សេចក្ដី​ព្រាង​ច្បាប់​ដក​EBAពី​កម្ពុជា​នឹង​ត្រូវ​សម្រេច​ចុងក្រោយ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ

ដោយ មួង ណារ៉េត
2018-10-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។
Photo courtesy of her Facebook

មន្ត្រី​ការទូត​សហភាព​អឺរ៉ុប ប្រាប់​ថា សេចក្ដីព្រាងច្បាប់ ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា (EBA) បាន​ធ្វើ​រួចរាល់​អស់ហើយ នៅឡើយ​ចាំតែ​សម្រេច​ចុងក្រោយ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​នេះ​តែ​ប៉ុណ្ណោះ។ ថ្លែងប្រាប់​សារព័ត៌មាន POLITICO ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃ​ទី​២០ ខែ តុលា មន្ត្រី​ទាំងនោះ បញ្ជាក់​ថា សេចក្ដី​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ មិន​បាច់​មានការ​យល់​ព្រម​បន្ថែម​ទៀត ពី​សមាជិក​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ។

មន្ត្រី​សហភាព​អឺរ៉ុប​ដដែល សង្កត់ធ្ងន់​ថា របប​លោក ហ៊ុន សែន កាន់តែ​ជិត​អស់​ពេល​ហើយ។ មន្ត្រី​ដដែល​បន្ត​ថា “​ផ្លូវ​ដើរ​របស់​យើង​ជាមួយ​កម្ពុជា ឈាន​មកដល់​ចុង​បំផុត​ហើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ។ យ៉ាង​យូរ ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​នេះ នីតិវិធី​ផ្លូវការ​ក្នុង​ការ​ចាប់​ផ្ដើម បញ្ឈប់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា នឹង​ចាប់ផ្ដើម​ហើយ​”​។ ប្រភព​ដដែល បន្ថែម​ថា នេះ​មិនមែន​ជា ការ​គំរាម​ចោល​ទទេ ឬ​គ្រាន់តែ​ព្រុស​ឲ្យ​ឮ​ក្ដុងក្ដាំង​នោះ​ទេ។

មន្ត្រី​រូប​នេះ បន្ត​ទៀត​ថា អ្វី​ដែល​សហភាព​អឺរ៉ុប ទាមទារ គឺ​មិនមែន​គ្រាន់តែ​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ តម្រូវ​ឲ្យ​របប​លោក ហ៊ុន សែន បើក​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​ឡើងវិញ ជា​រួម​គឺ​ត្រូវ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម មើល​ឃើញ​ថា របប​លោក ហ៊ុន សែន ពិបាក​នឹង​បញ្ចុះបញ្ចូល សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​សេរី ឲ្យ​គាំទ្រ​របប​លោក​ខ្លាំង​ណាស់។ ដំណើរ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អន្តរជាតិ ទាំង​នៅ​សហភាព​អន្តរ​សភា (IPU) នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស និង​នៅ​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក គណៈប្រតិភូ​របប​លោក ហ៊ុន សែន មិន​ទទួល​បាន​ជោគជ័យ ក្នុង​ការ​បញ្ចុះបញ្ចូល​អន្តរជាតិ ឲ្យ​ទទួលយក​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា​បាន​នោះ​ឡើយ។

ទោះបីជា​លោក ហ៊ុន សែន និង គណៈប្រតិភូ​នៃ​របប​នេះ បាន​ជួប​មន្ត្រី​សហភាព​អឺរ៉ុប ដើម្បី​ចរចា​កុំ​ឲ្យ​កាត់ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​នេះ ក៏​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី (Federica Mogherini) បញ្ជាក់​ថា គ្មាន​លទ្ធផល​អ្វី​ប្រែប្រួល​ជា​វិជ្ជមាន​ពី​ជំនួប​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ អ្នកស្រី នៅតែ​ប្រកាន់​ជំហរ​ថា បញ្ហា​ធ្លាក់​ចុះ​ដុនដាប នៃ​លទ្ធិប្រជាធិបតេយ្យ ការរំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​នីតិរដ្ឋ​នៅ​កម្ពុជា គឺជា​កត្តា​ដែល​កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នេះ។

សហភាព​អឺរ៉ុប កាលពីដើម​ខែ​តុលា​នេះ បាន​ជូនដំណឹង​រួចទៅ​ហើយ ទៅ​របប​លោក ហ៊ុន សែន អំពី​ចំណាត់​ការ ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារតែ​ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។

លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ និង ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ហិង្សា រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កំពុងតែ​នាំ​គ្រោះភ័យ​យ៉ាង​ខ្លាំង ដល់​ជោគវាសនា​ប្រទេសជាតិ​ទាំងមូល ជាពិសេស​កំពុង​នាំ​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ដូចជា​កម្មករ​រោងចក្រ​កាត់ដេរ។

ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៩ ខែ​តុលា លោក សម រង្ស៊ី ថា មានតែ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​ទេ ទើប​កម្ពុជា រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ៖ «លោក ហ៊ុន សែន គាត់​ថា​គាត់​ស្រលាញ់​ប្រជារាស្ត្រ​ខ្មែរ អាណិត​ប្រជារាស្ត្រ​ខ្មែរ គាត់​ចែក​លុយ​កម្មករ​បួនដប់​ដុល្លារ​ជាដើម។ បើ​គាត់​អាណិត​ប្រជារាស្ត្រ​ខ្មែរ ស្រលាញ់​ប្រជារាស្ត្រ​ខ្មែរ ចង់​ជួយ​កម្មករ កុំ​ឲ្យ​កម្មករ​បាត់បង់​ការងារ​ធ្វើ ចង់​ឲ្យ​កម្មករ​បាន​ឡើង​ប្រាក់ខែ ចង់​ឲ្យ​កូន​ខ្មែរ​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​ឡើង ប្រាក់ខែ​កាន់តែ​ច្រើន​ឡើង​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ទៅ»

លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ល្បី​ថា​ជា​បុរស​ខ្លាំង ខាង​ប្រើ​អំពើ​ហិង្សា​បង្ក្រាប និង​បំបែកបំបាក់​សំឡេង​ប្រឆាំង រង​ការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​សុទ្ធ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​ធំ​របស់​កម្ពុជា។ ប្រទេស​ទាំងនេះ ថ្កោលទោស​លោក ហ៊ុន សែន និង​របប​សព្វថ្ងៃ ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាមឃាត់​សិទ្ធិ​នយោបាយ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ប្រឆាំង ១១៨​រូប បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បង្ក្រាប​ការ​ជួបជុំ​តវ៉ា​ដោយ​សន្តិវិធី​ជាដើម។

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន មាន​ចរិត​កាច​សាហាវ ដែល​កម្ពុជា និង​ពិភពលោក មិន​ត្រូវ​ការ​នោះ​ទេ៖ «មាន​មនុស្ស​ម្នាក់​ហ្នឹង​នាំ​បញ្ហា​ឲ្យ​យើង​ទាំងអស់​គ្នា។ មនុស្ស​ម្នាក់​ហ្នឹង​នាំ​គ្រោះថ្នាក់​ឲ្យ​យើង​ទាំងអស់​គ្នា​។ មនុស្ស​ហ្នឹង​ជា​មនុស្ស​ចង្រៃ​! ដូច្នេះ​បើ​ចង់​ឲ្យ​ខ្មែរ​បាន​សុខ ចង់​ឲ្យ​ខ្មែរ​សម្បូរ​សប្បាយ​រុងរឿង ដក​មនុស្ស​ចង្រៃ​ហ្នឹង​ចេញទៅ»

ការ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន សែន នេះ​បាន​ឆ្លុះបញ្ចាំង ឲ្យ​ឃើញ​តាមរយៈ​ការ​តវ៉ា​ប្រឆាំង​វត្តមាន​របស់​លោក នៅ​គ្រប់ទិសទី រាល់ពេល​លោក ហ៊ុន សែន ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស។ កាលពី​ទៅ​ចូលរួម​មហាសន្និបាត​នៅ​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ពលរដ្ឋ​ខ្មែរ​ជាង​មួយ​ពាន់​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។ ពេល​លោក​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៩ ខែ​តុលា ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជាង ១.០០០ នាក់​ធ្វើបាតុកម្ម​ប្រឆាំង​ទៀត។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ទី២០ ខែ​តុលា។ ប៉ុន្តែ​របប​លោក ហ៊ុន សែន ធ្លាប់​ចេញ​សេចក្ដីថ្លែងការណ៍ ស្រែក​ថា ជា​រឿង​អយុត្តិធម៌​ណាស់ ដែល​សហភាព​អឺរ៉ុប ពិចារណា​ចំណាត់​ការ​បែបនេះ។ ចំណែក​លោក ហ៊ុន សែន នៅតែ​អះអាង​ថា កម្ពុជា​មិន​ស្លាប់​ទេ ទោះ​អត់​ជំនួយ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក៏ដោយ។

បើ​តាម​ប៉ាន់ប្រមាណ​របស់​ក្រសួងពាណិជ្ជកម្ម​នៃ​របប​លោក ហ៊ុន សែន នៅ​ពេល​សហភាព​អឺរ៉ុប ផ្ដាច់ការ​អនុគ្រោះ​ពន្ធ នឹង​ប៉ះពាល់ ៤០% ទៅ​នឹង​វិស័យ​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប។ ផល​ប៉ះពាល់​នេះ គិត​ជា​ទឹកប្រាក់​ជិត ៧០០​លាន​ដុល្លារ (៦៧៦) ក្នុង​មួយ​ឆ្នាំ។

កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ គឺ​មួយ​ចំណែក​ធំ បាន​មក​ពី​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​វាយនភណ្ឌ​នេះឯង។ ដូច្នេះ បើ​បាត់បង់​អត្ថប្រយោជន៍​នេះ ប្រទេសជិតខាង រួម​ទាំង​ប្រទេស​បង់ក្លាដេស និង​លីបេរីយ៉ា ឯណោះ នឹង​ដណ្ដើម​ឱកាស​ពី​កម្ពុជា។

ចំណែក​ឯ​ផលិតផល ដូចជា​អង្ករ​កម្ពុជា ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ផង​ដែរ ព្រោះ​រាល់​ឆ្នាំ​កម្ពុជា​នាំ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប ប្រមាណ ២០០ លាន​ដុល្លារ (€154)

អ្នកវិភាគ​ថា ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​ថា​មិន​ឱន​ក្បាល ចំពោះ​សម្ពាធ​អន្តរជាតិ គឺ​គ្រាន់តែ​ជា​សារ​លួង​ចិត្ត​សាធារណជន​ខ្មែរ ឲ្យ​ជឿ​ថា លោក​នៅតែ​ជា​បុរស​ខ្លាំង។ តែ​តាម​ការពិត លោក ហ៊ុន សែន ចៀស​មិន​ផុត ពី​លួច​ចរចា​ស្ងាត់ៗ ជាមួយ​បរទេស​ជាក់​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល