សហជីពនិងមន្ត្រីសិទ្ធិមនុស្សថា ការកោះហៅមន្ត្រីបក្សប្រឆាំងកាន់តែប៉ះពាល់ខ្លាំងដល់ EBA
2019.05.25
ថ្នាក់ដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្សថ្លែងថា ចំណាត់ការរបស់អាជ្ញាធររបបក្រុងភ្នំពេញទៅលើមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅពេលថ្មីៗនេះ កំពុងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្លាក់ចុះដុនដាប ហើយរឿងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់វិបត្តិ EBA។ មន្ត្រីរបបក្រុងភ្នំពេញថា របបនេះមានជំហរច្បាស់លាស់រឿង EBA ហើយថា ការកោះហៅមន្ត្រីបក្សប្រឆាំងឱ្យចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់នោះ គឺជាការអនុវត្តច្បាប់។
សហជីពឯករាជ្យ និងមន្ត្រីសិទ្ធិមនុស្សយល់ឃើញស្របគ្នាថា អ្វីដែលរបបលោក ហ៊ុន សែន ត្រូវធ្វើនៅពេលបច្ចុប្បន្ននេះ គឺការស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ មិនមែនរឹតត្បិតកាន់តែខ្លាំងលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះឡើយ។ ប្រតិកម្មរបស់សហជីព និងអ្នកការពារសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររបបក្រុងភ្នំពេញបានកោះហៅមន្ត្រី និងសកម្មជនបក្សប្រឆាំងជាង១០០ នាក់ ឱ្យចូលឆ្លើយបំភ្លឺរឿងបំពានសាលដីកាតុលាការកំពូលរឿងរំលាយគណបក្សសង្គ្រោះជាតិ។
ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា ការកោះហៅនេះគឺជារូបភាពថ្មីមួយទៀតនៃការតាមធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង ក្រោយពេលដែលបក្សនេះត្រូវបានរបបក្រុងភ្នំពេញរំលាយចោល កាលពីចុងឆ្នាំ២០១៧ កន្លងទៅ។ លោកបន្ថែមថា ចំណាត់ការនេះ មិនផ្ដល់ផលចំណេញអ្វីឡើយដល់រដ្ឋាភិបាលកម្ពុជាឡើយ ជាពិសេសនៅចំពេលដែលកម្ពុជាត្រូវដោះស្រាយវិបត្តិសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” ពីទីផ្សារអឺរ៉ុបបន្តទៅទៀត៖ «យើងមើលឃើញបញ្ហានេះ វាបច្ច័យអាក្រក់សម្រាប់ករណី EBA ហ្នឹង មានន័យថា រដ្ឋាភិបាលហ្នឹងមិនបានកែលម្អស្ថានភាពការគោរពសិទ្ធិមនុស្ស ការត្បិតត្បៀតសេរីភាព។ មិនត្រឹមតែមិនបានកែទេ បែរជារឹតបន្តឹងថែមទៀត»។
សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួចហើយ កាលពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីពិនិត្យឃើញថា គ្មានការវិវឌ្ឍវិជ្ជមានណាមួយ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ចាប់ខែពីខែសីហាខាងមុខនេះ រហូតដល់ដល់ខែ មករា ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមដំណាក់កាលធ្វើការសម្រេចចិត្ត ថាតើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។ បើនៅខែ មករា ឆ្នាំ២០២០ សហភាពអឺរ៉ុប សម្រេចព្យួរការអនុគ្រោះពន្ធនេះមែន នោះសហភាពអឺរ៉ុប នឹងទុកពេលឱ្យរបបក្រុងភ្នំពេញ៦ ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងសេចក្ដីសម្រេចនេះ ចូលជាធរមាន នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ ខាងមុខ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ កត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា មិនទាន់ប្រែប្រួលទៅរកភាពប្រសើរឡើង ដូចអ្វីដែលរដ្ឋាភិបាលធ្លាប់បានសន្យាជាមួយភាគីអន្តរជាតិនោះឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នៅតែមានជំហរខ្វែងគ្នានៅឡើយក្នុងការរកដំណោះស្រាយបញ្ហា EBA ដែលនេះគឺជាក្តីកង្វល់ដ៏ធំរបស់ក្រុមសហជីព និងកម្មកររោងចក្រ៖ «មិនថាសហជីព មិនថាកម្មករទេ រាល់ថ្ងៃហ្នឹងគឺយើងរង់ចាំតែអ៊ុតមើលនៅក្នុងការសម្រេចចិត្តហ្នឹងឯង។ បើការសម្រេចចិត្តបាត់បង់ គឺថាយើងមានការបារម្ភហើយ ប៉ុន្តែបើការសម្រេចចិត្តហ្នឹងគេទុករយៈពេលផ្សេងៗទៀត អាហ្នឹងគឺយើងគិតថា វាល្អ»។
សហភាពអឺរ៉ុបបានបញ្ជាក់ច្បាស់ហើយថា មានតែការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានប៉ុណ្ណោះ ទើបជាលក្ខខណ្ឌចាំបាច់នៃនយោបាយពាណិជ្ជកម្ម និងជាមូលដ្ឋានច្បាប់ ឈានទៅទទួលបានការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីទីផ្សារដ៏ធំមួយនេះ។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន មិនត្រឹមតែមិនបានស្ដារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យបានល្អប្រសើរឡើងវិញនោះឡើយ ប៉ុន្តែថែមទាំងបានកោះហៅមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិជាទៅបំភ្លឺជាបន្តបន្ទាប់ ដោយសង្ស័យថា ពួកគេបានបំពានច្បាប់ មិនអនុវត្តតាមសាលដីកាតុលាការកំពូលទៅវិញ។ ទាំងឃ្លាំមើលជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិផង សុទ្ធតែបានបញ្ចេញប្រតិកម្មមិនគាំទ្រចំណាត់ការនេះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក ជិន ម៉ាលីន ថ្លែងថា ការកោះហៅមន្ត្រីបក្សប្រឆាំងនេះ មិនមែនជារឿងនយោបាយឡើយ ប៉ុន្តែគឺដោយសារពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រចលនាខុសច្បាប់។ លោកបន្តថា បន្ទាប់ពីការសាកសួរនេះ ការសម្រេចចោទប្រកាន់ ឬមិនចោទប្រកាន់ គឺជាសិទ្ធិសម្រេចរបស់តំណាងអយ្យការ។ លោកបន្ថែមថា ការភ្ជាប់រឿងកោះហៅមន្ត្រីបក្សប្រឆាំងនេះ ទៅនឹងរឿងសិទ្ធិមនុស្ស និងបញ្ហា EBA នោះ គឺជារឿងនយោបាយ ដែលមិនផ្អែកលើទិដ្ឋភាពច្បាប់ទាល់តែសោះ៖ «កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏យើងត្រូវការ ជំនួយបរទេសក៏យើងត្រូវការ ចំណែកយន្តការផ្លូវច្បាប់ក៏ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ក្នុងនាមជារដ្ឋអធិបតេយ្យ។ អ៊ីចឹងសំខាន់ជនណាក៏ដោយ មិនថាសកម្មជនបក្សប្រឆាំង ឬក៏សង្គមជនសង្គមស៊ីវិលទេ ឱ្យតែបំពានទៅលើច្បាប់ ដែលមានជាធរមាននៅកម្ពុជា ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។ អ៊ីចឹងក្នុងនាមជារដ្ឋឯករាជ្យ គឺយើងប្រកាន់ជំហរនេះច្បាស់លាស់ណាស់តាំងពីដើមមក»។
ផ្ទុយពីការអះអាងនេះ សហជីព និងអ្នកការពារសិទ្ធិមនុស្ស សុទ្ធតែមើលឃើញថា ចំណាត់ការកោះហៅមន្ត្រីបក្សប្រឆាំងជាច្រើននាក់ឱ្យចូលឆ្លើយបំភ្លឺនេះ ធ្វើឡើងក្រោមហេតុផលនយោបាយ ជាជាងរឿងផ្លូវច្បាប់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ព្រួយបារម្ភថា ចំណាត់ការនេះអាចនឹងបន្ថែមបន្ទុកលើការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លោកបន្តថា ចំណាត់ការនេះនឹងមិនផ្ដល់ផលចំណេញអ្វីឡើយដល់កម្ពុជា ផ្ទុយទៅវិញមានតែការខាតបង់ និងបែកបាក់ជាតិប៉ុណ្ណោះ។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាឱ្យបានច្បាស់លាស់លើផលប្រយោជន៍ជាតិ មុននឹងដាក់ចេញនូវចំណាត់ការណាមួយដែលមានចរិតជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៖ «លក្ខខណ្ឌដែលគេដាក់ឱ្យ វាល្មមនឹងរដ្ឋាភិបាលពិចារណាក្នុងការកែលម្អអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ទីមួយ យើងអាចមិនបាត់ EBA។ ទីពីរ ប្រទេសកម្ពុជាអាចនឹងឈរលើឆាកអន្តរជាតិដ៏ល្អ ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការនាំទំនិញទៅលក់នៅទីផ្សារសហភាពអឺរ៉ុប។ ទោះជាយ៉ាងណា កម្ពុជាអាចនឹងបាត់បង់ប្រយោជន៍ដ៏ធំនេះក្នុងរយៈពេលជាច្រើនខែមុខទៀតនេះ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ នៅតែយ៉ាប់យ៉ឺនដូចពេលបច្ចុប្បន្ន។
ក្រុមហ៊ុនបញ្ជាទិញធំៗ បានព្រមានរបបលោក ហ៊ុន សែន ចំៗថា ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ កំពុងរុញច្រានកម្ពុជា ឱ្យជួបប្រទះនឹងហានិភ័យនៃការបាត់បង់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្មពីទីផ្សារអន្តរជាតិ។ ជាពិសេសពួកគេសង្កត់ធ្ងន់ថា ប្រសិនបើរបបក្រុងភ្នំពេញចង់រក្សាទំនុកចិត្តឱ្យពួកគេបន្តរកស៊ីនៅកម្ពុជាតទៅទៀត របបនេះត្រូវតែគោរពឱ្យបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សហជីព និងអ្នកការពារសិទ្ធិមនុស្សមើលឃើញថា របបក្រុងភ្នំពេញនៅមានឱកាសកែប្រែខ្លួននៅឡើយ ដោយរបបនេះត្រូវអនុវត្តតាមលក្ខខណ្ឌស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលសហភាពអឺរ៉ុបបានស្នើឡើង និងបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យតទៅទៀត៕