ក្រសួង​ការ​បរទេស​នៃ​របប​ក្រុង​ភ្នំពេញ ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​របស់​ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី រឿង​បិទ​ប្រតិបត្តិការ ​​និង​គណនី​ធនាគារ​របស់​ខ្លួន


2018.12.11
ខេមបូឌា ដេលី ២០១៧ ៦២២ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ក្រសួងការបរទេស​នៃ​របប​ក្រុងភ្នំពេញ បដិសេធ​ទាំង​ស្រុង ចំពោះ​ការ​ចោទ​ប្រកាន់​របស់​កាសែត​ ឌឹ ខេមបូឌា ដេលី ដែល​ថា របប​លោក ហ៊ុន សែន បញ្ឈប់​ប្រតិបត្តិការ និង​បិទ​គណនី​ធនាគារ​របស់​ម្ចាស់​កាសែត​មួយ​នេះ ដោយសារ​តែ​រក្សា​ជំហរ​រិះគន់​របប​ក្រុង​ភ្នំពេញ។

ប្រតិកម្ម​ដែល​ធ្វើឡើងតាម​ការ​ចេញ​សេចក្ដី​បំភ្លឹ​មួយ​កាល​ថ្ងៃ​ទី១០ ធ្នូ ថា​ ការ​លើកឡើង​របស់កាសែត ឌឹ ខេមបូឌា ដេលី គឺ​ជា​ការ​ចោទ​ប្រកាន់​មាន​ចរិត​នយោបាយ គ្មាន​ការ​ពិត និង​គ្មាន​សច្ចភាព។

ក្រសួងការបរទេស​បញ្ជាក់​ថា ​កាសែត ឌឹ ខេមបូឌា ដេលី អាច​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ ករណី​កាសែត​មួយ​នេះ​ បង់​ពន្ធ​ចប់សព្វគ្រប់។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ប្រកាស​ថា មិន​វិល​ទៅ​បើក​កាសែត​នៅ​ស្រុក​ខ្មែរ​វិញ​ទេ ព្រោះ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដដែលៗ និង​អំពើ​ពុករលួយ។ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ​ថា នៅ​ក្នុង​របប​លោក ហ៊ុន សែន ដែល​ប្រើ​ប្រព័ន្ធ​ពន្ធដារ និង​តុលាការ​ដើម្បី​បំពាន និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សារព័ត៌មាន​សេរី ពោល​គឺ​ចាប់​ហើយ​ដោះ​លែង​វិញ ឬ​បិទ​ហើយ​ឲ្យ​បើក​វិញ​បែប​នេះ មិន​អាច​ឲ្យ​មុខ​របរ​ផ្នែក​សារព័ត៌មាន​សុចរិត បើក​ដំណើរការ​ឡើង​វិញ​នៅ​ស្រុក​ខ្មែរ​បាន។

កាសែត ឌឹ ខេមបូឌា ដេលី ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​រង​សម្ពាធ​ពី​របប​លោក ហ៊ុន សែន​ ដែល​តម្រូវ​ឲ្យ​កាសែត​នេះ ​បង់​ពន្ធ​គិត​ជា​ទឹកប្រាក់​ជាង ៦​លាន ៣​សែន ដុល្លារ​ ក្នុង​រយៈ​ពេល ១០​ឆ្នាំ​។ ក្នុង​នោះ ទឹកប្រាក់ ​៣​លាន​ដុល្លារ គឺ​ជា​ថ្លៃ​ការ​ប្រាក់ ដែល​អាជ្ញាធរ​ពន្ធដារ​កម្ពុជា​ថា កាសែត​នេះ​ជំពាក់​រដ្ឋ ក្នុង​រយៈ​ពេល ១០​ឆ្នាំ​នោះ មក​ដាក់​បន្ទុក​ឲ្យ​ម្ចាស់​កាសែត​នេះ សង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

ពេល​នោះ​ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បញ្ជាក់​ថា កាសែត​អ្នកស្រី មិន​បាន​ជំពាក់​ពន្ធ​រដ្ឋ ដ៏​ច្រើន​សន្ធឹក​បែប​នោះ​ទេ ហើយ​ថា ការ​យក​លេស​រឿង​ពន្ធដារ​នេះ គឺ​របប​លោក ហ៊ុន សែន មាន​ចេតនា​នយោបាយ ចង់​បិទ​សារព័ត៌មាន​សេរី ដ៏​កម្រ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។

បន្ថែម​លើ​ការ​បិទ​កាសែត​នេះ របប​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ ឬ​ប្លក់ (Block) គេហទំព័រ​របស់​កាសែត​នេះ នៅ​កម្ពុជា​ថែម​ទៀត​ផង។ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល បញ្ជាក់​ថា សព្វថ្ងៃ​នេះ កាសែត​អ្នកស្រី​ផ្សាយ​តាម​ហ្វេសប៊ុក (Facebook) និង​តាម​គេហទំព័រ www.cambodiadaily.comដែល​អាច​បើក​មើល​បាន​ក្រៅពី​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។