ក្រុម​មេដឹកនាំ​សង្គ្រោះជាតិ​ថា នឹង​វិល​ទៅ​តតាំង​ក្ដី បើ​របប​លោក ហ៊ុន សែន ព្រម​ដក​បម្រាម​ចេញ

ដោយ សុជីវី
2020.10.21
សម រង្ស៊ី អេង ឆៃអ៊ាង អ៊ូ ច័ន្ទរ័ត្ន ៦២២ កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដកចេញ​បម្រាម និង​លុបចោល​វិធានការ​មួយ​ចំនួន ដើម្បី​បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​អាច​វិល​ទៅ​កម្ពុជា​វិញ​បាន​។ ការ​ទាមទារ​នេះ គឺ​ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​០៩ រូប ឱ្យ​ចូលរួម​ក្នុង​សវនាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឧបឃាត ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា ខាងមុខនេះ។

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២១ តុលា ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ទៅ​កម្ពុជា​វិញ ផ្ដល់​សុពលភាព​លើ​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ ដែល​ក្រសួងការបរទេស​បាន​លុបចោល និង​សរសេរ​លិខិត​ទៅ​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ប្រទេស​ថៃ ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​អាច​ចេញចូល​បាន។ ជាពិសេស គណបក្ស​នេះ​ទទូច​ដល់​អាជ្ញាធរ​បញ្ឈប់​ទង្វើ​រារាំង ហាមឃាត់ បំភិតបំភ័យ និង​ចាប់ចង​ពលរដ្ឋ ដែល​ចង់​ទៅ​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​គូស​បញ្ជាក់​ថា បើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក អាច​ធ្វើ​បែបនេះ​បាន នោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​ក្នុង​ពាល​ឆាប់ៗ​នេះ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រាប់​អាស៊ីសេរី​បន្ថែម​ថា របប​លោក ហ៊ុន សែន បាន​ដកហូត​សិទ្ធិ​ពលរដ្ឋ​របស់​លោក និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត តាមរយៈ​ការលុបចោល​លិខិតឆ្លងដែន និង​បន្ត​រាំង​ខ្ទប់​មិន​ឱ្យ​ពួក​លោក​បាន​វិល​ទៅ​កម្ពុជា​វិញ​។ លោក​ថា នេះ​ជា​ការ​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ ដូច្នេះ​មិនបាច់​និយាយ​ដល់​រឿង​ក្ដីក្ដាំ ដែល​តុលាការ​ក្រុងភ្នំពេញ​កំពុង​គាស់កកាយ​នៅ​ពេល​នេះ​នោះ​ទេ៖ «វា​មិនមែន​ជា​រឿង​យុត្តិធម៌ ជា​រឿង​គោរព​ច្បាប់​ទេ ជា​រឿង​នយោបាយ​ដែល​លោក ហ៊ុន សែន ហ្នឹង​ការពារ​អំណាច​ដែល​គាត់​ចាត់ទុកថា ជា​អំណាច​របស់​គាត់។ ហើយ​អ្វី​ដែល​យើង​បាន​ធ្វើ គឺ​យើង​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​នយោបាយ គោរព​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​ដែល​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»

កាល​ពី​ថ្ងៃ​ទី​១៩ តុលា តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩ រូប​ដែល​កំពុង​រស់នៅ​និរទេស​នៅ​ក្រៅ​ប្រទេស ឱ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​ជំនុំជម្រះ​ពី​បទ “​ឧបឃាត​” នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ខាងមុខ​។ តាម​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៥១ ឧបឃាត គឺជា​ការប្រព្រឹត្ត​អំពើ​ហិង្សា​មួយ ឬ​ច្រើន ក្នុង​គោលបំណង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​ជាតិ ឬ​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​បូរណភាព​ដែនដី​ជាតិ ហើយ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​៣០ ឆ្នាំ។

ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ទាំង ៩ រូប​ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ រួមមាន លោក សម រង្ស៊ី និង​ភរិយា អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និង​លោក នុត រំដួល។ អ្នកនយោបាយ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង​០៩ រូប គឺជា​អ្នក​ដែល​បាន​ប្រជុំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ និង​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្សី កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ។

