សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត

ដោយ សាន សែល
2017.02.14
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ច្សច អេដហ្គា ២០១៦ ៨៥៥ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធី​ប្រកាស​អំពី​ការ​បន្ត​កិច្ច​គាំទ្រ​របស់​សហភាព​អឺរ៉ុប ដល់​ការ​ភ្ជាប់​សេវា​អ៊ីនធឺណិត​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។
RFA

សហភាព​អឺរ៉ុប ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ធានា​បរិយាកាស​នយោបាយ​ដែល​អាច​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ធ្វើ​សកម្មភាព​ដោយ​សេរី​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា សហភាព​អឺរ៉ុប ជឿជាក់​ថា ការ​ចូលរួម​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត នឹង​ផ្តល់​ប្រយោជន៍​រយៈពេល​វែង​ដល់​ប្រទេស​កម្ពុជា ពិសេស​ផល​ប្រយោជន៍​ផ្នែក​ស្ថិរភាព។

លោក​បន្ត​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​បោះឆ្នោត និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​មេ​ដឹកនាំ​ដែល​អាច​តំណាង​ឲ្យ​ពលរដ្ឋ​នៅ​កម្រិត​ឃុំ-សង្កាត់ និង​ថ្នាក់​ជាតិ។

សហភាព​អឺរ៉ុប ផ្តល់​ការ​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​លើក​កម្ពស់​ការ​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ​របស់​ក្រុម​មនុស្ស​ទន់​ខ្សោយ​ក្នុង​ដំណើរការ​បោះឆ្នោត។

លោក ច្សច អេដហ្គា ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​ដល់​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។ ការងារ​ទាំងនោះ​រួម​មាន ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន និង​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ និង​សកម្មភាព​ឃ្លាំ​មើល​ការ​បោះឆ្នោត។

សហភាព​អឺរ៉ុប ក៏​សហការ​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ធ្វើ​ការងារ​តាមដាន និង​អង្កេត​ការ​វិវឌ្ឍន៍​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​រយៈពេល​រៀបចំ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។