តំណាង​បក្ស​ប្រឆាំង​តាម​ប្រទេស​មួយ​ចំនួន​គាំទ្រ និង​ត្រៀម​ចូលរួម​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ ខែ សុណង
2020-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ក្នុង​ពេល​ទៅ​ជួប​អ្នកគាំទ្រ​លោក នៅម៉ាឡេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ក្នុង​ពេល​ទៅ​ជួប​អ្នកគាំទ្រ​លោក នៅម៉ាឡេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Sam Rainsy

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ប្រទេស​មួយ​ចំនួន ប្រកាស​គាំទ្រ និង​ត្រៀម​ចូលរួម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​លើកទី​២​។ ពួកគេ យល់ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​តែ​មាន​សារសំខាន់ ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ជួយ​ស្រោចស្រង់​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ត្រឹមត្រូវ​ឡើងវិញ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ថៃ លើកឡើង​ថា ពួកគេ នៅតែ​ប្រកាន់ខ្ជាប់​ជានិច្ច​ក្នុង​ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ផ្ដាច់ការ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន លើក ឡើង​ថា ទោះបីជា​ចលនា​យុវជន​នៅ​កូរ៉េ ត្រូវ​បាន​បំបែក​ក្រុម​ខ្លះ​ក្តី ប៉ុន្តែ​នៅតែ​ស្ថិត​ក្នុង​ស្មារតី​សង្គ្រោះ ជាតិ​ដូចគ្នា ហើយ​នៅតែ​រក្សា​ជំហរ​គាំទ្រ​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ដដែល៖ «ខ្ញុំ​សង្ឃឹម​ថា កម្លាំង​រួមគ្នា​នៃ​កម្លាំង​រួម​មួយ​នៃ​អ្នក​ប្រជាធិបតេយ្យ វា​ជា​រឿង​ចាំបាច់​មួយ​សម្រាប់​ប្រជាធិបតេយ្យ​កម្ពុជា ដើម្បី​ឲ្យ​មាន​ដំណើរការ​ទៅមុខ​បាន»

រីឯ​អនុប្រធាន​គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី ណិប បូរ៉ា មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជជែក​គ្នា​ជា​បន្តបន្ទាប់​អំពី​ផែនការ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី​។ អ្នកស្រី​បញ្ជាក់​ថា មាន​អ្នកគាំទ្រ​មួយ​ចំនួន ស្ម័គ្រចិត្ត​ចូលរួម​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក សម រង្ស៊ី ហើយ​មួយ​ចំនួន​ទៀត​ត្រៀម​ចូលរួម​ជា​ថវិកា​ជាដើម​។ ទន្ទឹម​គ្នា​នេះ អ្នកស្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំ​រង់ចាំ​តែ​លោក សម រង្ស៊ី ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពោល​គឺ​ត្រូវ​ក្រោកឈរ​ព្រម​គ្នា ប្រើប្រាស់​សិទ្ធិ​ជា​ម្ចាស់​ប្រទេស និង​ម្ចាស់​អំណាច​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ឡើងវិញ ព្រោះ​ប្រសិនបើ​គ្មាន​លទ្ធិប្រជាធិបតេយ្យ គឺ​ប្រជាពលរដ្ឋ​គ្រប់រូប​នឹង​រស់នៅ​ពិបាក​ជាង​ស្លាប់៖ «យើង​មាន​សកម្មភាព​របស់​លោក សម រង្ស៊ី គឺ​គាត់​ជាក់​លាស់​ណាស់ គាត់​បាន​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​លើក​ទី​១ ហើយ​ខ្ញុំ​ក៏បាន​ធ្វើ​ដែរ ។ ពួក​ខ្ញុំ ក៏បាន​ទៅ​ដល់​ដី​ថៃ​ទៀត កាល​ពី​លើក​ទី​១ តែ​មាន​សកម្មភាព​រារាំង​គាត់​រហូត​សូម្បីតែ​ពួក​យើង​ជា​ប្រជាពលរដ្ឋ​ធម្មតា ក៏​មករា​រាំង​ពួក​យើង​ទៀត​ដែរ​។​ទោះ​យ៉ាងណា យើង​កាន់​តែ​មាន​កម្លាំង​តស៊ូ​ថែមទៀត»