ទោះជា​យ៉ាងណា សវនាការ​នេះ​ត្រូវ​បាន​អ្នកឃ្លាំមើល​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​នយោបាយ​ច្រើនជាង​ការអនុវត្ត​តាមច្បាប់ ព្រោះ​តុលាការ​មិនបាន​អន្តរាគមន៍​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ទាំងនោះ អាច​ចូលរួម​ក្នុង​សវនាការ​បាន​ឡើយ ស្រប​ពេល​រដ្ឋាភិបាល​បន្ត​បិទ​ផ្លូវ​មិន​ឱ្យ​ពួកគេ​វិល​ចូល​កម្ពុជា​វិញ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា តុលាការ​មាន​ឆន្ទានុសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​សម្របសម្រួល​ឱ្យ​ជនជាប់ចោទ អាច​មក​តតាំង​ក្តី​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជនជាប់ចោទ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​។ លោក​ថា បើ​រដ្ឋាភិបាល​នៅតែ​រាំង​ខ្ទប់​មិន​ឱ្យ​ជនជាប់ចោទ​ចូលរួម​ក្នុង​សវនាការ ហើយ​តុលាការ​នៅតែ​បន្ត​នីតិវិធី​ទៀត នោះ​មានន័យថា តុលាការ​កំពុង​ខ្លាច​អំណាច​រដ្ឋាភិបាល​៖ «ខាង​តុលាការ​ត្រូវ​ការ​ជន​ត្រូវ​ចោទ​ទាំងអស់​ហ្នឹង​ចូល​សវនាការ ប៉ុន្តែ​ស្រាប់តែ​ខាង​រដ្ឋាភិបាល​មិន​សម្រួល​នីតិវិធី​ទៅដល់​តុលាការ​ផង អ៊ីចឹង​តុលាការ​ធ្វើការ​យ៉ាងម៉េច​នឹង​កើត​។ កន្លែង​នេះ​ដែល​ឆ្លុះបញ្ចាំង​ថា ខាង​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​មាន​ឥទ្ធិពល​ធំធេង​ទៅលើ​ស្ថាប័ន​តុលាការ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ លោក គុជ គឹមឡុង ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី​២១ តុលា​។ ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា តុលាការ​បាន​ជូនដំណឹង​រួចហើយ ត្រង់​ចូល ឬ​មិន​ចូល​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ក្រុម​មន្ត្រី​សង្គ្រោះ​ជាតិ​ទាំងនោះ តុលាការ​មិន​ដឹង​រឿង​នេះ​ឡើយ។

ចំណែក ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ មានប្រសាសន៍ថា ក្រុម​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ត្រូវ​ទាក់ទង​ទៅ​តុលាការ​តាមរយៈ​មេធាវី ដើម្បី​ស្វះ​ស្វែងរក​លទ្ធភាព​ចូល​តតាំង​ក្តី​នេះ ចំណែក​រឿង​អ្វី​ផ្សេង​ពី​នេះ លោក​សុំ​មិន​បកស្រាយ​នោះ​ទេ៖ «គាត់​ត្រូវតែ​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ពន្យល់ ឬក៏​តតាំង​នៅ​តុលាការ ជាជាង​ពឹង​ពាក់​អ្នកសារព័ត៌មាន​ចុះផ្សាយ គ្រាន់តែ​បង្ហាញ​និន្នាការ​ប្រឈម និង​និន្នាការ​ប្រឆាំង​តែប៉ុណ្ណោះ មិន​បាន​ផលប្រយោជន៍​អ្វី​នោះ​ទេ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន ដើម្បី​សាកសួរ​ពី​រឿង​បម្រាម​មិន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មក​កម្ពុជា​វិញ តែ​លោក​មិន​លើក​ទូរស័ព្ទ​។ អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង ដើម្បី​សាកសួរ​ពី​រឿង​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ តែ​លោក​ក៏​មិន​ទទួល​ទូរស័ព្ទ​ដូចគ្នា នៅ​ថ្ងៃ​ទី​២១ តុលា​។​

