"អាស៊ាន​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សាកល្បង​អាវុធ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង"

ដោយ ម៉ៅ សុធានី
2017-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន (Kim Jong-Un) ចុះ​ហត្ថលេខា​លើ​ឯកសារ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦។
មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន (Kim Jong-Un) ចុះ​ហត្ថលេខា​លើ​ឯកសារ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៦។
Photo AFP

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ធ្វើ​តេស្ដ​បាញ់​អាវុធ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ហើយ​ថា​ទង្វើ​នេះ​គឺ​ជា​ការ​គំរាម​ដល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​សភាពការណ៍​ប្រឈម​ដាក់​គ្នា​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​កាន់​តែ​តានតឹង​ឡើងៗ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង។

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) រាយការណ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃ​អង្គារ បាន​ព្រមាន​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង ថា​នឹង​អាច​ប្រឈម​ការ​វាយ​ប្រហារ​បក​វិញ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ពិភពលោក​មិន​ដែល​ឃើញ​ពី​មុន​មក ប្រសិន​បើ​កូរ៉េ​ខាង​ជើង ហ៊ាន​សាកល្បង​បាញ់​មីស៊ីល​ទៅ​លើ​កោះ Guam នៃ​ទឹកដី​របស់​សហរដ្ឋ​អាមេរិក។ ការ​គំរាម​របស់​លោក ដូណាល់ ត្រាំ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក រិច ថីឡឺសោន (Rex Tillerson) បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​តំបន់​នៅ​ក្នុង​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន កាល​ពី​ចុង​សប្ដាហ៍​មុន ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​កាត់​ផ្តាច់​ចំណង​ការទូត​ជាមួយ​កូរ៉េ​ខាង​ជើង។

លោក ប្រាក់ សុខុន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ សីហា ថា ក្នុង​ជំនួប​រវាង​លោក និង​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង លោក រី យ៉ុងហូ (Ri Yong Ho) នៅ​ទីក្រុង​ម៉ានីល លោក​បាន​ស្នើសុំ​ឲ្យ​កូរ៉េ​ខាង​ជើង បន្ទន់​ឥរិយាបថ និង​បាន​បញ្ជាក់​ថា ទង្វើ​នេះ​គឺ​ជា​ការ​មាក់ងាយ​ដល់​សហគមន៍​អន្តរជាតិ​ទាំងមូល។ កម្ពុជា ជា​ប្រទេស​មាន​សម្ពន្ធភាព​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ហើយ​ចិន ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​ទទួល​រង​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ប្រឆាំង​កូរ៉េ​ខាង​ជើង ដោយសារ​ខ្លួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​នេះ។ នៅ​ទន្ទឹម​នេះ​ដែរ ប្រទេស​កម្ពុជា ក៏​បាន​បញ្ជាក់​ជំហរ​ច្បាស់​ពី​មុន​ថា នឹង​មិន​គាំទ្រ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ឡើយ។ កាល​ពី​ចុង​សប្ដាហ៍​មុន ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​លើ​កូរ៉េ​ខាង​ជើង ដែល​ក្នុង​នោះ​ក៏​មាន​ការ​គាំទ្រ​ពី​ចិន និង​រុស្ស៊ី ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល