សង្គមស៊ីវិលថាការមិនឲ្យមន្ត្រីរាជការផ្ដល់ព័ត៌មានពីអំពើពុករលួយជាការរំលោភអំណាចសភា
2015.06.24
អ្នកតំណាងរាស្ត្របក្សប្រឆាំង និងមន្ត្រីរដ្ឋាភិបាល កំពុងឆ្លើយឆ្លងគ្នាចំពោះការចេញសេចក្ដីណែនាំរបស់គណៈរដ្ឋមន្ត្រី ទៅដល់មន្ត្រីរាជការ ថាមិនអាចសម្រេចទៅឆ្លើយបំភ្លឺនៅសភា ឬជាមួយអ្នកតំណាងរាស្ត្រ ដោយពុំមានការអនុញ្ញាតពីរដ្ឋមន្ត្រី ឬពីប្រធានស្ថាប័នរដ្ឋាភិបាលឡើយ។ លើសពីនេះ រដ្ឋាភិបាលសំអាងថា រាល់ការបំភ្លឺ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ ជាតួនាទីរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
ករណីនេះ តំណាងរាស្ត្របក្សប្រឆាំង ថាធ្វើឲ្យប៉ះពាល់ដល់តួនាទីសភា ចំណែកមន្ត្រីរដ្ឋាភិបាលថាការលើកឡើងនោះជាការញុះញង់ និងមិនយល់ច្បាប់។ ទោះយ៉ាងណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលមើលឃើញថា ការហាមប្រាមនោះពិតជាប៉ះពាល់ដល់តួនាទីអ្នកតំណាងរាស្ត្រ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកការព្យាយាមណែនាំមន្ត្រីរាជការ ឬហាមប្រាមមិនឲ្យឆ្លើយបំភ្លឺ និងផ្ដល់ព័ត៌មានដល់អ្នកតំណាងរាស្ត្រ ថាអាចជាការរំលោភអំណាចរវាងអង្គនីតិប្រតិបត្តិ ទៅលើនីតិប្បញ្ញត្តិ មិនឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យ។
នាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា លើកឡើងថា ការស្នើឲ្យមានការបំភ្លឺពីសំណាក់អ្នកតំណាងរាស្ត្រ គឺជាផ្នែកមួយដែលជាធាតុផ្សំនៃប្រជាធិបតេយ្យ។ លោកថា តួនាទីសាកសួរ និងប្រមូលព័ត៌មាន គឺជាតួនាទីចាំបាច់របស់សមាជិកសភាគ្រប់រូប ជាពិសេសនៅក្នុងប្រទេសសភានិយមដូចកម្ពុជា៖ «ទោះបីគ្មានច្បាប់ទទួលព័ត៌មាន ក៏រដ្ឋសភា អ្នកតំណាងរាស្ត្រមានសិទ្ធិហៅឥស្សរជនមន្ត្រីស្ថាប័នរដ្ឋមករាយការណ៍ ដើម្បីពន្យល់អីថែម។ រដ្ឋាភិបាលគ្មានសិទ្ធិអំណាចអីទៅហាមណែនាំស្ថាប័នរដ្ឋនានា មិនឲ្យមករាយការណ៍អី អត់បានទេ។ គេមករាយការណ៍ធ្វើរបាយការណ៍ គឺជារឿងធម្មតា សភាគេត្រូវការសួរព័ត៌មាន។ គឺគាត់រំលោភអំណាច គេនឹងកត់ត្រាទុកពីការរំលោភអំណាច»។
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានប្រតិកម្មនឹងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប គឺលោក សុន ឆ័យ និងលោក ហូរ វ៉ាន់ ដែលបានបញ្ចេញទស្សនៈតាមកាសែតភ្នំពេញប៉ុស្តិ៍ ចំពោះសេចក្ដីណែនាំមួយរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការសាកសួរ និងឆ្លើយបំភ្លឺករណីអំពើពុករលួយ។