ដោយឡែក​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ចុះ​កៀរគរ​កម្លាំង​ប្រជា​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នេះ គណបក្ស មាន​កម្លាំង​ពេញ​ក្នុង​ដៃ​ត្រៀម​រួចជាស្រេច និង​រង​ចាំតែ​ពេល​វេលា​ប៉ុណ្ណោះ ដើម្បី​ចូលរួម​ដំណើរ​មាតុភូមិនិវត្តន៍ ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​។ លោក អះអាង​ថា ទោះបីជា​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី លើក​ទី​១ មិន​បាន​ជោគជ័យ​ក្តី ប៉ុន្តែ​ពួក​លោក និង​ប្រជាពលរដ្ឋ មិនដែល​ខកចិត្ត​នោះ​ទេ ព្រោះ​សុទ្ធតែ​ដឹង​ថា របប​ក្រុងភ្នំពេញ បាន​បិទ​ជើង​យន្តហោះ និង​ដាក់​កម្លាំង​រាំង​ខ្ទប់​គ្រប់​ទីកន្លែង ព្រមទាំង​ហាម​ប្រទេសជិតខាង​មិន​ឲ្យ​លោក សម រង្ស៊ី ឆ្លងកាត់​ទៀត​ផង៖ «បើ​យើង​ជា​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ពិតប្រាកដ ចង់បាន​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ ហើយ​ឃើញ​ប្រទេស​យើង​កំពុងតែ​រង​នូវ​ការគាបសង្កត់​ពី​របប​ផ្ដាច់ការ លោក ហ៊ុន សែន​កាន់តែ​ខ្លាំង ដូច្នេះ​បើ​យើង​ចង់​ឲ្យ​របប​នេះ​ផ្លាស់ប្ដូរ​ទៅ​បាន ទាល់តែ​យើង​កុំ​មានការ​ខកចិត្ត​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ណាមួយ ព្រោះ​ខ្ញុំ​ចង់​បញ្ជាក់​ថា លោក សម រង្ស៊ី មិនដែល​ខ្លាច​ក្នុង​ការ ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុ​ជា​នោះ​ទេ»

សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​វិញ ក៏​បង្ហាញ​ទឹកចិត្ត​ពុះកញ្ជ្រោល​ចង់​ឃើញ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ជា​លើក​ទី​២​ដែរ ទោះបីជា​ប្រឈម​ការ​គំរាមកំហែង និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ក្តី។

យុវជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​មួយរូប គឺ​លោក ភួង រដ្ឋា ប្រាប់​អាស៊ីសេរី​ថា មានតែ​វត្តមាន​មេ​បក្ស​ប្រឆាំង​រូប​នេះ ទើប​អាច​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ​ឡើងវិញ និង​អាច​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ពិតប្រាកដ​។ យុវជន​រូប​នេះ ជឿ​ថា លោក សម រង្ស៊ី ពិតជា​ចិញ្ចឹម​ចិត្ត​ចង់​វិលត្រឡប់​ចូល​កម្ពុជា​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​វា​នឹង​អាច​កើតឡើង​ជាក់ស្ដែង ប្រសិនបើ​រដ្ឋាភិបាល មិន​រារាំង​ដូច​លើក​ទី​១​នោះ​ទេ៖ «សូម​សំណូមពរ​ទៅ​គណបក្ស​កាន់អំណាច ចូលរួម​ដោះស្រាយ​ជាមួយ​គណបក្សប្រឆាំង​ពីព្រោះ​ជម្លោះ​ទាំងនេះ ខ្ញុំ​ជឿជាក់​ថា មិនមែន​ជា​ជម្លោះ​ដើម្បី​ការពារ ផលប្រយោជន៍​ជាតិ នោះ​ទេ»

កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា លោក សម រង្ស៊ី បាន​ប្រកាស​ត្រៀម​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ជា​លើក​ទី​ពីរ ប៉ុន្តែ​មក​ទល់​ពេលនេះ លោក នៅ​មិន​ទាន់​កំណត់ពេល​វេលា និង​ផែនការ​ជាក់លាក់​នៅឡើយ​។ លោក​ថា លោក​ទៅវិញ​លើក​នេះ ដើម្បី​សង្គ្រោះ​កម្ពុជា​ពី​វិបត្តិ​សេដ្ឋកិច្ច និង​ពី​កណ្ដាប់​ដៃ​ចិន៖ «នៅ​ពេល​មាន​របប​ថ្មី រដ្ឋាភិបាល​មាន​ប្រជាធិបតេយ្យ គឺ​យើង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​បាន​ងាយ ដូចជា​យើង​ទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដូចជា ថា​ឲ្យ​លើក​ទណ្ឌកម្ម ។ លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស ឥឡូវនេះ រដ្ឋាភិបាល​ថ្មី​គោរព​សិទ្ធិមនុស្ស​ហើយ ត្រូវតែ​លើក​ទណ្ឌកម្ម ហើយ​ត្រូវតែ​បើក​ចំហរ​ទីផ្សារ​អឺរ៉ុប ត្រូវតែ​ផ្តល់​ជំនួយ​អន្តរជាតិ​ឲ្យ​កាន់តែ​ច្រើន មក​ជួយ​ប្រជារាស្ត្រ​ខ្មែរ។ យើង​លុបបំបាត់​អំពើពុករលួយ យើង​បែក​ចែក​ធនធាន​ប្រទេស​ជាតិ ធម្មជាតិ ចែក​ជូន​ប្រជារាស្ត្រ ចែក​ជូន​ដីធ្លី យើង​រៀបចំ​ឲ្យ​មាន ទីផ្សារ​ដើម្បី​ឲ្យ​កសិករ​លក់​បាន​ថ្លៃ យើង​លុបចោល​បំណុល​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក ហើយ​ធនាគារ​នោះ ក្នុង​កណ្ដាប់​ដៃ​ហ៊ុន សែន តែ​ទាំងអស់​។ នេះ​ទី​១ យើង ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ហើយ​ទី​២ ដោះស្រាយ​គ្រោះថ្នាក់​ដែល ហ៊ុន សែន ធ្វើ​ឲ្យ​កម្ពុជា ប្រឈមមុខ ដែល ហ៊ុន សែន ទៅ​អែប​ជាមួយ​ចិន ហើយ​ចិន​នេះ កំពុង​អនុវត្ត​នយោបាយ​វាតទី និយម​ឈ្លានពាន​ប្រទេសជិតខាង ហើយ​ចិន​នេះ​យក​កម្ពុជា​ធ្វើជា​ឈ្នាន់»

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុកថា ផែនការ​វិល​ចូល ស្រុក​ជាថ្មី​របស់​លោក សម រង្ស៊ី នេះ គឺ​គ្រាន់តែ​ល្បិច​គោះ​ទឹក​បង្អើល​ត្រី​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ពលរដ្ឋ​ណា ជឿ​លើ​នយោបាយ​បែបនេះ នឹង​រង​ទុក្ខវេទនា​ខ្លួនឯង ដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល៖ «អំពាវនាវ​ឲ្យ​បងប្អូន​ដែល​ជឿ​លើ​មេ​ឧទ្ទាម​ក្រៅច្បាប់ មិនមែន​ទើប​ជឿ​ទេ គឺ​ជិត​២០​ឆ្នាំ​ហើយ ល្មម​ដឹងខ្លួន​ហើយ ខិតខំ​ទុក​ពេល​វេលា​រកស៊ី​ចិញ្ចឹមជីវិត ចិញ្ចឹម​ប្រពន្ធ​កូន​ទៅ​វា​ល្អ​ជាង កុំ​ឲ្យ​គេ​ហៅថា គ្រាន់តែ​លឺ​គេ​គោះ​ទឹក​មក​យើង​ផ្អើល ហើយ​ឥឡូវ​ចង់​ផ្អើល​ទៀត បើ​ផ្អើល​ទៀត​ចូល​គុក​ហើយ»

មិន​ខុស​ពី​ការព្រមាន​នោះ​ទេ គឺ​មួយរយៈ​ចុងក្រោយ​នេះ អាជ្ញាធរ និង​តុលាការ​កម្ពុជា ដែល​រង​ការ​រិះគន់​ថា ជា​ស្ថាប័ន​តេ​ឡេ​នោះ កំពុង​សើរើ​សំណុំរឿង​ចាស់​កាលពី​ឆ្នាំ​២០១៩​ឡើងវិញ ដើម្បី​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ។

កាល​ពី​ផែនការ​លើក​ទី​១ ដែល​លោក សម រង្ស៊ី ប្រកាស​កំណត់​ថ្ងៃ​វិល​ចូល​ស្រុក នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល ៤៧ ក្រុមហ៊ុន កុំ​ដឹក​លោក សម រង្ស៊ី និង មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ៨​រូប​ផ្សេងទៀត ចូល​ដី​ខ្មែរ និង​ព្រមាន​ដាក់ទោស​ក្រុមហ៊ុន​ទាំងអស់​នោះ បើ​ហ៊ាន​ល្មើស​នឹង​បទបញ្ជា​។ មិនតែប៉ុណ្ណោះ​លោក ហ៊ុន សែន បាន​គំរាម​បាញ់សម្លាប់​លោក សម រង្ស៊ី នៅ​តំបន់​ព្រំដែន និង​បាន​ពង្រាយ​កងទ័ព​យ៉ា​ងច្រើន​ទៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ត្រង់​ច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត។ ក្រៅ​ពី​នេះ​លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​ឲ្យ​ប្រទេសជិតខាង​កម្ពុជា កុំ​ឲ្យ​លោក សម រង្ស៊ី ឆ្លងកាត់​ផង​ដែរ​។ ស្រប​ពេល​ជាមួយគ្នា​នោះ របប​ក្រុងភ្នំពេញ បាន​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ក្នុង​ការ​ចែក​រម្លែក​សារ ឬ​បញ្ចេញមតិ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង ឡើយ និង​ថែមទាំង​បាន​ចេញ​ដីកា​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​ទ្រង់ទ្រាយ​ធំ ។ លើស​ពី​នេះ មន្ត្រីរាជការ​ទាំង​ស៊ីវិល និង​យោធា រង​ការ​រឹតត្បិត មិន​ឱ្យ​សុំច្បាប់​ឈប់សម្រាក ឬ ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ក្នុងអំឡុងពេល​នៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ។

សម្រាប់​ផែនការ​លើក​ទី​២​នេះ​វិញ លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ លោក ហ៊ុន សែន ឈប់​ធ្វើ​របៀប​កំសាក​នេះ​ម្តង​ទៀត ហើយ​ត្រូវ​មាន​ភាព​ក្លាហាន​បើកផ្លូវ​ឲ្យ​លោក​បាន​វិល​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​របប​នេះ ចាប់ខ្លួន​តាម​ការប្រកាស​កន្លងមក​។ ទោះជា​យ៉ាងណា លោក សម រង្ស៊ី ជឿ​ថា នៅ​ពេល​ដែល​លោក ទៅដល់​ទឹកដី​ខ្មែរ​ភ្លាម គឺ​ប្រាកដ​ជា​មាន​ពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ជាមួយ​មួយ​លោក ដើម្បី​កម្ចាត់​របប​លោក ហ៊ុន សែន ដែល​លោក​ចោទ​ថា កំពុងតែ​សម្លាប់​ជាតិខ្មែរ។

ដោយឡែក​សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​វិញ បើ​ទោះ​បី​ជា​មាន​ការ​បំភិតបំភ័យ និង​យាយី​ពី​របប​ក្រុងភ្នំពេញ​បែប​ណា​ក្តី ប៉ុន្តែ​ពួកគេ​ហាក់​ដូច​ជា​សាំ​នឹង​បរិយាកាស​បែបនេះ​ទៅ​ហើយ និង​នៅតែ​ប្រកាស​ថា ពួកគេ​មិន​រាថយ​ឡើយ ហើយ​នៅតែ​រក្សា​ជំហរ​រឹងមាំ ដើម្បី​រង់ចាំ​ស្វាគមន៍ និង​ចូលរួម​អម​ដំណើរ​មាតុភូមិនិវត្តន៍​លោក សម រង្ស៊ី ដដែល៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល