កម្ពុជា-​វៀតណាម​សន្យា​រក្សា​ចំណង​ទាក់ទង​គ្នា​ឲ្យ​បាន​គង់វង្ស

ដោយ ម៉ម មុនីរតន៍
2016.06.02
កម្ពុជា វៀតណាម ៨៥៥ ប្រធាន​រដ្ឋ​សភា​កម្ពុជា លោក ហេង សំរិន (ស្ដាំ) ចាប់​ដៃ​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លោក ឌិញ ថាឡាំង ក្នុង​ពេល​ប្រតិភូ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

កម្ពុជា និង​វៀតណាម បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា ប្រទេស​ទាំង​ពីរ​នេះ នឹង​រឹត​ចំណង​មិត្តភាព និង​កាន់​ដៃ​គ្នា​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត ទៅ​ថ្ងៃ​ខាង​មុខ។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា កម្ពុជា​កម្រ​ដែល​ឃើញ​ទទួល​បាន​ផល​ចំណេញ​អ្វី​​ឡើយ​ពី​ទំនាក់ទំនង​នេះ។

ក្នុង​ជំនួប​ទ្វេ​ភាគី​ដែល​ប្រើ​ពេល​ប្រមាណ ២០​នាទី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​សន្យា​ថា នឹង​រក្សា​ចំណង​ទាក់ទង​ដែល​មាន​ក្នុង​អតីត​ឲ្យ​បាន​គង់វង្ស ហើយ​សម្ពន្ធភាព​នេះ​នឹង​បន្ត​ជ្រោមជ្រែង​ឲ្យ​មាន​ភាព​ត្រចះត្រចង់ និង​កាន់​តែ​កៀក​គ្នា​បន្ថែម​ទៀត សម្រាប់​បរិបទ​នយោបាយ​របស់​ប្រទេស​ទាំង​ពីរ​ត​ទៅ​មុខ​ទៀត។

ការ​ថ្លែង​ដូច​នេះ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២ ខែ​មិថុនា នៅ​វិមាន​រដ្ឋសភា ក្នុង​ជំនួប​ទ្វេភាគី​ជា​មួយ​ប្រតិភូ​វៀតណាម។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បាន​បិទ​បញ្ចប់​ទៅ នាយក​ខុទ្ទកាល័យ​របស់​លោក ហេង សំរិន គឺ​លោក កែវ ពិសិដ្ឋ និយាយ​ថា កិច្ច​សន្ទនា​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​ជា​ការ​រឹត​ចំណង​មេត្រីភាព​ដែល​ប្រទេស​ទាំង​២​ធ្លាប់​មាន​ក្នុង​អតីតកាល និង​បន្ត​ទិសដៅ​ទាំង​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​ពេល​ខាង​មុខ​ទៀត។

ក្រៅ​ពី​នេះ លោក កែវ ពិសិដ្ឋ បដិសេធ​ថា ការ​បំពេញ​ទស្សនកិច្ច​លើក​នេះ​របស់​ប្រតិភូ​វៀតណាម គឺ​ពុំ​មែន​គាប់​ជួន​កម្ពុជា កំពុង​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ណា​មួយ​ឡើយ។ ម្យ៉ាង​វិញ​ទៀត កិច្ច​សន្ទនា​នេះ ក៏​ពុំ​បាន​ផ្ដោត​ផង​ដែរ​ទៅ​លើ​ទិដ្ឋភាព​នយោបាយ ក្រៅ​ពី​រឿង​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ការពារ​អ្នក​វិនិយោគទុន​វៀតណាម ស្រប​ច្បាប់​នៅ​កម្ពុជា៖ «រឿង​នេះ​វា​មិន​មែន​វា​ផ្ដោត​ទៅ​រឿង​នយោបាយ​ទេ វា​ជា​កម្មវិធី​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​ទីក្រុង​សម្ពន្ធភាព​នឹង​គ្នា​ទេ»

បើ​ទោះ​ជា​បែប​ណា ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រតិភូ​វៀតណាម​នេះ រង​ការ​រិះគន់​ថា ធ្វើ​ឡើង​គាប់​ជួន​កម្ពុជា កំពុង​មាន​ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ។ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណៈ​សង្គម​និយម​វៀតណាម បាន​មក​បំពេញ​ទស្សនកិច្ច​ម្ដង​រួច​ហើយ ដែល​ដឹកនាំ​ដោយ​ឧត្ដម​នាយ​ឧត្ដម​សេនីយ៍ ង៉ូ ស៊ុនលិច្ស (NGO Xuan Lich)។ នៅ​ពេល​នោះ​ហើយ ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ហៅ​បក្ស​ប្រឆាំង​ថា ជា​អមិត្ត។

រយៈពេល ៣​ថ្ងៃ​បន្ទាប់ ការ​បំពេញ​ទស្សនកិច្ច​ប្រហាក់ប្រហែល​គ្នា​នេះ របស់​ប្រតិភូ​វៀតណាម ក៏​បាន​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត។ ទស្សនកិច្ច​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ដែល​ដឹកនាំ​ដោយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ លោក ឌិញ ឡាថាំង។ ថ្វី​បើ​ទស្សនកិច្ច​ទាំង​ពីរ​លើក​នេះ ធ្វើ​ឡើង​ក្នុង​ទិសដៅ ២​ផ្សេង​គ្នា ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា គឺ​ជា​ការ​រឹត​ចំណង​មិត្តភាព និង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​ជា​ការ​ពង្រឹង​មេត្រីភាព​រវាង​ទីក្រុង​ភ្នំពេញ ជាមួយ​ទីក្រុង​ហូជីមិញ។

បញ្ហា​នេះ​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា កម្ពុជា​កម្រ​ទទួល​បាន​ផល​ចំណេញ​ណាស់​ពី​ការ​ទំនាក់​រវាង​កម្ពុជា និង​វៀតណាម នេះ។ មិន​តែ​ប៉ុណ្ណោះ រាល់​​​ពេល​កម្ពុជា មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ទិដ្ឋភាព​នយោបាយ គេ​តែង​សង្កេត​ឃើញ​វត្តមាន​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​វៀតណាម ជា​ញឹកញាប់​នៅ​កម្ពុជា។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ ចាត់​ទុក​ថា ថ្វី​បើ​នេះ​ជា​របៀប​ទំនាក់ទំនង​ការទូត​ជា​អន្តរជាតិ ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នេះ វា​ហាក់​ជាប់​ជួន​ពេល​ដែល​កម្ពុជា កំពុង​មាន​ភាព​ល្អក់​កករ​ផ្នែក​នយោបាយ។ ម្យ៉ាង​រដ្ឋាភិបាល​ចំណេញ​តិចតួច​ណាស់​ពី​កិច្ចសហការ ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម នេះ៖ «បើ​និយាយ​ពី​ចំណេញ កម្ពុជា មិន​ដែល​ទទួល​បាន​ផល​ចំណេញ​ពី​វៀតណាម​ទេ។ បាន​ត្រឹម​តែ​​រួច​ខ្លួន​ហ្នឹង​គេ​ហៅ​ថា​ល្អ​ប្រសើរ​ហើយ​សម្រាប់​កម្ពុជា ជាមួយ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម​នោះ»

ជា​ញឹកញាប់​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល តែង​រិះគន់​ថា រដ្ឋាភិបាល​តែង​មាន​ភាព​មិន​ស្មោះត្រង់​ជា​និច្ច ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ជា​វៀតណាម។នេះ​ជា​ហេតុផល​មួយ ក្នុងចំណោម​ហេតុផល​ដទៃ​ទៀត ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាតបង់​ដី​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ទៅ​អោយ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។