អ្នកវិភាគចាត់ទុកព័ត៌មាននៃការបូមប្រេង ជាវិធីសាស្ត្រថ្មីនៃការបន្តអំណាចបក្សកាន់អំណាច
2019.01.17
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា គម្រោង បូមយកប្រេងកាត នៅឆ្នាំ២០២០ នេះ គឺធ្វើឡើងដើម្បីទ្រទ្រង់ សេដ្ឋកិច្ចរបស់កម្ពុជាក្នុងអំឡុងពេលដែលប្រទេសកម្ពុជាត្រូវបានកាត់ផ្ដាច់ការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប។ អ្នកវិភាគនយោបាយលោក គឹម សុខ ថា របបក្រុងភ្នំពេញកំពុងស្វែងរកវិធីសាស្ត្រថ្មី ដើម្បីរក្សាអំណាចរបស់ខ្លួន។
កម្ពុជានឹងចាប់ផ្ដើមសាងសង់ទីតាំងបូមប្រេង ស្ថិតក្នុងប្លុកA ក្នុងអាងសមុទ្រខ្មែរក្នុងតំបន់ឈូងសមុទ្រថៃ ក្នុងខែតុលា ខាងមុខនេះ។ កាសែត Bangkok Post បានដកស្រងសម្ដីរបស់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួង រ៉ែ និងថាមពល លោក ជៀប សួរ ថា កម្ពុជានឹងអាចរកចំណូលបាន ៧៨០លានដុល្លារសម្រាប់រយៈពេល៩ ឆ្នាំ ពីការបូមប្រេងនេះ។
ចំពោះបញ្ហានេះលោក គឹម សុខ យល់ថាគម្រោងនេះ នឹងមិនផ្ដល់ផលប្រយោជន៍អ្វីដល់ប្រទេសកម្ពុជានោះទេ៖ «អាជីវកម្មប្រេងរបស់កម្ពុជានៅក្នុងកាលៈទេសៈនេះគឺ បូមដើម្បីយកទៅលក់ប្រមូលលុយមកទប់អំណាច នៅពេលដែលសម្ពាធអន្តរជាតិកំពុងតែរឹតកខ្លាំង ទៅដល់ដំណើរការកាន់អំណាចដ៏យូរអង្វែងរបស់លោក ហ៊ុន សែន។ គាត់អាចធ្វើបាន បើតាមពិនិត្យ មើលបានតែជាមួយចិនទេ ពីព្រោះរកស៊ីស្រួលជាមួយចិន ទាំងការហុចលុយទៅវិញទៅមក ហើយនឹងរបៀបរបបដំណើរការវិនិយោគ វាគ្មានចំណេញអ្វីដល់កម្ពុជានោះទេ ក្រៅពីធ្វើឲ្យកម្ពុជាហិនហោចបាត់ប្រេងហើយបាត់ទាំងសេរីភាពប្រជាធិបតេយ្យទៀត»។
សម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) របស់ប្រទេសសិង្ហបុរី កាន់កាប់ភាគហ៊ុន ៩៥ភាគរយ ចំណែក ៥ភាគរយទៀត គឺជាភាគហ៊ុនរបស់របបលោក ហ៊ុន សែន។ កន្លងមក របបលោក ហ៊ុន សែន បរាជ័យច្រើនលើកច្រើនសាមកហើយ ពាក់ព័ន្ធនឹងការសន្យាថានឹងទទួលបានប្រយោជន៍ការរុករកប្រេងនេះ។ ការសន្យាភាគច្រើន ធ្វើឡើងមុនការបោះឆ្នោត។ លើកនេះទៀតសោត ដំណឹងអំពីប្រេងនេះ ចាប់ផ្ដើមលេចឮទៀត ក្រោយសហគមន៍អន្តរជាតិ កំពុងពិចារណាដកការអនុគ្រោះពន្ធពីរបបលោក ហ៊ុន សែន៕