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក តឹករ៉េត សំរេច បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែមិថុនា ថា ទស្សនៈនោះជាការញុះញង់ និងបំពានខ្លឹមសារច្បាប់។ សេចក្ដីណែនាំរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៥ ខែមិថុនា បានលើកឡើងចំណុចសំខាន់ចំនួន២ រួមមាន រាល់ការទៅបំភ្លឺ ឬជួបគណៈកម្មការនានារបស់ស្ថាប័ននីតិប្បញ្ញត្តិ ឬក្រុមតំណាងរាស្ត្រ ដើម្បីសិក្សាស្វែងយល់ និងផ្ដល់ព័ត៌មាន ត្រូវមានការយល់ព្រមជាមុនពីរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន។ ចំពោះការសុំបំភ្លឺ សុំឯកសារ សុំរបាយការណ៍ ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ ជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ពុំមានស្ថាប័នផ្សេងឡើយ បើតាមមាត្រា២២ នៃច្បាប់ប្រឆាំងអំពើពុករលួយ។
សេចក្ដីណែនាំនោះ លោក សុន ឆ័យ បានរិះគន់ថា ប៉ះពាល់តួនាទីសភា រំលោភមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ និងថាជាឆាកសមរភូមិ ហើយសង្គ្រាមអាចកើតឡើងរវាងនីតិប្បញ្ញត្តិ និងប្រតិបត្តិ។ ចំណែកអ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការ លោក ហូរ វ៉ាន់ ថាជាការរឹតត្បិតសិទ្ធិអ្នកតំណាងរាស្ត្រក្នុងការស្នើសុំព័ត៌មាននានាពីរដ្ឋាភិបាល។
នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា មានប្រសាសន៍ទៀតថា កិច្ចការប្រឆាំងអំពើពុករលួយ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកថា នៅក្នុងប្រទេសជាច្រើន អ្នកតំណាងរាស្ត្រមានសិទ្ធិស្នើសុំការបំភ្លឺពីគ្រប់ផ្នែក ដើម្បីប្រមូលព័ត៌មាន៖ «រដ្ឋសភាជាអ្នកបោះឆ្នោតបង្កើតរដ្ឋាភិបាល ចឹងគេមានសិទ្ធិដេញដោលទៅសមាជិករដ្ឋាភិបាល។ ចំណែកឯថ្នាក់ខាងក្រោម រដ្ឋាភិបាលភាគច្រើនគេហៅមក ដើម្បីប្រមូលព័ត៌មានឲ្យបានច្រើន ដើម្បីគេយកព័ត៌មានអស់ហ្នឹងយកមកដេញដោលទៅសមាជិករដ្ឋាភិបាល ឬក៏រដ្ឋាភិបាលឲ្យចាត់វិធានការជាក់ស្ដែងដោះស្រាយ។ អ៊ីចឹងរដ្ឋសភា អ្នកតំណាងរាស្ត្រមានសិទ្ធិហៅឥស្សរជនគ្រប់កម្រិត ហើយនៅក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន គេហៅដល់ឯកជនទៅទៀត»។
មាត្រា២២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ចែងថា អង្គភាពនានាដែលដឹងករណីអំពើពុករលួយ ត្រូវប្ដឹងបទល្មើសនោះទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ចំណែកនាយកវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ដែរថា ហេតុផលមួយដែលនាំឲ្យមានករណីនេះកើតឡើង ក៏ដោយសារតែគណបក្សប្រឆាំងដែលចរចាទាមទារគណៈកម្មការទី១០ ឬគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនោះ ពុំបានរៀបចំពីរបៀបធ្វើការរបស់គណៈកម្មការនេះ៖ «គណៈកម្មការនីមួយៗមានសិទ្ធិសម្រេច ប៉ុន្តែក្នុងច្បាប់របស់យើងអត់មានចែងទេ ដោយសារចឹងទោះបីជាកោះហៅក៏ដោយ ប៉ុន្តែបើគេសួរក្នុងសម្ងាត់ ហើយមន្ត្រីនីមួយៗមិនព្រមឆ្លើយក៏មិនដឹងធ្វើម៉េចដែរ។ រាល់ថ្ងៃនេះ ប្រធានគណៈកម្មការមកពីគណបក្សប្រឆាំងគ្មានសិទ្ធិធ្វើអីទៅលើការមិនព្រមឆ្លើយរបស់គេទេ។ ក្នុងរបបប្រជាធិបតេយ្យ ការពិតគណៈកម្មការដែលមកពីគណបក្សប្រឆាំង ដែលកោះសួរឈ្លេចសួរហ្នឹង គឺដើម្បីបង្ហាញទៅសាធារណជនដែលជាម្ចាស់ឆ្នោតទេ ហ្នឹងជាគោលការណ៍សំខាន់របស់គេនោះបាទ»។
ក្នុងករណីនេះ អ្នកតំណាងរាស្ត្រ លោក សុន ឆ័យ មានប្រសាសន៍ដោយមិនបានផ្លាស់ប្ដូរជំហរថា អ្នកតំណាងរាស្ត្រនឹងរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យមន្ត្រីរដ្ឋាភិបាល គោរពតួនាទីរបស់អ្នកតំណាងរាស្ត្រ៖ «អាចនឹងពិនិត្យសិក្សាជាមួយគ្នារវាងក្រុមតំណាងរាស្ត្រនៃគណបក្សទាំងពីរមើលថា តើមានយន្តការអីមួយដើម្បីឲ្យមន្ត្រីនៅក្នុងរដ្ឋាភិបាល និងតំណាងរាស្ត្រ ថាធ្វើយ៉ាងម៉េចឲ្យគាត់គោរពតួនាទីអ្នកតំណាងរាស្ត្រ និងថាមានវិធានការអីដែលអាចដាក់ទោសទណ្ឌគាត់ នៅពេលគាត់មិនគោរពតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
ចំណែក លោក ហូរ វ៉ាន់ បញ្ជាក់ថា លោកនៅតែបន្តសកម្មភាពក្នុងនាមអ្នកតំណាងរាស្ត្រ។ លោករំពឹងថា នឹងមានច្បាប់ដែលធានាឲ្យរដ្ឋាភិបាលត្រូវផ្ដល់ព័ត៌មានផ្លូវការនានា នៅពេលមានការស្នើសុំ៖ «មិនមែនយើងអ្វីទាំងអស់ផ្ញើទៅអង្គភាពពុករលួយទេ ព្រោះបញ្ហាខ្លះទាក់ទងនឹងក្រសួង ព្រោះក្រសួងនីមួយៗមានសវនកម្មផ្ទៃក្នុង។ ដូច្នេះកន្លែងខ្លះយើងត្រូវផ្ញើទៅ ដើម្បីជាការដោះស្រាយបែបរដ្ឋបាល អ្វីដែលយើងអាចទប់ស្កាត់បញ្ហាហ្នឹងបាន។ ការងារដែលយើងចង់បានព័ត៌មាននេះ ព្រោះយើងជាគណៈកម្មការមួយដែលត្រួតពិនិត្យឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាល»។
អង្គការមិនមែនរដ្ឋាភិបាល គាំទ្រចំពោះជម្រើសរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។
នាយកវេទិកាអនាគត លោក អ៊ូ វិរៈ ផ្ដល់យោបល់ថា អ្នកតំណាងរាស្ត្រអាចមានជម្រើសមួយទៀត គឺការចុះពន្យល់ផ្សព្វផ្សាយដល់ពលរដ្ឋតាមមូលដ្ឋាន ឲ្យយល់ពីតម្លៃអ្នកតំណាងរាស្ត្រ និងអាចរួមគ្នាទាមទារឲ្យកំណត់តួនាទីរបស់គណៈកម្មការទី១០ របស់រដ្ឋសភាឡើងវិញ៖ «បន្តធ្វើទៅ ដើម្បីបង្ហាញសាធារណជន ពិសេសម្ចាស់ឆ្នោតហ្នឹងថា ប្រសិនបើប្រជាពលរដ្ឋគាត់ចង់បានចឹងដែរ ឲ្យប្រជាពលរដ្ឋហ្នឹងជួយចូលរួមទាមទារតតាំង ហ្នឹងជាគន្លឹះមួយនៃរបបប្រជាធិបតេយ្យដែលជោគជ័យ។ មិនអាចមានរបបប្រជាធិបតេយ្យដែលគ្មានការចូលរួមរបស់ប្រជាពលរដ្ឋ»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលមើលឃើញដែរថា សេចក្ដីណែនាំរបស់គណៈរដ្ឋមន្ត្រីហាក់មានចេតនានយោបាយ ដើម្បីបិទបាំងរឿងរ៉ាវពាក់ព័ន្ធនឹងអំពើពុករលួយ ជាជាងការអនុវត្តតាមច្បាប់ដូចសេចក្ដីណែនាំនោះអះអាង៕