អ្នកវិភាគ៖ អ្នក​នយោបាយ ពលរដ្ឋ​ត្រូវ​យល់​ដឹង និង​អនុវត្ត​តួនាទី​អោយ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​ប្រជាធិបតេយ្យ

ដោយ សុជីវី
2020-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប៉ា ចាន់រឿន (ឆ្វេង) អ្នកវិភាគ និងនាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​បណ្ឌិត មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍន៍​សង្គម។
លោក ប៉ា ចាន់រឿន (ឆ្វេង) អ្នកវិភាគ និងនាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​បណ្ឌិត មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍន៍​សង្គម។
រូប៖ RFA and CENTRAL

អ្នក​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មើល​ឃើញ​ថា​ ពលរដ្ឋ​ភាគច្រើន​នៅ​មិន​ទាន់​យល់ដឹង​ពី​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ឡើយ ស្រប​ពេល​ដែល​អ្នកនយោបាយ​មិន​យកចិត្ត​ទុកដាក់​អប់រំ​ផ្សព្វផ្សាយ និង​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​បាន​អនុវត្ត​តួនាទី​របស់​ពួកគេ។ បើ​ទោះ​ជា​យ៉ាង​ណា ចំពោះ​ចៅសង្កាត់​ជាប់ឆ្នោត​នៅ​សង្កាត់​អូរ​ចារ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​អះអាង​ថា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មិនឈប់ឈរ​ពី​អ្នក​នយោបាយ​កាន់អំណាច​ទៅ​លើ​ពលរដ្ឋ និង​អ្នកនយោបាយ​ប្រឆាំង​គឺ​ជា​ដើមចម ដែល​ធ្វើ​អោយ​ពលរដ្ឋ​ភ័យខ្លាច និង​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​អោយ​បាន​ពេញលេញ។

អ្នកវិភាគ និង​ជា​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចាន់រឿន អោយ​ដឹង​ថា ពលរដ្ឋ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​ប្រជាធិបតេយ្យ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​មិន​ទាន់​យល់​ដឹង​ពី​តួនាទី និង​ការ​ទទួល​របស់​ពួកគេ​នៅ​ឡើយ​ទេ។

លោក​ថា​តួនាទី និង​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​លើស​ពី​ការចូលរួម​ការបោះឆ្នោត និង​ការ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ៖ «ដែល​ប្រជាជន​ចង់​បាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ពួក​គាត់​មិន​មាន​ចំណេះដឹង ជំនាញ និង​ប្រកាន់​ឥរិយាបថ​ជា​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ប្រជាធិបតេយ្យ​ក្នុង​សង្គម​អាច​ស្ដារ​អាច លូតលាស់​បាន​មិន​មែន​គ្រាន់​តែ​ប្រជាជន​ ឬ​អ្នក​នយោបាយ​ប្រកាស​ខ្លួន​ឯង​ថា ខ្ញុំ​ប្រជាពលរដ្ឋ​ប្រជាធិបតេយ្យ ខ្ញុំ​ជា​អ្នក​ដឹក​នាំ​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​តម្រូវ​អោយ​ទាំង​ប្រជាពលរដ្ឋ​មាន​ចំណេះដឹង​មាន​ជំនាញ និង​ប្រកាន់​ឥរិយាបថ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ ទើប​ប្រជាធិបតេយ្យ​អាច​ចម្រើន​លូតលាស់​ទៅ​មុខ​បាន»

ចំណែក​អ្នក​សិក្សា​ការអភិវឌ្ឍន៍​សង្គម​ បណ្ឌិត មាស នី​ មើល​ឃើញ​ដែរ​ថា ពលរដ្ឋ​ភាគច្រើន​បាន​យល់ដឹង​ពី​សិទ្ធិ​សេរីភាព ប៉ុន្តែ​នៅ​ខ្វះខាត​ចំណុច ដែល​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ។ លោក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​បាន​បញ្ឈប់​លែង​មាន​បង្រៀន​មុខ​វិជ្ជា​ពលរដ្ឋ​វិជ្ជា​នៅ​តាម​សាលារៀន «យើង​មើល​ដូច​ជា​ឆ្នាំ២០១៣ និង​២០១៧ គឺ​ពលរដ្ឋ​បាន​បំពេញ​តួនាទី​របស់​គាត់ បង្ហាញ​ពី​ភាព​ក្លាហាន​នៅ​ក្នុង​ការ​ទៅ​បោះ​ឆ្នោត​ឱ្យ​​អ្នក​ណា ដែល​គាត់​ចង់​បោះ​ឆ្នោត​ឱ្យ អ្នក​ណា​ដែល​គាត់​ចង់​បាន​ហើយ ប៉ុន្តែ​រឿង​ដែល​បន្ត​ទៅ​ទៀត សួរ​ថា នៅ​ពេល​គាត់​រៀបចំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​របស់​គាត់​រួចហើយ​ហ្នឹង តើ​គាត់​មាន​ប្រើ​សិទ្ធិ​របស់​គាត់​ទៅ​លើ​ការ​ត្រួត​ពិនិត្យ ទៅ​លើ​តម្លាភាព​របស់​មេ​ដឹក​នាំ​របស់​គាត់​ទេ ហ្នឹង​ហើយ​ជា​ការ​ខ្វះ​ខាត​មួយ»

លោក មាស នី កត់សម្គាល់​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ទង្វើ​របស់​​ប៉ូលិស ដែល​ធ្វើ​ឱ្យ​ជន​ស្បែក​ខ្មៅ​ម្នាក់​ស្លាប់ នោះ​ថា​ជា​ការ​អនុវត្ត​សិទ្ធិ និង​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​ក្នុង​ការ​ជំរុញ​ឱ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​ពលរដ្ឋ។ បុរស​អាមេរិកាំង​ស្បែក​ខ្មៅ​ ហ្ស៊ច ផ្លយ (George Floy) បាន​ស្លាប់​ដោយ​ថប់ដង្ហើម​នៅ​ពេល ប៉ូលិស​នៅ​ក្រុង​មីនីអាប៉ូលិស (Minneapolis) ក្នុង​រដ្ឋមីនីសូតា (Minnesota) សង្កត់​ផ្ទប់​នឹង​ដី​កាល​ពី​ចុងខែ​ឧសភា។ ទង្វើ​របស់​ប៉ូលិស​នេះ ត្រូវ​បាន​ពលរដ្ឋ​អាមេរិក​ចាត់ទុកថា​ជា​អំពើ​ឃោរឃៅ​ ដែល​ទាមទារ​អោយ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត និង​កែទម្រង់។ ដោយ​សារ​រឿង​នេះ​ក៏​​ផ្ទុះ​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​គ្រប់​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​ និង​រាល​ដាល​ទៅដល់​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

បើ​ទោះ​ជា​យ៉ាង​ណា​ចំពោះ​អ្នកស្ដាប់​អាស៊ី​សេរី​ម្នាក់ គឺ​លោក ឡុក ឈិត បាន​បញ្ចេញ​មតិ​ថា​ពលរដ្ឋ​អាមេរិក​យល់ដឹង​ពី​តួនាទី និង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​បាន​ក៏​ដោយសារតែ​រដ្ឋាភិបាល​បាន​អប់រំ​ពលរដ្ឋ​អោយ​យល់ដឹង​រឿង​ទាំង​នោះ៖ «គេ​ឱ្យ​ប្រជាជន​គេ​យល់​ដឹង​ពី​ច្បាប់ យល់ដឹង​ពី​រដ្ឋធម្មនុញ្ញ យល់ដឹង​ពី​សភា យល់​ដឹង​ពី​ការ​ដឹក​នាំ​របស់​សភា។ តែ​នៅ​ស្រុក​ខ្មែរ​អត់​ទេ នៅ​ស្រុកខ្មែរ​មន្ត្រី​ធំៗ ទាំង​អស់​ជា​ចៅហ្វាយ​របស់​រាស្ត្រ ហើយ​ប្រជាជន​ចង់​សួរ​អី​ក៏​សួរ​អត់​បាន។ ម្ល៉ោះ​ហើយ​ខ្ញុំ​គិត​ថា ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​មិន​អាច​ទៅ​មុខ​បានទេ​បើ​រដ្ឋាភិបាល​នៅ​តែ​រឹតត្បិត​មិន​ឱ្យ​​ប្រជាជន​យល់​ដឹង​ទាំង​អស់»

ទាំង​អ្នកវិភាគ អ្នកនយោបាយ ពលរដ្ឋ និង​អង្គការ​អន្តរជាតិ​នានា បាន​មើល​ឃើញ​ថា​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ចាប់​តាំង​ពី​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ កាលពី​ឆ្នាំ២០១៧ ការ​ចាប់​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ ហាមប្រាម​មន្ត្រី​ជាង ១០០នាក់​មិន​អោយ​ធ្វើ​នយោបាយ ចាប់​សកម្មជន និង​សមាជិក​បក្ស​តាម​មូលដ្ឋាន​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​ជាដើម។ ទាំង​នោះ​ឆ្លុះបញ្ចាំង​អោយ​ឃើញ​ថា អ្នក​កាន់​អំណាច​មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុកដាក់​បង្រៀន​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​ខឿន​ប្រជាធិបតេយ្យ​ទេ គឺ​ថែម​ទាំង បង្កើន​ការ​គំរាម​កំហែង​បំភិតបំភ័យ​ពលរដ្ឋ​បន្ថែម​ទៀត។

ជាអាទិ៍​កាល​ពី​ដើម​ខែ​មិថុនា​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា នឹង​បន្ត​ចាប់​ខ្លួន​សកម្មជន និង​សមាជិក​បក្ស​ប្រឆាំង ដែល​លោក​ចោទ​ថា​ធ្វើ​វិទ្ធង្សនា​សេដ្ឋកិច្ច៖ «ហើយ​ហែង​កំពុង​តែ​ចលនា។ ម្សិល​មិញ​នេះ ហែង​ ​ប្រុង​ប្រជុំ​ម៉ោង​៨​កន្លះ​យប់ នៅ​ស្រុក​ខ្មែរ ដែល​ហែង​នឹង​ដឹកនាំ​ប្រជុំ​ពី​ក្រៅ​ប្រទេស​។ ប៉ុន្តែ​ហែង ត្រូវ​អាក់​ខាន។ ផែនការ​របស់​ហែង ធ្វើ​ឲ្យ​ធនាគារ​នៅ​កម្ពុជា ដួល​រលំ​ទាំង​អស់។ ចរិត​ហែង​នេះ គឺ​ចរិត​បំផ្លាញ​ជាតិ​ពិត​ប្រាកដ។ ហែង​កុំ​ភ្លេច ហែង​ចង្អុល​ឲ្យ​អ្នកណា​ធ្វើ​ការ​សម្រុក អញ​ចាប់​អ្នក​ហ្នឹង​ទាំង​អស់។ អញ​ប្រាប់​តែ​ប៉ិន​ហ្នឹង​ទេ។ បើ​ហែង​ចង់​ឲ្យ​អ្នក​ខាង​ក្នុង​ជាប់​គុក ហែង​ចង្អុល​ឲ្យ​អា​អ្នក​ហ្នឹង​ធ្វើ​ទៅ។ វិទ្ធង្សនា​សេដ្ឋកិច្ច ស្មើ​នឹង​ការ​ធ្វើ​ភេរវកម្ម វិទ្ធង្សនា។ ហែង​​ ចង្អុល​ការ​មក​អ្នក​ខាង​ក្នុង អញ​ចាប់​អា​ខាង​ក្នុង។ អញ​ប្រកាស​។ កុំ​ចាំ​បាច់​អ្វី បាន​ព័ត៌មាន​​ជាក់លាក់​ហើយ យក​វា​មក ឲ្យ​វា​មក​ដេក​ស្ងៀម​នៅ​មួយ​កន្លែង​​ទៅ ហើយ​ឲ្យ​វា​បញ្ជា​​ពី​បារាំង ពី​អាមេរិក ពី​កាណាដា ឲ្យ​វា​បញ្ជា​មក។ បញ្ជា​អ្វី​​ បើ​ក្បាល​វា​ដាច់​អស់​រលីង​ហើយ​ហ្នឹង អញ​វាយ​ផ្ដាច់​ក្បាល​ហែង​ទាំង​អស់»

ចំពោះ​ចៅសង្កាត់​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​អូរចារ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត អោយ​ដឹង​ថា​ពេល​នេះ​ទាំង​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ទូទៅ​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​ពី​បក្ស​កាន់​អំណាច៖ «នៅ​ពេល​ដែល​នាង​ខ្ញុំ​បាន​ឃើញ​រូបភាព​អ្នក​អតីត​មេ​ឃុំ ចៅ​សង្កាត់ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ត្រូវ​គេ​លួច​វាយ​ដំ​ផ្នែក​រាង​កាយ​វា​ធ្វើ​ឱ្យ​រូប​នាង​ខ្ញុំ​ផង​ដែរ ដែល​ជា​ស្ត្រី​ម្នាក់ ដែល​ធ្លាប់​ជាប់​ឆ្នោត​ធ្វើ​ជា​ចៅ​សង្កាត់​ដូច​ពួក​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រួយបារម្ភ នឹកគិត​ថា​​ថ្ងៃ​ណា​ដល់​វេន​ខ្លួន​ឯង​ត្រូវ​គេ​វាយ ថ្ងៃ​ណា​នឹង​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក»

កញ្ញា​បន្ត​ថា​ក្នុង​ភាព​ភ័យខ្លាច​នេះ​ហើយ ដែល​ធ្វើ​អោយ​សកម្មជន និង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​រស់នៅ​សន្សំ​សុខ និង​បាន​ត្រឹម​តែ​សង្ឃឹម​ថា​នឹង​មាន​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​មួយ​ត្រឹមត្រូវ​យុត្តិធម៌​នៅ​ថ្ងៃមុខ៖ «នាង​ខ្ញុំ​តែងតែ​មាន​សង្ឃឹម​ជា​និច្ច​ ព្រោះ​ខ្ញុំ​គិត​ថា មិន​ត្រឹម​តែ​អ្នក​នយោបាយ អ្នក​ប្រកប​របរ​រកស៊ី ឬ​មួយ​សិស្ស​និស្សិត គឺ​ត្រូវ​តែ​មាន​សង្ឃឹម​ជា​និច្ច»

ត្រង់​ចំណុច​នេះ​អ្នកវិភាគ​ក៏​លើកឡើង​ដែរ​ថា ដើម្បី​អោយ​ដំណើរការ​ប្រជាធិបតេយ្យ​មាន​ដំណើរ​ការ​ល្អ​ចាំបាច់​ណាស់ ដែល​អ្នកនយោបាយ ផ្លាស់​ប្តូរ​របៀប​ដឹកនាំ និង​ធានា​ឱ្យ​មាន​យុត្តិធម៌​សង្គម​តាម​រយៈ​ការ​ធ្វើ​អោយ​តុលាការ​ស្អាតស្អំ។

លោក ប៉ា ចាន់រឿន មានប្រសាសន៍​​ថា ពលរដ្ឋ​កំពុង​ចង់បាន​ប្រជាធិបតេយ្យ ដែល​ស្ដែង​ចេញ​តាម​រយៈ​ការ​ចូលរួម​ការបោះឆ្នោត​របស់​ពួកគេ។ លោក​ថា​ ការដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ ក៏​នឹង​ជួយ​ឱ្យ​​អ្នកដឹកនាំ​ចុះ​ពី​អំណាច​ដោយ​សន្តិវិធី គ្មាន​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី៖ «ពិភព​លោក​ហ្នឹង​ក៏​ជា​មេរៀន​ដ៏​ធំ​បង្ហាញ​យើង​ដែរ​ថា មាន​តែ​អ្នក​នយោបាយ​បែប​ប្រជាធិបតេយ្យ​​ទេ ដែល​អាច​នៅ​គង់វង្ស​បាន​យូរ ហើយ​ក៏​ជា​មាគ៌ា​មួយ​សម្រាប់​ធ្វើ​ឱ្យ​ប្រទេស​របស់​ផង​ខ្លួន​ហ្នឹង​ទទួល​បាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ​ដែរ»

បណ្ឌិត មាស នី លើកឡើង​ទៀត​ថា ល្គឹក​ណា​សង្គម​មាន​ភាព​អយុត្តិធម៌ ស្រប​ពេល​ពលរដ្ឋ​មាន​ចំណេះ​ដឹង មាន​សេដ្ឋកិច្ច​រស់នៅ​ល្អ នោះ​ពលរដ្ឋ​នឹង​អនុវត្ត​តួនាទី​របស់​ខ្លួន ដើម្បី​បង្ខំ​អោយ​អ្នកនយោបាយ​ទទួល​យក​អ្វី​ដែល​ពលរដ្ឋ​ទាមទារ​ចង់​បាន៖ «ក្នុងពេលដែល​ពលរដ្ឋ​មាន​ការ​ផ្លាស់​ប្ដូរ​ឈាន​ទៅ​រក​ការ​ចង់​បាន​យុត្តិធម៌​សង្គម សមធម៌​សង្គម​អី​ហ្នឹង គឺ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាពិសេស​ធ្វើ​ម៉េច​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ហ្នុង វា​ផ្ដល់​យុត្តិធម៌​ទៅ​ឱ្យ​សង្គម​បាន​ទូលំទូលាយ។»

លោក បណ្ឌិត មាស នី នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា បើ​ទោះ​ជា​កម្ពុជា​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ក៏​កម្ពុជា​នៅ​តែ​អាច​អភិវឌ្ឍ​ប្រទេស​ឱ្យ​បាន​ប្រសើរ ដែរ​នៅ​ពេល​ដែល​អ្នក​នយោបាយ​អាច​ពង្រឹង​ការ​អនុវត្ត​ច្បាប់ បំបាត់​អំពើ​ពុក​រលួយ និង​ធានា​យុត្តិធម៌​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល