ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថា ជា​រឿង​អាម៉ាស់ ដែល​របប​ក្រុង​ភ្នំពេញ​ខឹង​សម្បារ​នឹង​ការ​ពិត​រឿង​​វៀតណាម​ឈ្លានពាន​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2019.06.10

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស (Norway) ​ជំរុញ​​របប​ក្រុង​ភ្នំពេញ​ឱ្យ​​បញ្ឈប់​ប្រតិកម្ម​តប​ត​នឹង​មេ​ដឹក​នាំ​សិង្ហបុរី ជុំ​វិញ​រឿង​វៀតណាម​ឈ្លាន​ពាន​កម្ពុជា​នៅ​ទសវត្ស​ទី៨០។ ក្រុម​ប្រឹក្សា​នេះ​ថា អ្វី​ដែល​របប​ក្រុង​ភ្នំពេញ​ត្រូវ​ធ្វើ​នោះ គឺ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​របប​នេះ​បាន​វាយ​បំផ្លាញ​ចោល កាល​ពី​ពេល​កន្លង​ទៅ។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​របប​លោក ហ៊ុន សែន ដែល​បញ្ចេញ​ប្រតិ​កម្ម​មិន​ទទួល​ស្គាល់​ប្រវត្តិ​សាស្ត្រ​ពិត​របស់​ខ្លួន ហើយ​នាំគ្នា​ទៅ​វាយ​ប្រហារ​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ដែល​ហ៊ាន​និយាយ​ការ​ពិត​រឿង​វៀតណាម​ចូល​លុក​លុយ​កម្ពុជា​ក្នុង​ទសវត្ស​ទី៨០។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ថ្លែងប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ មិថុនា​ថា កាយ​វិការ​របស់​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ មាន​ន័យ​ស្មើ​នឹង​ការ​គាំទ្រ​ការ​ឈ្លាន​ពាន​របស់​វៀតណាម។ លោក​បន្ត​ថា ដោយ​សារ​តែ​ការ​មិន​ទទួល​ស្គាល់​ការពិត​នេះ​ហើយ ទើប​បាន​ជា​របប​លោក ហ៊ុន សែន បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​ដែល​ហុច​ផល​ចំណេញ​ទៅ​ឱ្យ​ប្រទេស​វៀតណាម ជា​ពិសេស​រឿង​ទឹកដី និង​ការ​ស្នាក់​នៅ​ខុស​ច្បាប់​របស់​​ជន​អន្តោប្រវេសន៍​វៀតណាម៖ «តើ លី សៀនឡុង ជា​អ្នក​កសាង​កំហុស​សម្រាប់​កម្ពុជា​ក្នុង​ការ​លើក​ឡើង​ហ្នឹង ឬ​ក៏​របប​ភ្នំពេញ​ហ្នឹង ជា​អ្នក​ដែល​មិន​ទទួល​ស្គាល់​កំហុស? បើ​មិន​ទទួល​ស្គាល់​កំហុស អ៊ីចឹង​របប​ហ្នឹង​មិន​អាច​សង្ឃឹម​ជា​មុខ​ជា​មាត់​អី ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​រីក​លូត​លាស់​បាន​ទេ។ ហើយ​ពលរដ្ឋ​​ខ្មែរ​អាច​ធ្វើ​ការ​ពិចារណា​ទៅ ថ្ងៃក្រោយ​តើ​យើង​រើស​មេ​ដឹក​នាំ​ជា​កូន​ជា​ចៅ​របស់​ពួក​មន្ត្រី​គ្រាក់ៗ​ បច្ចុប្បន្ន​ហ្នឹង បន្ត​ដឹកនាំ​អំណាច​ទៀត​ដែរ​ឬ​ទេ

មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​មេ​ដឹក​នាំ និង​មន្ត្រី​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន បាន​នាំគ្នា​វាយ​ប្រហារ​​លោក​ លី សៀនឡុង ដោយ​ឥត​សំចៃ​មាត់ បន្ទាប់​ពី​មេ​ដឹក​នាំ​សិង្ហបុរី​រូប​នេះ បាន​រំឭក​ពី​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ាន​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ និង​កិច្ច​ខិត​ខំ​​ប្រឹងប្រែង​របស់​អាស៊ាន ដើម្បី​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល​នៃ​លទ្ធិ​កុម្មុយនិស្ត តាម​រយៈ​ការ​ជំទាស់​នឹង​ការ​​ឈ្លាន​ពាន​របស់​​វៀតណាម​លើ​កម្ពុជា។ លោក​បាន​ថ្លែង​ថា ថ្នាក់​ដឹក​នាំ​អាស៊ាន​នៅ​ពេល​នោះ បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ឈ្លាន​ពាន​នេះ ដែល​ធ្វើ​ឱ្យ​របប​ថ្មី​ដែល​វៀតណាម​លើក​បន្តុប​ក្រោយ​សម័យ​ខ្មែរ​ក្រហម មិន​ត្រូវ​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។

ទោះ​ជា​យ៉ាង​ណា ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ហាក់​បន្ថយ​កំហឹង​របស់​ខ្លួន​មក​វិញ បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​សិង្ហបុរី​បាន​ពន្យល់​អំពី​បំណង​នៃ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក លី សៀនឡុង។

រដ្ឋ​មន្ត្រី​ការ​បរទេស​សិង្ហបុរី​ លោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) បាន​ប្រាប់​មក​សមភាគី​កម្ពុជា​លោក ប្រាក់ សុខុន ថា លោក លី សៀនឡុង ពុំ​មាន​ចេតនា​អាក្រក់​ណាមួយ​ក្នុង​ការ​បញ្ចេញ​សារ​នោះ​ឡើយ។ លោក​ថា​ លោក លី សៀនឡុង គ្រាន់​តែ​ចង់​រំឭក​អំពី​ស្ថានភាព និង​ការ​ប្រឈម​នៅ​ក្នុង​សម័យ​កាល​នោះ ដែល​រឿង​ទាំង​នេះ​សុទ្ធ​តែ​ធ្លាប់​បាន​ផ្សព្វផ្សាយ​សាធារណៈ​រួច​មក​ហើយ។ លោក​បញ្ជាក់​ថា សិង្ហបុរី​ចង់​បាន​តែ​សន្តិភាព និង​វិបុល​ភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ ពុំ​មាន​បំណង​ណា​មួយ​គាំទ្រ​ខ្មែរ​ក្រហម​ឡើយ ហើយ​រឹតតែ​មិន​ចង់​ឃើញ​របប​នេះ​វិល​ត្រឡប់​មក​កម្ពុជា​សា​ជា​ថ្មី​ទៀត​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី៧ មិថុនា កន្លង​ទៅ។

ក៏​ប៉ុន្តែ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ភាគី​សិង្ហបុរី​មិន​បាន​កែប្រែ​នូវ​ពាក្យ​ពេចន៍​របស់​លោក លី សៀន​ឡុង នោះ​ឡើយ ពោល​គឺ​សិង្ហបុរី​ហាក់​ដូច​ជា គ្រាន់​តែ​ចង់​សម្រួល​ទំនាក់​ទំនង​ការទូត កុំ​ឱ្យ​មាន​ភាព​​តាន​តឹង​ជាមួយ​របប​លោក ហ៊ុន សែន ប៉ុណ្ណោះ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កេត សោផាន់ ជា​ច្រើន​ដង​នៅ​ថ្ងៃ​ទី៩ មិថុនា ដើម្បី​សុំ​ប្រតិកម្ម​តប​នឹង​រឿង​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ប្រតិកម្ម​ត្រឹម​នេះ ដើម្បី​កុំ​ឱ្យ​បង្កើត​អរិភាព​ ឬ​ភាព​ជា​សត្រូវ​ជាមួយ​សិង្ហបុរី ពី​ព្រោះ​ប្រទេស​ទាំង​ពីរ​សុទ្ធ​សឹង​តែ​ជា​សមាជិក​អាស៊ាន​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត លោក​ថា បញ្ហា​ចំពោះ​មុខ​ដែល​របប​នេះ​ត្រូវ​ដោះ​ស្រាយ​នោះ គឺ​ត្រូវ​ប្រញាប់​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​កម្ពុជា ក្នុង​បរិបទ​នៃ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក៖ «រឿង​សំខាន់​ជាង​គេ​បំផុត គឺ​ត្រូវ​តែ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហ្នឹង​ឱ្យ​បាន​ ដែល​អឺរ៉ុប​គេ​ត្រូវ​តែ​ពិនិត្យ​សម្រេច​ចុងក្រោយ​នៅ​ពីរ​ខែ​ខាង​មុខ​ទៀត​នេះ។ ទីពីរ​ត្រូវ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ហ្នឹង​ឡើង​វិញ ហើយ​ដោះលែង កឹម សុខា ទៅ ផ្ដល់​សុពល​ភាព​ឱ្យ​គណបក្ស​ប្រឆាំង​អី​រស់​ឡើង​វិញ​ធ្វើ​ការងារ​ជា​ធម្មតា​ទៅ។ អា​ហ្នឹង​វា​ជា​ជំហាន​វិជ្ជមាន​ដែល​យើង​ត្រូវ​ដោះ​ស្រាយ»

អ្នក​វិភាគ និង​អ្នក​តាមដាន​សង្គម​យល់​ឃើញ​ស្របគ្នា​ថា មូលហេតុ​ដែល​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ​ចេញមុខ​ប្រតិកម្ម​នឹង​ប្រសាសន៍​របស់​មេ​ដឹក​នាំ​សិង្ហបុរី​នេះ គឺ​ដើម្បី​ជួយ​ការពារ​មុខ​មាត់​របស់​វៀតណាម និង​ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន ​ដែល​ធ្លាប់​ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​ដោយ​មិន​ស្រប​ច្បាប់ ក្នុង​​អតីតកាល។ ក៏​ប៉ុន្តែ​នេះ គឺ​ជា​ការ​ពិត​នៃ​ប្រវត្តិ​សាស្ត្រ​​ដែល​មិន​អាច​ប្រកែក​បាន ហើយ​គ្រប់​យន្ត​ការ​អន្តរជាតិ​ សុទ្ធតែ​​បាន​កត់​ត្រា​ទុក​ថា អន្តរាគមន៍​របស់​វៀតណាម​នៅ​ពេល​នោះ ជា​ការ​លុក​លុយ​ឈ្លាន​ពាន​កម្ពុជា មិន​មែន​ជា​ការសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។