សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់ គ.ជ.ប ជា​ផ្លូវ​ការ

ដោយ មាន ឫទ្ធិ
2017-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

សហភាព​អឺរ៉ុប បាន​សម្រេច​ជា​ផ្លូវការ ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។  យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​រដ្ឋ ហើយ​ថា ការ​ប្រកាស​ផ្អាក​ជំនួយ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ។

ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បញ្ជាក់​ថា មូលហេតុ​នៃ​ការ​សម្រេច​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​នេះ គឺ​ដោយសារ​តែ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា ក្នុង​ដំណើរការ​បោះ​ឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង ត្រូវ​បាន​ផាត់​ចេញ​តាម​ទំនើង​ចិត្ត​យ៉ាង​ដូច្នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ នឹង​មិន​ត្រូវ​មើល​ឃើញ​ថា មាន​ភាព​ស្រប​ច្បាប់​នោះ​ឡើយ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផ្សាយ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ គូស​បញ្ជាក់​ថា បើទោះជា​សហភាព​អឺរ៉ុប រីករាយ​ក្នុង​ការ​ការ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​ក៏ដោយ ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ចំណាត់​ការ​ជា​បន្តបន្ទាប់​ទៅ​លើ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៤៤,៥% នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ និង​ចំនួន ៤៣,៨% ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧។ សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បែងចែក​អាសនៈ​រដ្ឋ​សភា និង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​នេះ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត គឺ​ជា​ការ​បដិសេធ​ចោល​នូវ​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ​២០១៣ និង​២០១៧។

​អាស៊ីសេរី បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ជុំវិញ​សេចក្ដី​សម្រេច​ផ្អាក​ផ្តល់​ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។ យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ថា សេចក្ដី​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ​ឡើយ។ លោក​ថា ការ​សម្រេចចិត្ត​នេះ​ជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប ហើយ​រដ្ឋាភិបាល​កម្ពុជា មាន​កញ្ចប់​ថវិកា​របស់​ខ្លួន​សម្រាប់​ការងារ​រៀបចំ​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ។

អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​សម្រេច​ប្រកាស​ផ្អាក​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​សហភាព​អឺរ៉ុប ទៅ​លើ​បញ្ហា​នយោបាយ​ដែល​កំពុងតែ​កើត​មាននៅ​កម្ពុជា សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា នៅ​ពេល​ដែល​ការ​បោះឆ្នោត​មិន​មាន​ជំនួយ​ជា​ថវិកា​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​តាមដាន​ឃ្លាំមើល​ការ​បោះឆ្នោត​មាន​ភាព​ចន្លោះ​ប្រហោង ហើយ​ឯករាជភាព​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​ចោទ​ជា​បញ្ហា៖ «»។

លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​ពឹង​តែ​ទៅ​លើ​ជំនួយ​របស់​ចិន និង​ប្លុក​កុម្មុយនិស្ត​យ៉ាង​ដូច្នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​នេះ​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប ហើយ​គណបក្ស​នេះ​នឹង​ពិបាក​ក្នុង​ការ​ទទួល​យកជ័យ​ជម្នះ​នៅ​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «»។

កន្លង​មក​សហភាព​អឺរ៉ុប​ធ្លាប់​សន្យា​ថា នឹង​ផ្ដល់​ទឹក​ប្រាក់​ចំនួន ១០​លាន​អឺរ៉ូ ឬ​ជាង ១២​លាន​ដុល្លារ​អាមេរិក សម្រាប់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ក្នុង​ចំណោម​ទឹក​ប្រាក់​ជំនួយ​ដែល​បាន​សន្យា​នេះ សហភាព​អឺរ៉ុប បាន​ផ្ដល់​ថវិកា​ចំនួន ៥​លាន​ដុល្លារ​អាមេរិក រួច​ហើយ​ទៅ​ឲ្យ​ទៅ គ.ជ.ប។

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) គូស​បញ្ជាក់​សា​ជា​ថ្មី​ថា ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ត្រូវ​បាន​កំណត់​យ៉ាង​ជាក់លាក់ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​នេះ រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប សម្រាប់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្រង់​ប្រសាសន៍​អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ដែល​លោក​បាន​អះអាង​ថា គ.ជ.ប នឹង​នៅ​តែ​បន្ត​ការងារ​រៀបចំ​ការ​បោះឆ្នោត​ត​ទៅ​ទៀត ព្រោះ​នៅ​មាន​ប្រទេស​ដទៃ​ទៀត​បន្ត​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ការងារ​រៀបចំ​ការ​បោះឆ្នោត​នេះ ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន ជប៉ុន រុស្ស៊ី និង​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​ទៀត។ ចំណែក​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ​ក៏​បាន​អះអាង​ស្រដៀង​គ្នា​ដែរ​ថា កម្ពុជា​មាន​ថវិកា​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ។

​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន គឺ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ការ​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក បាន​ប្រកាស​កាល​ពី​ខែ​មុខ​ថា ខ្លួន​នឹង​ផ្អាក​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប នេះ និង​ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​រឹតត្បិត​មិន​ចេញ​ទិដ្ឋាការ ឬ​ វីសា ដល់​មន្ត្រី​រដ្ឋាភិបាល និង​សាច់ញាតិ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​រម្លាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

បើគ្មានបក្សសង្គ្រោះជាតិចូលរួម ការបោះឆ្នោតនៅឆ្នាំ២០១៨ នឹងគ្មានអត់អ្នកទៅបោះឆ្នោតច្រើនដូចមុនឡើយ * យ៉ាងច្រើនមានតែបក្សពួកហ៑ុនសែនមួយក្តាប់តូចប៉ុណ្ណោះ .*

Dec 13, 2017 01:53 AM

Untongue

ពី Poi pet

ដល់កហើយប្រទេសដ៏មហាកំសត់មួយនេះ
ចាបតាំងពី១៧មេសា ១៩៧៥ ប្រជាជននៃប្រទេសមួយ
នេះបានទទួលការឈឺចាប់ដល់កំរិតហើយ។
៣លាននាក់ ត្រូវស្លាប់ក្នុងរយះពេលតែ៣ឆ្នាំប៉ុណ្ណោះ។
ឥឡូវមានរបបមួយដែលលេចចេញពីការបោះឆ្នោត ដែល
មិនចេះចាញ់ ៣០ឆ្នាំមនុស្សដដែលជាអ្នកកាន់អំណាច់
តែបរទេសទាំងឡាយមិនចាប់អារម្មណ៍ ថាហេតុអីប្រ
ជាធិបតេយ្យមួយនេះខុសគេ?

Dec 12, 2017 11:16 PM

អ្នក​អាន​អនាមិក

ប្រទេសប្រជាធិបតេយ្យ មិនអាចត្រូវគ្នាជាមួយ មនុស្សផ្តាច់ការ ហ៑ុន សែន បានឡើយ

Dec 12, 2017 09:12 AM

គេហទំព័រ​ទាំងមូល