ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ប្រកាស​រួម​កម្លាំង​បន្ត​សកម្មភាព​នយោបាយ​ទៅ​មុខ

ដោយ សេក បណ្ឌិត
2017-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​សារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ផ្ញើ​ជូន​សកម្មជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​សារ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ផ្ញើ​ជូន​សកម្មជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Screenshot

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ពី​ខាង​ក្រៅ​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដោយ​ប្រកាន់​ជំហរ​ថា គណបក្ស​ខ្លួន​​នៅ​តែ​រឹងមាំ​ដដែល​ ហើយ​ត្រៀម​បន្ត​សកម្មភាព​របស់​ខ្លួន​ទៅ​មុខ​ទៀត បើ​ទោះ​បី​ជា​គណបក្ស​​ត្រូវ​បាន​អាជ្ញាធរ​របស់​​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រុះរើ​កម្ទេច​ស្លាក​គណបក្ស​​អស់​ហើយ​​ក៏ដោយ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ថ្នាក់​ដឹក​នាំ​​គណបក្ស​ក៏​កំពុង​រក​​វិធី​ដើម្បី​ទាក់ទង​ជាមួយ​​សកម្មជន​នៅ​ខាង​​​ក្នុង​ប្រទេស​ឲ្យ​បាន​ងាយ​ស្រួល ​ដើម្បី​ពង្រឹង​សាមគ្គីភាព​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​មន្ត្រី​ថ្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​​ប្រទេស សម្ដែង​​ការ​កោត​សរសើរ​ចំពោះ​សកម្មជន​គណបក្ស​នៅ​ខាង​ក្នុង​ប្រទេស ដែល​មាន​ឆន្ទៈ​ស្មោះស្ម័គ្រ​រួម​រស់​ជា​មួយ​គណបក្ស​ដោយ​មិន​ចុះ​ចូល​តាម​ការ​អូសទាញ​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​នោះ។

​​​​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លិប​តាម​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​នៅ​តែ​បន្ត​សកម្មភាព​នយោបាយ​ដ៏​ឥត​ងាករេ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អ្នកស្រី មូរ សុខហួរ អះអាង​ទៀត​ថា​ នៅ​ក្នុង​ស្ថានភាព​ដែល​សកម្មជន​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៅ​ខាង​ក្រៅ​ប្រទេស​កន្លង​មក​ក្ដី​ ក៏​ប៉ុន្តែ​ក្នុង​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ថ្នាក់​ដឹក​នាំ​គណបក្ស​នឹង​រៀបចំ​ឲ្យ​មាន​ការ​ទាក់ទង​ជាមួយ​​សកម្មជន​គណបក្ស​ទាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​បាន​ងាយ​ស្រួល​ជាង​មុន ដើម្បី​បន្ត​ការងារ​នយោបាយ​របស់​គណបក្ស​ទៅ​មុខ​ទៀត៖ «លើស​ពី​នេះ​ទៅ​ទៀត គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ មាន​ជំនឿ​ច្បាស់​ណាស់​ថា បងប្អូន​នឹង​តស៊ូ​រក្សា​តទៅ​នូវ​មនសិការ​ស្នេហា​ជាតិ​ យើង​នឹង​បន្ត​រស់​នៅ​ក្រោម​ដំបូល​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​នឹង​តស៊ូ​ទៅ​ទៀត​ ដើម្បី​ទាមទារ​មក​វិញ​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិមនុស្ស​ជូន​ដល់​ប្រទេស​កម្ពុជា វិញ ឲ្យ​ទាល់​តែ​បាន​ នៅ​ពេល​ឆាប់ៗ​នេះ»

ចំណែក​ឯ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក ថាន សុរិទ្ធ អះអាង​ថា សមាជិក​គណបក្ស​លោក​នៅ​ខេត្ត​កំពង់ចាម សម្ដែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​​ថ្នាក់​ដឹក​នាំ​គណបក្ស​​ប្រកាស​រួម​សាមគ្គី​គ្នា​ដើម្បី​បន្ត​យុទ្ធនាការ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ នោះ។ លោក​អះអាង​ទៀត​ថា​ សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​លោក​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​ ​ដើម្បី​បន្ត​ជីវិត​នយោបាយ​ឲ្យ​រស់​រវើក​ជាមួយ​មន្ត្រី​ថ្នាក់​ដឹក​នាំ​គណបក្ស​ដោយ​ឥត​រុញរា​ឡើយ៖ «បើ​បាន​គណបក្ស​សង្គ្រោះ​ជាតិ មក​វិញ អ្នក​ដែល​សប្បាយ​ជា​ង​គេ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​ហើយ​ដែល​សប្បាយ​ជាង​គេ​ ហើយ​កន្លង​មក​ឃើញ​មាន​ការ​ចុះ​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ មិន​មែន​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ទៅ​តាម​ទេ​ ប្រជាពលរដ្ឋ​គាត់​យល់​ច្បាស់​ណាស់​អំពី​ស្ថានភាព​នយោបាយ។ គាត់​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ឮ​ដំណឹង​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​រឹងមាំ​ឡើង​វិញ​ ទាក់ទង​នឹង​គោលជំហរ​ គឺ​កុំ​បារម្ភ​ឲ្យ​សោះ​ ដោយ​ថ្នាក់​ក្រោយ​មាន​ភាព​រឹងមាំ​ណាស់​ ដោយ​រង់ចាំ​តែ​ព័ត៌មាន​ពី​ថ្នាក់​ដឹក​នាំ​នៅ​ក្រៅ​តែ​ប៉ុណ្ណឹង​ទេ»

​​​​​​​​​​​​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ប្រកាស​ពង្រឹង​សាមគ្គី​ភាព​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​​​លោក សុខ ឥសាន ធ្លាប់​បាន​អះអាង​ថា សកម្មជន​គណបក្ស​ប្រឆាំង​រាប់​ពាន់​នាក់​បាន​មក​សុំ​​ចុះ​ចូល​ជាមួយ​គណបក្ស​លោក​ ហើយ​លោក​ថា ការ​ចុះ​ចូល​នេះ​ទំនង​ដោយ​សារ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ៖ «អ៊ីចឹង​ទេ​យើង​មិន​អាច​ងើយ​បង​ប្អូន​ធ្លាក់​ខ្លួន​ទទួល​រង​ដោយ​អយុត្តិធម៌​ដោយ​មេ​បក្ស​ប្រឆាំង និង​ក្រុម​មេ​បក្ស​ប្រឆាំង​នោះ​ទេ ត្រូវ​តែ​អូសទាញ​អប់រំ​បងប្អូន​ឲ្យ​មាន​ការ​គិតគូរ ហើយ​មាន​ការ​ភ្ញាក់​រលឹក ដោយ​ឆន្ទៈ​ផ្ទាល់​ខ្លួន​ដើម្បី​មក​រួម​រស់​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា»

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​ជម្រះ​ក្ដី​រំលាយ​គណបក្ស​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ គឺ​បន្ទាប់​​ពី​​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​សំណុំ​រឿង​រំលាយ​គណបក្ស​​ដែល​ប្ដឹង​ដោយ​គណបក្ស​នយោបាយ​២ កាល​ពី​ពេល​ថ្មីៗ​នេះ។

ទោះ​ជា​យ៉ាង​ណា ​មន្ត្រី​ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា សកម្មជន​ដែល​ចុះចូល​គណបក្ស​កាន់​អំណាច​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ ដែល​ជា​ថ្ងៃ​​ឱសានវាទ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​ឱកាស​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ គឺ​មាន​សមាជិក​​ក្រុម​ប្រឹក្សា​ប្រហែល​ជាង ២០០​នាក់​ដែល​បាន​ចុះចូល​គណបក្ស​កាន់​អំណាច​នោះ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ស្រប​ពេល​​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង រី​ឯ​ចំនួន​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា តិចតួច​នោះ​​ លោក​ថា ​ជា​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ហាញ​ទៅ​ដៃគូ​ប្រកួត​ដែល​ស​បញ្ជាក់​ថា គណបក្ស​មួយ​នេះ ​មាន​ភាព​រឹងមាំ​នៅ​ថ្នាក់​មូលដ្ឋាន​ គឺ​​ធ្វើ​ឲ្យ​គណបក្ស​នេះ​មិន​អាច​បំបែក​បាន​ដោយ​ងាយ​ស្រួល​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

The old good time for Hun Sen is very much over! I can't stand to let this man to do what ever he wants. THIS MAN AND HIS REGIME HAS TO GO! LET'S US TAKE CONTROL OF OUR DESTINY. All our neighboring countries are so developed and so rich except Cambodia. All I witness every day are the suffering and the oppression by his regime. We need to take back our country. I demand all the international banks to FREEZE ALL HIS FOREIGN ASSETS AND OFFSHORE BANK ACCOUNTS IMMEDIATELY include all his corrupted ministers around him.

Nov 28, 2017 06:10 PM

គេហទំព័រ​ទាំងមូល