គណបក្សសង្គ្រោះជាតិ អះអាងថា មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ មានឆន្ទៈចង់ឲ្យមានការផ្លាស់ប្ដូរមេដឹកនាំរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នចេញ ហើយបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មីជំនួសវិញ ប៉ុន្តែការលើកឡើងនេះត្រូវបានមន្ត្រីគណបក្សកាន់អំណាចច្រានចោល ដោយអះអាងថា ការនិយាយបែបនេះជាការមួលបង្កាច់ដើម្បីកេងចំណេញខាងផ្នែកនយោបាយរបស់គណបក្សប្រឆាំងតែប៉ុណ្ណោះ។
ថ្លែងកាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា នៅចំពោះមុខសកម្មជន និងអ្នកគាំទ្រជាច្រើនរយនាក់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា លោកសុំមិនបញ្ចេញឈ្មោះមន្ត្រីក្នុងជួររដ្ឋាភិបាលនោះទេ ប៉ុន្តែបង្ហើបថា អ្នកទាំងនោះមានឋានៈជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងជាមន្ត្រីពាក់ផ្កាយ៣ ទៅផ្កាយ៤ ធុញថប់នឹងការដឹកនាំរបស់មេដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្ន ហើយពួកគេចង់ឲ្យមានការផ្លាស់ប្ដូរ៖ «មានអស់លោកជាឧបនាយករដ្ឋមន្ត្រី មានអស់លោកជាផ្កាយ៣ផ្កាយ៤ មានអស់លោកឋានៈធំៗនៅក្នុងរដ្ឋាភិបាល នៅក្នុងគណបក្សកាន់អំណាច ក៏គេមើលឃើញថា ពេលវេលាដែលត្រូវដូរមកដល់ហើយ។ គេធុញថប់នឹងអ្នកដឹកនាំបច្ចុប្បន្នដែរ គេធុញថប់នឹងបក្ខពួកនិយម គ្រួសារនិយម ប៉ុន្តែគេថាមិនកើត គេរើមិនរួចខ្លាចគ្រោះថ្នាក់»។
លោកបន្តថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ពួកគេបានបញ្ជូនកូនចៅឲ្យទៅជួបរូបលោកស្ងាត់ៗជជែកគ្នាពីការងារនេះ។ ទន្ទឹមគ្នានេះ លោក កឹម សុខា បានរិះគន់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកាន់អំណាចអស់រយៈពេលជាង ៣០ឆ្នាំ។
ឆ្លើយតបការលើកឡើងរបស់មេបក្សប្រឆាំងមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្មថា លោកហាក់ដូចជាពុំមានការចាប់អារម្មណ៍ខ្ពស់ទៅលើបុគ្គលលោក កឹម សុខា នេះទេ។ ការលើកឡើងរបស់លោកគ្រាន់តែជាភាសាមួយនៅក្នុងន័យយុទ្ធនាការរកសំឡេងគាំទ្រពីម្ចាស់ឆ្នោត ពុំមែនជាការពិតនោះទេ។
ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ជាពិសេសពីសំណាក់ប្អូនប្រុសបង្កើតរបស់ខ្លួន គឺលោក កឹម សុខុន។
រឿងទាំងនោះមានទាក់ទិននឹងការវាយប្រហារ ការបរិហារគ្នាដោយពាក្យសម្ដីរបស់លោក កឹម សុខា ជាមួយលោក សម រង្ស៊ី មុនពេលគណបក្ស សម រង្ស៊ី រួបរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្គ្រោះជាតិ។ ក្រៅពីនេះ នៅមានរឿងលោក កឹម សុខា ធ្វើអត្ថាធិប្បាយប៉ះពាល់ដល់គុកទួលស្លែង ដែលនាំឲ្យមានការញុះញង់ធ្វើបាតុកម្ម និងរឿងចុងក្រោយនេះ គឺជារឿងដែលគេចោទថា លោក កឹម សុខា មានជាប់ពាក់ព័ន្ធទៅស្រីកំណាន់ចិត្តនៅខេត្តព្រៃវែង រហូតមានការប្ដឹងផ្ដល់ទៅស្ថាប័នតុលាការថែមទៀត។
ឆ្លើយតបបញ្ហានេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បកស្រាយចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា ការលើកយករឿងបុគ្គលផ្ទាល់ខ្លួនទៅវាយប្រហារមកលើរូបលោកជាបន្តបន្ទាប់មកនេះ បានធ្វើឲ្យមានភាពល្បីល្បាញ ហើយប្រជាពលរដ្ឋស្គាល់រូបលោកកាន់តែច្រើន៖ «មួយថ្ងៃៗជេរ កឹម សុខា សម រង្ស៊ី រាល់ថ្ងៃ បង្ខូចអើយបង្ខូច ប្រយ័ត្នរន្ទះបាញ់។ ពីដើម បងប្អូនអ្នកបាត់ដំបង បន្ទាយមានជ័យ សៀមរាប អត់សូវស្គាល់ កឹម សុខា ទេ ស្រាប់ឥឡូវគេជេរតាមទូរទស្សន៍រាល់ថ្ងៃ កឹម សុខា ទៅណាគេមករាប់រយរាប់ពាន់»។
