រដ្ឋ​សភា​និង​ព្រឹទ្ធ​សភា​កម្ពុជា​មិន​ទទួល​យក​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​សភា​អឺរ៉ុប

ដោយ យន់ សាមៀន
2017.12.16
ច្បាប់​អង្គការ សហជីព ៦២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
Photo: RFA

រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា បដិសេធ​មិន​ទទួល​យក​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដែល​បាន​អនុម័ត​ដោយ​​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​បំផ្លាញ​លទ្ធិប្រជាធិតេយ្យ និង​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា។

សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ សម្រេច​ផ្អាក​ជំនួយ​ទាំង​អស់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសន្យា​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដោយ​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​ទាំង ២៧ នៃ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​ចិត្ត​ក៏​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ (visa) ចេញ​ចូល​សហភាព​អឺរ៉ុប ចំពោះ​ថ្នាក់ដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​គូកន ហើយ​វិធានការ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​ជន​ទាំង​នោះ​ដែល​បាន​យក​លុយ​កាក់​បាន​មក​ពី​អំពើ​ពុករលួយ​របស់​ខ្លួន​មក​លាក់​ទុក​នៅ​ទ្វីប​អឺរ៉ុប។

ឆ្លើយ​តប​ទៅ​នឹង​វិធានការ​របស់​សភា​អឺរ៉ុប រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​ធ្នូ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ចការ​បោះឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម មិន​មែន​ជា​ជម្រើស​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​គុណភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា បន្ត​ថា ប្រសិនបើ​សភា​អឺរ៉ុប ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា នាំ​ចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិតគូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-​កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់។

ចំណែក​ព្រឹទ្ធសភា​កម្ពុជា វិញ​ចោទ​សេចក្ដី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រដ្ឋ​សភា និង​ព្រឹទ្ធសភា​កម្ពុជា មិន​ព្រម​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ​នោះ កំពុង​តែ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ សភា​និង​ព្រឹទ្ធសភា​កម្ពុជា ក៏​មិន​បាន​ប្ដេជ្ញា​ស្តារ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ឲ្យ​ទៅ​ធម្មតា​វិញ​នោះ​ដែរ។

ចំណែក​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ ហាក់​ធ្វើ​ព្រងើយ​ចំពោះ​សំណើ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​អឺរ៉ុប និង​អាមេរិក ចង់​បាន។ លោក ហ៊ុន សែន បែរ​ជា​ទៅ​ដឹកនាំ​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។