កម្ពុជា​-​វៀតណាម​ចុះ​ហត្ថលេខា​ទទួលស្គាល់​ការ​បោះ​បង្គោល​ព្រំដែន និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែម ខណៈ​រង​ការរិះគន់

ដោយ មាន ឫទ្ធិ
2019.10.05
សន្ធិសញ្ញា ព្រំដែន ថ្មី កម្ពុជា វៀតណាម ៦២២ ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​ ហ៊ុន សែន

ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​២​ថ្ងៃ​របស់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ទៅ​ប្រទេស​វៀតណាម នឹង​បិទ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី៥ តុលា នេះ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ កម្ពុជា និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​ការ​ចុះហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​ដែល​សម្រេច​បាន ៨៤​ភាគរយ និង​ការ​ចុះ​ហត្ថលេខា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែម​ទៀត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​អ្នក​ឃ្លាំមើល មើល​ឃើញ​ថា នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​បន្ថែម​ទៀត។

លោក ហ៊ុន សែន ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ​ថា ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​រវាង​កម្ពុជា និង​វៀតណាម​។ ប្រវត្តិសាស្ត្រ​ថ្មី គឺ​ដោយសារតែ នៅ​ទីបំផុត​ទៅ​លោក នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី៥ តុលា ទទួលស្គាល់​ជា​ផ្លូវការ​ការ​បោះ​បង្គោល និង​ខណ្ឌ​សីមា​ព្រំដែន​ដីគោក ដែល​កម្ពុជា និង​វៀតណាម សម្រេច​បាន​ប្រមាណ ៨៤​ភាគរយ ក្នុង​រយៈពេល​កន្លងមក ហើយ​បើ​ទោះ​បី​ជា​មានការ​រិះគន់​ពី​សំណាក់​ក្រុម​អ្នកឃ្លាំមើល​ការ​បោះ​បង្គោល​ព្រំដែន និង​មានការ​ស្នើសុំ​កុំ​ឱ្យ​លោក​ចុះហត្ថលេខា​ទទួលស្គាល់​យ៉ាង​ណា​ក្តី។ លោក ហ៊ុន សែន មិន​ភ្លេច​ឡើយ​ដឹងគុណ​វៀតណាម​ជាថ្មី​ម្តង​ទៀត ដែល​លោក​ថា បាន​ជួយ​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម និង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ថ្ងៃនេះ​បាន៖ «កម្ពុជា​មាន​ថ្ងៃនេះ មិន​អាច​កាត់​ផ្តាច់​ចេញ​បាន​ពី​ការចូលរួម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះ​ស​ពី​សំណាក់​កងទ័ព និង​ប្រជាជន​វៀតណាម​បាន​ទេ។ ដូច្នេះ​ទាំង​ពេល​នេះ ក៏​ដូចជា​ទៅ​អនាគត យើង​ត្រូវ​បន្ត​ការ​ខិតខំ​ដើម្បី​កសាង​ទំនាក់ទំនង​នេះ ឱ្យ​កាន់តែ​ខ្លាំង កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ដទៃ​ទៀត ឱ្យ​កាន់តែ​ទូលំទូលាយ​និង​គ្រប់​វិស័យ»

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម​នា​ពេល​នេះ ក្រៅពី​ចុះហត្ថលេខា​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន និង​ខណ្ឌសីមា​៨៤​ភាគរយ​នេះ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) កាលពី​ថ្ងៃ​ទី​៤ តុលា ក៏​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៧ ផ្សេងទៀត ដែល​ប្រទេស​ទាំងពីរ​ថា ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត​។ ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទាំង​៧​នេះ មាន​អនុស្សរណៈ​ពីរ​គួរ​ឱ្យ​កត់សម្គាល់​។ ក្នុង​នោះ​រួមមាន អនុស្សរណៈ​ស្ដីពី​ការយោគយល់​គ្នា លើ​ការ​អភិវឌ្ឍ និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង​អនុស្សរណៈ​ស្ដីពី​វឌ្ឍនភាព​លើ​ការ​សាងសង់ និង​ផែនការ​ប្រគល់​-​ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា នៅ​ខេត្ត​ត្បូងឃ្មុំ។

សារព័ត៌មាន​ក្នុងស្រុក​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន រាយការណ៍​ថា លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក ង្វៀន សួនហ្វ៊ុក ថា លោក​គាំទ្រ​ចង់​ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​វៀតណាម នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ គឺ​ក្នុង​ទឹកដី​កម្ពុជា ជាពិសេស​ការ​កែប្រែ​តំបន់​ដែល​លោក​ធ្លាប់​តស៊ូ​កាលពី​សម័យ​សង្គ្រាម ឱ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​តែ​ម្តង​នោះ ខណៈ​បច្ចុប្បន្ន កម្ពុជា និង​វៀតណាម មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ដល់​ទៅ ១៩​ហើយ​នោះ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ដោយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​របប​ក្រុងភ្នំពេញ​ត្រូវការ​បង្កើត​ឱ្យ​មាន​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ កាន់តែ​ច្រើន​ម្ល៉េះ ហើយ​ថា តើ​ការ​បង្កើត​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​អ្វី​។ បណ្ឌិត អៀ សុផល ថា កម្ពុជា​គួរ​ផ្តោត​លើ​គុណភាព​នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​នេះ ជា​ជាង​បរិមាណ។ លោក​ពន្យល់​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ គឺជា​ការ​ធ្វើឡើង​ដើម្បី​គេច​ពន្ធ និង​កេង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ពីរ​ដ្ឋ​ទៅ​ឱ្យ​ហោប៉ៅ​ឯកជន​វិញ​។ ជាមួយ​គ្នា​នេះ លោក​ថា បើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ តម្រូវ​ឱ្យ​មាន​នូវ​កម្ចី​ពី​វៀតណាម នោះ​ភាគី​វៀតណាម​អាច​ប្រើ​កម្ចី​នេះ ទៅជា​ភាគហ៊ុន​នៃ​ការ​វិនិយោគ ហើយ​អាច​បម្លែង​វា​ទៅជា​អន្ទាក់​បំណុល​បាន ដូចដែល​ប្រទេស​ចិន​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​បន្ត​ថា ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​វៀតណាម​នេះ បញ្ជាក់​ថា ក្រុង​ហាណូយ មានការ​ខឹងសម្បា​រថា របប​ក្រុងភ្នំពេញ​កំពុងតែ​ធ្វើ​អ្វីៗ​តាម​ការ​ចង់​បាន​របស់​ក្រុង​ប៉េកាំង នៃ​មហា​យក្ស​ចិន​។ ដូច្នេះ​ហើយ លោក​ថា លោក ហ៊ុន សែន ក៏​ចង់​បង្ហាញ​ពី​ការ​ស្រឡាញ់ និង​ការ​ដឹង​គុណ​ទៅ​វៀតណាម​វិញ​ដែរ។ ក៏ប៉ុន្តែ បណ្ឌិត អៀ សុផល បង្ហាញ​ក្ដី​មន្ទិល​ថា កាយវិការ​របស់​របប​លោក ហ៊ុន សែន នេះ អាច​នឹង​មិនទាន់​គ្រប់គ្រាន់​សម្រាប់​វៀតណាម​នៅឡើយ​ទេ ដោយសារ​វៀតណាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​ដឹកនាំ​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ ហើយ​ថា វៀតណាម​នឹង​មិន​ធ្វើ​ដូច​កម្ពុជា​ទៅ​រណប​ចិន ដូចដែល​របប​ក្រុងភ្នំពេញ​បាន​ធ្វើ​កាលពី​ឆ្នាំ​២០១២​កន្លង​ទៅ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន​ជុំវិញ​រឿង​វិវាទ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អ្នកឃ្លាំមើល​បញ្ហា​ទំនាក់ទំនង និង​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី៤ តុលា ថា ការ​ចុះ​អនុស្សរណៈ​ចុងក្រោយ​នេះ ជាពិសេស​ផ្តោត​លើ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម ក៏​អាច​ជា​ការ​បើក​ឱកាស​ធ្វើ​ឱ្យ​កម្ពុជា​ទទួលរង​ការ​រំលោភ​បំពាន​បន្ថែម​ដល់​បូរណភាព​ទឹកដី​របស់​ខ្លួន ពី​សំណាក់​ភាគី​វៀតណាម​នា​ពេល​អនាគត ដោយសារតែ​គ្មាន​ការកំណត់​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ច្បាស់លាស់៖ «ប្រសិន​បើ​ជា​យើង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​មិនបាន​កំណត់​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់ នោះ​ការ​ធ្វើ​អគារ​ធំៗ​ហើយ​ក្រោយមក​ទើប​កំណត់​ព្រំដែន កាលណា​យួន​ធ្វើ​អគារ​ធំៗ​ហើយ យើង​មិន​ងាយ​នឹង​ដេញ​យួន​ទៅវិញ​ទេ»

លោក​បន្ត​ថា ហេតុការណ៍​នេះ ក៏​អាច​បើកឱកាស​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​រស់នៅ​ក្នុង​តំបន់​នោះ​បាន​ដោយ​សេរី​ផង​ដែរ។ លោក អ៊ុំ សំអាន៖ «បញ្ហា​មួយទៀត​វា​អាច​មាន​ការ​ប៉ះពាល់​ដែរ ដូចជា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នៅ​កន្ទុយ​នាគ​ក្នុង​ខេត្ត​រតនគីរី ខ្ញុំ​មើល​ក្នុង​កិច្ចព្រមព្រៀង​របស់​គេ គឺថា ប្រជាពលរដ្ឋ​ទាង​សង្ខាង ចេញចូល​ដោយ​មិនបាច់​ប្រើ​វី​សារ មិនបាច់​ប្រើ​ប៉ាសស្ព័រ​អី​ទេ​។ ដូច្នេះ បង្ក​ឱ្យ​ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា​ដោយ​ងាយស្រួល​។ ដឹង​ហើយ​ថា យួន​ចូល​មក​ហ្នឹង មិន​ចេញ​ទៅវិញ​ទេ ដោយ​សង់ផ្ទះ​នៅ​ក្នុង​ទឹកដី​ខ្មែរ រកស៊ី​នៅ​ទី​ហ្នឹង។ ដូច្នេះ​វា​អាច​ប៉ះពាល់​បូរណភាព​ទឹកដី​យើង»

ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម (VNA) រាយការណ៍​កាលពី​ថ្ងៃ​ទី៤ តុលា ថា ក្នុង​ឱកាស​ចូលរួម​សន្និសីទ​លើកកម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា និង​វៀតណាម ដែល​លោក ហ៊ុន សែន និង​លោក ង្វៀន ស៊ុនហ្វុក ធ្វើជា​សហប្រធាន ហើយ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​មកពី​ក្រសួង ស្ថាប័ន និង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំង​សរុប​ប្រមាណ​៥០០​នាក់​នោះ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ឡូជីស្ទីក សំណង់ អប់រំ និង​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​។ លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​បង្កើត​សេចក្ដី​ព្រាងច្បាប់​ថ្មី​ស្ដីពី​ការ​វិនិយោគ និង​តំបន់​សេដ្ឋកិច្ច​ពិសេស។

កម្ពុជា និង​វៀតណាម ចង់​សម្រេច​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ដល់​តម្លៃ ៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅមុន​ឆ្នាំ​២០២០​ខាងមុខនេះ ខណៈ​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ វៀតណាម​វិនិយោគ​នៅ​កម្ពុជា​សរុប មានតម្លៃ ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​កម្ពុជា​វិនិយោគ​នៅ​វៀតណាម​មានតម្លៃ​សរុប ៣,២​លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។