សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​រក្សា​EBA


2019.12.11
លោក ហ៊ុន សែន 022519 622 លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី​ប្រមាណ​២​ពាន់​នាក់ បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧១ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ពួកគេ​បាន​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ដោះស្រាយ​បញ្ហា​ដីធ្លី បញ្ហា​សិទ្ធិ​ការងារ និង​ផ្ដល់​សេរីភាព​ពេញ​ដល់​អ្នក​ទោស​មនសិការ ដើម្បី​រក្សា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។ រីឯ​របប​ក្រុងភ្នំពេញ ក៏​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​សិទ្ធិមនុស្ស​នេះ​ដែរ ដោយ​បាន​សរសើរ​របប​ខ្លួន​ថា មានការ​គោរព​សិទ្ធិមនុស្ស​ល្អ​ប្រសើរ ក្រោយ​រំដោះ​ចេញ​ពី​របប​ខ្មែរក្រហម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​លើក​ឡើង​ថា សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​វិបត្តិ​នយោបាយ។

អគ្គលេខាធិការ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក មាស សាវ៉ាត មាន​ប្រសាសន៍​ថា ក្រុម​សង្គម​ស៊ីវិល នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល កែ​លម្អ​ឡើងវិញ​នូវ​ស្ថានភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ប្រយោជន៍​ធំធេង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក បន្ត​ថា ការ​ស្តារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ មិន​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​អធិបតេយ្យភាព​ជាតិ​នោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ និង​មាន​សន្តិភាព​ពិតប្រាកដ៖ «ត្រូវតែ​បើក​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ វិល​ទៅ រក​តុ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ​មួយ។ វិធានការ​នៃ​ការ​ដោះស្រាយ​នេះ សហគមន៍​អន្តរជាតិ​ជាពិសេស​សហភាព​អឺរ៉ុប បាន​លើកឡើង​ថា ត្រូវតែ​បើក​ចំហ លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ»

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ​ឆ្នាំនេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ​ដោយសារ​ឆ្នាំនេះ ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​របប​ក្រុងភ្នំពេញ អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ពី​ការងារ។ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​នេះ ក៏​មាន​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ និង​មានការ​ហាមឃាត់​មិន​ឱ្យ​ក្រុម​សង្គម​ស៊ីវិល​ដង្ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ។

ក្នុង​ការ​ប្រារព្ធ​ទិវា​នោះ សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លី ប្រជាកសិករ កម្មករ និង​យុវជន បាន​ឡើង​សម្ដែង​មតិ​ជា​ហូរហែ​ទាមទារ​ដូចៗ​គ្នា ឱ្យ​របប​ក្រុងភ្នំពេញ​លើកស្ទួយ​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​។ ជាង​នេះ​ទៅ​ទៀត ពួកគេ ស្នើសុំ​ឱ្យ​របប​ក្រុងភ្នំពេញ កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី បង្កើត​ការងារ​ជូន​យុវជន និង​កំណត់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​គ្រប់​វិស័យ​។ ពួកគេ ក៏​ទាមទារ​ឱ្យ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោល​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នកសារព័ត៌មាន​ជាដើម។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិ មនុស្ស​នេះ ក្រុម​សហជីព បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ចំនួន ១៩​ចំណុច ដើម្បី​ជួយ​ធានា​ការពារ និង​លើកកម្ពស់​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​សេរីភាព​របស់​សហ​ជីព​បន្ថែម​ទៀត​។ លោក រំពឹង​ថា រដ្ឋាភិបាល នឹង​ឆ្លើយតប​ដោះស្រាយ​ជា​វិជ្ជមាន​តាម​សំណើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ដើម្បី​រក្សា​EBA។ លោក​ព្រួយ​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល បណ្ដោយ​ឱ្យ​បាត់បង់​EBA នោះ​នឹង​ប៉ះពាល់​ធំធេង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​កម្មករ​ក្នុង​វិស័យ​កាត់ដេរ៖ «ចុងក្រោយ​នេះ យើង​ឃើញ​សហភាព​អឺរ៉ុប ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ ហើយ​មកដល់ពេលនេះ យើង​មិន​ដឹង​ថា គេ​សម្រេច​យ៉ាងម៉េច​ទេ ដោយសារតែ​រដ្ឋាភិបាល នៅ​មាន​ពេល​ឆ្លើយតប​ទៅ​គេ​រយៈពេល​ប៉ុន្មាន​ទៀត ហើយ​យើង​មិន​ដឹង​ច្បាស់​ថា គេ​ដក​ឬ​មិន​ដក ប៉ុន្តែ​បើ​គេ​ដក​មែន គឺ​បារម្ភ​ខ្លាច​បាត់បង់​ការ​ការងារ បាត់បង់​ប្រាក់ចំណូល​និង​ការ​កើត​មាន​ឡើង ការរំលោភ​សិទ្ធិ​ការងារ​និង​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត»

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល គោរព​សិទ្ធិមនុស្ស និង​ការពារ​អ្នកការពារ​សិទ្ធិមនុស្ស​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សោកស្ដាយ​ដែល​រដ្ឋាភិបាល បន្ត​រឹតត្បិត​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​។​អង្គការ​មួយ​នេះ កត់សម្គាល់​ថា ចាប់​ឆ្នាំ​២០១៧​មក រដ្ឋាភិបាល ពុំ​មាន​ការ​យកចិត្តទុក​ដាក់​ចំពោះ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន ឡើយ ដោយមាន​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ ព្រមទាំង គំរាមកំហែង​និង​មាន​ចំណាត់​ការ​តុលាការ​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ ដូចជា​ករណី​អតីត​អ្នក​រាយ ការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីររូប​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ជាដើម​។ អង្គការ​មួយ​នេះ ក៏បាន​លើកឡើង​អំពី​ករណី លោក កឹម សុខា ដែល​ពុំ​ទទួល​បាន​សិទ្ធិ​ជំនុំជម្រះ ដោយ​យុត្តិធម៌ ផង​ដែរ បន្ទាប់ពី​ត្រូវ​បាន​ចាប់​​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​និង​ក្នុង​ផ្ទះ​ជាង​២​ឆ្នាំ ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់​។ ក្រៅ​​ពី​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី ការ​រីក​រាលដាល​នៃ​ជម្លោះដីធ្លី និង​កង្វះ​វិធានការ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន បង្ហោះ​សារ​ថា «​ការពារ​សិទ្ធិមនុស្ស គឺ​ថែរក្សា​សន្តិភាព​»​។ លោក​បន្ត​ថា ការរំលោភ​សិទ្ធិមនុស្ស នាំមក​នូវ​ភាព​អយុត្តិធម៌ បង្ក​ការឈឺចាប់ បណ្ដាល​ឱ្យ​មានការ​រើ​បម្រះ ហើយ​អាច​នាំមក​នូវ អស្ថិរភាព​សង្គម ដែល​ជា​កត្តា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​។ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ លើក​ឡើង​ទៀត​ថា សង្គម​មួយ​មាន​អស្ថិរភាព​ទៅ​បាន លុះត្រាតែ​មនុស្ស​គ្រប់រូប ក្នុង​សង្គម​នោះ ទទួល​បាន​នូវ​យុត្តិធម៌ ពោល​គឺ​មាន​សិទ្ធិ​សេរីភាព និង​មិន​ត្រូវ​បាន​គេ​រំលោភបំពាន​។ លោក​បញ្ជាក់​ថា សិទ្ធិមនុស្ស គឺជា​មរតក​របស់​មនុស្ស​ជាតិ វា​មិនមែន​ជា​របស់​ជាតិ​សាសន៍​ណាមួយ​ផ្ដាច់មុខ​ឡើយ​។ លោក ចាត់ទុកថា ការ​ចូលរួម​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស មិនមែន​ជា​ការ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ។

ដោយឡែក មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​អបអរ​ទិវា សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​នេះ​ដែរ ហើយ​លោក បាន​យក​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នេះ​ទៅ ប្រៀបធៀប​ជាមួយ​សម័យ ប៉ុល ពត​។ លោក​ថា សម័យ ប៉ុល ពត គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ ប៉ុន្តែ​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​បាន​រំដោះ​មកវិញ ក្រោយពេល​ផ្ដួល​រំលំ​ពី​របប ប៉ុល ពត​។ មេដឹកនាំ​ដែល​ល្បី​ខាង​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ អះអាង​ថា បច្ចុប្បន្ន សិទ្ធិ​សេរីភាព គឺ​បាន​ធ្វើ​ឱ្យ ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូច​ធំ ជ្រើសរើស​ជំនឿ​សាសនា និង​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ធិ​សេរីភាព​នេះ ក៏បាន​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រីកចម្រើន ជឿនលឿន​ទៅមុខ​ដែរ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ លើកឡើង​ថា រដ្ឋាភិបាល​មិន​អាច​យក សម័យ​បច្ចុប្បន្ន​ទៅ​ប្រៀបធៀប​ជាមួយ​សម័យ​ប៉ុល ពត​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល គួរតែ​ពិនិត្យមើល អ្វី​ដែល​មាន​ចែង ក្នុង​ច្បាប់ និង​អ្វី​ដែល​ខ្លួន​បាន​សន្យា ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​គោរព សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​។ ពួកគេ​លើកឡើង​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅតែ​មិន​ទទួលស្គាល់​កំហុស ហើយ​នៅតែ​ទុក​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​លិច​អណ្តែត ឬ​ប្រែប្រួល​ទៅតាម​ស្ថានភាព​នយោបាយ​នេះ គឺ​របប​នេះ​នឹង​កាន់តែ​ទទួលរង​ការរិះគន់ និង​ទណ្ឌកម្ម​ជុំ​ទិស​ជាពិសេស គឺ​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយ ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក៏​មិន​អាច​មាន​ស្ថិរភាព បាន​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។