សហភាព​អឺរ៉ុប​បញ្ជាក់​ជំហរ​ថា ការ​បោះឆ្នោត​កម្ពុជា​មាន​បញ្ហា​​មិន​អាច​ទទួល​យក​បាន

មួង ណារ៉េត
2018.07.30
Federica Mogherini EU ៦២២ អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។
Photo courtesy of her Facebook

ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន កំពុង​ធ្លាក់​ស្រោច​ជា​បន្ត​ទៀត។ ក្នុង​ពេល​ជាមួយគ្នា ខាង​សហភាព​អឺរ៉ុប ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​មុន​នេះ​បន្តិច បញ្ជាក់​ជំហរ​ថា​ ការបោះឆ្នោត​នៅ​កម្ពុជា មាន​បញ្ហា ដែល​មិន​អាច​ទទួល​យក​បាន។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា សហភាព​អឺរ៉ុប ចាត់​ទុក​ការ​បោះឆ្នោត នៅ​ថ្ងៃទី២៩ ខែកក្កដា​ថា ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ ដែល​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង។ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បញ្ជាក់​ថា ការ​ផាត់​ចោល គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់ ក្នុង​ឆាក​នយោបាយ គឺ​ធ្វើ​ឲ្យ​ការបោះឆ្នោត​នោះ ខ្វះ​ការប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ។ ការបោះឆ្នោត​បែបនេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ​ម្ចាស់​ឆ្នោត ពិតប្រាកដ​តាម​បែប​ប្រជាធិបតេយ្យ នោះ​ឡើយ។ ហេតុដូច្នេះ លទ្ធផល​នៃ​ការបោះឆ្នោត គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​សមាជិក ២៨​ប្រទេស​នេះ បាន​រម្លឹក​របប​លោក ហ៊ុន សែន សាជាថ្មី អំពី​សារ​ព្រមាន​របស់​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប កាលពី​ខែ​កុម្ភៈ ដែល​ព្រមាន​ការ​បោះឆ្នោត ដែល​ផាត់​ចោល​គណ​ប្រឆាំង តាមតែ​អំពើ​ចិត្ត​បែបនេះ គឺ​មិនមែន​ជា​ការ​បោះឆ្នោត​ត្រឹមត្រូវ​ទេ។

សហភាព​អឺរ៉ុប ក៏បាន​បញ្ជាក់​ទៀត​ថា ដោយសារតែ​ការ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨រូប និង​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​បក្ស​ប្រឆាំង អ្នក​ហ៊ាន​រិះគន់ រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បែបនេះ ទើប​ធ្វើ​ឲ្យ​ខ្លួន​បាន​កាត់​ផ្តាច់​ជំនួយ ដែល​ធ្លាប់​ផ្ដល់​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) និង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ទៅ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​ទេ​។

ជា​ចុងក្រោយ​សហភាព​អឺរ៉ុប សង្ឃឹម​ថា អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន នឹង​គិតគូរ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ និង​ចាប់ផ្ដើម​ការចរចា​ជាមួយ​គណបក្សប្រឆាំង ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​នយោបាយ អំណោយផល​មួយ សម្រាប់​ជជែក​ដេញដោល​គ្នា​ផ្នែក​នយោបាយ និងមាន​ការ​ប្រកួតប្រជែង​គ្នា ដោយ​សេរី ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល និង អ្នកការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ដោយ​គ្មាន​ការ​រឹតត្បិត​ណាមួយ​ឡើយ។

ពាក់ព័ន្ធ​នឹង​ជំហរ​របស់​សហភាព​អឺរ៉ុប​នេះ កាលពី​ដើមខែ កក្កដា ក្រោយ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត​រយៈពេល​មួយ​សប្ដាហ៍ នៅ​កម្ពុជា​រួច​មក សហភាព​អឺរ៉ុប បាន​ព្រមាន​របប​លោក ហ៊ុន សែន ម្ដង​ទៀត​រួច​ទៅ​ហើយ ជា​ចុងក្រោយ គឺ​គ្មាន​អ្វី​ក្រៅពី​ពិចារណា​ដាក់ទណ្ឌកម្ម រួម​មានការ​ការ​ដក​អនុគ្រោះ​ពន្ធ ផ្នែក​នាំចេញ​សំលៀកបំពាក់​នោះ​ទេ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ដែរ។ ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្សលោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) កាលពី​ថ្ងៃទី៣០ ខែ​កក្កដា​​ដែរ ថា​ការបោះឆ្នោត​លើក​នេះ បាន​ចារទុក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ត្រូវ​បាន​គេ​ផ្ដាច់ មិន​ឲ្យ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ ទៅ​តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ខ្លួន។ នៅ​មុន​ការបោះឆ្នោត របប​លោក ហ៊ុន សែន បាន​បង្ក្រាប​មតិ​ប្រឆាំង និង​ប្រើ​ល្បិច​ស្នៀត​ដដែលៗ ដូចជា​ការ​បិទ​គេហទំព័រ​ឯករាជ្យ​មួយ​ចំនួន នៅ​ថ្ងៃ​បោះឆ្នោត។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​រូបភាព​មួយ​ថា ​ការ​បោះឆ្នោត​នេះ​មាន​ភាព​ស្របច្បាប់ ដូចជា​ការ​ដឹកជញ្ជូន​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាច្រើន ដែល​ខ្វះ​ភាព​ទុកចិត្ត ឲ្យ​មក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា និង​របប​លោក ហ៊ុន សែន បាន​គំរាមកំហែង​ពលរដ្ឋ​ឲ្យ​នាំគ្នា​ចេញទៅ​បោះឆ្នោត​ជាដើម។ ទោះជា​យ៉ាង​នេះ​ក្តី លោក ឆាល សាន់ទីយ៉ាហ្គោ អះអាង​ថា គ្មាន​អ្វី​អាច​មក​បិទបាំង​ការពិត​បានទេ គឺ​ការ​បោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ និង​រដ្ឋាភិបាល​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្ន និង​ធ្វើ​យ៉ាងណា ប្រាប់​ពិភពលោក កុំ​ឲ្យ​ភ្លេច​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា ក្រោយ​ការ​បោះឆ្នោត​នេះ។

តប​ទៅ​នឹង​ប្រតិកម្ម​ជុំ​ទិស​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បែរជា​ចម្លែក​ចិត្ត ទៅ​នឹង​សារ​ទាំងនេះ។ លោក សុខ ឥសាន ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​សេរីទាំងនោះ ថា​ធ្វើឡើង​ស្មានៗ និង​លម្អៀង​ទៅ​ខាង​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ៖ «ប្រទេស​មួយ​ចំនួន ហ៊ាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​លើ​មូលដ្ឋាន​អី​មិន​ច្បាស់លាស់ ដោយសារ​គាត់​មិនបាន​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍ ទៅ​ពិនិត្យ​សង្កេតការណ៍​ជាក់លាក់ តាម​សភាព​ការ​ជាក់ស្ដែង​នៅ​កម្ពុជា។ បើ​អត់​មាន​អ្នក​សង្កេតការណ៍​ទៅ​ពិនិត្យ​ផង តើ​គាត់​ផ្អែកលើ​មូលដ្ឋាន​ស្អី ដើម្បី​វាយតម្លៃ​ពី​ចម្ងាយ។ ខ្ញុំ​យល់ថា ​នេះ​ជា​បញ្ហា​មួយ​វាយតម្លៃ​ដោយ​ប្រយោល ដោយ​ស្មានៗ ឬ​មួយ​ក៏​អាច​ចាត់ទុកថា​មាន​ចរិត​នយោបាយ»

ផ្ទុយ​ពី​ការ​អះអាង របស់​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច​រូប​នេះ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម សុទ្ធ​តែ​មាន​ស្ថានទូត ឬ​តំណាង​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា ដែល​អាច​ស្វែងយល់​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​បាន។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​នៅ​ពេល​នេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​ភាព​ខ្វះ​ភាព​ស្របច្បាប់ ដែល​អាច​នាំ​ឲ្យ​របប​នេះ រង​ទណ្ឌកម្ម​សេដ្ឋកិច្ច និង ការទូត​ជាច្រើន និង​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រសិនបើ​របប​លោក ហ៊ុន សែន នៅ​តែ​មិន​ស្តារ​ស្ថានភាព​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។