អ្នក​វិភាគ​ថា​ជំហរ​របស់​កម្ពុជា​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ទាំង​ផល​ចំណេញ​និង​ផល​ខាត

ដោយ យ៉ង ចាន់តារា
2016.07.26
អ៊ូ វីរៈ ២០១៦ ៨៥៥ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ពេល​ចេញ​ពី​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង នៅ​តែ​ជា​រឿង​ចម្រូងចម្រាស​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៩ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ចង់​ឲ្យ​អាស៊ាន​មូល​មាត់​គ្នា​ដាក់​បញ្ចូល​ខ្លឹមសារ​នៃ​សាលក្រម​តុលាការ​មជ្ឈត្តកម្ម​ក្រុង​ឡាអេ (Permanent Court of Arbitration) លើ​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ចូល​ទៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន ប៉ុន្តែ​កម្ពុជា បាន​បដិសេធ។ អ្នក​វិភាគ​ថា កាយវិការ​បែប​នេះ​របស់​កម្ពុជា មាន​ទាំង​ផល​ចំណេញ និង​ផល​ខាត​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ការ​បរទេស។

សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា មិន​បាន​ដាក់​បញ្ចូល​ខ្លឹមសារ​ណា​មួយ​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​មជ្ឈត្តកម្ម​ក្រុង​ឡាអេ ទាក់ទង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​របស់​ប្រទេស​ហ្វីលីពីន (Philippine) នោះ​ឡើយ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ត្រឹម​ថា អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​វិវឌ្ឍន៍​ថ្មីៗ​អំពី​ការ​ទាមទារ​គ្រប់គ្រង និង​សកម្មភាព​ទាំងឡាយ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​កំពុង​បំផ្លាញ​ទំនុក​ចិត្ត បង្កើន​ភាព​តានតឹង និង​បង្ក​អសន្តិភាព អសុវត្ថិភាព និង​អស្ថិរភាព​នៅ​ក្នុង​តំបន់។ អាស៊ាន​បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​សារសំខាន់​នៃ​ការ​ថែរក្សា និង​លើក​ស្ទួយ​សន្តិភាព សុវត្ថិភាព ស្ថិរភាព និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ស្នើ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់​ដោះស្រាយ​បញ្ហា​ដោយ​ស្មារតី​សន្តិភាព មិន​ប្រើប្រាស់​ការ​គំរាម​កំហែង ឬ​កង​កម្លាំង​ប្រដាប់​អាវុធ។

កាល​ពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ តុលាការ​មជ្ឈត្តកម្ម​ក្រុង​ឡាអេ បាន​ចេញ​សាលក្រម​ឲ្យ​ប្រទេស​ហ្វីលីពីន ឈ្នះ​ក្តី​លើ​ប្រទេស​ចិន និង​ច្រាន​ចោល​ការ​អះអាង​សិទ្ធិ​កាន់​កាប់​ដែន​ទឹក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លើ​សមុទ្រ​ចិន​ខាង​ត្បូង។

សារព័ត៌មាន ឆានែល ញ៉ូវ អេស៊ា (Channel News Asia) របស់​ប្រទេស​សិង្ហបុរី (Singapore) ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា ប្រទេស​ហ្វីលីពីន និង​វៀតណាម ចង់​ឲ្យ​មាន​សេចក្តី​ប្រកាស​រួម​មួយ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ចំពោះ​ការ​អនុវត្ត​សាលក្រម​របស់​តុលាការ​ក្រុង​ឡាអេ និង​ភាព​ចាំបាច់​នៃ​ការ​គោរព​ច្បាប់​អន្តរជាតិ។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​ភាគី​កម្ពុជា ដែល​គាំទ្រ​ការ​ប្រឆាំង​របស់​ចិន ចំពោះ​ជំហរ​រួម​របស់​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ជម្លោះ​ជា​លក្ខណៈ​ទ្វេភាគី។

ដោយសារ​តែ​អាស៊ាន​អនុវត្ត​ការទូត​កុងសង់ស៊ីស ការ​បដិសេធ​របស់​កម្ពុជា ធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​នោះ​បរាជ័យ​ក្នុង​ការ​ស្វែងរក​សំឡេង​រួម​គ្នា​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន ជុំវិញ​គម្រោង​សាងសង់​កោះ​សិប្បនិម្មិត​នៅ​តំបន់​ទំនាស់។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា ប្រកាន់​យក​ជំហរ​បែប​នេះ​ជា​យូរ​មក​ហើយ ហើយ​ថា​នេះ​ជា​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ​របស់​កម្ពុជា។ លោក​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​ដោះស្រាយ​តាម​នយោបាយ​ការទូត​រវាង​ភាគី​ជម្លោះ​ទាំង​សង​ខាង៖ «ខ្មែរ​អត់​មាន​ទៅ​បម្រើ​យួន ខ្មែរ​អត់​មាន​ទៅ​បម្រើ​ចិន ទេ។ ខ្មែរ​បម្រើ​ខ្មែរ បម្រើ​ទី​១ ទៅ​តាម​គោលការណ៍​អាស៊ាន។ តាំង​ពី​ឆ្នាំ​២០១២ កម្ពុជា បាន​បង្ហាញ​គោល​ជំហរ​អព្យាក្រឹត្យ​មួយ​យ៉ាង​ច្បាស់ គឺ​មិន​ឲ្យ​តម្លៃ​ទៅ​ចិន មិន​ឲ្យ​តម្លៃ​ទៅ​យួន មិន​ឲ្យ​តម្លៃ​ទៅ​ហ្វីលីពីន ដែល​ជា​អ្នក​ទទួល​ផល​ពី​បទ​ចម្រូងចម្រាស ឬ​វិវាទ​អធិបតេយ្យភាព​រវាង​ហ្វីលីពីន យួន ជាមួយ​នឹង​ចិន នេះ​ឯង»

នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo AFP
នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo AFP
Photo AFP

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) បាន​ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល ៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​គម្រោង​សុខាភិបាល ការ​អប់រំ និង​ការ​បោះឆ្នោត​សម្រាប់​រយៈពេល ៣​ឆ្នាំ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨។ ជំនួយ​នេះ គឺ​ជា​ការ​ស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​១១ នៅ​ទីក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី (Mongolia) ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ចិន។

អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន កត់​សម្គាល់​ថា ការ​ផ្តល់​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ចិន ស្រប​ពេល​កម្ពុជា ប្រកាន់​ជំហរ​មិន​គាំទ្រ​អ្វី​ដែល​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ចង់​បាន អាច​នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​គិត​ថា កម្ពុជា លក់​អធិបតេយ្យភាព​របស់​ខ្លួន ដើម្បី​គាំទ្រ​ជំហរ​របស់​ចិន ហើយ​វា​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​អាស៊ាន​លែង​ទុក​ចិត្ត​កម្ពុជា៖ «វា​ហាក់​ដូចជា​មាន​ផល​ប៉ះពាល់​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា មើល​មុខ​សមាជិក​អាស៊ាន​មិន​ចំ​ទេ​ឥឡូវ​នេះ ពីព្រោះ​ប្រទេស​ជាង ២ ភាគ ៣ នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ហើយ​និង​ក្នុង​តំបន់​អាស៊ី​ដែល​មាន​ផល​ប្រយោជន៍​នៅ​ក្នុង​សមុទ្រ​ចិន គឺ​គេ​នាំ​គ្នា​ស្ដីបន្ទោស និង​ចោទ​កម្ពុជា ថា​មក​ពី​កម្ពុជា ទើប​រក​កុងសង់ស៊ីស​នៅ​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​រួម​អត់​ចេញ។ ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ប្រយោជន៍​រយៈពេល​វែង​ឆ្ងាយ ទាំង​ខាង​នយោបាយ​ការ​បរទេស និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំង​នោះ»

អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន ចូលរួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។
អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន ចូលរួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។

លោក ឡុង គឹមឃន បន្ថែម​ទៀត​ថា នៅ​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ កម្ពុជា ត្រូវ​ការ​ចិន ជា​ចាំបាច់ ប៉ុន្តែ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង កម្ពុជា មិន​អាច​ងាក​ទៅ​រក​ចិន ខ្លាំង​ពេក​រហូត​ដល់​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​បង​ប្អូន​អាស៊ាន និង​ប្រទេស​ដែល​មាន​ផល​ប្រយោជន៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ពីព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ទាំង​នោះ ដាក់​សម្ពាធ​មក​លើ​កម្ពុជា ទាំង​លើ​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ឯកោ​ក្នុង​តំបន់៖ «កម្ពុជា អាច​និយាយ​ថា​មិន​បដិសេធ​សេចក្តី​សម្រេច​របស់​មជ្ឈត្តកម្ម​អន្តរជាតិ ហើយ​ក៏​មិន​គាំទ្រ​ចិន ដែរ ប៉ុន្តែ​គាំទ្រ​ឲ្យ​មាន​ការ​ជជែក​គ្នា​ដោះស្រាយ​នៅ​បណ្ដា​ប្រទេស​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ពីព្រោះ​នេះ​ជា​យន្តការ​ដោះស្រាយ​តែ​មួយ​គត់ ថ្វីត្បិតតែ​សេចក្តី​សម្រេច​របស់​តុលាការ​មជ្ឈត្តកម្ម​អន្តរជាតិ បាន​សម្រេច​ហើយ​ក៏ដោយ ប្រទេស​ភាគី​ជម្លោះ​ត្រូវ​តែ​ជួប​គ្នា​ដោះស្រាយ​ជម្លោះ​ទ្វេភាគី​ដដែល​ជា​ដដែល»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ពេល​កម្ពុជា ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ជា​លើក​ទី​មួយ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​ជាង ៤០​ឆ្នាំ​របស់​ខ្លួន ដែល​អាស៊ាន​បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ នៅ​គ្រា​នោះ កម្ពុជា រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ ថា​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ព្យាយាម​រារាំង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន។

ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​គាំទ្រ​ជំហរ​របស់​ចិន នេះ ក៏​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា វិញ​ដែរ ជាពិសេស​លើ​វិស័យ​នយោបាយ ពីព្រោះ​កម្ពុជា អាច​រើ​ខ្លួន​ពី​ឥទ្ធិពល​នយោបាយ​របស់​វៀតណាម ដែល​មាន​នៅ​កម្ពុជា ជាច្រើន​ទសវត្ស​មក​ហើយ​នោះ។ ម្យ៉ាង​វិញ​ទៀត ចិន ក៏​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​របស់​កម្ពុជា ដែរ។ ដូច​នេះ កម្ពុជា អាច​ទាញ​យក​ផល​ពី​វិស័យ​សេដ្ឋកិច្ច តាម​រយៈ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​នេះ​បាន។

ទោះ​ជា​បែប​នេះ​ក្តី លោក អ៊ូ វីរៈ គិត​ថា កម្ពុជា មិន​គួរ​បង្ហាញ​និន្នាការ​ខ្លាំង​ពេក​ទៅ​រក​ចិន នោះ​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត ដូចជា​សហរដ្ឋ​អាមេរិក ជាដើម ដែល​គាំទ្រ​សមាជិក​អាស៊ាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ លើស​ពី​នេះ លោក​ថា កម្ពុជា គួរ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​មុន​ពេល​បង្ហាញ​ជំហរ​របស់​ខ្លួន ទាក់ទង​ទៅ​នឹង​សាលក្រម​របស់​តុលាការ​មជ្ឈត្តកម្ម​ក្រុង​ឡាអេ ពីព្រោះ​កម្ពុជា អាច​នឹង​ខាតបង់​ជុំវិញ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ដែល​ខ្លួន​តែង​តែ​ទទូច​ឲ្យ​ភាគី​ថៃ អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ (International Court of Justice)«យើង​គាំទ្រ​តែ​គោល​ជំហរ​បដិសេធ​ចោល​តុលាការ​អន្តរជាតិ យើង​អាច​បាត់បង់​ផល​ប្រយោជន៍​មួយ​ទាក់ទង​រឿង​តុលាការ​អន្តរជាតិ​មួយ​ទៀត ដែល​កាត់​ក្តី​រវាង​ខ្មែរ និង​ថៃ ទាក់ទង​រឿង​វិវាទ​ព្រះវិហារ ដែល​សាលក្រម​តុលាការ​អន្តរជាតិ​នេះ គឺ​យើង​មាន​ផល​ប្រយោជន៍។ អ៊ីចឹង​បាន​ជា​ការ​ដែល​យើង​ទាត់​ចោល​នេះ អាច​ធ្វើ​ឲ្យ​យើង​សាប​នូវ​ពាក្យ​សម្ដី​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​សាលក្រម​ទាក់ទង​នឹង​ជម្លោះ​នៅ​ព្រះវិហារ»

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មហា​អំណាច​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ភាព​ល្អក់​កករ ហើយ​ភាគី​ទាំង​សង​ខាង​កាន់​តែ​មើល​មុខ​គ្នា​មិន​ចំ នៅ​ពេល​ចិន បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ជាច្រើន​គ្រឿង​ទៅ​ជិត​តំបន់​ជម្លោះ ហើយ​និង​ការ​សាងសង់​កោះ​សិប្បនិម្មិត​នៅ​ក្បែរ​ប្រជុំ​កោះ​ស្ពា្រតលី (Spratly) ដែល​កំពុង​មាន​ទំនាស់។ ប្រទេស​សមាជិក​អាស៊ាន​ដែល​ទាមទារ​សិទ្ធិ​កាន់​កាប់​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ចិន នោះ រួម​មាន ប្រទេស​ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និង​ប្រទេស​ហ្វីលីពីន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។