អ្នកឃ្លាំមើល​សង្គម លោក វ៉ន ចាន់​ឡូត មើល​ឃើញ​ថា ការ​លើក​យក​រឿង​ក្តី​នេះ​មក​ជំនុំជម្រះ​នៅ​ពេល​នេះ គឺជា​យុទ្ធសាស្ត្រ​បំបែក​សំឡេង​បក្ស​សង្គ្រោះ​ជាតិ ដោយ​បិទ​ច្រក​ក្រុម​លោក សម រង្ស៊ី ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ហើយ​បើក​ច្រក​ឱ្យ​ក្រុម​លោក កឹម សុខា ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​។ លោក​ថា នេះ​ក៏​ជា​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​នេះ​តទៅទៀត​ផង​ដែរ៖ «រដ្ឋាភិបាល​រាំង​ខ្ទប់​មិន​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​(​បក្សប្រឆាំង​) ទាំង​០៩ រូប​ហ្នឹង មានឱកាស​នៅ​ក្នុង​ការចូល​ប្រទេស​បាន​។ ទី​ពីរ ជា​ការ​គំរាមកំហែង​ទៅ​អ្នកគាំទ្រ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស អាហ្នឹង​ដូចជា​យុទ្ធសាស្ត្រ​មួយ​គេ​ហៅថា អារ​ក​មាន់ បំភ័យ​ស្វា​។ ខ្ញុំ​មើល​ឃើញ​ថា អ្នកនយោបាយ​ខ្មែរ​មិន​គួរ​នៅតែ​ប្រើប្រាស់​រូបភាព​បែប​ហ្នឹង​ទេ បើ​យើង​គិត​អំពី​ផលប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ»

របប លោក ហ៊ុន សែន បាន​ចាប់ផ្តើម​សើរើ​រឿង​ក្តី​ចាស់ៗ​ប្រឆាំង​​នឹង​សកម្មជន​មូលដ្ឋាន និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ ក្រោយពី​លោក សម រង្ស៊ី បាន​ប្រកាស​វិល​ចូល​កម្ពុជា​សាជាថ្មី​ម្តង​ទៀត​។ តុលាការ​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត បាន​កោះហៅ​ពួកគេ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ ហើយ​មាន​ករណី​ខ្លះ ដូចជា នៅ​ខេត្ត​កំពត និង​ខេត្ត​ត្បូងឃ្មុំ ជាដើម តុលាការ​បាន​កាត់ទោស​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ជាប់ពន្ធនាគារ​ពីរ​៥ ឆ្នាំ​ដល់​៧ ឆ្នាំ​។ សកម្មជន​ណា​ដែល​រត់​ភៀសខ្លួន ឬ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច អាច​រួច​ផុត​ពី​ការ​ជាប់​ឃុំ ប៉ុន្តែ​សកម្មជន​ដែល​ស្មោះស្ម័គ្រ​ជាមួយ​បក្ស​ប្រឆាំង ហើយ​បន្ត​រស់នៅ​មូលដ្ឋាន ពួកគេ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​វិញ​ភ្លាមៗ បើ​មាន​សាលក្រម​ពី​តុលាការ ឬ​បញ្ជា​ពី​អាជ្ញាធរ​ថ្នាក់លើ។

ចាប់តាំងពី​ខែ​មករា​មក អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២០ នាក់​ហើយ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​យោធិន​មិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏បាន​ចាប់ខ្លួន​សកម្មជន និង​យុវជន ជាង​១០ នាក់ ដាក់​ពន្ធនាគារ​ផង​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់ ក្រោយពី​ពួកគេ​រិះគន់​រឿង​ព្រំដែន ធ្វើ​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម និង​ច្រៀង​រែប (Rap) រិះគន់​សង្គម ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផង សុទ្ធតែ​បាន​លើកឡើង​ពី​កង្វល់​ជុំវិញ​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នេះ​។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បែបនេះ​តទៅទៀត និង​បើក​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។