យុវជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​​​ចោទ​អាជ្ញាធរ​​​​​​ថា​គំរាម​​​​ឪពុក​បន្ទប់​ពី​ខ្លួន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល

ដោយ ហេង រស្មី
2020-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តា​ដំបង​គ្រញូង និមិត្តរូប​តំណាង​ខេត្ត​បាត់ដំបង
តា​ដំបង​គ្រញូង និមិត្តរូប​តំណាង​ខេត្ត​បាត់ដំបង
រូប៖ ហ្វេសប៊ុក

ឪពុក​របស់​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​រុក្ខ​គិរី​ ខេត្ត​បាត់ដំបង​ព្រួយបារម្ភ​​ពី​សុវត្ថិភាព​កូន​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​។​លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​៤នាក់​ទៅ​​បំភិតបំភ័យ​​លោក​ ​ដោយសារ​តែ​​កូន​របស់​លោក​​​បន្ត​គាំទ្រ​គណបក្ស​ប្រឆាំង​និង​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​។​ មន្ត្រី​​មន្ត្រី​​សិទ្ធិមនុស្ស​​​ចាត់​ទុក​សកម្មភាព​​របស់​អាជ្ញាធរ​នេះ​ថា ​​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

ឪពុក​របស់​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​រុក្ខ​គិរី​ លោក អ៊ូច សូត្រ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៩​កក្កដា​ថា ប្រជា​ការពារ​ភូមិ​២នាក់​និង​​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​២នាក់​​​​​​​​បាន​បង្ខំ​ឱ្យ​​លោក​​​ប្រាប់​​កូន​របស់​គាត់​គឺ​​លោក សូត្រ អុន ​​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ឱ្យ​ឈប់​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​បន្ត​ទៀត​ បើ​មិន​​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​កូន​របស់​លោក​​​ដាក់​គុក​នៅ​ពេល​ខាង​មុខ​។​​បុរស​​វ័យ​៨៦​ឆ្នាំ​រូប​នេះ​​បញ្ជាក់​​ទៀត​ថា ​ភ្លាម​ៗ​បន្ទាប់​ពី​អាជ្ញាធរ​ទាំង​នោះ​ចេញ​ពី​ផ្ទះ​​របស់​គាត់​ គឺ​លោក​​​​ទូរស័ព្ទ​ប្រាប់​ទៅ​​​កូន​ឱ្យ​​​​ឈប់​ធ្វើ​នយោបាយ​​ ហើយ​ត្រឡប់​ទៅ​ផ្ទះ​​វិញ​ ដោយសារ​ភ័យ​ខ្លាច​អាជ្ញាធរ​​ចាប់​កូន​ដាក់​គុក៖ «គេ​និយាយ​មក​ថា​បើ​សិន​ណា​ជា​កូន​ខ្ញុំ​ចូល​មក​គេ​ចាប់​ហើយ​។ ខ្ញុំ​ព្រួយបារម្ភ​កូន​ខ្ញុំ​ក្រែង​លោ​កូន​មិន​បាន​ចូល​ស្រុក​ ហើយ​ខ្លួន​ខ្ញុំ​ក៏​កាន់​តែ​ចាស់​ទៅ​ហើយ​ អាយុ​ជិត​៩០​ឆ្នាំ​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​​នេះ​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ជីក​ លោក ស៊ុំ សៅ ប្រាប់​អាស៊ី​សេរី​ថា ​​ប៉ូលិស​​​​​​ពុំ​បាន​​​គំរាម​ចាប់​ខ្លួន​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​នេះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ខ្ញុំ​អត់​មាន​បាន​ប្រើ​ប៉ូលិស​ឬ​ក៏​ប្រជា​ការពារ​ភូមិ​ណា​ទៅ​ទេ​ ព្រោះ​អី​ប្រជា​ការពារ​បើ​សិន​ជា​ខ្ញុំ​មិន​បញ្ជា​ឱ្យ​ទៅ​ជា​មួយ​សមត្ថកិច្ច​របស់​ខ្ញុំ​ក៏​គាត់​អត់​មាន​សិទ្ធិ​អី​ទៅ​ដែរ។នៅ​ថ្ងៃ​ទី​៧​ហ្នឹង​ខ្ញុំ​មិន​បាន​ប្រើ​បងប្អូន​ណា​ចុះ​ទៅ​ទេ​ និយាយ​ទៅ ទោះ​បី​នាយរង​ខ្ញុំ​ក៏​ដោយ​បើ​គាត់​ប្រើ​គេ​ក៏​ត្រូវ​ឆ្លង​យោបល់​ពី​ខ្ញុំ​ដែរ​​​​ បើ​ខ្ញុំ​អត់​បាន​ប្រើ​ពួក​គាត់​ ដូច្នេះ​គាត់​អត់​ហ៊ាន​ទេ»

