សភា​អឺរ៉ុប​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2017.12.14
កាត់​ដេរ ស្វាយរឿង ៨៥៥ ៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

សហគមន៍​អឺរ៉ុប បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ចាត់​វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់ និង​វិស័យ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត ព្រមទាំង​ការ​កាត់​ផ្ដាច់​ជំនួយ​ផង​ដែរ។ ទណ្ឌកម្ម​នេះ គឺ​ជា​សារ​ព្រមាន​ទៅ​ដល់​លោក ហ៊ុន សែន ថា បើ​នៅតែ​មិន​ព្រម​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​នឹង​រង​ទុក្ខ​ជាក់​ជា​មិន​ខាន។

​វិធានការ​ដាក់ទណ្ឌកម្ម​របស់​សហគមន៍​អឺរ៉ុប ក្នុង​សេចក្ដី​សម្រេច​ដែល​ត្រូវ​បាន​អនុម័ត ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ គឺ​ជា​យន្តការ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្នុង​សេចក្ដី​សម្រេច​នេះ គឺ​សភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំង​អស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។ សេចក្ដី​សម្រេច​នេះ​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចងចាំ​ថា កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ អាច​បន្ត​ទៅ​ទៀត​បាន​តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

​លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កិច្ច​ការបរទេស​សហភាព​អឺរ៉ុប​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រួម​ទាំង​គណៈកម្មការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំង​ឡាយ​ដែល​ចូល​ដៃ​ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប និង​បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ ក្រុមប្រឹក្សា ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំង​អស់ រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​អស់​ផង​ដែរ។

សមាជិក​សភា​អឺរ៉ុប ដែល​ចូលរួម​បោះឆ្នោត​អនុម័ត​សេចក្ដី​សម្រេច​នេះ សុទ្ធតែ​យល់​ស្រប​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ ព្រោះ​ពួកគាត់​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ដោយសារ​តែ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ដំណំ រហូត​ដល់​ការ​រម្លាយ​គណបក្ស​ប្រឆាំង ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

​ទណ្ឌកម្ម​ពី​អន្តរជាតិ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដាក់​ជា​ហូរហែ ក្រោយ​ពី​រដ្ឋាភិបាល​ធ្វើ​ព្រងើយកន្តើយ​ទៅ​នឹង​កង្វល់ និង​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ ដែល​បាន​ព្រមាន និង​ទុក​ឱកាស​ឲ្យ​ពិចារណា​ឡើង​វិញ។ នៅ​មុន​ចេញ​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​នេះ សហគមន៍​អឺរ៉ុប ទើបតែ​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំង​អស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។  ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​នេះ​ដែរ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត។ ក្រោយ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះ​ឆ្នោត ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹប​អូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​ហៅ​វិធានការ​ទាំង​ឡាយ​ខាង​លើ​ជា​វិធានការ​ព្រៃផ្សៃ ធ្វើ​តាមតែ​អំពើ​ចិត្ត ទៅ​តាម​មហិច្ឆតា​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ទណ្ឌកម្ម​ពី​អន្តរជាតិ ថា​គ្មាន​ផ្អែក​លើ​គោលការណ៍​ច្បាប់​អ្វី​ច្បាស់លាស់​នោះ​ទេ។

​ទោះជា​យ៉ាង​នេះ​ក្តី ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក សុទ្ធតែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នេះ​ឯង។ សហគមន៍​អន្តរជាតិ នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ស្តារ​ស្ថានការណ៍​ដុនដាប​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​ការ​ចូលរួម​ដោយ​ពេញ​ពេញ​ពី​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ត្រូវ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ចង់​ឲ្យ​មាន​ទណ្ឌ​កម្ម​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។