ទាក់ទិនការលើកឡើងរបស់អ្នកនយោបាយនេះ អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ពុំបានធ្វើអត្ថាធិប្បាយទេ ប៉ុន្តែលោកផ្ដល់អនុសាសន៍ជារួមថា នៅក្នុងសង្គមមួយ នៅក្នុងស្ថាប័នមួយ និងនៅក្នុងសង្គមគ្រួសារមួយ តែងតែមានទស្សនៈនយោបាយផ្សេងៗគ្នា។ ដូច្នេះហើយ នៅក្នុងគណបក្សប្រឆាំង នៅក្នុងគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្គមគ្រួសារមួយ និងនៅក្នុងសហគមន៍មួយ គឺមានទស្សនៈចម្រុះ ពុំមែនជារឿងចម្លែកទេ។ ប៉ុន្តែរឿងចម្លែក គឺរឿងលោកមិនសប្បាយចិត្តចំពោះអ្នកនយោបាយ ដែលចេះតែនាំគ្នាដុតកំហឹងទៅវិញទៅមក។
លោក កែម ឡី៖ «រឿងទី២ ដែលខ្ញុំមិនសប្បាយចិត្ត ដោយសារតែយើងជាអ្នកនយោបាយ ភាគច្រើនយើងអត់បានផ្ដោតទៅលើគោលនយោបាយដែលល្អៗ ដែលយើងបានរួមគ្នាផលិតផ្សព្វផ្សាយឲ្យបានច្រើន ពន្យល់ប្រជាពលរដ្ឋអោយបានច្រើន យើងខំព្យាយាមបង្កើតបញ្ហាបន្តទៀត ខ្ញុំគិតថា មិនចំណេញទៅដល់ប្រជាពលរដ្ឋ ហើយក៏មិនចំណេញទៅដល់ប្រទេសជាតិដែរ។ ហើយទី៣ ទោះបីសារពិតក្ដី មិនពិតក្ដី ធ្វើឲ្យមានកំហឹងនយោបាយថែមទៀតក៏អាចថាបាន»។
នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ នេះ ថ្វីត្បិតថ្ងៃឃោសនារកសំឡេងគាំទ្រពីម្ចាស់ឆ្នោតមិនទាន់ចូលមកដល់ក៏ដោយ ប៉ុន្តែមេដឹកនាំគណបក្សនយោបាយធំៗទាំងពីរ បានបើកយុទ្ធនាការឃោសនាជាបន្តបន្ទាប់នៅពេលពួកគេចុះជួបសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅតាមមូលដ្ឋាន។ ប៉ុន្តែនៅឆ្នាំ២០១៣ នេះ មានរឿងចម្រូងចម្រាសកើតឡើងច្រើនរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលទើបរួមគ្នាបង្កើតឡើងដោយគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។ ហើយរឿងរ៉ាវទាំងនោះ ភាគច្រើនពុំបានជាប់ពាក់ព័ន្ធនឹងគោលនយោបាយគណបក្សនោះឡើយ។
ប្រជាពលរដ្ឋកត់សម្គាល់ថា ការបោះឆ្នោតបួនអាណត្តិកន្លងទៅ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៣ មក ការវាយប្រហារគ្នារបស់មេដឹកនាំគណបក្សនយោបាយ បានក្លាយទៅជាវប្បធម៌មួយកំពុងពេញនិយមនៅក្នុងសង្គមកម្ពុជា ហើយជាពិសេស រឿងបុគ្គលផ្ទាល់ខ្លួនរបស់មេដឹកនាំគណបក្សនយោបាយ។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៨ មក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថា ជាគណបក្សមានកម្លាំងខ្លាំងសម្បូរធនធាន ហើយក៏ជាគណបក្សមានល្បិចកលច្រើនជាងគណបក្សប្រឆាំង។ ជាក់ស្ដែង មានអតីតមន្ត្រីគណបក្សនយោបាយជាច្រើននាក់ ក្នុងនោះរាប់ទាំងមន្ត្រីគណបក្សប្រឆាំងផង ត្រូវបានគណបក្សប្រជាជនអូសទាញយកទៅប្រើប្រាស់ដើម្បីវាយបកមកលើគណបក្សប្រឆាំង។
ក្រុមអ្នកឃ្លាំមើលដំណើរការបោះឆ្នោត យល់ថា ការលើកយករឿងរ៉ាវបុគ្គលផ្ទាល់ខ្លួនមកវាយប្រហារគ្នារបស់អ្នកនយោបាយ និងមេដឹកនាំគណបក្សនយោបាយ អាចធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សនយោបាយមួយ ហើយគណបក្សនយោបាយមួយផ្សេងទៀត អាចកើតប្រជាប្រិយភាពក៏ពិតមែន ប៉ុន្តែអ្នកខាតបង់ គឺប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ត្រង់ចំណុចនេះ ពួកគេយល់ថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គួរស្វែងយល់គោលនយោបាយរបស់គណបក្សនយោបាយនីមួយៗអោយច្បាស់ មុននឹងសម្រេចចិត្តបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។