"សមាគម​ថៅកែ​រោងចក្រ​គួរ​ល្មម​ហ៊ាន​និយាយ​ការពិត​ថា លោក ហ៊ុន សែន ធ្វើ​ឱ្យ​បាត់ EBA”

ដោយ មួង ណារ៉េត
2020-06-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហជីព​កម្មករ យល់ស្រប​គ្នា​ថា សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា GMAC ល្មម​ដល់​ពេល​ដែល​ហ៊ាន​និយាយ​ការពិត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នកធ្វើ​ឱ្យ​បាត់ EBA ២០%​នោះ។

ពួកគាត់ ឱ្យ​ជា​យោបល់​ថា GMAC គួរ​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ឱ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​កុំ​ឱ្យ​បាត់ EBA ជាជាង​សរសេរ​ទៅ​សហភាព​អឺរ៉ុប ដែល​មិនមែន​ជា​អ្នក​ធ្វើ​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ។

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​តំណាង​សហជីព​កម្មករ​ទាំងនេះ ធ្វើឡើង​ក្រោយ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា GMAC នៅតែ​បន្ត​សរសេរ​លិខិត មិន​ជោគជ័យ ម្ដង​ហើយ​ម្ដងទៀត ទៅ​អង្វរ​សហភាព​អឺរ៉ុប ឱ្យ​ពន្យារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

ការ​សរសេរ​ទៅ​មិន​ចំ​គោលដៅ​បែបនេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ថា ជា​ការ​អេះ​មិន​ចំ​រមាស់ ឬ​ដាក់​ថ្នាំ​មិន​ត្រូវ​មុខរបួស។

លោក​សង្កត់ធ្ងន់​ថា ការណ៍​ដែល​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់អំណាច និង​មាន​លោក ហ៊ុន សែន ជា​ប្រធាន រម្លាយ​គណបក្ស​ប្រឆាំង រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​ការងារ​ជា​ប្រព័ន្ធ ដូច​មាននៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប៖ «ខាង​វិស័យ​ឯកជន និង GMAC ក៏ដោយ គួរ​បន្ថែម​ពីលើ​នៃ​ការ​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ហ្នឹង ខ្ញុំ​គិត​ថា ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត គឺ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ ដែល​សហគមន៍​អឺរ៉ុប​បាន​រក​ឃើញ ឬ​ដែល​បាន​កំណត់​នោះ​ឯង»

អ្វី​ដែល​គណៈកម្មការ​អឺរ៉ុប​បាន​កំណត់​នោះ គឺ​ឱ្យ​របប​ក្រុងភ្នំពេញ ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឱ្យ​ប្រសើរ​ឡើងវិញ បើ​មិន​ចង់​បាត់​ការ​អនុគ្រោះ​ពន្ធ ២០% នេះ​ទេ​។ រឿង​នេះ មិនមែន​សមាគម​ថៅកែ​រោងចក្រ មិន​ដឹង​នោះ​ដែរ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថា GMAC អាច​រង​ឥទ្ធិពល​អ្វីមួយ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ នៅតែ​គ្មាន​ភាព​ក្លាហាន មិន​ហ៊ាន​និយាយ​ការពិត ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ត្រង់ៗ គឺ​ឱ្យ​កែ​លម្អ​សិទ្ធិមនុស្ស​ឡើងវិញ​។ តែ​បែរជា​នៅតែ​បន្ត​សរសេរ​លិខិត​ទៅ​អ្នក​ដែល​មិនមែន​ធ្វើ​ឱ្យ​បាត់ EBA នេះ​ទៅវិញ។

ការ​សរសេរ​លិខិត​ខុស​គោលដៅ​នេះ លោក រ៉ុង ឈុន ថា មិន​ត្រឹមតែ​គ្មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ គឺ​ខាត​ពេល​ឥតប្រយោជន៍៖ «GMAC ហ្នឹង​សរសេរ​ទៅ​សហភាព​អឺរ៉ុប​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​អ្វី​ដែល GMAC មិន​សរសេរ​ដាក់​មក​រដ្ឋាភិបាល​ហ្នឹង គឺ​ដោយសារ GMAC មិន​មាន​សេចក្ដីក្លាហាន ក្នុង​ការ​សរសេរ​មក​រាជរដ្ឋាភិបាល​កម្ពុជា​។ វា​អត់​មានរឿង​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​នោះ​ទេ។ ត្រូវតែ​នាំគ្នា​សរសេរ​ទៅ សំណើ​ទេតើ​។ យ៉ាង​មានអី​។ ស្នើ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ទៅ ករណី​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ»

តំណាង​សហជីព​កម្មករ​ឯករាជ្យ​ឯទៀត ក៏​យល់ស្រប​នឹង​ការ​អេះ​មិន​ចំ​រមាស់​របស់​ថៅកែ​រោងចក្រ​នេះ​ដែរ​។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថា GMAC ដឹង​រឿង​នេះ ប៉ុន្តែ​មិន​ហ៊ាន​ថ្លែងការណ៍ ជា​សារ​ជា​សាធារណៈ ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នកធ្វើ​ឱ្យ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ​ទេ ទើប​សរសេរ​លិខិត​ទៅ​តែ​ខាង​សហភាព​អឺរ៉ុប​បែបនេះ៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា GMAC ដឹង​ច្បាស់ ថា​ការដែល​ត្រៀមខ្លួន នឹង​ដក ២០%​ហ្នឹង វា​មិនមែន​មកពី EU តែ​ម្នាក់​ទេ វា​បូក​នឹង​រដ្ឋាភិបាល និង EU ជាមួយគ្នា ព្រោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួម​។ ប៉ុន្តែ ខ្ញុំ​អាច​ថា ដោយសារតែ​ខាង​និយោជក តែងតែ​មាន​សកម្មភាព​ទន់ភ្លន់ នៅ​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​ស្រុក ជួនកាល​គាត់​មិន​ជា​អ្នក​ដែល​ធ្វើ​សេចក្ដី​ថ្លែងការណ៍​សាធារណៈ»

ការណ៍​ដែល​សមាគម​ថៅកែ​រោងចក្រ មិន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​សាធារណៈ ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នកធ្វើ​ឱ្យ​បាត់ EBA 20% នេះ ក៏​រង​ការ​រិះគន់​ថា ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ ថា ភាគី​ដែល​ធ្វើ​ខូចប្រយោជន៍​កម្មករ​នេះ មិនមែន​​ជា​ភាគី​រដ្ឋាភិបាល​កម្ពុជា​ផង​ទៅវិញ។

ការណ៍​នេះ គឺ​វា​ស្រប​ទៅ​នឹង​ជំហរ​របស់​របប​ក្រុងភ្នំពេញ ដែល​តែងតែ​ទម្លាក់កំហុស​នេះ ទៅលើ​គណបក្សប្រឆាំង​ឯណោះ ដែល​ថា ជា​អ្នកធ្វើ​ឱ្យ​បាត់ EBA បើ​ទោះ​បី​ជា​គណៈកម្មការ​អឺរ៉ុប រក​ឃើញ​ថា បក្ស​ប្រឆាំង​ជា​ជនរងគ្រោះ​ក៏ដោយ។

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​របប​ក្រុងភ្នំពេញ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន នៅ​តែ​ព្យាយាម​បិទបាំង​កំហុស​របប​ក្រុងភ្នំពេញ ដោយ​ទម្លាក់កំហុស​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ថា​ជា​អ្នកធ្វើ​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ៖ «ហើយ​ក្នុង​មាន​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង បាន​សុំ​ទៅ EU ឱ្យ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​នេះ ឱ្យ​ឆាប់រហ័ស​ដែរ ដោយ​មិន​គិត​ពី​សុខទុក្ខ ផលប្រយោជន៍​ប្រទេស​​នោះទេ ឱ្យ​តែ​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួនឯង»

ផ្ទុយ​ពី​អ្វី​ដែល​មន្ត្រី​របប​ក្រុងភ្នំពេញ​នេះ បាន​លើកឡើង អ្នក​ដែល​មិន​គិត​ពី​សុខទុក្ខ ផលប្រយោជន៍​ប្រទេស​ជាតិ ធ្វើ​យ៉ាងណា​ឱ្យ​តែ​សម្រេច​មហិច្ឆតា​នយោបាយ​ក្រាញ​អំណាច​បាន​យូរ​តទៅទៀត​នេះ ខាង​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​សង្គម ថា ខាង​របប​លោក ហ៊ុន សែន នោះ​ឯង​ដែល​ធ្វើ​ដូច្នេះ។

ខាង​តំណាង​ថៅកែ​រោងចក្រ លោក ខេន លូ (Ken Loo) ដែល​ជា​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​សារភាព​ថា រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ គឺជា​រឿង​នយោបាយ ដែល​មិន​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​របស់​លោក​នោះ​ឡើយ​។ ដូច្នេះ​ហើយ ទើប​លោក​មិន​សរសេរ​ទៅ​រដ្ឋាភិបាល​នោះ៖ «ពីព្រោះ​យើង​វិស័យ​ឯកជន យើង​អត់​មាន​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ​ទេ​។ យើង​ទុក​បញ្ហា​នយោបាយ ឱ្យ​អ្នកនយោបាយ​។ ខាង EU ជា​ខាង​ដក​ការ​អនុគ្រោះ​ពន្ធ​។ ដូច្នេះ​យើង​សរសេរ​ទៅ​ខាង​អ្នក​ដែល​មាន​សិទ្ធិ​ដក ឬក៏​មាន​សិទ្ធិ​ផ្ដល់​។ សិទ្ធិ​នៅ​លើ​ដៃ EU​។ ដូច្នេះ​យើង​សរសេរ​ទៅ​អ្នក​ដែល​មាន​សិទ្ធិ​ដក ឬ​តទៅទៀត ឬ​ពន្យារពេល​។ អត់​មានអី​ត្រូវ​ឆ្ងល់​ទេ!»