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​រុក្ខ​គិរី​ លោក សូត្រ អុន ​អះអាង​​ថា ​បើ​ទោះ​បី​ជា​អាជ្ញាធរ​​បាន​គំរាមកំហែង​ឪពុក​របស់​លោក​​​យ៉ាង​នេះ​ក្ដី​ក៏​លោក​នៅ​បន្ត​​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​​​របប​ក្រុង​ភ្នំពេញ​ដដែល​ ។​លោក​បន្ត​ថា ​លោក​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​​​​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​និង​មិន​គោរព​សិទ្ធិមនុស្ស​។លោក​បន្ត​ថា កន្លង​មក​​មេ​ប៉ុស្តិ៍​ឃុំ​ព្រែកជីក​និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ទៀត​បាន​បង្ខំ​ឱ្យ​លោក​ឈប់​គាំទ្រ​គណបក្ស​ប្រឆាំង​ហើយ​ឱ្យ​​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ដើម្បី​ជា​គេច​ផុត​​​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ពី​សំណាក់​អាជ្ញាធរ៖ «ខ្ញុំ​គ្រាន់​តែ​និយាយ​រិះគន់​ដើម្បី​ស្ថាបនា​​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​បំបិទ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ​ ក្នុង​ការពារ​កោះកុង​ក្រៅ​ក៏​មាន​ការ​រារាំង​ពី​អាជ្ញាធរ គឺ​ខ្ញុំ​និយាយ​ពី​សិទ្ធិ​ស្របច្បាប់​ទេ។រូប​ភាព​គំរាមកំហែង​ខ្ញុំ​នេះ​ គឺ​ខ្ញុំ​​មិន​អាច​ឈប់​បាន​ទេ​ គឺ​ខ្ញុំ​ចង់​ជួយ​ជាតិ​ សង្គ្រោះ​ប្រទេស​ជាតិ​ដែល​កំពុង​តែ​លិចលង់​ អីចឹង​ទោះ​បី​ជា​ចាប់​ចង​ខ្ញុំ​ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​សកម្មភាព​នយោបាយ​បាន​ដែរ»

លោក​សូត្រ​ អុន​ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ចុង​ឆ្នាំ​២០១៩ ដើម្បី​​​បន្ត​សកម្មភាព​នយោបាយ​ជា​មួយ​គណបក្ស​នេះ​រហូត​មក។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក​ នី សុខា ​​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​និង​សិទ្ធិ​ចូល​រួម​កិច្ច​​ការ​នយោបាយ​​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។​

រដ្ឋធម្មនុញ្ញ​មាត្រា​ ៣៥​ ចែង​ថា ប្រជាពលរដ្ឋ​ទាំង​ ២ភេទ ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​កិច្ច​ និង​វប្បធម៌​របស់​ជាតិ​ ហើយ​សេចក្ដី​សម្រេច​ទាំង​ឡាយ​ណា​របស់​ពលរដ្ឋ​ត្រូវ​​ទទួល​ពិនិត្យ​និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល