សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ១០នាក់

ដោយ ជាតិ ចំណាន
2020.06.19
កាក់ កុម្ភារ ភ្នំពេញ ប្រពន្ធ និង​កូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ប្រមាណ ២០នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​តុលាការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ១០នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។
រូប៖ ពលរដ្ឋ

ប្រពន្ធ​​និង​កូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ប្រមាណ ២០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៩ មិថុនា ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទោស​នយោបាយ​​​ជាង ១០នាក់​ឱ្យ​មាន​សេរីភាព​​ឡើង​វិញ​និង​ដោយ​ឥត​លក្ខខ័ណ្ឌ។

ក្រុម​អ្នក​តវ៉ា​បាន​ឈរ​កាន់​បដា​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ ដោយ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​ប្ដី និង​ឪពុក​របស់​ពួកគេ ហើយ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្រុម​អ្នក​តវ៉ា​​​ទាំង​នោះ​ចាត់​ទុក​ការ​ចាប់​ខ្លួន​​​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ថា​ ជា​រឿង​អយុត្តិធម៌​បំផុត​​មិន​អាច​ទទួល​យក​បាន​ឡើយ។

តំណាង​អ្នក​តវ៉ា​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ លោក​ស្រី សុខ បូលីម៉ា ​ថ្លែង​​ក្រោយ​ពេល​បញ្ចប់​ការ​តវ៉ា​ថា ​ប្ដី​របស់​លោក​ស្រី ​ជា​ចៅ​សង្កាត់​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ គឺ​លោក ឃឹម ភាណា ពុំ​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​​ទាមទារ​ឱ្យ​មន្ត្រី​តុលាការ​ដោះលែង​ប្ដី​របស់​លោក​ស្រី​ព្រម​ទាំង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ជា​បន្ទាន់៖ «ព្រោះ​តុលាការ​ចាប់​គាត់​យូរ​ហើយ​ល្មម​ដោះលែង​គាត់​ហើយ​ ព្រោះ​គាត់​អត់​មាន​កំហុស​អី​ទេ ដើម្បី​ឱ្យ​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ចិញ្ចឹម​ប្រពន្ធ​កូន​អាង​គាត់​ជា​មេ​គ្រួសារ​ដល់​អត់​មាន​ប្ដី​ទៅ​ពួក​ខ្ញុំ​ឡេឡា ការងារ​ក៏​អត់​មាន​ធ្វើ ​ហើយ​ជំពាក់​លុយ​ធនាគារ​ទៀត​ ដល់​អីចឹង​វា​ជា​បន្ទុក​ធ្ងន់​ណាស់។ ពួក​ខ្ញុំ​ធ្វើ​ដោយ​ខ្លួន​ឯង​អត់​មាន​អ្នក​ណា​ជា​មេក្រុម​មេ​បក្ស​អី​ទេ​អត់​មាន​ទេ​ សុទ្ធតែ​​ប្រពន្ធ​អ្នក​រងគ្រោះ​ទាំង​អស់​ធ្វើ​ដោយ​ចិត្ត​ខ្លួន​ឯង​ ដើម្បី​ឱ្យ​គេ​ដោះលែង​ប្ដី​រៀងៗ ខ្លួន»

ប្រពន្ធ និង​កូន របស់​លោក ញ៉ែម វាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​តុលាការ​ដោះលែង​លោក ញ៉ែម វាន ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។
ប្រពន្ធ និង​កូន របស់​លោក ញ៉ែម វាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​តុលាការ​ដោះលែង​លោក ញ៉ែម វាន ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។
រូប៖ ពលរដ្ឋ

ការ​តវ៉ា​នេះ​ពុំ​មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​ចេញ​ទៅ​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ទេ ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) វិញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថាប័ន​នេះ។ ក្រុម​អ្នក​តវ៉ា​គ្រោង​ជួប​ជុំ​គ្នា​ដាក់​ញត្តិ​​តាម​ស្ថានទូត​ប្រទេស​សេរី​ប្រចាំ​នៅ​កម្ពុជា​បន្ត​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

អាស៊ី​សេរី​មិន​ទាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៩ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ី​សេរី​ថា ​រឿង​ក្ដីក្ដាំ​នេះ​ជា​នីតិ​វិធី​​របស់​តុលាការ​ ដោយ​ពុំ​មាន​ក្រុម​ឬ​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជា ឬ​ដាក់​សម្ពាធ​ទៅ​លើ​តុលាការ​បាន​ឡើយ៖ «ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួកគាត់​គួរតែ​ធ្វើ​ការ​តវ៉ា​ទៅ​មេ​កើយ​របស់​គាត់​នៅ​ក្រៅ​ប្រទេស​ ឱ្យ​ជួយ​ពួកគាត់ ដូច​ជា​ជំនួយ​ផ្នែក​ច្បាប់​អី​ជា​ដើម ពីព្រោះ​ថា ​ក្រុម​ទាំង​នោះ​ហើយ​ដែល​បាន​រៀបចំ​ផែនការ​ញុះញង់​ពួកគាត់​ឱ្យ​ធ្វើ​សកម្មភាព​អី​ផ្សេង​ៗ​ដែល​ ឈាន​​ទៅ​ការ​ល្មើស​ច្បាប់​ហើយ​​នាំ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​បែប​នេះ»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​នេះ ប្រធាន​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់​សំគាល់​​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ការ​តវ៉ា គឺ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «យើង​ក៏​ទទូច​ស្នើ​ដែរ​ឱ្យ​រដ្ឋាភិបាល​ជា​ពិសេស​ស្ថាប័ន​តុលាការ​សូម​លោក​ពិចារណា​​ឱ្យ​បាន​ហ្មត់ចត់​ទៅ​ការ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ ដើម្បី​ងាយ​ទៅ​រក​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​នយោបាយ​ ជាជាង​យក​ច្បាប់​ទៅ​អនុវត្តន៍​​នៅ​ក្នុង​កត្តា​​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ​នេះ​គឺ​មាន​ការ​លំបាក​ណាស់​​នៅ​ពេល​ដែល​យើង​យក​ច្បាប់​ទៅ​អនុវត្ត​នៅ​ក្នុង​រឿង​ទាំង​អស់​នេះ»

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក​មាន​សកម្មជន​បក្ស​ប្រឆាំង ចំនួន ១៦នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ដាក់​ពន្ធនាគារ​ព្រៃស​ តែ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​វិញ​ម្នាក់ ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ពេល​ចាប់ខ្លួន​ដោយ​បង្ខំ។មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ដូចៗ គ្នា​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​កុំ​​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍។

​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) វាយ​តម្លៃ​ថា ករណី​ទាំង​នេះ​ជា​ការ​ចោទ​ប្រកាន់​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ ហើយ​អង្គការ​នេះ​​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​ទង្វើ​យាយី​លើ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។