ក្នុង​ខែ​មិថុនា​នេះ សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​សរសេរ​លិខិត​ចំនួន​ពីរ​លើក​ទៅ​ប្រធាន​គណៈកម្មការ​អឺរ៉ុប ប្រធាន​សភា​អឺរ៉ុប និង​តំណាង​ជាន់ខ្ពស់​ផ្នែក​នយោបាយ​សន្តិសុខ​របស់​សហភាព​អឺរ៉ុប។

លិខិត​លើកទីមួយ សរសេរ​កាលពី​ដើម​ខែ​មិថុនា និង​មួយ​លើក​ទៀត សរសេរ​កាលពី​ថ្ងៃ​ទី២២ ខែ មិថុនា​។ លិខិត​ទាំង​ពីរ​លើក​នេះ គឺ​ថៅកែ​រោងចក្រ ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប​ពន្យារពេល​ដក​ការ​អនុគ្រោះ​ពន្ធ រហូត​ដល់​ឆ្នាំក្រោយ។

បើ​តាម​លោក ខេន លូ លិខិត​ទីមួយ​នោះ​បរាជ័យ​ហើយ ព្រោះ​ខាង​គណៈកម្មការ​អឺរ៉ុប គេ​មិន​ព្រម​ពន្យារ​ពេល​ទេ​។ ដូច្នេះ​ហើយ​បាន​លោក​សរសេរ​លិខិត​ទីពីរ​ទៀត។

ជុំវិញ​លិខិត​ទីពីរ​នេះ មន្ត្រី​ផ្នែក​ព័ត៌មាន​ពាណិជ្ជកម្ម របស់​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ឃីនហ្កា ម៉ាលីណូវស្កា (Kinga Malinowska) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិកត្រូនិក កាលពី​យប់មិញ (២៤ មិថុនា​) ថា​គណៈកម្មការ​អឺរ៉ុប បាន​ទទួល​លិខិត​នេះ​ហើយ និង​ឆ្លើយតប​ទៅ GMAC វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​នេះ​។ ប៉ុន្តែ អ្នកស្រី​បន្ថែម​ថា កូន​សោរ​គឺ​នៅ​ដៃ​រដ្ឋាភិបាល​កម្ពុជា ពោល​គឺ​ទាល់តែ​កម្ពុជា បង្ហាញ​ឱ្យ​ឃើញ​ការ​ខំ​ខិតខំ​ប្រឹងប្រែង​ជា​ដុំកំភួន ក្នុង​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ឱ្យ​ពិតប្រាកដ​ប៉ុណ្ណោះ ទើប​គណៈកម្មការ​អឺរ៉ុប អាច​សើរើ​សេចក្តី​សម្រេច​របស់​ខ្លួន។

ជំហរ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ពេល​នេះ គឺ​មិន​ខុសគ្នា​ពី​ជំហរ​មុនៗ និង​ជំហរ​ពេល​ឆ្លើយតប​ទៅ​លិខិត​ទីមួយ​នោះ​ទេ ពោល​គឺ​បើ​លោក ហ៊ុន សែន មិន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ កម្ពុជា​នឹង​បាត់បង់ EBA 20% នៅ​ថ្ងៃ​ទី១២ ខែ​សីហា ជា​កំហិត។

ដោយពេល​វេលា​បាត់ EBA កាន់តែ​ខិត​ជិត​មកដល់​នេះ លោក រ៉ុង ឈុន ថា រឿង​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រយោជន៍​កម្មករ ដែល​ខាង​សហជីព​របស់​លោក នឹង​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ គឺ​ស្ដារ​ឱ្យ​បាន​ប្រសើរ ឱ្យ​បាន​ដូច​នៅមុន​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០១៧ ដែល​ពេលនោះ លោក​ចូលរួម​រៀបចំ​ការបោះឆ្នោត​នោះ​ដោយ​ផ្ទាល់ ក្នុងនាម​លោក​ជា​សមាជិក​មួយ​រូប នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

របប​ក្រុងភ្នំពេញ សល់​ពេល​តែ ៧​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដើម្បី​ស្ដារ​ស្ថានភាព​អាក្រក់​នេះ ឱ្យ​ទាន់​មុន​ថ្ងៃ​កំណត់​មកដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល