មេ​ដឹកនាំ​របប​ភ្នំពេញ​ថា ស្ថិរភាព​នយោបាយ​កំពុង​រង​ការ​គំរាមកំហែង​ដោយសារ​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៩។
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក SamdechKrolahomSarkheng

មេដឹកនាំ​ជាន់ខ្ពស់​លំដាប់​ទី​ពីរ​នៃ​របប​ក្រុងភ្នំពេញ​អះអាង​ថា កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព ព្រោះ​គ្មាន​កងកម្លាំងប្រដាប់អាវុធ​ណា ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ ក៏ប៉ុន្តែ​ស្ថិរភាព​នយោបាយ​វិញ គឺ​កំពុង​តែ​មាន​បញ្ហា។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​ថា ស្ថិរភាព​នយោបាយ​មាន​បញ្ហា​ដោយសារ​ស្នាដៃ​របស់​បក្ស​កាន់អំណាច។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​ថ្ងៃ​ទី​១៣ កក្កដា ថា ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង ដោយសារ​មាន​ការ​បំផុស​ចលនា​ឱ្យ​មហាជន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ឬ​ចង់​ទម្លាក់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​។ លោក​ស្នើ​សុំ​ឱ្យ​ក្រុម​នោះ បញ្ឈប់​សកម្មភាព​របស់​ខ្លួន ពីព្រោះ​ជាតិ​ខ្មែរ​មិន​ងាយ​រួបរួម​គ្នា​បាន​ដូច​ពេល​បច្ចុប្បន្ន​នេះ​ឡើយ៖ «គំរាមកំហែង​តាមរយៈ​អ្នក​ដែល​ចង់​បំផុស​បំផុល ដឹកនាំ​កម្លាំង​មហាជន​ប្រជាជន ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ទម្លាក់​រដ្ឋាភិបាល​កើត​ចេញពី​ការបោះឆ្នោត អាហ្នឹង​ហើយ​ជា​ការ​គំរាមកំហែង​ទៅលើ​ស្ថិរភាព​នយោបាយ»

ថ្វីត្បិតតែ​លោក ស ខេង មិន​បញ្ចេញ​ឈ្មោះ​ក្រុម​នោះ​ក៏ដោយ ក៏​គេ​អាច​យល់​បាន​ថា លោក​និយាយ​សំដៅ​ដល់​គណបក្ស​សង្គ្រោះជាតិ​ដែរ ពីព្រោះ​ក្រុម​មេដឹកនាំ​បក្ស​នេះ កំពុង​កំពុង​ប្រកូក​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក្រោក​ឡើង​ប្រឆាំង​នឹង​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

បន្ថែម​ពីលើ​នេះ លោក ស ខេង បាន​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ចោទប្រកាន់​គ្នា​ពី​រឿង​ស្នេហា​ជាតិ ឬ​ក្បត់ជាតិ​តទៅទៀត ព្រោះ​លោក​ជឿ​ថា ភាគី​ណា​ក៏​ស្រឡាញ់​ជាតិ​ដែរ គ្រាន់តែ​បាន​ធ្វើ​ការងារ​តិច ឬ​ច្រើន​ដើម្បី​ជាតិ​ប៉ុណ្ណោះ។

ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​នៅឡើយ ក្រោម​បទ​ចោទ “​ក្បត់ជាតិ​”​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ថា ការ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នា​ពេល​កន្លង​ទៅ គឺ​ដើម្បី​បំផុស​ស្មារតី​ពលរដ្ឋ​ខ្មែរ​ឱ្យ​ហ៊ាន​បញ្ចេញមតិ និង​ទាមទារ​រក​យុត្តិធម៌​រាល់​បញ្ហា​នានា នៅ​ក្នុង​សង្គម មិនមែន​ជា​ការ​បំផុស​ឱ្យ​ពលរដ្ឋ​កាន់​អាវុធ ឬ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋអំណាច​នោះ​ឡើយ​។ អ្នកស្រី​បន្ត​ថា ស្ថិរភាព​នយោបាយ​មិន​មាន​ដំណើរ​ការ​ល្អ​ឡើយ បើ​កម្ពុជា​មាន​រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ មាន​តុលាការ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា និង​មានរឿង​អយុត្តិធម៌​សង្គម​រាប់មិនអស់ ដូច​ពេល​បច្ចុប្បន្ន​នេះ។ អ្នកស្រី​បន្ថែម​ថា អស្ថិរភាព​សង្គម និង​នយោបាយ​នៅ​កម្ពុជា នឹង​កើតឡើង​ដោយ​ឯកឯង មិន​ចាំបាច់​គណបក្ស​សង្គ្រោះជាតិ​បំផុស​ឡើយ នៅ​ពេល​ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ៖ «សូម​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​យក​អារម្មណ៍​គិត​ភ័យខ្លាច​ថា មាន​បដិវត្តន៍​ពណ៌។ អត់​មាន​ទេ​បដិវត្តន៍​ពណ៌​។ ការ​ឈឺ​ចាប់​ពី​ប្រជាពលរដ្ឋ នៃ​ប្រជាពលរដ្ឋ​មាន​ពិតប្រាកដ​ណាស់ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹង​។ លោក ហ៊ុន សែន ខ្លួន​ឯង​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា យើង​ត្រូវ​ស្ដាប់​ប្រជាពលរដ្ឋ​។ ឥលូវ​ស្ដាប់​ប្រជាពលរដ្ឋ​ទៅ ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ទៅ។ កុំ​បារម្ភ​ភ័យខ្លាច​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ពេក»

របប​ក្រុងភ្នំពេញ​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​កង្វះ​ភស្តុតាង ពី​បទ​ក្បត់ជាតិ​។ ក្រៅ​ពី​នេះ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​នេះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ហើយ​បាន​ហាមប្រាម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាង ១០០​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ។ សំខាន់​ជាង​នេះ​ទៅ​ទៀត របប​នេះ​បាន​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ រួច​ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​មក​ក្ដោបក្ដាប់​តែម្នាក់​ឯង ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​ថ្មី​មួយ​នៅ​លើ​ពិភពលោក ក្នុង​សតវត្ស​ទី​២១ នេះ។

ទន្ទឹម​នឹង​ការ​កម្ទេច​ដៃគូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​នេះ របប​លោក ហ៊ុន សែន ក៏បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​របប​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា មិនមែន​កើត​ចេញ​ពី​គណបក្សប្រឆាំង​ឡើយ ប៉ុន្តែ​គឺ​ដោយសារ​ស្នាដៃ​បក្ស​កាន់អំណាច​ខ្លួនឯង​តែម្ដង​។ លោក​ថា រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​រឿង​ទាំងនេះ​នាំ​ទៅ​រក​អស្ថិរភាព​នយោបាយ និង​សង្គម​ធ្ងន់ធ្ងរ​នៅ​ពេល​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​ខាងមុខ៖ «ឱ្យ​មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ​ហ្នឹង អត់​មានអី​ពិបាក​ទេ​សម្រាប់​រដ្ឋាភិបាល​។ អ្វី​ដែល​អន្តរជាតិ​ចង់​បាន គឺ​ការសម្រុះសម្រួល​ផ្នែក​នយោបាយ មានន័យថា ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ ឱ្យ​ប្រធាន​បក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ចេញពី​ពន្ធនាគារ ឱ្យ​១១៨ នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ផ្ដល់​តំណែង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​៥០០៧(​អាសនៈ​) ឱ្យ​គណបក្ស​សង្គ្រោះជាតិ​វិញ ហើយ​រៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​ដោយមាន​ការប្រកួតប្រជែង​ស្មើគ្នា»

បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កម្ពុជា គឺ​ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​។ ក្រៅ​ពី​នេះ គឺ​ហានិភ័យ​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក បន្ទាប់ពី​សមាជិកសភា​អាមេរិក​កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​របប​ក្រុងភ្នំពេញ។

ទោះជា​យ៉ាងណា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅតែ​បើក​ច្រក​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​នៅឡើយ ដើម្បី​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៅ​ទៀត។ ក្រុម​អ្នកសង្កេតការណ៍​អះអាង​ថា កូន​សោ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ គឺ​នៅ​ក្នុង​ដៃ​របប​លោក ហ៊ុន សែន ហើយ​បើ​របប​នេះ​ពិតជា​ឈរ​លើ​ផលប្រយោជន៍​ជាតិ​ជាធំ​មែន របប​នេះ​នឹង​ព្រម​ស្ដារ​ស្ថានការណ៍​ស្រុកទេស​ឡើងវិញ តាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ៕

ព័ត៌មាន (1)
Share

5 Ge. declares all military men must be stay neutral...no involve with any politician..no kill,or hurt any khmer citizens at all...pple have a right to do for their country

Ge.P.Sareun,Srey Doeuk,TBanh,K.Kim,S.Sokha said all khmer military men be neutral and no sway any side to any political party,and our position are protect the borders and defense the pple and country first.And those Ge.said the politic is the politic has no right to interfere with our military constitution right,and someone who are using ,or forcing our military right we can't accepted.Everything politics must resolve by two persons by without military involve.

Jul 14, 2019 03:38 PM

គេហទំព័រ​ទាំងមូល