ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន​បារម្ភ​ពី​ស្ថានភាព​នយោបាយ​ដែល​កំពុង​ឡើង​កម្ដៅ

ដោយ ម៉ែន សុធីរ
2016.07.13
Share on WhatsApp
Share on WhatsApp
ទី​រួម​ខេត្ត​ស្ទឹងត្រែង ៦២០ ២១-ធ្នូ-២០១៥៖ ទី​រួម​ខេត្ត​ស្ទឹងត្រែង។
RFA/Men Sothyr

ពលរដ្ឋ​រស់នៅ​ខេត្ត​ភាគ​ឦសាន សម្ដែង​ក្តី​បារម្ភ​ពី​រលក​នយោបាយ​ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​អ្នក​វិភាគ ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​រាស្ត្រ មន្ត្រី​បរិស្ថាន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម។ ក្រុម​ពលរដ្ឋ​ចង់​ឃើញ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មាន​ស្មារតី​សាមគ្គី​ភាព ឯកភាព​ជាតិ មាន​មេត្តា​ធម៌ និង​ចេះ​អធ្យាស្រ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ស្វែងរក​យន្តការ​រួម​មួយ​ដោះស្រាយ​វិបត្តិ​សង្គម​នានា​ដែល​កំពុង​កើត​មាន។

តើ​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន មើល​ឃើញ​អ្វី​ខ្លះ​ទាក់ទិន​បញ្ហា​សង្គម​កម្ពុជា សព្វថ្ងៃ បាន​ជា​ពួក​គេ​ព្រួយ​បារម្ភ?

ពលរដ្ឋ​រស់នៅ​ខេត្ត​ភាគ​ឦសាន​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា។ ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​មតិ​ប្រាប់​វិទ្យុ​អាស៊ីសេរី ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​សូវ​ខ្វល់​បញ្ហា​នយោបាយ​ទេ ដោយ​ពួក​គេ​គិត​ពី​មុខ​របរ​ចិញ្ចឹម​ជីវិត។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ធំ​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​ដែល​កំពុង​ឡើង​កម្តៅ។ ក្រុម​ពលរដ្ឋ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នយោបាយ និង​វិបត្តិ​សង្គម​នានា​ដោយ​សន្តិវិធី ដើម្បី​កុំ​ឲ្យ​ប្រទេស​ជិត​ខាង​វាយ​តម្លៃ ឬ​មើល​ស្រាល។

ក្រុម​អាជីវករ កសិករ និង​អ្នក​រត់​ម៉ូតូ​ឌុប​រស់នៅ​ខេត្ត​ស្ទឹងត្រែង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ កក្កដា ថា ពួក​គេ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​នៃ​ការ​មិន​ឯកភាព​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដែល​ជា​ប្រធានបទ​ចម្បង ប៉ះពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស ជាពិសេស​គឺ​អាច​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ដោះស្រាយ​វិបត្តិ​សង្គម មាន​ជាអាទិ៍ បញ្ហា​ព្រំដែន បញ្ហា​គ្រឿង​ញៀន ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ និង​សេដ្ឋកិច្ច ជាដើម។

ពួក​គេ​អះអាង​ផ្សេងៗ​ពី​គ្នា​ថា ប្រសិន​បើ​អ្នក​នយោបាយ​មិន​គិត​ពី​ផល​ប្រយោជន៍​ពលរដ្ឋ និង​ជាតិ​ជា​ធំ​នោះ​ទេ ផល​ប៉ះពាល់​នឹង​កាន់​តែ​ចាក់​ឫស​ជ្រៅ​ដល់​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ៖ «ខ្មែរ​យើង​ឲ្យ​តែ​មាន​អ្នក​ចេះ​ដឹង​លេច​មុខ​បន្តិច ច្រើន​តែ​មាន​អ្នក​ផ្តាច់​ចោល មិន​ដូច​ប្រទេស​គេ​ផ្សេងៗ។ ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ ខ្ញុំ​សូម​សំណូមពរ​ដែរ​ចំពោះ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ដូច​ថា គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ វា​ជ្រុល។ យើង​គ្រប់គ្រង​អត់​បាន​បណ្ដាល​ឲ្យ​វា​របូត​ដល់​ជន​ល្មើស។ វា​មិន​ខ្លាច​ទេ តែ​គេ​ធ្វើ​ម៉េច​ស្រេច​តែ​គេ យើង​ជន​សាមញ្ញ​ធម្មតា។ ខ្ញុំ​អ្នក​រក​ស៊ី​ផ្សេង​គេ អ្នក​នយោបាយ​ផ្សិង​ទៅ បើ​គេ​ម៉េច​ចឹង​មួយ​គេ​ទៅ​អត់​ហ៊ាន​ទេ​ខ្លាច ខ្លាច​គេ​អ្នក​លើ​ចឹង​ទៅ។ យើង​អត់​មាន​ខ្នង​មាន​បង្អែក​ដូច​គេ​ផង ធ្វើ​ម៉េច​កើត​ដូច​គេ។ អ្នក​ចេះ​ដឹង​វិភាគ​នយោបាយ​ច្រើន​តែ​បាត់បង់​ជីវិត​ទៅ គ្មាន​ការ​រក​យុត្តិធម៌​ឲ្យ បាត់បង់​ទៅ​វា​ឈឹង​សូន្យ​រហូត។ មិន​ដឹង​ជា​អនាគត នឹង​បាត់បង់​អ្នក​ចេះ​ដឹង​ណា​ទៀត។ មូលហេតុ​មិន​ដឹង យើង​មិន​មែន​អ្នក​នយោបាយ។ យើង​គ្រាន់​តែ​អ្នក​រត់​ម៉ូតូ​ឌុប​ធម្មតា​ចឹង»

ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ពៅ សាវៀន បារម្ភ​ពី​ដំណើរ​ការ​វិវឌ្ឍន៍​នៃ​រលក​នយោបាយ​ដែល​កើត​មាន។ លោក​ថា បញ្ហា​មួយ​ចំនួន​ក្នុង​សង្គម បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ​មិន​ត្រូវ​បាន​អ្នក​នយោបាយ​លើក​ជា​របៀបវារៈ​ដោះស្រាយ​នោះ​ទេ រួម​មាន​ជម្លោះ​ដីធ្លី ជាដើម។ លោក​មើល​ឃើញ​ថា អ្នក​នយោបាយ​ភាគ​ច្រើន ច្រើន​តែ​លាប​ពណ៌​គ្នា​ដោយ​មិន​សូវ​គិត​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នោះ​ទេ៖ «អ្នក​នយោបាយ​ច្រើន​លាប​ពណ៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ចឹង​ទៅ​វា​មាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ ដល់​ពេល​ប្រជាពលរដ្ឋ​គាត់​មាន​ទុក្ខ​លំបាក​បញ្ហា​អ្វី​មួយ គាត់​អត់​សូវ​យក​ចិត្ត​ទុក​ដាក់។ គាត់​អាល័យតែ​រឿង​នយោបាយ គាត់​អត់​គិត​ពលរដ្ឋ​ដែល​មាន​ទុក្ខ​លំបាក​ទេ»

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី លោក បូរ៉េត កាំពី អំពាវនាវ​ឲ្យ​អ្នក​នយោបាយ ជាពិសេស​រដ្ឋាភិបាល​ចេះ​ស្រឡាញ់​គ្នា យោគយល់​គ្នា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ឯកភាព​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ លោក​ចង់​ឃើញ​អ្នក​នយោបាយ​បំពេញ​បេសកកម្ម​ការងារ​មាន​មូលដ្ឋាន​គ្រឹះ ៤​យ៉ាង គឺ​មេត្តា ករុណា ឧបេក្ខា និង​មុទិតា។ លើស​ពី​នេះ ពលរដ្ឋ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ពេញលេញ ដោយ​ពុំ​មាន​ការ​រឹតត្បិត និង​គំរាម​កំហែង។ លោក​ថា ពលរដ្ឋ​ភាគ​ច្រើន​នៅ​ពេល​ទទួល​ដំណឹង​ថា មាន​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពួក​គេ​កាន់​តែ​ភ័យ​ខ្លាច​ពី​ស្ថានភាព​នយោបាយ និង​បរិយាកាស​សង្គម ជាពិសេស​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ហើយ​ពលរដ្ឋ​ក៏​ពុំ​សូវ​ហ៊ាន​ចូលរួម​អភិរក្ស​ព្រៃ​សហគមន៍​នៅ​មូលដ្ឋាន​ដូច​មុន​នោះ​ឡើយ៖ «ទាំង​អ្នក​ដឹក​នាំ ទាំង​អ្នក​ធ្វើ​នយោបាយ​ក៏ដោយ ចង់​ឲ្យ​ពួក​គាត់​ទាំងអស់​គ្នា​ចេះ​ស្រឡាញ់​រួបរួម​គ្នា យោគយល់​គ្នា ត្រូវ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​ដោយ​សន្តិវិធី មិន​ត្រូវ​ប្រើ​ហិង្សា»

ដូច​គ្នា​នេះ​ដែរ ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក រមាស ស្វាត បារម្ភ​ដែរ​ថា ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ប្រទេស គឺ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ តែ​ផ្ទុយ​ទៅ​វិញ លទ្ធិប្រជាធិបតេយ្យ​មាន​តែ​លើ​ក្រដាស ការ​អភិរក្ស​ព្រៃ​ឈើ ដំណោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទេ ឃើញ​តែ​ពួក​គេ​គិត​អំពី​បក្ខពួក​និយម និង​រឹតត្បិត​សេរីភាព​សហគមន៍​មិន​ឲ្យ​ជួប​ជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ចូលរួម​ការពារ​ព្រៃ​ឈើ ជាដើម៖ «រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​កាន់​អំណាច និយម​បក្ខពួក​គ្នា។ ចង់​សំណូមពរ​រដ្ឋាភិបាល​ឥឡូវ សាមគ្គី​កុំ​បក្ខពួក​គ្នា​ដូចជា​ខ្សែ​គ្នា​ឯង ចង់​សាមគ្គី​រួម​ដៃ​គ្នា​ពី​នេះ​ត​ទៅ»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន លើក​ឡើង​ថា លោក​មិន​ជំទាស់​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​នោះ​ទេ ព្រោះ​វា​ជា​សិទ្ធិ​បញ្ចេញ​មតិ តែ​លោក​សូម​ឲ្យ​ពលរដ្ឋ​ក្តាប់​សភាពការណ៍​នៃ​ជីវភាព​សង្គម​ឲ្យ​ច្បាស់លាស់ ថា​តើ​មាន​ការ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ? លោក​ថា រឿង​ដែល​កើត​ឡើង​កន្លង​មក មិន​អាស្រ័យ​លើ​គណបក្ស​ណា​នោះ​ទេ វា​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​ខុស​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន៖ «រឿង​ហ្នឹង​បាន​កើត​មក បាន​ជា​ធ្វើ​ខុស​ហើយ គាត់​ត្រូវ​ទទួល​ចំពោះ​មុខ​ច្បាប់។ គាត់​ទៅ​ស្រែក​ថា ស្ថានភាព​នយោបាយ​ឡើង​កម្តៅ គួរ​ឲ្យ​ភ័យ​ខ្លាច មាន​ការ​គាប​សង្កត់​ពី​គណបក្ស​កាន់​អំណាច។ តែ​បើ​យើង​មិន​ធ្វើ​ខុស​អី គេ​គំរាម​កំហែង​យើង ចាំ​យើង​និយាយ ចឹង​បាន​វា​សមស្រប»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា បន្ទាប់​ពី​ឡើង​កម្តៅ​នយោបាយ​កាន់​តែ​ខ្លាំង​ឡើង​មួយ​រយៈ​នេះ ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្លាប់​រាយការណ៍​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​មូលដ្ឋាន និង​បញ្ហា​នានា​ក្នុង​សង្គម បែរ​ជា​ខ្លាចរអា។ លោក​កត់​សម្គាល់​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៦ មក នៅ​គ្រា​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចុះ​ពង្រឹង​សិទ្ធិ​មូលដ្ឋាន​ដល់​សហគមន៍ មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជុំ​ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ចំនួន​បី​លើក​ហើយ។ លោក​ថា សហគមន៍​ហាក់​ភ័យ​ខ្លាច​ក្នុង​ការ​ប្រមូល​កម្លាំង​ការពារ​ព្រៃ​ឈើ​នៅ​មូលដ្ឋាន ដោយសារ​តែ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព។ លោក​ថា បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​នយោបាយ៖ «នៅ​ពេល​ឡើង​កម្តៅ​នយោបាយ​ហូរហែ​មក​ដូចជា​ស្ងប់ស្ងាត់​មួយ​រយៈពេល​នេះ។ ពេល​ដែល​គាត់​ត្រូវ​បាន​គេ​រំលោភ​ដីធ្លី ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ព្រៃ​ឈើ យើង​ឃើញ​ថា ក្រុម​ពួក​គាត់​មិន​សូវ​ជា​ហ៊ាន​កៀរគរ​កម្លាំង​ទប់ស្កាត់ ឬ​ក៏​ដាក់​ពាក្យ​បណ្ដឹង​អី​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ​២០០០ មាន​ការ​បាញ់​តារា​ចម្រៀង​ដ៏​ល្បី គឺ​កញ្ញា ទូច ស៊ុននិច របួស​ធ្ងន់។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​សង្ស័យ​ថា ការ​បាញ់​សម្លាប់​នោះ​អាច​ជា​រឿង​នយោបាយ​ច្រើន​ជា​រឿង​ឯកជន ហើយ​ការ​បាញ់​សម្លាប់​នោះ គេ​បង្វែរ​សាច់​រឿង​តាម​ស្រឡាញ់​មិន​បាន។ ចំណែក​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ចាក់​បទ​ចម្រៀង​ដែល​ទាក់ទិន​ពលរដ្ឋ​ខ្មែរ​ក្រោម។

ចំណែក​កវីនិពន្ធ​ម្ចាស់​ស្ទឹង​សង្កែ លោក គង្គ ប៊ុនឈឿន ដែល​ជា​កវី​ដ៏​ល្បី​សម័យ​លោក ស៊ិន ស៊ីសាមុត មុន​ពេល​លោក​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​២០១៦ លោក​បាន​ចេញ​ខ្សែ​វីដេអូ​ខ្លី​មួយ ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ផ្ដោត​សំខាន់​ឲ្យ​អ្នក​នយោបាយ និង​ពលរដ្ឋ​ទូទៅ ចេះ​សាមគ្គី​គ្នា​កសាង​ជាតិ ដើម្បី​កុំ​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ធ្វើ​នយោបាយ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។