នាយករដ្ឋមន្ត្រី​ចិន​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​សប្ដាហ៍​ក្រោយ

ដោយ អាស៊ីសេរី
2018.01.04
លី ខឹឈាំង ហ៊ុន សែន ២០១៦ ៨៥៥ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo AFP
Photo AFP

នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង (Li Keqiang) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កាន់​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​មាន​អ្នក​វិនិយោគិន​ចិន ជា​ច្រើន​មក​រក​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ថ្លែង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ថា លោក លី ខឹឈាង នឹង​ចូលរួម​កិច្ចប្រជុំ​មេគង្គ-​ឡានឆាង លើក​ទី​២ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​មករា ហើយ​នឹង​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ថ្ងៃ​បន្ទាប់។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​ចិន ជា​បន្តបន្ទាប់​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ចិន មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ប្រទេស​លោក​សេរី កំពុង​ចេញមុខ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក្រោយ​ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​ឆក់​យក​ឱកាស​កេង​ចំណេញ​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់ និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​ដែរ៖ «»។

​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ប្រទេស​ចិន បាន​ប្រកាស​យ៉ាង​មហោឡា​រឹក​ថា នឹង​ធ្វើ​ជា​បង្អែក​ដ៏​រឹងមាំ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស ហើយ​ប្រទេស​ចិន បាន​យល់​ព្រម​ផ្តល់​ជំនួយ​រាប់រយ​លាន​ដុល្លារ​ដល់​កម្ពុជា។ ចំណែក​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន បាន​សន្យា​ថា នឹងធ្វើ​ការ​វិនិយោគ​ថ្មី​ចំនួន ៧​ពាន់​លាន​ដុល្លារ។

ស្របពេល​កម្ពុជា មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ប្រទេស​លោក​សេរី​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​មន្ត្រី​កំពូលៗ របស់​ចិន ជា​ច្រើន​លើក ដែល​ក្នុង​នោះ​ក៏​មាន​កិច្ចប្រជុំ​ចំនួន ២ ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង នៅ​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ខែ​ឧសភា និង​ធ្នូ។

​មជ្ឈដ្ឋាន​មួយ​ចំនួន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ទំនាក់ទំនង​កម្រិត​កំពូល​រវាង​បក្ស​កាន់​អំណាច និង​ប្រទេស​ចិន នេះ ព្រោះ​ពួកគេ​យល់​ថា គណបក្ស​កាន់​អំណាច​នឹង​កាន់តែ​ហ៊ាន​ធ្វើ​អ្វីៗ តាម​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។