អង្គការការពារអ្នកកាសែតអន្តរជាតិចាត់ទុកការកំណត់ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ ថា ជាការធ្វើឱ្យបាត់ទំនុកចិត្តទៅលើភាពសេរី និងយុត្តិធម៌ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខ។ ក៏ប៉ុន្តែសម្រាប់ គ.ជ.ប វិញ ការអនុម័តក្រមសីលធម៌នេះ គឺដើម្បីលើកកម្ពស់ថែមទៀតនូវប្រសិទ្ធភាព នៃការផ្សព្វផ្សាយអំពីការបោះឆ្នោត ប្រកបដោយវិជ្ជាជីវៈ ត្រឹមត្រូវ និងតម្លាភាព។
គណៈកម្មាធិការដើម្បីកិច្ចការពារអ្នកសារព័ត៌មាន (CPJ) ដែលមានមូលដ្ឋាននៅបុរីញូវយ៉ក (New York) សហរដ្ឋអាមេរិក ហៅក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់គ.ជ.ប នោះ ថា ជាវិធានការរឹតត្បិតទៅលើការផ្សព្វផ្សាយព័ត៌មាន និងទាមទារឱ្យអាជ្ញាធរនៃរបបក្រុងភ្នំពេញអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយអាចរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតនាពេលខាងមុខ បានដោយសេរី ដោយមិនបារម្ភពីការបំពារបំពានណាមួយឡើយ។
ប្រតិកម្មរបស់អង្គការការពារអ្នកកាសែតអន្តរជាតិនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ គ.ជ.ប បានដាក់ចេញនូវបម្រាមមួយចំនួនសម្រាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។ គ.ជ.ប ហាមមិនឱ្យផ្សព្វផ្សាយព័ត៌មានដែលមានការភ័ន្តច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ហាមមិនឱ្យផ្សព្វផ្សាយព័ត៌មានដោយសំអាងលើពាក្យចចាមអារ៉ាម ឬព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់ ហាមមិនឱ្យប្រើប្រាស់ភាសាញុះញង់ ឬវាយប្រហារ ដែលអាចបង្កភាពគ្មានសណ្ដាប់ធ្នាប់ ឬអាចនាំឱ្យមានអំពើហិង្សា ហាមមិនឱ្យមានការបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ហាមមិនឱ្យមានការបញ្ចេញបញ្ចូលទស្សនៈផ្ទាល់ខ្លួន ឬធ្វើបុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្ដីរាយការណ៍ ហាមមិនឱ្យមានការជ្រៀតជ្រែក ឬរំខានដល់ការងារចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហាមមិនឱ្យមានការផ្សព្វផ្សាយមិនឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ហើយចុងក្រោយគឺហាមមិនឱ្យមានការសម្ភាសនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតទៀតផង។
តំណាងជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីកិច្ចការពារអ្នកសារព័ត៌មាន (CPJ) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក សន គ្រីស្ពីន (Shawn Crispin) អះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៤ មិថុនា ថា ការរឹតត្បិតចំពោះការចុះយកព័ត៌មានអំពីការបោះឆ្នោតនេះ នឹងធ្វើឱ្យការិយាល័យបោះឆ្នោតស្ទើរតែលែងមានភាពជឿទុកចិត្តបានអំពីភាពសេរី និងយុត្តិធម៌បាត់ទៅហើយ។ លោកបន្តថា អ្នកសារព័ត៌មានគ្រប់រូបគួរតែត្រូវបានអនុញ្ញាតឱ្យរាយការណ៍ព័ត៌មាន និងបញ្ចេញយោបល់បានដោយសេរីអំពីការបោះឆ្នោតដោយគ្មានការភ័យខ្លាចអ្វីឡើយ ហើយក្រមសីលធម៌ដែលគ្មានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនេះ គួរតែត្រូវបានទម្លាក់ចោល។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យគ.ជ.ប ទាំងពីររូបគឺ លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ បានទេ នៅថ្ងៃទី៦ មិថុនា ដោយពួកលោកមិនលើកទូរស័ព្ទ។
និពន្ធនាយកកាសែតខ្មែរថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា យល់ឃើញថា ភាគច្រើននៃបម្រាមរបស់ គ.ជ.ប នោះ គឺស្របទៅនឹងខ្លឹមសារច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌អ្នកសារព័ត៌មាន លើកលែងតែចំណុចមួយប៉ុណ្ណោះ គឺការហាមមិនឱ្យមានការសម្ភាសនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដែលលោកយល់ថា នេះជាការរឹតត្បិតដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។ «»
លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងអ្នកសារព័ត៌មាន ឱ្យមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងសុំឱ្យមានការគោរពតួនាទីរៀងៗខ្លួន នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ។
គិតត្រឹមថ្ងៃទី៤ មិថុនា គ.ជ.ប បានទទួលស្គាល់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួន ៥១ ហើយ ដោយមានអ្នកសារព័ត៌មានចំនួន ៤១១នាក់ ត្រូវបានគ.ជ.ប ចេញប័ណ្ណសម្គាល់ខ្លួនឱ្យ ដើម្បីត្រៀមផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ខាងមុខ។
ដំណើរការរៀបចំការបោះឆ្នោតជាតិលើកនេះ កំពុងត្រូវបានរិះគន់ពីគ្រប់មជ្ឈដ្ឋានថា ជាការរៀបចំដើម្បីបង្គ្រប់កិច្ចឱ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលទៀតតែប៉ុណ្ណោះ ដោយសាររបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់របស់ខ្លួនរួចទៅហើយ។ ក្រៅពីនេះ របបក្រុងភ្នំពេញក៏កំពុងដំណើរការហាមឃាត់ រារាំង និងគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងអស់ ដែលមិនព្រមធ្វើតាមបន្ទាត់ដែលពួកគេគូសឱ្យដើរ តួយ៉ាងដូចជា ការបិទកាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily) និងបិទស្ថានីយផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យជាង ៣០ ស្ថានីយនៅទូទាំងប្រទេស។ សំខាន់ជាងនេះ អាជ្ញាធរនៃរបបក្រុងភ្នំពេញបានចាប់ខ្លួនអ្នកកាសែតមួយចំនួនដាក់ពន្ធនាគារផងដែរ ដូចជា អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ព្រមទាំងអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ លោក ជេម រីកស៊ិន (James Ricketson) ដោយចោទប្រកាន់ពួកគេពីបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ។ ស្របពេលនៃការវាយប្រហារលើអ្នកកាសែត និងស្ថាប័នព័ត៌មានឯករាជ្យនេះ របបក្រុងភ្នំពេញក៏កំពុងពឹងពាក់ប្រព័ន្ធឃោសនាណាដែលស្ដាប់បង្គាប់ និងអ្នកសារព័ត៌មានដែលស្ដាប់បញ្ជា ដើម្បីជួយស្វែងរកជោគជ័យក្នុងការបោះឆ្នោតឱ្យខ្លួន តាមរយៈការផ្សព្វផ្សាយសារនយោបាយដែលមានលក្ខណៈប្រជាភិថុតិជាដើម។
ការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានដោយរបបក្រុងភ្នំពេញនេះ មិនទាន់បិទបញ្ចប់នៅឡើយទេ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់នោះ។ កាលពីសប្ដាហ៍មុន របបលោក ហ៊ុន សែន បានចេញប្រកាសអន្តរក្រសួងមួយ ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលដៅប្រឆាំង ទប់ស្កាត់រាល់ការផ្សព្វផ្សាយ និងចែកចាយខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចល បណ្ដាលឲ្យមានការអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។ វិធានការនេះ ត្រូវបានអ្នកជំនាញអះអាងថា ជាការតាមដានសកម្មភាពបញ្ចេញមតិរបស់ពលរដ្ឋតាមប្រព័ន្ធអ៊ិនធឺណិត ដែលជាផ្នែកមួយនៃយុទ្ធនាការបំបិទសំឡេងរិះគន់ និងសំឡេងប្រឆាំងតែប៉ុណ្ណោះ៕
