ក្រុមអ្នកជំនាញព្រមានថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជាលើកទីមួយរបស់កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ អាចនឹងរងផលប៉ះពាល់ ហើយត្រូវលុបចោលវិញ ប្រសិនបើវីរុសកូរ៉ូណាប្រភេទថ្មីនៅតែមិនអាចគ្រប់គ្រងបាន។ ការព្រមាននេះ កើតមានឡើងស្របពេលដែលវីរុសដ៏កាចសាហាវមួយនេះ កំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយរដ្ឋាភិបាលប្រទេសភាគច្រើនបានចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគនេះ។ ដោយឡែក កម្ពុជាកំពុងបង្ហាញមោទនភាព និងប្រកាសជាផ្លូវការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះនៅក្រុងភ្នំពេញ។
បើទោះជាកម្ពុជានៅសល់ពេលវេលាជាង ១០ខែទៀត ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឬ ASEM លើកទី១៣ នៅក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ដល់ ១៧ ខែវិច្ឆិកា ខាងមុខនេះក៏ដោយក្រុមអ្នកជំនាញបានព្រមានទុកជាមុនរួចជាស្រេចទៅហើយថា ព្រឹត្តិការណ៍នេះ អាចនឹងត្រូវលុបចោលវិញ ប្រសិនជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី នៅតែមិនអាចគ្រប់គ្រងបាន។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Naresuan នៃប្រទេសថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ប្រសិនបើការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ មិនអាចគ្រប់គ្រងបាននោះកិច្ចប្រជុំកំពូល ASEM ដែលនឹងមានមេដឹកនាំពិភពលោកជាង ៥០ប្រទេស ចូលរួមនេះ អាចនឹងត្រូវបានលុបចោលទៅវិញនៅចុងឆ្នាំនេះ។
ដូចគ្នានេះដែរ បណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ មិនទាត់ចោលការប្រមើលមើលឃើញនេះឡើយ ខណៈប្រទេសនានា ក្នុងតំបន់ ជាពិសេសប្រទេសចិន បានលុបចោលកិច្ចប្រជុំសំខាន់ៗ មួយចំនួននាពេលបច្ចុប្បន្នដោយសារការរីករាលដាលនៃមេរោគថ្មីនេះ៖ « គឺច្បាស់ហើយ បើសិនជាវាមានការរីករាលដាលជំងឺហ្នឹងឆ្លងមកដល់ស្រុកខ្មែរ ក្នុងពេលខាងមុខមែន ហើយដល់ទៅខែវិច្ឆិកានោះ ហើយនៅតែមិនច្បាស់លាស់ថា យើងបង្ក្រាបបាន ឬក៏មិនបានអីនោះ នោះវានឹងក្លាយទៅជាទិដ្ឋភាព ដែលធ្វើឲ្យការប្រជុំផ្សេងៗ ត្រូវពន្យារពេល។ ដូចពេលឥឡូវយើងឃើញថា សូម្បីតែកិច្ចប្រជុំធំៗ របស់ពិភពលោក ក៏ដូចជាមានភាពស្ងាត់ស្ងៀមខ្លះដែរមិនមានច្រើនដូចពីមុនដោយសារតែបញ្ហា ឆ្លងជំងឺនេះ»។
យ៉ាងណាក៏ដោយ បណ្ឌិត មាស នី នៅតែមានសុទិដ្ឋិនិយមថា ពិភពលោកអាចនឹងទប់ស្កាត់មេរោគនេះបានទាន់ពេលវេលា ព្រោះនៅមានពេលវេលាយូរទៀត ទម្រាំដល់ពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលនេះ។
ជុំវិញការព្រមានជាមុននេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីយ៉ាងខ្លី តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនៅចិន នឹងមិនមានអ្វីជាការព្រួយបារម្ភ ឬប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នៅកម្ពុជានាពេលខាងមុខនេះទេ។

កាលពីថ្ងៃទី៣១ មករា លោក ហ៊ុន សែន ធ្លាប់លើកឡើងក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬ ASEM លើកទី១៣ ថា កិច្ចប្រជុំកំពូលនេះជាវេទិកា ដែលផ្ដល់ឲ្យកម្ពុជានូវឱកាសជាច្រើន ដើម្បីជំរុញឲ្យកាន់តែរហ័ស និងស៊ីជម្រៅនូវសមាហរណកម្មរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោក៖ « កិច្ចប្រជុំកំពូល ASEM លើកទី១៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងការទូតធំបំផុតសម្រាប់កម្ពុជាយើង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំមេដឹកនាំពី ៥១ប្រទេស និងប្រធានស្ថាប័នតំបន់២ ព្រមជាមួយការចាត់តាំងរៀបចំព្រឹត្តិការណ៍ចំនួន ៧ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហិរញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត។ កម្ពុជាប្តេជ្ញា នឹងសម្រេចកិច្ចការនេះ ប្រកបដោយកិត្តិយស និងជោគជ័យ »។
សុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅថ្ងៃទី៣១ ខែមករា...
Posted by ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation on Thursday, January 30, 2020
ឆ្ពោះទៅកាន់«កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០» នៅកម្ពុជា ព្រះរាជាណាចក្រកម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ "ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា"។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុបនិងអាស៊ី ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។ ក្រៅពីកិច្ចប្រជុំកំពូល ក៏នឹងមានព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលចំនួន៧ទៀត ដែលនឹងធ្វើមុន និងភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://asem13.mfaic.gov.kh -------- Towards "The 13th ASEM Summit 2020" in Cambodia The Kingdom of Cambodia is proud to host the 13th ASEM Summit (ASEM13), to be held on 16 -17 November 2020 in Phnom Penh under the theme "Strengthening Multilateralism for Shared Growth". The ASEM13 will gather Heads of State/Government of 51 European and Asian countries, the President of the European Commission and the Secretary-General of the Association of Southeast Asian Nations (ASEAN). The ASEM13 will mark the biggest historical event ever to be held in Cambodia's contemporary history. Beside the Summit, Seven side events will also be organized prior to and back-to-back with the Summit as well. For more information of the Summit, please visit https://asem13.mfaic.gov.kh
Posted by ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation on Friday, January 31, 2020
ជាមួយគ្នានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ធ្លាប់យកលេសថា សមត្ថកិច្ចកម្ពុជាមានផែនការធានាស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានជាដាច់ខាតនៅក្នុងឆ្នាំ២០២០នេះ ពីព្រោះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅខែវិច្ឆិកាខាងមុខ។ លោកយកលេសនេះ ទៅត្រៀមទប់ស្កាត់មិនឱ្យមានអង្គការចាត់តាំង និងសកម្មភាពអ្វីមួយដែលលោកហៅថា «បដិវត្តន៍ពណ៌» កើតមាននៅកម្ពុជាឡើយ ក្នុងនោះក៏រួមទាំងការតវ៉ាដីធ្លីរបស់ប្រជាពលរដ្ឋ ការតវ៉ារឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងការតវ៉ាទាំងឡាយណាពាក់ព័ន្ធនឹងរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ផងដែរ៖ «ក្នុងឆ្នាំ២០២០ ខាងមុខនេះដែរ កម្ពុជាមានមោទនភាព បានធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ នាខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់នេះ កងកម្លាំងនគរបាលជាតិ ត្រូវមានផែនការធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពឲ្យបានដាច់ខាត។ សភាពការណ៍សន្តិសុខផ្ទៃក្នុងអាចប្រឈមទៅនឹងការវាយប្រហារ ( ពី ) ក្រុមអមិត្តទាំងក្នុង និងក្រៅប្រទេស ជាពិសេសញុះញង់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យតវ៉ាពាក់ព័ន្ធទំនាស់ដីធ្លី សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងលើកយកបញ្ហា EBA និង GSP ដើម្បីញុះញង់កម្មករឱ្យធ្វើបាតុកម្មបង្កចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម»។
អាស៊ីសេរី កំពុងទាក់ទងមន្ត្រីគណៈកម្មការអឺរ៉ុប ដើម្បីសុំប្រតិកម្មជុំវិញសារត្រៀមបង្ក្រាបរបស់មេនគរបាលជាតិ ទៅលើសំឡេងប្រឆាំងតាមគ្រប់រូបភាពនេះ ដោយយកលេសធានាសន្តិសុខដល់កិច្ចកំពូលអាស៊ីអឺរ៉ុបនេះ។
ក្រៅពីការព្រមានជាមុននេះ ជុំវិញលទ្ធភាពដែលអាចលុបចោលកិច្ចប្រជុំកំពូលនេះ ដោយសារបញ្ហាវីរុសកូរ៉ូណានេះ បណ្ឌិត មាស នី ក៏មើលឃើញដែរថា កិច្ចប្រជុំនេះនឹងជួបនូវឧបសគ្គ ប្រសិនបើស្ថានការណ៍នយោបាយ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមិនបានប្រសើរឡើងវិញនោះទេ៖ « ពីព្រោះអីពិភពលោកធ្លាប់មានបញ្ហាម្តង កាលពីកិច្ចប្រជុំនៅភូមា ដោយសារតែភូមាមិនបានអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនេះ ក៏គេបានសម្រេចលើកកិច្ចប្រជុំនេះពីប្រទេសភូមា ហើយប្រទេសមួយចំនួនគេធ្វើពហិការ មិនចូលរួមកិច្ចប្រជុំ»។
បន្ថែមពីលើនេះ បណ្ឌិត មាស នី ក៏បង្ហាញក្ដីព្រួយបារម្ភអំពីបញ្ហារក្សាសន្តិសុខដោយសារការអនុវត្តច្បាប់ធូរលុងនៅកម្ពុជា ដែលលោកថា ក៏អាចជាចន្លោះប្រហោងធ្វើឲ្យពួកភេរវជនអាចឆ្លៀតយកឱកាសទៅបង្កអសន្តិសុខក្នុងពេលរៀបចំកិច្ចប្រជុំកំពូលនេះ ដែលអាចនឹងធ្វើឲ្យកម្ពុជា ត្រូវបាក់មុខមាត់។
យ៉ាងណាក៏ដោយ ក្រៅពីការព្រមានទុកជាមុនពីការលុបចោលកិច្ចប្រជុំកំពូលនេះ និងបញ្ហាប្រឈមនានា ដែលកម្ពុជាអាចនឹងជួបប្រទះ បណ្ឌិត ប៉ូល ឆែមប៊័រ មានប្រសាសន៍ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ ស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងអឺរ៉ុបស្ថិតដំណាក់កាលធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរ គឺចំពេលសហភាពអឺរ៉ុបនឹងសម្រេចថា តើត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ឬមិនព្យួរនោះ។ លោកថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ អាចនឹងកើតឡើង ប្រសិនបើគណៈកម្មការអឺរ៉ុប កំណត់ថា កម្ពុជាបានរំលោភធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាពិសេស សិទ្ធិការងាររបស់កម្មករនិយោជិតនោះ។ លោកបន្តថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជានេះ នឹងផ្ដល់ឱកាសមួយដល់រដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រសើរវិញនូវទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីកុំឲ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក្រៅពីនេះ លោកថា បញ្ហាប្រឈមមួយទៀតសម្រាប់កម្ពុជាដែរនោះ គឺចិនអាចនឹងមិនសប្បាយចិត្ត ក្នុងការណ៍ដែលខ្លួនសម្លឹងមើលកម្ពុជាល្អូកល្អិនជាមួយសហភាពអឺរ៉ុប តាមរយៈការរៀបចំកិច្ចប្រជុំកំពូល ASEM នេះ ដោយសារតែកិច្ចប្រជុំនេះធ្វើឡើងនៅកម្ពុជា។ លោកថា ក្តីបារម្ភ ដែលលោកមានតែមួយគត់ជុំវិញតួនាទីរបស់ចិននៅក្នុងរឿងកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ គឺថា ចិនអាចនឹងធ្វើវិទ្ធង្សនាកិច្ចប្រជុំកំពូលនេះបាន ដោយមិនជួយកម្ពុជាតាមរយៈការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីប្រើប្រាស់នៅក្នុងកិច្ចប្រជុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។