន​ទម្រង់ ក-៨ សិន រួច​ហើយ​បាន​យក​ទៅ​ជួប​សាលា​ឃុំ ឬ​សាលាសង្កាត់​ម្ដង​ទៀត។ ដូច្នេះ ពួកគាត់​ត្រូវ​ធ្វើ​ពី​ដំណាក់កាល។

លោក​បន្ត​ថា កាល​ពី​នីតិវិធី​ចាស់​ការ​ស្នាក់នៅ​អត់​មាន​កំណត់​ពេល​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ នីតិវិធី​ថ្មី​កំណត់​ឲ្យ​ការ​ស្នាក់​នៅ​ទាល់​តែ​បាន​រយៈពេល ៣០​ថ្ងៃ​សិន ទើប​គេ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​បាន។ លោក​យល់​ថា ប្រការ​នេះ​វា​បង្ក​ការ​លំបាក និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ចង់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៖ «កាល​ណា​ស្មុគស្មាញ លោក​ដឹង​ស្រាប់​ហើយ! ប្រជាពលរដ្ឋ​ខ្មែរ លោក​បោះបង់​សិទ្ធិ​បោះឆ្នោត​ហ្នឹង​ហើយ! បាន​ន័យ​ថា គាត់​អត់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី គាត់​នឹង​គ្មាន​សិទ្ធិ​ទៅ​បោះឆ្នោត​នោះ​ទេ​នៅ​ថ្ងៃ​បោះឆ្នោត​មក​ដល់»

ចំណែក​ឯ​លោក គី វណ្ណដារ៉ា វិញ​យល់​ថា ការ​ដក​ហូត​សិទ្ធិ​របស់​មេ​ឃុំ ឬ​ចៅសង្កាត់ ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​ទី​លំនៅ​នេះ គឺ​មិន​ត្រឹមតែ​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​វិមជ្ឈការ​អំណាច​ទៅ​ថ្នាក់​មូលដ្ឋាន​ឃុំ-​សង្កាត់។ ហេតុ​ដូច្នេះ​ហើយ ទើប​លោក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥​រូប​ផ្សេង​ទៀត សុំ​បំភ្លឺ​ពី​ក្រសួង​មហាផ្ទៃ ក្នុង​រឿង​នេះ ព្រោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​និយាយ​ផ្សេង អនុវត្ត​ផ្សិង៖ «ថ្នាក់ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​តែងតែ​និយាយ​ថា យើង​ចង់​ឲ្យ​ប្រទេស​ខ្មែរ​ហ្នឹង​មាន​វិមជ្ឈការ​រឹង​មាំ។ តើ​រឹងមាំ​យ៉ាង​ម៉េច? បើ​គ្រាន់​តែ​ក្រោយ​ពី​បោះឆ្នោត ២០១៧ ឃើញ​រដ្ឋបាល​អនុវត្ត​ខុស​ពី​ប្រក្រតី​ទៅ​ហើយ​នោះ»

​អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ចាត់​ទុក​ថា រឿង​នេះ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ ហើយក៏​មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប នោះ​ដែរ។ លោក​បញ្ជាក់​ថា គ.ប.ជ គោរព​តាម​ច្បាប់ និង​គោលការណ៍​របស់ គ.ជ.ប។ កាល​ណា​ពលរដ្ឋ​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ត្រឹមត្រូវ និង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត គ.ជ.ប នឹង​ចុះ​ឈ្មោះ​ជូន​ពួកគាត់​ភ្លាម។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប​ជាង ១,៤​លាន​នាក់។ អ្នក​ទាំង​នោះ ភាគ​ច្រើន​ជា​ពលករ​ចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ដាក់​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ ឬ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស ឬ​កន្លែង​ដែល​ពួកគាត់​កំពុង​ធ្វើ​ការ​នោះ​បាន។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​ធ្លាប់​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​រំខាន​ដល់​ពលករ​ចំណាកស្រុក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល