ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​​ចូលរួម​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ហេង រស្មី
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ខ្មែរ ជិត ២០០​នាក់​នៅ​ក្រៅ​ប្រទេស ចូលរួម​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ក្រោយ​ពី​រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី១៧ កក្កដា។
ប្រជាពលរដ្ឋ​ខ្មែរ ជិត ២០០​នាក់​នៅ​ក្រៅ​ប្រទេស ចូលរួម​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ក្រោយ​ពី​រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី១៧ កក្កដា។
រូប៖ RFA

ប្រជាពលរដ្ឋ​ខ្មែរ ជិត​២០០​នាក់​នៅ​ក្រៅ​ប្រទេស​បាន​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន និង​ចូលរួម​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ក្រោយពី​រដ្ឋសភា​សហរដ្ឋអាមេរិក​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩ H.R 526 ដើម្បី​ដាក់​សម្ពាធ​ដល់​របប​លោក ហ៊ុន សែន ឱ្យ ស្តារ​លទ្ធិប្រជាធិបតេយ្យ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ។

ប្រជាពលរដ្ឋ​ខ្មែរ​មកពី​គ្រប់​បណ្ដា​រដ្ឋ​នានា នៅ​ក្នុង​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​១៦ កក្កដា បាន​ធ្វើ​ពិធី​ជួបជុំ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដោយមាន​វត្តមាន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​រៀបចំខ្លួន​ចូលរួម​មហា​បាតុកម្ម​នៅ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​នឹង​ចាប់ផ្ដើម​នៅ​ព្រឹក​នៅ​ថ្ងៃ ពុធ ទី​១៧ ខែ​កក្កដា​នេះ ។

អ្នកស្រី សេង សុផល មកពី​រដ្ឋ​អូហាយូ (Ohio) បញ្ជាក់​ថា អ្នកស្រី​ចង់​ឱ្យ​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ស្តា​រការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នកស្រី​ប្រាប់​អាស៊ីសេរី​នៅ​ក្នុង​ពិធី​ជួប​ប្រជុំ​ភោជនីយដ្ឋាន​មួយ​ក្នុង​រដ្ឋ​វីជីនៀ សហរដ្ឋអាមេរិក ថា អ្នកស្រី​មិន​ត្រូវការ​មេដឹកនាំ​ផ្ដាច់ការ​រលោក ហ៊ុន សែន តទៅទៀត​ទេ ដោយសារតែ​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ លោក​បាន​ដើរ​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ៖ «គឺថា​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បំផ្លាញ​សិទ្ធិ​សេរីភាព និង​ភាព​យុត្តិធម៌ សុចរិត ថ្លៃថ្នូរ ។ គឺថា​ទៅ​បង្ក្រាប​ទៅ​គំរាមកំហែង​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​យក​ដីធ្លី ផ្ទះសំបែង បំផ្លាញ​នូវ​អ្វីៗ​ទាំងអស់​ដែល​ប្រជាជន​យើង​រស់នៅ​ឡើង​ទ្រាំ​លែង​បាន​ទៅ​ចំណាកស្រុក​ទៅ​ប្រទេស​គេ​ចោល​កូន​ចោល​ប្រពន្ធ​និង​ក្រុម​គ្រួសា»

ប្រជាពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ជាច្រើន​នាក់​មកពី​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ​គ្រោង​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ពីមុខ​អគារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បើក​លំហ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ចូលរួម​បោះឆ្នោត និង​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​មក​កាន់​មាតុ​ប្រទេស​វិញ ក្រោយពី​សមាជិកសភា​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រួចមក។

រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​១៥ កក្កដា បាន​អនុម័ត​ច្បាប់ H.R 526 ដើម្បី​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ទៀត​មកពី​រដ្ឋ​មីនីសូតា លោក ឈុន ប៊ុនឃាង បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ ដើម្បី​ឱ្យ​ខ្មែរ​ចាក​ផុត​ពី​ភាព​ជិះជាន់​នៅ​ក្នុង​របប​គ្រប់គ្រង​សព្វថ្ងៃ​នេះ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​បាន​ក្លាយ​ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន បង្កើត​ច្បាប់​តាមតែ​អំពើ​ចិត្ត​ដើម្បី​គាបសង្កត់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទន់ខ្សោយ៖ «លោក ហ៊ុន សែន ហ្នឹង​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ទេ ហើយ​ទី​ពីរ​យើង​ចង់​ឱ​ប្រជាពលរដ្ឋ​ដឹង​ថា គាត់​នឹង​ឯង​ជា​អ្នក​សម្លាប់​មនុស្សជាតិ​ គឺថា​ គាត់ (ហ៊ុន សែន​) Committed Crime Against Humanity ដូច្នេះ​គាត់​គេ​ត្រូវ​យក​ទៅ​កាត់ទោស​នៅ​ក្នុង​ICC​ហើយ​គាត់ (ហ៊ុន សែន​) ត្រូវតែ​គេ​យក​ទៅ​ចាប់​ដាក់គុក»

ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិនដែល​ទទួល​ស្គាល់​ថា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ បើទោះបីជា​រដ្ឋាភិបាល​ខិតខំ​ស្ដារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ក៏ដោយ៖ «អ្នក​ទាំង​អស់ហ្នឹង​មិនដែល​មានភ័ព្វ​វាសនា​ដែល​ផ្តល់​នូវ​ក្តី​សង្ឃឹម​នៅ​កម្ពុជា ។ គេ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ដល់​កម្ពុជា​បំផ្លាញ​ពី​ការចូលរួម​របស់​មហា​ជន​ក្នុង​ការ​ជ្រើសរើស​ជា​អ្នកតំណាង​របស់​គេ ហើយ​បំផ្លាញ​នូវ​ស្ថានភាព​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ទាំង​មុខ​មាត់​ក៏ដូចជា​ការងារ​របស់​ប្រជាជន​ឯង»

ដោយឡែក លោក ហូ វ៉ាន់ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​អាមេរិក​បញ្ជាក់​ថា ច្បាប់​ដែល​បាន​អនុម័ត​ដោយ​សហរដ្ឋអាមេរិក​នេះ​មិនមែន​ជា​ការ​ធ្វើបាប​ខ្មែរ​ទេ​គឺជា​ការ​ជួយ​ឱ​ប្រជាពលរដ្ឋ​ខ្មែរ​ងើបឡើង​មាន​សិទ្ធិ​សេរីភាព​របស់​ខ្លួន​មកវិញ ហើយ​នឹង​មាន​ការ​ជ្រើសរើស​មេដឹកនាំ​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ នឹង​បំបាត់ចោល​នូវ​ការដឹកនាំ​បែប​ផ្ដាច់​ការដែល​និយម​ពួក​បរទេស​​​​​​៖ «តាម​ខ្ញុំ​មើល​គឺថា បើ​អនុវត្ត​ឱ្យ​បាន​ពិតប្រាកដ​គឺថា ប្រយោជន៍​ដែល​ធំ​គឺ​ប្រជា​ពលរដ្ឋ​យើង​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ស្គាល់​សេរីភាព ហើយ​នឹង​ស្គាល់​ការ​អភិវឌ្ឍ​រុងរឿង​ដោយសារ​មានការ​ផ្លាស់ប្ដូរ​ពី​របប​ប្រជាធិបតេយ្យ មក​របប​ដែល​មាន​សេរី​ត្រឹមត្រូវ»

សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់ H.R 526 ថ្លែង​ថា លោក​នឹង​វាយបក​ទៅ​របប​លោក ហ៊ុន សែន ចំពោះ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​នៃ​របប​នេះ ។

លោក ថិត យ៉ូហូ ប្រាប់​អាស៊ីសេរី​ថា ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋសភា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត និង​បន្ទាប់មក​ទៅ​ប្រធានាធិបតី ដើម្បី​ចុះហត្ថលេខា​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​ ។ លោក​បញ្ជាក់​ទៀត​ថា ឥលូវ​នេះ​ដល់​ពេល​ដែល​ត្រូវ​បង្ខំ​របប ហ៊ុន សែន ឱ្យ​ទទួល​ខុសត្រូវ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

ទស្សនា​ការផ្សាយផ្ទាល់របស់​អាស៊ីសេរី​ពីព្រឹត្តិការណ៍តវ៉ានេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល