មន្ត្រី​សង្កាត់​វាយ​តប់​គ្នា​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​ចាក់អង្រែលើ

ដោយ ឡេង ម៉ាលី
2016.10.31
ចុះ​ឈ្មោះ​បោះ​ឆ្នោត ៨៥៥ ២០១៦ គំរូ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៦ ដែល​រៀបរៀង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
NEC Website

ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​មាន​រឿងរ៉ាវ​វាយ​តប់​គ្នា​មួយ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា។ អាជ្ញាធរ​សង្កាត់ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ចាប់​ផ្ដើម​បង្ក​ជម្លោះ​ឡើង​ដោយសារ​តែ​រឿង​ធានា​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត។

ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​ចាក់អង្រែលើ ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ស្រី ញាណ ថ្លែង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​ហើយ រឿង​ដែល​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចាក់អង្រែលើ វាយ​តប់​លោក និង​ប្រពន្ធ នៅ​ឯ​ការិយាល័យ​បោះឆ្នោត​នោះ។

លោក ស្រី ញាណ អះអាង​ថា លោក និង​ប្រពន្ធ​របស់​លោក​ឈ្មោះ ឈុំ សុជាតិ ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចាក់អង្រែលើ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ តាំង ច័ន្ទសុខខៃ វាយ និង​ធាក់​លោក នៅ​ពេល​ដែល​លោក​ឃាត់​សមាជិក​ក្រុម​ប្រឹក្សា​រូប​នេះ មិន​ឲ្យ​ថត​ប្រពន្ធ​របស់​លោក​យំ៖ «ដល់​ពេល​ប្រពន្ធ​ខ្ញុំ​យំ​ខឹង​វា​ហ្នឹង ដើរ​ចេញ​ទៅ​ក្រៅ វា​តាម​ថត។ តាម​ថត ឆ្លង​កាត់​កន្លែង​ចុះ​ឈ្មោះ​ហ្នឹង ខ្ញុំ​ក៏​ទៅ​ខ្ទប់​វា​ថា ខៃ អត់​ត្រូវ​ការ​ថត​ទេ ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត។ អត់​ត្រូវ​ថត​ទេ! ខ្ញុំ​ក៏​ឃាត់​វា។ ដល់​ពេល​ឃាត់​ទៅ ដៃ​ខ្ញុំ​ហ្នឹង​ឃាត់​ទៅ​គ្រវី​ប៉ះ​ទូរស័ព្ទ​វា​បន្តិច​ធ្លាក់​ទៅ ហើយ​ក៏​ចាប់​វាយ​ខ្ញុំ​មួយ​ដៃ។ ដល់​ពេល​វាយ​មួយ​ដៃ ប្រពន្ធ​ខ្ញុំ​ឃើញ​ស្ទុះ​ទៅ វា​ដាល់​ប្រពន្ធ​ខ្ញុំ​មួយ​ដៃ​ហើយ ធាក់​មួយ​ជើង​ទៀត។ រួច​គេ​ចូល​មក​ឃាត់​អី​ទៅ បាន​ចៅ​សង្កាត់​ចូល​មក​ហៅ​ទៅ​សម្របសម្រួល​ខាង​ក្នុង»

នៅ​ថ្ងៃ​ដដែល ភាគី​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចាក់អង្រែលើ លោក តាំង ច័ន្ទសុខខៃ បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​បញ្ជាក់​អំពី​រឿង​វាយ​តប់​នេះ ដោយ​លោក​ឆ្លើយ​ខ្លី​ថា លោក​ជាប់​រវល់។

ទាក់ទង​បញ្ហា​នេះ ចៅ​សង្កាត់​ចាក់អង្រែលើ លោក កែវ សាវឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ពិត​ជា​មាន​បញ្ហា​វាយ​តប់​គ្នា​មែន ហើយ​ការ​វាយ​តប់​នៅ​ពេល​ព្រឹក​នោះ គឺ​ដោយសារ​លោក ស្រី ញាណ ចៅ​សង្កាត់​រង​ទី​២ វាយ​លោក តាំង ច័ន្ទសុខខៃ ពេល​ចូល​ទៅ​រារាំង​មិន​ឲ្យ​លោក សុខខៃ ថត​ប្រពន្ធ​របស់​លោក៖ «មក​វាយ។ ទះ​ទូរស័ព្ទ​ហើយ​វាយ​ទៀត។ ទូរស័ព្ទ​ធ្លាក់​ហើយ វាយ​មួយ​ដៃ​ហើយ គាត់​យក​ដៃ​ឃុំ​រង​មុខ​នេះ ត្រូវ​ដៃ​ជាំ​ទាំង​សង​ខាង ហើយ​គាត់​ថយ​ក្រោយ​ក្រឡាច់​ជើង។ ជើង​ដើរ​អត់​ចង់​រួច​ផង​ឥឡូវ។ ខាង​ប្ដី​អ្នក​វាយ ប្រពន្ធ​រត់​មក​ក្រោយ​ទៀត។ ប្រពន្ធ​រត់​មក​ប្រតាយ​ទៀត»

លោក ស្រី ញាណ ទទួល​ស្គាល់​ថា ពេល​លោក​ចូល​រារាំង​នោះ លោក​បាន​វាស​ដៃ​ធ្វើ​ឲ្យ​ធ្លាក់​ទូរស័ព្ទ​ថត​របស់​លោក តាំង ច័ន្ទសុខខៃ មែន។

ទាំង​លោក កែវ សាវឿន លោក ស្រី ញាណ និង​លោកស្រី ឈុំ សុជាតិ បញ្ជាក់​ដូច​គ្នា​ថា បញ្ហា​នេះ​គឺ​ផ្ដើម​ចេញ​ពី​រឿង​ដែល​លោកស្រី ឈុំ សុជាតិ ចង់​ធានា​អ្នក​មក​ស្នាក់នៅ​ក្នុង​សង្កាត់​ម្នាក់​ឲ្យ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​បញ្ហា​នេះ​កើត​ឡើង​នៅ​ដំណាក់​កាល​បញ្ជាក់​អត្តសញ្ញាណ គឺ​មិន​ទាន់​ទៅ​ដល់​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា មាន​ព័ត៌មាន​រួម​ដូច​គ្នា​ក្ដី ក៏​ករណី​នេះ​ត្រូវ​បាន​ភាគី​ចៅ​សង្កាត់ និង​ចៅ​សង្កាត់​រង ផ្ដល់​ហេតុផល​រៀងៗ​ខ្លួន។ លោក ស្រី ញាណ ចៅ​សង្កាត់​រង និង​លោកស្រី ឈុំ សុជាតិ ជា​ប្រពន្ធ​ថ្លែង​ថា ខាង​ក្រុម​អ្នក​បញ្ជាក់​អត្តសញ្ញាណកម្ម​មិន​ចង់​បញ្ជាក់​ឲ្យ​អ្នក​មក​ស្នាក់​នៅ​ក្នុង​សង្កាត់​នោះ​ទេ បើ​ទោះ​ជា​ក្រុម​ការងារ​ចុះ​ឈ្មោះ​ចង់​ចុះ​ឈ្មោះ​ឲ្យ​ក៏ដោយ។ រីឯ​ភាគី​ចៅ​សង្កាត់​ថ្លែង​ថា ខាង​លោក​ចង់​បាន​តែ​អ្នក​មក​ចុះ​ឈ្មោះ មិន​រារាំង​ទេ ព្រោះ​ក្នុង​ចំណោម​អ្នក​គ្រប់​អាយុ​ក្នុង​សង្កាត់​របស់​លោក​ជាង ១​ម៉ឺន (១៣.២២៦​នាក់) លោក​ទើប​តែ​ចុះ​បាន ៧.៣៥២​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។